វៀតណាម​​បន្ត​​​វាទ​យក​​​ដី​ខ្មែរ​ចំពេ​ល​ថៃ​កំពុង​សម្រុក​ធ្វើ​សំណង់​​រឹង​​លើ​​ដី​ខ្មែរ​នៅ​ព្រំដែន​ខាង​លិច

ខណៈ​​ថៃ​កំពុង​​សម្រុក​​សាង​សង់​​សំណង់​​រឹង ​និង​​ធ្វើ​​​របង​ព្រំដែន​​លើ​​​ដី​ខ្មែរ​​​យ៉ាង​​សកម្ម​ មន្ត្រី​បក្ស​​ប្រឆាំង​​បាន​​អះ​អាង​ថា នៅ​​ព្រំដែន​ខាង​កើត​ឯណោះ​វិញ វៀត​​ណាម​ ក៏​បន្ត​បោះ​​បង្គោល​​ព្រំដែន ​និង​​វាទ​​យក​​ដី​​ខ្មែរ​​បន្ថែម​​ទៀត​ ដោយ​គ្មាន​​ការ​ទប់​ស្កាត់​ពី​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត។

​លោកអ៊ុំ សំអាន តំណាង​​រាស្ត្រ​បក្ស​ប្រឆាំង បាន​​ប្រាប់​​វីអូឌី​​នៅ​​ថ្ងៃ​ទី​៥ខែ​​សីហា​​នេះ​​ថា​ ពល​រដ្ឋ​​បាន​​រាយ​ការណ៍​ថា វៀត​ណាម​​បាន​បោះ​បង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​នៅ​ឃុំ​យ៉ាង ស្រុក​អណ្ដូង​មាស ខេត្ត​រតន​គិរី និង​ពលរដ្ឋ​វៀត​ណាម ចូល​មក​ភ្ជួរ​ស្រែ​លើ​ដីព​លរដ្ឋ​ខ្មែរ នៅ​ឃុំដូ​ង ស្រុក​​រមាស​​ហែក ​ខេត្ត​​ស្វាយ​​រៀង ​នា​ពេល​​ថ្មីៗ​​នេះ ខណៈថៃនៅ​តែ​បន្តសម្រុក​សាង​សង់សំណង់​​រឹង និង​ធ្វើរបងព្រំដែនបេតុងជារៀងរាល់ថ្ងៃលើដីខ្មែរ​។

លោក​​ថា ទាំងនេះ គឺ​បាន​​ឆ្លុះ​បញ្ចាំង​​ពីអសមត្ថភាព​​ក្នុង​ការ​​ការ​ពារ​​ទឹក​​ដី ​ក្រោម​ការ​​ដឹ​ក​នាំ​​របស់​​លោក​​ហ៊ុន សែន ​​និង​​​លោក​​ហ៊ុន ម៉ាណែត។ អ្នក​​ជំនាញ​កិច្ចការព្រំដែន​ពីបក្ស​ប្រឆាំង​រូបនេះ​ លើក​ឡើង​​ថា ចាប់​តាំង​ពី​កម្ពុជា​​ទទួល​​បាន​​​ឯក​រាជ្យ​​ពី​​អាណា​និគមន៍​​បារាំង ​ក្នុ​ង​​ឆ្នាំ​​១៩៥៣​​មក ​គ្មាន​​សម័យ​​ណា​​ដែល​​ធ្វើ​​​ឱ្យ​កម្ពុជា​​បាត់​​បង់​​ទឹក​ដី​​យ៉ា​ង​ច្រើន​​ទៅ​​​វៀត​ណាម ​និង​​​ទៅ​​ថៃ​​ច្រើន​​ដូច​​សម័យ​ដែល​ដឹកនាំ​ដោយ​លោក​ហ៊ុន សែន ​និង​លោក​ហ៊ុន ម៉ាណែត​​ នេះទេ។

លោកថា៖ «កំសោយក្នុងការ​ដឹកនាំប្រទេស ​និងអសមត្ថភាព​ក្នុងការ​ការពារទឹកដី ​ក្រោម​ការដឹកនាំ​របស់​លោក​​ហ៊ុន សែន ​និង​លោក​ហ៊ុន ម៉ា​ណែត ​ដែល​បណ្តែត​បណ្តោយ​ឱ្យវៀតណា​ម​​រំលោភ​​យក​​ដី​ខ្មែរ​ស្រេច​ចិត្ត​​ បណ្តែត​បណ្តោយ​​​​ឱ្យ​​​ថៃ​​ឈ្លាន​ពាន​​យក​​ទឹក​ដី​ស្រេច​ចិត្ត​ អត់​មាន​ការ​​ទប់​​ស្កាត់​​អត់​មាន​ការ​រារាំង​អត់​មាន​ការ​ប្តឹង​ថៃ​ប្តឹង​វៀត​ណាម​​​ទៅ​កាន់​​តុលាការ​​យុត្តិ​ធម៌​អន្តរ​ជាតិ​ ឬ​តុលា​ការ​​ព្រហ្ម​ទណ្ឌអ​ន្តរ​ជាតិ​នោះទេ​ ធ្វើ​​ម៉េច​​​ឱ្យ​​​តែ​​រក្សា​​អំណាច​​បាន​ ​អត់​​​ខ្វល់​​ពី​ការ​​ការ​ពារ​​ទឹ​ក​ដីនោះ​​​ទេ​ ​ឱ្យ​​​តែ​បរទេស​ជួយ​ការ​ពារ​​អំណាច​​ ត្រកូល​​ហ៊ុន​​​​គឺ​សុខ​ចិត្ត​​កាត់​​ទឹ​ក​ដី​​ទៅ​​​ឱ្យ​​​ថៃ​​ឱ្យ​​​វៀ​ត​​ណាម ​ដើម្បី​ការ​​កាន់​​អំណាច​តពូជបន្តទៅទៀត»។

បើ​តាម​លោក ​សំអាន​ មួយផ្នែក​នៃជម្លោះ​ព្រំដែន​ជាមួយ​ថៃបច្ចុប្បន្ន ​ក៏ដោយ​សារ​តែថៃ​រៀន​សូត្រ​​តាម​វៀត​ណាម​​ ខណៈ​​​លោក​ហ៊ុន សែន ​ដែល​លើក​បន្តុបដោយ​វៀតណាម ​បាន​យល់​ព្រម​កាត់​ទឹក​ដី​ឱ្យ​វៀតណាម​យ៉ាង​ច្រើន​ ​តាម​រយៈ​សន្ធិសញ្ញាព្រំដែន​ខុសច្បាប់​ឆ្នាំ​១៩៨២-៨៣និង​​៨៥។​ បើ​ទោះបីជាសន្ធិសញ្ញាទាំង​នេះ ​ត្រូវ​​បាន​​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​​និរាក​រណ៍​ចោល​រួច​ហើយ​​យ៉ាងណា​ក្តី​ ក៏​ប្រធានគណបក្ស​ប្រជាជនកម្ពុជា​រូប​នេះ ​បាន​បង្កើត​ឱ្យ​មាន​សន្ធិ​​សញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ធ្វើ​ឱ្យសន្ធិសញ្ញា​៨២-៨៣​​និង​៨៥​​រស់​ឡើង​វិញ ​​ដែល​ត្រូវ​បាន​យក​មក​ធ្វើ​ជាមូល​​ដ្ឋាន ​ក្នុង​ការបោះ​បង្គោល​ព្រំដែនជាមួយ​វៀតណាម​​សម្រេច​​បាន ​៨៤​ភាគ​​រយ ​រហូតមក​ដល់​ពេលនេះ ​ទៅ​តាម​បំណង​​របស់​វៀតណាម។

លោកថា៖ «បើសិន​ខ្ញុំ​ជាអ្នក​ដឹកនាំ​រដ្ឋាភិបាល ​ខ្ញុំ​នឹងបង្រួប​បង្រួមជាតិ​ឱ្យ​មាន​ឯក​ភាព​ជាតិ ​រវាង​ខ្មែរ​និង​ខ្មែរ​ គឺ​​តាម​​​រយៈ​ការ​ងាក​មក​ផ្លូវ​ប្រជាធិបតេយ្យ ​ស្តារសិទ្ធិមនុស្ស ​ស្តារប្រជាធិបតេយ្យ ​រៀប​ចំឱ្យមាន​ការ​បោះ​ឆ្នោត​​ដោយ​​សេរី​និង​​យុត្តិធម៌ ហើយ​​ពង្រឹងសេដ្ឋកិច្ច។​ នៅពេល​ស្តារប្រជាធិបតេយ្យ​ហើយ ​ប្រាកដជាបាន​ប្រព័ន្ធ​​អនុគ្រោះពន្ធពី​អាមេរិក ​ពីអឺរ៉ុប​មក​វិញ»។

កាល​ពី​ថៃ្ងទី៥ ខែសីហា ឆ្នាំ២០២៦នេះ ​ប្រជាពលរដ្ឋខ្មែរនៅភូមិតាង៉ា ឃុំ​យ៉ាង ស្រុក​អណ្ដូងមាស ខេត្តរតន​គិរី ​ដែល​​បដិសេធប្រាប់​ឈ្មោះ ​បាន​អះ​អាង​ថា វៀតណាមបានបោះបង្គោលព្រំដែន ដោយរំលោភយកដី​ខ្មែរ​ជាច្រើន​គីឡូម៉ែត្រ នៅ​ក្នុង​តំបន់​នោះ​។ គាត់និយាយថា កុំតែបាន​«អូរសេដ្ឋី»​ទប់​ស្កាត់ កុំ​អី​វៀត​ណាម​រំលោភ​​យកហួស​អូរនេះ​ទៅ​ទៀត។

បច្ចុប្បន្ន ព្រំដែនកម្ពុជា-វៀតណាម គឺនៅជាប់នឹងអូរសេដ្ឋីតែម្ដង។ ពល​រដ្ឋ​រូបនេះ ​បាន​អះអាង​ទៀត​ថា វៀត​​ណាម​ទើប​បាន​មក​ចុច GPS កំណត់យកព្រំដែននៅកន្លែងក្បែរ​ភូមិតាង៉ា ដែលនៅជាប់នឹងផ្ទះប្រជាពល​រដ្ឋ​ខ្មែ​រ​៥ខ្នង។ គាត់​និយាយទៀតថា ផ្ទះរបស់ប្រជាពលរដ្ឋខ្មែរ៥ខ្នង​នៅភូមិតាង៉ា បានរអិលចូល​ទឹកដីវៀតណាម​ ដូចភូមិកំណើតលោក ហេង សំរិន ដែរ។ ហេតុនេះ គេដោះស្រាយរយៈពេល១០ឆ្នាំហើយ មិនទាន់ដោះស្រាយបាននោះទេ។

ជាមួយ​គ្នា​នេះ កាល​ពីថៃ្ងទី៤ ខែសីហា ឆ្នាំ២០២៦ ពល​រដ្ឋ​ខ្មែរ​នៅ​ឃុំ​ដូង ក៏បាន​អះអាង​ផងដែរ​ថា ពលរដ្ឋវៀតណាម​បាន​​ប្រើ​ត្រាក់ទ័រចូល​មកភ្ជួរយក​ដី​ស្រែរបស់ពលរដ្ឋខ្មែរ​បន្ថែម​ទៀត​ នៅខាងត្បូងផ្ទះ៦ខ្នង ស្ថិត​ក្នុង​​ភូមិ​អង្គុញ ឃុំ​ដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

បើ​តាម​ប្រជា​ពល​រដ្ឋ​ គ្មានអាជ្ញាធរខ្មែរណាមកហាមឃាត់ពលរដ្ឋវៀតណាម ដែល​ប្រើគ្រឿងចក្រ​ចូល​មក​ភ្ជួរស្រែ​លើដីខ្មែរនោះទេ ខណៈ​ពល​រដ្ឋ​ខ្មែរ​បាន​ត្រឹម​តែឈរមើល​ មិន​ហ៊ាន​ចូល​ទៅ​ហាម​ឃាត់​ឡើយ។ បើ​តាម​ប្រជាពល​រដ្ឋ​ នៅ​ឃុំ​ដូង វៀតណាមបានរំលោភយកដីខ្មែរជាង៣គីឡូ​ម៉ែត្រ នៅភូមិអង្គុញ និងភូមិដូង ឃុំដូង ចាប់​​តាំងពី​អំឡុង​ឆ្នាំ​​១៩៩៤​​មក​។

បច្ចុប្បន្ន​ដី​ខ្មែរ​ទាំងនោះ ​បាន​ក្លាយ​ទៅ​ជាដី​ចម្ការអំពៅ​និង​ចម្ការកៅ​ស៊ូរបស់​វៀតណាម។ នេះ​បើ​យោង​តាម​ហ្វេស​ប៊ុក​​របស់​​លោក​អ៊ុំ សំអាន។

យ៉ាងណាក្តី​ មិន​ទាន់​មានការ​បញ្ជាក់​ពី​អាជ្ញាធរ​កម្ពុជាខេត្ត​រតនគិរី ​និង​ខេត្ត​ស្វាយ​រៀង ​លើ​ព័ត៌មាន​ទាំង​នេះ​នៅ​​ឡើយ​ទេ។ ចំណែក​​នៅ​​ព្រំដែន​​ថៃ​​វិញ​ ចាប់​​តាំង​ពីក្រោ​យ​​បទ​​ឈប់​​បាញ់​​ កាល​ពី​ថ្ងៃ​ទី​​២៧ ខែ​ធ្នូ ​ឆ្នាំ​​២០២៥​​មក យោធា​ថៃ​​បាន​​សម្រុក​​ធ្វើ​​ការ​​ឈូស​ឆាយ​​ ធ្វើការ​​សាងសង់សំណង់​រឹងផ្សេៗ​ នៅ​តាម​ទី​តាំង​ទាំង​​៧៦​​កន្លែង​ ​ដែល​ពួកគេ​ទើប​ដណ្តើម​កាន់​កាប់បាន ដូចជា ​សាងសង់​លេណដ្ឋាន​ទ័ព​ ធ្វើ​ផ្លូវ​បេតុង​​ ជីក​ប្រឡាយ ​និង​​សាងសង់​របងព្រំដែន​បេតុងជាដើម ដោយ​គ្មានការ​ទប់​ស្កាត់​ក្នុង​ទ្រង់ទ្រាយ​ធំ​ពី​កងទ័ព​កម្ពុជា​ឡើយ។

ពាក់​ព័ន្ធ​បញ្ហាជម្លោះ​ព្រំដែន​ជាមួយថៃ អ្នកនាំពាក្យក្រសួងការពារជាតិ អ្នក​ស្រី ម៉ាលី សុជាតា បាន​ប្រកាស​នៅ​ថ្ងៃ​ទី​​៤ ខែ​សីហា​​ថា កម្ពុជា​បាន​សម្រប​សម្រួល​​​ជូ​នក្រុ​ម​អ្នក​សង្កេត​ការណ៍​អាស៊ាន​ប្រចាំ​កម្ពុជា (AOT) ដឹក​នាំ​ដោយ​ប្រធាន​​បេសក​កម្ម​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន ពី​សាធារណ​រដ្ឋ​ហ្វីលីពីន ដើម្បី​ចុះ​សង្កេត​ការណ៍ ផ្ទៀង​ផ្ទាត់ និង​រាយ​​ការណ៍​​អំពី​ស្ថាន​ភាព​ព្រំដែន​នៅ​តំបន់​ច្រក​បឹង​ត្រកួន ស្ថិត​ក្នុង​ឃុំគោក​រមៀត​ ស្រុក​ថ្មពួ​ក ខេត្ត​បន្ទាយ​មាន​ជ័យ ។

បន្ថែមពីនេះ ​លោក​ ប៉ែន បូណា អ្នកនាំពាក្យ​រដ្ឋាភិបាល ​បាន​ថ្លែងនៅក្នុងកម្មវិធីផ្សាយ​បន្តផ្ទាល់​ស្តីពី​បច្ចុប្បន្ន​​ភាព​​បញ្ហា​​ព្រំដែន​​កម្ពុជា-​​ថៃ នៅ​ថ្ងៃទី​​​៥ខែ​សីហា​នេះ​​ថា ទន្ទឹម​​នឹង​ការ​សម្រប​សម្រួល​​​អ្នក​​សង្កេត​ការណ៍​អាស៊ាន​ ដំណើរ​​ទស្សន​​កិច្ច​ផ្សេងៗ​​​ទៅកា​ន់​​តំប​ន់​​ព្រំដែន ​​រាជ​រដ្ឋាភិ​បាល​​​ក៏​​បាន​​និង​កំពុង​​ធ្វើ​ការ​ងារ​ការ​ទូត​​យ៉ាង​​សកម្ម​​ក្នុង​​កម្រិត​​តំបន់ ​និ​ងលើ​​​ឆាក​​អន្តរ​ជាតិផ​ង​ដែរ​ ដើម្បី​​​ទាម​​ទារ​​ឱ្យ​​ថៃ​​​ដក​កងទ័​ព​​ចេញ​ពី​​ដី​​កម្ពុជា និង​អាច​​​​​ឱ្យ​​ជន​​ភៀសសឹ​ក​កម្ពុជា​​​បាន​​វិល​​ត្រឡប់​​ទៅ​កាន់​​ផ្ទះ​​សំបែង​​របស់​​ខ្លួន​​វិញ ​ដោយ​​គ្មាន​ការ​​រារាំង​។

យ៉ាងណាក្តី ​សម្រាប់ លោក​អ៊ុំ សំអាន ​ដើម្បី​​អាច​ទាម​ទារទឹកដី​ទាំង​ពី​ថៃ​ និង​​ទាំង​​ពី​​​​វៀតណាម​​មក​​វិញ​​​បា​ន​​ថែម​និង​​ដើម្បី​​​​​អាច​​ការពារ​ទឹកដីកម្ពុជា​បាន គឺ​ចាំបាច់ណាស់​កម្ពុជា​​ត្រូវ​ប្តឹងថៃនិង​​វៀត​ណាម​ទៅកាន់​តុលាការ​​យុត្តិធម៌​​អន្តរ​ជាតិ (ICJ) ដើម្បី​ទាម​ទារទឹកដីមក​វិញ​ និង​ត្រូវប្តឹង​មេដឹក​នាំថៃ​ទៅកាន់​តុលាការ​ឧក្រិដ្ឋ​កម្ម​​អន្តរ​ជាតិ​ (ICC) ​ពី​បទ​ឧក្រិដ្ឋ​កម្ម​​សង្គ្រាម ​និងបទ​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ​។ បន្ថែមពីនេះ ​ត្រូវ​​ប្តឹង​វៀតណាម​និង​ថៃ ទៅកាន់​សហប្រធាន​​កិច្ច​ព្រម​ព្រៀង​សន្តិភាពទីក្រុង​ប៉ារីស ​ដើម្បី​ទាម​ទារទឹកដីខ្មែរ​ពី​ថៃ ​ពីវៀតណាម​មក​វិញ ​ហើយ​និងទាម​ទារ​ដែន​សមុទ្រ និងកោះ​ពី​វៀតណាមនិង​ថៃមក​វិញ ​ដូច​ជា កោះ​ត្រល់​ ចង្កោម​​កោះ​​ក្រចក​​សេះ​ និង​​កោះ​គុ​ត ​​​រួម​​ទាំ​ង​​ផ្ទៃ​សមុទ្រ​​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ