ជន​​រង​គ្រោះ​បន្ត​​តវ៉ា​​ទាម​ទារ​​ឱ្យ​​ក្រុម​ហ៊ុន​​ហួយ​វ័ន​​របស់​​លោក ហ៊ុន តូ សង​​ប្រាក់​​ដល់​​ពួក​គេ​​វិញ​

សម្រែក​​តវ៉ា​​​ជា​​ភាសា​​ចិន​ ​មាន​​ន័យ​​ថា សង​​លុយ​​ញើស​​ឈាម​​ពួក​គេ​​វិញ ដោយ​សារ​​ក្រុម​ហ៊ុន​ហួយ​វ័ន​របស់​​លោក ហ៊ុន តូ បាន​​ធ្វើ​​ឱ្យ​​អ្នក​​ដំណើរ​​តាម​​ដង​​ផ្លូវ​​ម៉ៅ​សេទុង ក្រឡេក​​មើល​​គ្រប់​ៗ​​គ្នា ជុំ​វិញ​ការ​ស្រែក​ទាម​ទារ​របស់​ជន​រង​គ្រោះ ក្នុង​វិស័យ​​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន ម៉ាណែត ។

ជាមួយ​​នឹង​​ការ​​ស្រែក​​ដង្ហោយ​​ហៅ​​រក​​ជំនួយ ពួក​គេ​​ក៏​​​មាន​កាន់​​បដា​​អម​​ដោយ​​រូប​​សហប្រធាន​ក្រុមហ៊ុន ​ដែល​ជា​បងជីដូនមួយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ ផង​ដែរ។

ការ​តវ៉ា​ជា​ថ្មី​​នេះ ពួកគេ​លើក​ហេតុផល​ថា អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​មិន​អើពើ​​ដោះស្រាយ​ដល់​ពួកគេ​ដែល​ជា​ជនរងគ្រោះ​​​ទាំង​​​ខ្មែរ និង​ចិន​​ប្រមាណ ១៣០០​នាក់។ យ៉ាងណា ​ការ​តវ៉ា​របស់​ពួកគេ​នៅ​​ថ្ងៃ​នេះ មិន​មាន​វត្តមាន​ជនជាតិ​ខ្មែរ​ដូច​សព្វ​ដង​នោះ​ទេ ដោយសារ​ពួក​គេ​​បារម្ភ​​​ពី​​សុវត្ថិ​ភាព ក្រោយ​មាន​ព័ត៌មាន​ថា សមត្ថកិច្ច​ចង់​ចាប់​ខ្លួន​ជនជាតិ​ខ្មែរ​ដែល​មក​តវ៉ា​នៅ​មុខ​ស្ថានទូត​ចិន។

ពលរដ្ឋ​រងគ្រោះ​ម្នាក់​ថ្លែង​លាក់​អត្តសញ្ញាណ​ប្រាប់​វីអូឌី​នៅ​ថ្ងៃទី៥ ខែ​សីហា ថា ការ​​បន្ត​​ការ​​តវ៉ា​​របស់​​ជន​ជាតិ​​ចិន​​ប្រមាណ ៣០​នាក់ នៅ​​ព្រឹក​ថ្ងៃទី៥ ខែ​សីហា ដើម្បី​អំពាវនាវ​ឱ្យ​ស្ថានទូត​អន្តរាគមន៍ និង​​ជំរុញ​ឱ្យ​មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់ និង​ជួយ​ការពារ​សិទ្ធិ និង​ទាម​​ទារ​លុយ​ដែល​ត្រូវ​ក្រុមហ៊ុន ​ហួយវ័ន​បង្កក។ អ្នកស្រី​បន្ត​ថា ពួកគេ​បាន​តវ៉ា​ជា​ច្រើន​លើក​រួច​មក​ហើយ និង​សង្ឃឹម​ថា ស្ថានទូត​ចិន​​​ស្តាប់​លឺ​សំណើ​របស់​ពួកគេ និង​ជួយ​រក​ដំណោះស្រាយ។

អតិថិជនរូបនោះ និយាយថា​៖ «ថ្ងៃនេះ​ជនជាតិ​ចិន​ប្រហែលជា ៣០​នាក់ ក៏បាន​ទៅ​ធ្វើ​ការ​តវ៉ា​នៅមុខ​ស្ថានទូត​ចិន ដើម្បី​ស្នើ​ឱ្យ​ស្ថានទូត​ចិន​ជួយ​រក​ដំណោះស្រាយ និង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់ ដើម្បី​ជួយ​ពួកគាត់​ទាមទារ​សិទ្ធិ និង​ការពារ​លុយ​ដែល​ពួកគាត់​ត្រូវ​បាន​ក្រុមហ៊ុន​ហួយវ័ន​ធ្វើការ​បង្កក»

លើស​ពី​នេះ​ អ្នកស្រី​អំពាវនាវ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​បង្ហាញ​ពី​ផល​ប៉ះពាល់​ដោយសារ​ការ​បាត់បង់​ការងារ​​របស់​ពួកគេ ក្រោយ​​ធនាគារ និង​​ក្រុម​ហ៊ុន​​ចិន​​មួយ​​ចំនួន​​លែង​​ដំណើរ​ការ ខណៈ​បុគ្គលិក​រាប់ពាន់​នាក់​បាន​បាត់បង់​ការងារ និង​ត្រូវ​​បាន​រើសអើង​នៅ​កន្លែង​​ថ្មី​ថែម​ទៀត។ លោកស្រី​កត់សម្គាល់​ថា ពួកគេ​ដែល​ធ្លាប់​ធ្វើ​ការ​នៅ​ក្រុមហ៊ុន ឬ​ធនាគារ​ចិន​ដូច​ជា​ត្រូវ​បាន​គេ​ដាក់​ក្នុង​បញ្ជី​ខ្មៅ ហើយ​​លោកស្រី​ចាត់ទុក​ថា នេះ​ជា​ភាព​អយុត្តិធម៌​មួយ​កម្រិត​សម្រាប់​ពួក​គេ។

​អតិថិជន​រូបនេះ បន្តថា​៖ «តាម​ពិត​ទៅ​បង​ខ្ញុំ​ក៏​ចង់ឱ្យ​បង​ជួយ​ផ្សាយ​ទាក់ទង​នឹង​រឿង​ការ​មួយ​រយៈ​ចុងក្រោយ​ហ្នឹង មាន​ការ​បិទ​ធនាគារ​​​ច្រើន ក្រសួង​ការងារ​អត់​​មាន​ចេញមុខ​ដោះស្រាយ​ទាក់ទង​នឹង​ផល​លំបាក​របស់​​បុគ្គលិក​​ធនាគារ ឬក៏​ក្រុមហ៊ុន ដែល​គាត់​មាន​​វិជ្ជាជីវៈ ហើយ​ត្រូវ​បាន​អត់​ការងារ​ធ្វើ ឈរ​ជើង​រាប់​ពាន់​នាក់​គាត់​អត់​មាន​ដោះស្រាយ​សោះ ស្ងាត់​​មាត់​ឈឹង​តែ​ម្ដង»

លើសពីនេះ បុរសជាជនជាតិចិនម្នាក់ទៀត បានអះអាងប្រាប់វីអូឌីតាមរយៈ​ការបកប្រែក្រៅផ្លូវការថា ពួកគាត់ប្រមូល​ផ្តុំគ្នាតវ៉ាជាថ្មីទៀត​នេះ មានគោលបំណងចម្បងនៃការប្រមូលផ្តុំធ្វើបាតុកម្មរបស់យើងនៅថ្ងៃនេះ គឺដើម្បីទាមទារយកប្រាក់ដែលពួកយើងបានដាក់បញ្ញើទុកនៅក្នុងហួយវ័ន​មកវិញ។ មូលហេតុដែលពួកយើងមក​រកស្ថាន​ទូត គឺ​ដើម្បីឱ្យពួកគាត់ជួយពួកយើងក្នុងការដោះស្រាយ​​បញ្ហានេះ ព្រោះចង់ឱ្យវាបានបញ្ចប់យ៉ាងឆាប់រហ័ស ពីព្រោះពេល​នេះអាជីវកម្មរបស់ពួកយើងលែងអាចបន្តដំណើរការទៀត​​បាន​ហើយ។ ពេលនេះ មនុស្សជាច្រើន មុខរបររកស៊ីកាន់តែថយចុះ គ្មានប្រាក់ទិញម្ហូបអាហារហូបចុក ហើយពលករកម្ពុជាជាច្រើនត្រូវបានបណ្តេញចេញពីការងារ និងគ្មានការងារធ្វើ។

លោកថា៖ «ពួកយើង​សង្ឃឹមថា សហគមន៍អន្តរជាតិអាច​នឹងឮសំឡេងរបស់ពួកយើង គឺដើម្បីជំរុញរដ្ឋាភិបាលកម្ពុជា ឱ្យដោះស្រាយ​បញ្ហា​ពាក់​ព័ន្ធនឹងក្រុមហ៊ុន​ហួយ​វ័ននេះ​ឱ្យបានឆាប់រហ័ស ព្រោះវាបានអូសបន្លាយពេលយូរពេកហើយ គឺចាប់ពីខែមេសាមក​ដល់​ពេល​នេះ»

ក្រោយ​ក្រុមហ៊ុន​ហួយវ័ន មាន​បញ្ហា​បង្កក​លុយ​អតិថិជន ដោយសារ​សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម ក៏​មាន​ធនាគារ​ឯកជន​មួយ​ចំនួន​​ទៀត​ ​ត្រូវ​បាន​បិទ​ទ្វារ​ជា​បន្តបន្ទាប់ រួម​មាន ​ធនាគារ​ព្រីនស៍ (Prince) ធនាគារ​ផេនដា (Panda) និង​អេភីឌី (APD) ជាដើម។ កាល​​ពី​ពេល​ថ្មីៗ​នេះ ​ធនាគារជាតិ​ក៏​បាន​ដក​អាជ្ញាប័ណ្ណ​ធនាគារ​ចំនួន ៣​ស្ថាប័ន​​ទៀត រួម​មាន ធនាគារ ស៊ីស៊ីយូ (CCU Bank) ធនាគារ ហេង ហ្វឹង (Heng Feng Bank) និង​ធនាគារ អេចអេច ឬ ហេង ហ៊ី (HH Bank) ដោយសារ​​សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​លាង​លុយកខ្វក់​ដែល​បាន​មក​អំពើ​ឆបោក​តាម​អនឡាញ។

វីអូឌី ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អគ្គទេសាភិបាល​ធនាគារ​ជាតិ អ្នកស្រី ជា សិរី បាន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចាត់វិធានការតាម​​ផ្លូវច្បាប់ ប្រសិន​បើ​ក្រុមហ៊ុន​ហួយវ័ន គ្រុប (Huione Group) នៅតែ​មិន​ដោះស្រាយ និង​សង​ប្រាក់​ដល់​អតិថិ​ជន។

លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ រួម​ទាំង​​លោក ហ៊ុន តូ ហើយ​បើ​រក​ឃើញ​ថា លោក ហ៊ុន តូ បាន​ប្រព្រឹត្ត​បទល្មើស​មែន នោះ​អាជ្ញាធរ​​ត្រូវ​អនុវត្ត​ច្បាប់ ដោយ​ការ​រឹបអូស​ទ្រព្យសម្បត្តិ ​ដើម្បី​យក​មក​ទូទាត់​ជា​សំណង​ជូន​អតិថិជន​ជា​បន្ទាន់។ អ្នក​ឃ្លាំមើល​​រូប​នេះ ​រិះគន់​ថា ការ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​​ចាត់​វិធានការ​ផ្តល់​យុត្តិធម៌​ដល់​​​ជន​រងគ្រោះ វា​ប្រៀប​បាន​នឹង​​ការ​​ស៊ុម​គ្រលុំ​ជាមួយ​បុគ្គល​មាន​ឥទ្ធិពល និង​មន្ត្រី​មួយ​ចំនួន​ដែល​ត្រូវ​​បាន​បរទេស និង​អង្គការ​អន្តរជាតិ​​ពិសេស​អាមេរិក​ដែល​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ទៅ​វិញ។

លើស​ពី​នេះ ​លោក​ថា បើ​រដ្ឋាភិបាល​​ចង់​ស្តារ​យុត្តិធម៌ និង​ទំនុកចិត្ត​សាធារណៈ​នោះ គឺ​​​ត្រូវ​តែ​បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព​​ចំពោះ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ប្រសិន​បើ​មាន​ភស្តុតាង​គ្រប់គ្រាន់។

​លោក ម៉ែន ណាត ថ្លែងថា៖ «បើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​កាង​ការពារ លោក ហ៊ុន តូ និង​អ្នកដទៃទៀត ដែល​បាន​ប្រព្រឹត្ត​ពាក់ព័ន្ធ នឹង​​បទ​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ ដូច សហរដ្ឋអាមេរិក​ដាក់​ក្នុង​បញ្ជី​ឈ្មោះ​ហ្នឹង ហើយ​រដ្ឋាភិ​បាល​​កម្ពុជា មិន​​ព្រម​ដោះស្រាយ មិន​​​ព្រម​​បង្ក្រាប​អ្នក​ប្រព្រឹត្ត​ទេ អញ្ចឹង​វា​ធ្វើ​ឱ្យ​កម្ពុជា​វា​កាន់តែ​ស្អុយ​ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​វា​ធ្វើ​ឱ្យ​​ពលរដ្ឋ​រងគ្រោះ ដោយ​សារ​ពួក​​ម្ចាស់​​ធនាគារ​​ឆបោក ដូច​ជា ហួយ​វ័ន គ្រុប នឹង​​ធ្វើ​​ឱ្យ​​ពលរដ្ឋ​​ដែល​ផ្ញើ​លុយ​កាន់​តែ​បក​អាក្រាត​រដ្ឋាភិបាល កាន់តែ​ស្អប់​រដ្ឋាភិបាល លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ហ្នឹង»។

ជុំវិញ​ករណី​នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា យល់​ថា ស្ថាប័ន​ពាក់ព័ន្ធ​គួរ​តែ​​ផ្ដល់​​នូវ​សេច​ក្តី​សង្ឃឹម​សម្រាប់​​ជនរងគ្រោះ​ដោយសារ​ក្រុមហ៊ុន​​ហួយ​វ័ន​នេះ ​តា​ម​រយៈ​​ដំណោះ​ស្រាយ​​ពន្យល់​​ហេតុ​ផល​​ជាក់​​លាក់ និង​​បញ្ចៀស​​នូវ​​​អំពើ​​ហិង្សា​គ្រប់​រូបភាព ដែល​ធ្លាប់​កើត​មាន​នា​ពេល​កន្លង​មក។ លោក​​បន្ត​ថា រដ្ឋាភិ​បាល​​កម្ពុជា គួរ​​សហការ​ជាមួយ​ភាគី​​ចិន ជាពិសេស​ស្ថានទូត​ចិន​ផ្ទាល់ ដើម្បី​ស៊ើបសួរ​រក​ទ្រព្យ​សម្រាប់​​របស់​អ្នក​ពាក់ព័ន្ធ ​ដើម្បី​​លក់​សង​ត្រឡប់​ទៅ​ឱ្យ​អតិថិជន​​រងគ្រោះ តាម​កម្រិត​ដែល​អតិថិជន​អាច​​ទទួល​យក​បាន។

លោក ប៉ោ មករា ថ្លែង​ថា៖ «ប្រសិនបើ​រដ្ឋាភិបាល ឬក៏​ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ នៅ​បណ្ដែតបណ្ដោយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រង​គ្រោះ​របស់​ពួកគាត់ វា​ជា​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​មួយ ដែល​វា​អាច​រេចរឹល​ដើរ​ទៅដល់​បញ្ហា​ផ្សេងៗ​​ទៀត​។ ហើយ​ខ្ញុំ​គិតថា​បញ្ហា​ទាំងនេះ​ វា​មិនមែន​ត្រឹមតែ​ពួកគាត់​រងគ្រោះ​ទេ វា​អាច​រងគ្រោះ​ដល់​កម្ពុជា​ទៀត វា​ក៏​អាច​ធ្វើ​ឱ្យ​បរទេស​ផ្សេងៗ​ដែល​មាន​បំណង​ចង់​មក​រក​ស៊ី​នៅ​កម្ពុជា​ហ្នឹង​ខ្លាចរអា ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ធនាគារ​ដែល​មាន​បញ្ហា​ ដូចជា​ពួកគាត់​កំពុងតែ​តវ៉ា​សព្វថ្ងៃ​ហ្នឹង»។

រឿងអាស្រូវ​របស់​ក្រុមហ៊ុន ហួយវ័ន ដែល​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន តូ គឺជា​ករណី​លាងលុយកខ្វក់​កម្រិត​អន្តរជាតិ​។ អ្នករងគ្រោះ​ទាំង​ខ្មែរ ចិន និង​វៀតណាម បាន​ចេញ​តវ៉ា​យ៉ាង​ខ្លាំង​ក្លា បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ផ្អាក​សេវា​ដក​ប្រាក់ ក្រោយពី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ដាក់​ក្រុមហ៊ុន Huione Group ចូលក្នុង​បញ្ជីខ្មៅ និង​កាត់​ផ្តាច់​ចេញពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ។

ចំណែក ធនាគារជាតិ ក៏បាន​ប្រកាស​ដក​អាជ្ញាប័ណ្ណ និង​អះអាង​ថា បាន​ជម្រះបញ្ជី​ក្រុមហ៊ុន​នេះ​រួចរាល់។ ក្រោយ​មក​ក្រុមហ៊ុន ហួយ​វ័ន បាន​លួច​ប្តូរ​ឈ្មោះ​ទៅជា អេ​ច្ឆ ផេ (H-Pay) មុន​ពេល​ប្រឈមមុខ​នឹង​ការ​ដក​ប្រាក់​យ៉ាង​គំហុក​​ពី​អតិថិជន។ ទន្ទឹម​​នឹង​នេះ​លោក ហ៊ុន តូ ក៏​ចេញមុខ​បដិសេធ​លែង​ពាក់ព័ន្ធ​ថែមទៀត ទោះ​លោក​ទទួលស្គាល់​​ថា មាន​ភាគហ៊ុន ៣០​ភាគរយ ក្នុង​ក្រុមហ៊ុន​នេះ​តាំងពី​ឆ្នាំ​២០២០ ក៏ដោយ។

សម្រាប់​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​ធ្លាប់​អះអាង​ថា ឱកាស​ទទួល​បាន​យុត្តិធម៌ ឬ​ទឹកប្រាក់​ត្រឡប់មកវិញ​សម្រាប់​អតិថិជន​ក្រុមហ៊ុន ហួយវ័ន ផេ គឺ​មាន​តិចតួច​បំផុត បើ​ពួកគេ​មិន​ហ៊ាន​ធ្វើ​ពលីកម្ម ដោយ​សំអាង​ថា ប្រព័ន្ធ​​យុត្តិ​ធម៌​​នៅ​កម្ពុជា ជា​ឧបករណ៍​របស់​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច តែ​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ