ករណីជនបង្កបំផ្ទុះគ្រាប់សម្លាប់កងកម្លាំងដល់ទៅ ៥នាក់ នៅខេត្តពោធិ៍សាត់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន កំពុងក្លាយជាការជជែកវែកញែក ដ៏ចម្រូងចម្រាសអំពីថា មិនអាចផ្ដោតតែលើជនប្រើប្រាស់នោះទេ ប៉ុន្តែត្រូវវែកមុខអ្នកផលិត អ្នកផ្គត់ផ្គង់ និងកាន់កាប់អាវុធ ឬគ្រឿងផ្ទុះខុសច្បាប់ផងដែរ។
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដាក់ចេញវិធានការក្ដៅ ដូចការបង្ក្រាបឆបោកអនឡាញ ពង្រឹងយុទ្ធសាស្ត្រប្រតិបត្តិការរបស់សមត្ថកិច្ច ប្រើអ្នកជំនាញក្នុងការចុះបង្ក្រាប និងអនុវត្តច្បាប់ដោយគ្មានការលើកលែង ដើម្បីការពារអាយុជីវិតកងកម្លាំង និងទប់ស្កាត់សោកនាដកម្មបែបនេះកុំឱ្យកើតឡើងសារជាថ្មី។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់វីអូឌីនៅថ្ងៃទី៦ ខែសីហា ថា ករណីនេះគឺជាមេរៀនដ៏ឈឺចាប់ និងជាការព្រមានដ៏សំខាន់មួយសម្រាប់សមត្ថកិច្ចទូទាំងប្រទេស នៅពេលចុះបង្ក្រាបជនពាក់ព័ន្ធគ្រឿងញៀន ឬឧក្រិដ្ឋជនដែលទាល់ច្រក មិនត្រូវមើលស្រាលហានិភ័យឡើយ។
លោកថា ជនបង្កអាចសម្រេចចិត្តប្រើអាវុធ ឬគ្រឿងផ្ទុះដើម្បីតបត និងបង្កគ្រោះថ្នាក់ដល់អ្នកអនុវត្តច្បាប់។ ហេតុនេះ សមត្ថកិច្ចត្រូវរៀបចំផែនការប្រតិបត្តិការឱ្យបានច្បាស់លាស់ ប្រើប្រាស់អ្នកជំនាញ វាយតម្លៃហានិភ័យ និងអនុវត្តវិធានការសុវត្ថិភាពឱ្យបានតឹងរ៉ឹង ដើម្បីការពារអាយុជីវិតកងកម្លាំង។
ជាមួយគ្នានេះ លោកជំរុញឱ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការក្តៅក្នុងការបង្ក្រាបគ្រឿងញៀន ដូចការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យបណ្ដាញជួញដូរ ផលិត ចែកចាយ ឬកាន់កាប់គ្រឿងញៀន និងអាវុធខុសច្បាប់បន្តសកម្មភាពបានឡើយ។ បន្ថែមពីនេះ លោកទទូចឱ្យអាជ្ញាធរត្រូវស៊ើបអង្កេតវែកមុខអ្នកនៅពីក្រោយ និងអ្នកពាក់ព័ន្ធទាំងអស់ ហើយអនុវត្តច្បាប់ដោយគ្មានការលើកលែង ព្រោះបើមិនដូច្នេះទេ ក្រុមឧក្រិដ្ឋជននឹងកាន់តែក្លាហាន ហើយសោកនាដកម្មបែបនេះអាចកើតឡើងម្ដងទៀត។
លោក សេក សុជាតិ ថ្លែងថា៖ «ដើម្បីបញ្ចៀសនិងដើម្បីទប់ស្កាត់កុំឲ្យមានហេតុការណ៍បែបនេះកើតឡើងសារជាថ្មី ត្រូវមានយុទ្ធសាស្ត្រ ត្រូវមានវិធានត្រឹមត្រូវ ដើម្បីធានាបាននូវសុខសុវត្ថិភាពនៅក្នុងពេលអនុវត្តភារកិច្ចរបស់ខ្លួន ហើយកត្តាទាំងអស់នេះ គឺយើងពិតជាមិនចង់ឃើញកើតមានឡើង ចំពោះមន្ត្រីរបស់យើងណាម្នាក់នោះទេ ហើយក្នុងនាមខ្ញុំក៏សូមចូលរួមសោកស្តាយយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះគ្រួសារ និងសាច់ញាតិនៃសពទាំងអស់ ដែលបានពលីនៅក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងជាមួយនឹងគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា»។
កាលពីថ្ងៃទី៥ ខែសីហា មានករណីផ្ទុះគ្រាប់បែកច្នៃមួយបានសម្លាប់មនុស្ស ៦នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងនោះមាន មន្ត្រីប៉ុស្តិ៍អូរសោម ២រូប និងប្រជាការពារភូមិ ៣រូប និងជនបង្ក ១រូប។ ចំណែកប្រជាការពារម្នាក់ទៀត បានរងរបួសធ្ងន់កំពុងសម្រាកនៅមន្ទីរពេទ្យ។
វីអូឌី ពុំអាចសុំការពន្យល់លម្អិតជុំវិញហេតុការណ៍ផ្ទុះគ្រាប់បែកច្នៃ នៅតំបន់អូរតាគ្រាម ឃុំអូរសោម ស្រុកវាលវែង ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ និងអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានទេ គិតត្រឹមល្ងាចថ្ងៃទី៦ ខែសីហា នេះ។
ប៉ុន្តែ អភិបាលខេត្តពោធិ៍សាត់រូបនេះ ថ្លែងប្រាប់កាសែតក្នុងស្រុក កាលពីថ្ងៃទី៥ ខែសីហា ថា ហេតុការណ៍រន្ធត់នេះកើតឡើងនៅពេលសមត្ថកិច្ចព្យាយាមចុះឃាត់ជនល្មើសដែលមានគ្រាប់បែកក្នុងដៃ។
លោកសម្ដែងការសោកស្តាយចំពោះការបាត់បង់មន្ត្រីប៉ុស្តិ៍ និងប្រជាការពារទាំង ៥រូប។ យ៉ាងណា លោករំលឹកថា លោកធ្លាប់ក្រើនដល់មន្ត្រីប៉ុស្តិ៍នេះផងដែរ កុំឱ្យធ្វេសប្រហែសពេលបង្ក្រាបបទល្មើស ហើយលោកអះអាងថា មេប៉ុស្តិ៍ដែលស្លាប់រូបនោះបានពាក់អាវក្រោះឱបផ្ទាល់ជាមួយនឹងជនល្មើស ខណៈអាវការពារបានតែដើមទ្រូង។ លោក ខូយ រីដា អះអាងថា រដ្ឋបាលខេត្តនឹងចាត់ចែងចំណាយធ្វើពិធីបុណ្យសពកងកម្លាំងទាំង ៥នាក់ តាមប្រពៃណី។
លោក ខូយ រីដា ថ្លែងថា៖ «សមត្ថកិច្ចយើងស្ទុះទៅឱប ឱបចាប់ក្តោប ទៅទាំងអស់គ្នាហ្នឹង ហើយផ្ទុះទៅឥឡូវហ្នឹង គឺស្លាប់នគរបាលមេប៉ុស្តិ៍ម្នាក់ ហើយប៉ុស្តិ៍រដ្ឋបាលម្នាក់ហ្នឹង ហើយនិងសរុប ២ នាក់ ហើយប្រជាការពារយើងដូចស្លាប់ ៣ នាក់ និងជនល្មើសមួយទៀត ៦ នាក់។ ហើយនៅសល់ប្រជាការពារម្នាក់របួស យើងកំពុងអន្តរាគមន៍មកមន្ទីរពេទ្យខេត្ត»។
នេះជាករណីទីមួយដែលហេតុការណ៍បង្ក្រាបអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន រហូតមានកងកម្លាំងស្លាប់ ៥នាក់ ដោយសារគ្រាប់បែកច្នៃ ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានចេញបទបញ្ជាភ្លាមៗ ឱ្យស្រាវជ្រាវរកមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាននោះ និងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់។
ជុំវិញករណីនេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា យល់ថា សោកនាដកម្មផ្ទុះគ្រាប់បែកកែច្នៃសម្លាប់កងកម្លាំង ៥នាក់ នៅស្រុកវាលវែង មិនមែនជាគ្រោះថ្នាក់ដាច់ដោយឡែកនោះទេ ប៉ុន្តែជាសញ្ញាព្រមានថា វិបត្តិគ្រឿងញៀនកំពុងវាយប្រហារដល់សន្តិសុខសង្គមទាំងមូល។
លោកបន្តថា ការបង្ក្រាបតែអ្នកប្រើប្រាស់គ្រឿងញៀន ប្រៀបបាននឹងការ «វែកចក» ដូច្នេះការដោះស្រាយបញ្ហាពិបាកនឹងមានប្រសិទ្ធភាពណាស់ ព្រោះអ្នកប្រើប្រាស់ជាច្រើនក៏ជាជនរងគ្រោះដែរ។ លើសពីនេះ លោកថា ដើម្បីទប់ស្កាត់អំពើហិង្សា និងការជួញដូរគ្រឿងញៀនឱ្យមានប្រសិទ្ធភាព រដ្ឋាភិបាលគួរផ្ដោតលើការវែកមុខមេខ្លោង បណ្តាញជួញដូរ អ្នកមានអំណាច និងអំពើពុករលួយដែលបើកផ្លូវឱ្យបទល្មើសរីករាលដាលស្ទើរតែពេញផ្ទៃប្រទេស ព្រមទាំងពង្រឹងអភិបាលកិច្ច និងយុទ្ធសាស្ត្រ «ភូមិ-ឃុំមានសុវត្ថិភាព» ដើម្បីការពារអាយុជីវិតពលរដ្ឋ និងកងកម្លាំងអនុវត្តច្បាប់។
លោក ប៉ោ មករា ថ្លែងថា៖ «បញ្ហាទាំងអស់នេះហើយ ដែលជាបញ្ហាដែលមិនឆ្លើយតបទៅនឹងគោលនយោបាយដែលរដ្ឋាភិបាលកំពុងតែអភិវឌ្ឍន៍ តាំងពីមុនរហូតដល់ឥឡូវនេះ គឺពាក់ព័ន្ធទៅនឹងភូមិ-ឃុំមានសុវត្ថិភាពហ្នឹង ហាក់បីដូចជានៅឆ្ងាយ ហាក់បីដូចជាមិនបានលទ្ធផលល្អសម្រាប់ភូមិ-ឃុំមានសុវត្ថិភាពហ្នឹងណា! អញ្ចឹង ខ្ញុំគិតថា រដ្ឋាភិបាលគួរតែមើលឡើងវិញ ពាក់ព័ន្ធទៅនឹងការអនុវត្តភូមិ-ឃុំមានសុវត្ថិភាពនេះ ដើម្បីធានាទៅដល់សុខសន្តិភាពនៅតាមមូលដ្ឋាន ក៏ដូចជាថ្នាក់ជាតិទាំងមូល»។
បើយោងតាមទិន្នន័យចុងក្រោយបង្អស់របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) បង្ហាញថា រដ្ឋាភិបាលបានបន្តដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១១ ដោយបង្ក្រាបបទល្មើសរាប់ពាន់ករណី រឹបអូសសារធាតុញៀនជិត ៦ តោន និងឃាត់ខ្លួនជនសង្ស័យជាង ១៣,០០០ នាក់។ យ៉ាងណា បញ្ហាគ្រឿងញៀននៅតែបន្តគំរាមកំហែងដល់សុខភាព សន្តិសុខ និងការអភិវឌ្ឍជាតិ ហើយគ្រឿងញៀនមិនត្រឹមបំផ្លាញអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កអំពើហិង្សា បទល្មើស បំផ្លាញគ្រួសារ និងបង្កបន្ទុកលើថវិកាជាតិយ៉ាងច្រើនក្នុង១ឆ្នាំៗ។
អ្នកជំនាញផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលពង្រឹងការវែកមុខមេខ្លោង និងបណ្ដាញជួញដូរ ព្រមទាំងអនុវត្តច្បាប់ដោយតឹងរ៉ឹង ដោយការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងបង្កើនការបង្ការ ព្យាបាល និងអប់រំយុវជន ដើម្បីកាត់បន្ថយការរីករាលដាលគ្រឿងញៀនប្រកបដោយចីរភាព៕









