ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានដាក់លិខិតជាថ្មីទៅកាន់ក្រសួងយុត្តិធម៌ ឱ្យជួយពន្លឿននូវដំណោះស្រាយជុំវិញការស្នើសុំឱ្យសើរើនូវសេចក្តីសម្រេចសាលដីការបស់តុលាការកំពូល ដែលបានដកសិទ្ធិជាមូលដ្ឋានរបស់លោក រួមទាំងសិទ្ធិធ្វើនយោបាយ ប៉ុន្តែត្រូវបានមន្ត្រីរដ្ឋបាលក្រសួងបដិសេធទទួលយកលិខិតនោះ។
នៅក្នុងលិខិតដាក់ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ លោក រ៉ុង ឈុន ដែលមានវ័យ ៥៧ឆ្នាំ បានលើកឡើងថា អស់រយៈពេលជាងមួយខែមកហើយ ដែលលោកបានដាក់លិខិតស្នើសុំអន្តរាគមន៍ពីក្រសួង ប៉ុន្តែនៅមិនទាន់ទទួលបានការឆ្លើយតប និងដំណោះស្រាយណាមួយនៅឡើយ។
ការណ៍នេះ លោកស្នើដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ជួយពន្លឿននូវដំណោះស្រាយអំពីការស្នើសុំដែលមាននៅក្នុងលិខិតចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦។
លោក រ៉ុន ឈុន បានប្រាប់វីអូឌីថា ការដាក់លិខិតជាថ្មីទៅក្រសួងយុត្តិធម៌នៅថ្ងៃពុធនេះ ត្រូវបានមន្ត្រីរដ្ឋបាលរបស់ក្រសួងបដិសេធទទួលយក ដោយមិនបញ្ជាក់មូលហេតុច្បាស់លាស់។
លោកថា៖ «រឿងហ្នឹងគ្រាន់តែ ទី១ ទាក់ទងនឹងការមិនទទួលលិខិតហ្នឹង ត្រូវតែលោករដ្ឋមន្ត្រីហ្នឹង ត្រូវពិនិត្យមើលមន្ត្រីរបស់ខ្លួន ឱ្យធ្វើការតាមបែបបទរដ្ឋបាលឱ្យបានត្រឹមត្រូវ[…] ឥរិយាបទសមរម្យ ហើយទី២ត្រូវពន្លឿនទាក់ទងនឹងលិខិតដែលខ្ញុំស្នើពិនិត្យមើលឡើងវិញ ទាក់ទងនឹងសាលដីការបស់តុលាការកំពូលដែលបានសម្រេចកាលពីថ្ងៃទី១៩ ហ្នឹង ហើយលិខិតបានដាក់តាំងពីថ្ងៃទី០១កក្កដា»។
លោក រ៉ុន ឈុន បន្តថា កាលពីថ្ងៃទី០១ ខែកក្កដានោះ លោកបានស្នើក្រសួងពិនិត្យឡើងវិញ ឬសើរើការជម្រះក្តីរបស់តុលាការកំពូល ដែលផ្តន្ទាទោសលើរូបលោក ហើយដែលលោកយល់ថា មានភាពមិនច្បាស់លាស់ផ្នែកអង្គហេតុ ផ្ទុយនឹងស្មារតីនៃរដ្ឋធម្មនុញ្ញ និងបានកម្រិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់រូបលោក រយៈពេល ៥ឆ្នាំ។
លោកថា៖ «ការសម្រេច[របស់តុលាការកំពូល]មិនស្របទៅនឹងរដ្ឋធម្មនុញ្ញ ឬយើងថាផ្ទុយ ឬមួយយើងថាអធម្មនុញ្ញភាព ចឹងហើយបានជាខ្ញុំស្នើឱ្យមានការសើរើឡើងវិញក្នុងករណីការដកសិទ្ធិ ការបម្រាមមិនឱ្យចាកចេញទៅក្រៅពីរាជធានីភ្នំពេញ ហាមមិនឱ្យចូលវេទិកាសាធារណៈ ក៏ដូចជាថ្លែងជាសាធារណៈ និងដកសិទ្ធិបោះឆ្នោត ដកសិទ្ធិមិនឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត ក៏ដូចជាសកម្មភាពនយោបាយផ្សេងៗហ្នឹង វាមិនស្របរដ្ឋធម្មមនុញ្ញមាត្រា៣៤ថ្មី និងមាត្រា៣៥នៃរដ្ឋធម្មនុញ្ញ»។
ខ្លឹមសារលិខិតលោក រ៉ុង ឈុន បានគូសបញ្ជាក់ដែរថា លោកមិនដែលមានចេតនា ឬសកម្មភាពណាមួយក្នុងការញុះញង់ឱ្យប្រជាពលរដ្ឋ ប្រព្រឹត្តអំពើដែលបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះឡើយ។ ផ្ទុយទៅវិញ លោកតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា ការគោរពច្បាប់ និងការដោះស្រាយបញ្ហាតាមមធ្យោបាយសន្តិវិធី។ ការព្រួយបារម្ភរបស់លោកចំពោះបញ្ហាព្រំដែន និងបូរណភាពទឹកដីគោកនិងទឹក គឺជាការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ជាតិ និងអធិបតេយ្យភាពរបស់ប្រទេស ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
កាលពីខែមីនា ឆ្នាំ២០២៥ លោក រ៉ុង ឈុន បានចុះទៅជួប និងសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមានបញ្ហាកង្វល់ដីធ្លីនៅសហគមន៍បឹងតាមោក ក្នុងរាជធានីភ្នំពេញ និងតំបន់ព្រលានយន្តហោះថ្មី ក្នុងខេត្តកណ្តាល។ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោកបានចូលរួមសម្តែងមតិនៅទីស្នាក់ការគណបក្សកម្លាំងជាតិ ស្រុកកោះធំ ខេត្តកណ្តាល ដោយជជែកដេញដោលអំពីស្ថានភាពកាត់បន្ថយភាពក្រីក្រ និងស្ថានភាពសិទ្ធិមនុស្ស។ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ លោកបានផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ជុំវិញដំណើរចុះពិនិត្យខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម របស់លោកនាយករដ្ឋមន្ត្រី ដោយសម្តែងការបារម្ភពីបូរណភាពទឹកដី។
ដោយផ្អែកលើសកម្មភាពទាំងនេះ ស្ថាប័នអយ្យការបានចោទប្រកាន់លោក ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និង ៤៩ block៥ នៃក្រមព្រហ្មទណ្ឌ។ សំណុំរឿងបានអូសបន្លាយរហូតដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ទើបតុលាការកំពូល បានចេញសាលដីកាស្ថាពរលេខ ៥០៧ XII ផ្ដន្ទាទោសលោកដាក់ពន្ធនាគារ ៤ ឆ្នាំ (ព្យួរទោសសាកល្បង ៣ ឆ្នាំ) ព្រមទាំងដកសិទ្ធិនយោបាយ និងសិទ្ធិបោះឆ្នោតរយៈពេល ៥ ឆ្នាំ រួមទាំងដាក់បម្រាមរឹតត្បិតសេរីភាពជាច្រើនទៀត។
វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា និងលោកស្រី ឌី ម៉ូឡានី បានទេនៅថ្ងៃពុធនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អ៊ំ សំអាត លើកឡើងថា ជាគោលការណ៍ ក្រសួង-ស្ថាប័នរបស់រដ្ឋ នៅពេលទទួលបាននូវញត្តិ ឬលិខិត ឬសំណូមពរផ្សេងៗ ពីប្រជាពលរដ្ឋគ្រប់រូប ក្រសួង-ស្ថាប័នទាំងនោះ គួរតែធ្វើការឆ្លើយតបឱ្យបានលឿនតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយមិនគួរមិនមានការឆ្លើយតបបែបនេះទេ បើទោះបីការឆ្លើយតបនោះវិជ្ជមាន ឬអវិជ្ជមានក្តី។
មួយវិញទៀត លោកយល់ឃើញដូចលោក រ៉ុង ឈុន ដែរថា ការសម្រេចក្តីរបស់តុលាការ ដែលដកហូតសិទ្ធិធ្វើនយោបាយ និងសិទ្ធិជាមូលដ្ឋានមួយចំនួនរបស់លោក រ៉ុង ឈុន គឺមិនស្របទៅនឹងរដ្ឋធម្មនុញ្ញ ដែលលោករ៉ុង ឈុន មានសិទ្ធិក្នុងការទាមទារឱ្យមានការសើរើឡើងវិញចំពោះសាលដីកានេះ។
លោកថា៖ «ចឹងការដាក់ស្នើសុំរបស់លោក រ៉ុង ឈុន វាជាសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋគ្រប់រូប ទៅលើអ្វីដែលគាត់គិតថាវាជាការបំពានទៅលើសេរីភាពជាមូលដ្ឋាន ទៅលើសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ»។
អ្នកជំនាញផ្នែកសិទ្ធិមនុស្សរូបនេះ ក៏បានអំពាវនាវដល់រដ្ឋាភិបាលបើកលំហប្រជាធិបតេយ្យ បើកលំហសេរីភាពបញ្ចេញមតិ និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ និងលំហនយោបាយជាដើម ដើម្បីឱ្យបរិយាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជាតិឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខ មានលក្ខណៈល្អប្រសើរ ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
កាលពីថ្ងៃទី៣១ ខែកក្កដា ក្នុងសន្និសីទសារព័ត៌មានក្រោយបិទបញ្ចប់បេសកកម្មផ្លូវការលើកដំបូងរយៈពេលពីរសប្ដាហ៍នៅកម្ពុជា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស លោក ថម អេនឌ្រូ (Tom Andrews) បានវាយតម្លៃថា កម្ពុជានៅតែប្រឈមបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរ ខណៈមនុស្សជាង ១០០នាក់ កំពុងត្រូវបានឃុំខ្លួនដោយសារតែការអនុវត្តសិទ្ធិមូលដ្ឋាន ខណៈលំហនយោបាយ សេរីភាពបញ្ចេញមតិកាន់តែរួមតូច។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់គួរត្រូវជាប់ពន្ធនាគារ ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានដោយសន្តិវិធីឡើយ៕









