រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​លើ​ទីក្រុង​កៀវ​ទាំង​ព្រឹក​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​១២​នាក់​រង​របួស

កង​កម្លាំង​រុស្ស៊ី បាន​វាយ​ប្រហារ​រដ្ឋធានី​កៀវ (Kyiv) នៃ​ប្រទេស​អ៊ុយ​ក្រែន ជាមួយ​នឹង​រលក​មីស៊ីល​បាលី​ស្ទិក នៅ​ព្រលឹម​​ស្រាងៗ​នា​ព្រឹក​ថ្ងៃ​ទី​៥ខែ​សីហា​នេះ ដោយ​បាន​សម្លាប់​មនុស្ស​ម្នាក់ រង​របួស ១២ នាក់ និង​បាន​ធ្វើ​ឱ្យ​ខូច​ខាត​យ៉ាង​​ធ្ងន់​ធ្ងរ​ដល់​អគារ​នៅ​ក្នុង​ខណ្ឌ​មួយ​ចំនួន​នៃ​ទីក្រុង​ដែល​មាន​ប្រជា​ជន ៣ លាន​នាក់​មួយ​នេះ។

រដ្ឋបាលយោធាក្រុង បាន​និយាយ​ថា ទីតាំង​ចំនួន ៧ បាន​រង​ការ​វាយ​ប្រហារ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ដែល​បាន​ចាប់​ផ្តើម​បន្ទាប់​​ពី​ពាក់​កណ្តាល​អធ្រាត្រ។ សារ៉ែន​ប្រកាស​អាសន្ន​ការ​វាយ​ប្រហារ​តាម​អាកាស​សម្រាប់​ទី​ក្រុង​កៀវ បាន​បន្ត​បន្លឺ​ឡើង​​អស់​រយៈ​ពេល​ជាង​មួយ​ម៉ោង។

អភិបាលក្រុង លោក Vitali Klitschko បានសរសេរលើ Telegram ថា អគារឃ្លាំងមួយខ្នងត្រូវបានបំផ្លាញនៅជិតកណ្តាលទីក្រុង ហើយក្រុមសង្គ្រោះបានជួយសង្គ្រោះមនុស្សពីរនាក់ចេញពីក្រោមគំនរបាក់បែក។ លោក​បាន​សរ​សេរ​ថា៖ «អាច​នៅមា​ន​មនុស្ស​​​នៅ​ក្រោម​គំនរបាក់បែកនៅឡើយ។ ប្រតិបត្តិការស្វែងរក និង​សង្គ្រោះកំពុងតែបន្តធ្វើ»។

លោកបានបន្តថា អ្នកបើកបររថយន្តសង្គ្រោះបន្ទាន់ម្នាក់​បានរងរបួស ក្នុងចំណោមអ្នករងរបួសផ្សេងទៀត។

លោក Klitschko បាននិយាយថា ការវាយប្រហារនេះបានបង្កឱ្យមានអគ្គិភ័យនៅតាមឃ្លាំង និងទីតាំងស្តុក​ទំនិញ ប៉ុន្តែ​របាយការណ៍ដំបូងដែលថាអគារស្នាក់នៅកម្ពស់ ២០ ជាន់​ត្រូវភ្លើងឆេះ ត្រូវបានគេប្រកាស​​ប្រាប់ថាជាព័ត៌មានមិនត្រឹមត្រូវឡើយ។

លោកបានថ្លែងថា អគ្គិភ័យដ៏ធំមួយបានឆាបឆេះនៅបរិវេណជាយក្រុង ហើយអំបែងនៃ​មីស៊ីល​ដែល​ធ្លាក់​បាន​​ធ្លាក់​​​នៅ​​ក្បែរ​អគារ​ស្នាក់​នៅ​របស់​ប្រជាពលរដ្ឋ។

រដ្ឋបាលយោធាក្រុង ក៏បាននិយាយផងដែរថា ការវាយប្រហារនេះ បាន​បង្ក​ឱ្យមា​ន​ការ​លេច​ធ្លាយ​ឧស្ម័ន​អាម៉ូ​ញាក់ (ammonia) ដែល​កំពុង​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​ក្រុមការងារសង្គ្រោះបន្ទាន់។

សាក្សីរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា សំឡេងផ្ទុះត្រូវបានគេឮពាសពេញទីក្រុង។ លោក Klitschko បាននិយាយថា យូនីតការពារអាកាសបានចេញប្រតិបត្តិការដើម្បីវាយបកការវាយប្រហារ​នេះ។

អាជ្ញាធរ​មូលដ្ឋានបាននិយាយលើ Telegram ថា នៅតំបន់ជុំវិញទីក្រុងកៀវ មនុស្សម្នាក់ផ្សេងទៀត​ត្រូវ​បាន​​​សម្លាប់ ​និង ២១ នាក់​ទៀត​បាន​រងរបួស។

រុស្ស៊ីបានបង្កើនការវាយប្រហារលើទីក្រុងកៀវ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានការវាយប្រហារជាច្រើនលើក​លើ​រាជធានី​មួយនេះ​ ក្នុងរយៈពេលមួយខែចុងក្រោយ។

ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍ទាំងអស់ដោយ​ឯករាជ្យបានឡើយ។ រុស្ស៊ី និង​អ៊ុយក្រែន បានបដិសេធការសម្រេចចិត្តវាយប្រហារលើប្រជាជនស៊ីវិល នៅក្នុងសង្គ្រាមដែលបង្កឡើងដោយការឈ្លាន​ពាន​ទ្រង់​ទ្រាយ​ធំរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ