អ៊ីរ៉ង់​ព្រមាន​វាយ​ប្រហារ​បណ្តា​រដ្ឋ​ក្នុង​តំបន់​ឈូង​សមុទ្រ​បើ​អាមេរិក​​វាយ​​ប្រហារ​​ថ្មីៗ​បន្ថែម​ទៀត

តាម​ប្រភព​ព័ត៌​មាន​ចំនួន ៥ អ៊ីរ៉ង់​បាន​ព្រមាន​បណ្តា​រដ្ឋ​ក្នុង​តំបន់​ឈូង​សមុទ្រ​ថា ការ​វាយ​ប្រហារ​ថ្មី​ណា​មួយ​របស់​សហរដ្ឋ​​អាមេរិក​លើ​ទឹក​ដី​ខ្លួន នឹង​ជំរុញ​ឱ្យ​មាន​ការ​សង​សឹក​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល​នៅ​ទូទាំង​តំបន់ ខណៈ​ក្រុង​​តេអេ​រ៉ង់ (Tehran) ស្វែង​រក​ការ​បង្កើន​តម្លៃ​នៃ​ការ​ធ្វើ​សកម្ម​ភាព​យោធា ដោយ​គំរាម​កំហែង​ដល់​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​របស់​ទីក្រុង​​វ៉ាស៊ីន​តោន។

ការព្រមាន​នេះ ត្រូវ​បាន​បញ្ជូន​តាម​រយៈ​ទំនាក់​ទំនង​ទូត​ជាន់​ខ្ពស់ បន្ទាប់​ពី​ប្រធានា​ធិបតី ដូណាល់ ត្រាំ (Donald Trump) បាន​គំរាម​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា​នឹង​វាយ​ប្រហារ​លើ​បណ្តាញ​ថាមពល​របស់​អ៊ីរ៉ង់​។

រដ្ឋម​ន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ លោក អាបបាស់ អារ៉ាកជី (Abbas Araqchi) បាន​ពិភាក្សា​ជាមួយ​សម​ភាគី​អារ៉ាប៊ី​សាអ៊ូឌីត ទួរគី និង​កាតា ព្រម​ទាំង​អគ្គ​មេបញ្ជា​ការ​កង​ទ័ព​ប៉ាគី​ស្ថាន ដោយ​ជំរុញ​ឱ្យ​ពួក​គេ​ប្រើ​ប្រាស់​ឥទ្ធិ​ពល​ជាមួយ​លោក ត្រាំ ដើម្បី​បញ្ចុះ​បញ្ចូល​លោក​កុំ​ឱ្យ​បើក​ការ​វាយ​ប្រហារ​ជា​ថ្មី។ លោក​បាន​ព្រមាន​ថា ការ​វាយ​ប្រហារ​ណា​មួយ​លើ​អ៊ីរ៉ង់ នឹង​​ទាម​​ទារ​ឱ្យ​មាន​ការ​សង​សឹក​លើ​ទ្រព្យ​សម្បត្តិ និង​ទីតាំង​ថាមពល​របស់​អាមេរិក​នៅ​ទូទាំង​តំប​ន់​ឈូង​សមុទ្រ។

សាររបស់លោកគឺ៖ «យើងត្រៀមខ្លួនជាស្រេចក្នុងការសងសឹក ប៉ុន្តែ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​តាម​ផ្លូវ​ទូត​គឺ​ជា​វិធី​ល្អ​បំ​ផុត​ ដើម្បី​​ជៀស​វាង​ការ​រីក​រាល​ដាល​នៃ​ជម្លោះ និង​ការ​បំផ្លិច​បំផ្លាញ»។

ការព្រមាន​នេះ បង្ហាញពីរបៀបដែលអ៊ីរ៉ង់ព្យាយាមប្រើប្រាស់ការគំរាមកំហែងនៃការបំផ្លិចបំផ្លាញ ជាឧបករណ៍​​តវ៉ា​ទល់​នឹង​ការ​វាយប្រហារបន្ថែមទៀតរបស់អាមេរិក ដែលធ្វើឱ្យបណ្តារដ្ឋក្នុងតំបន់ឈូងសមុទ្រ ដែល​មានមូលដ្ឋានយោធា​អាមេរិក និងពឹងផ្អែកលើការនាំចេញថាមពល ស្ថិតក្នុងស្ថានភាពលំបាក។

ព្រះអង្គម្ចាស់ក្សត្រី​ អារ៉ាប៊ីសាអ៊ូឌីត មូហាំម៉ាត់ ប៊ីន សាល់ម៉ាន (Mohammed bin Salman) បានជជែកតាម​ទូរស័ព្ទជាមួយលោក ត្រាំ ដោយជំរុញឱ្យលោកពន្យារពេលសកម្មភាពយោធា និងត្រឡប់មកការចរចាវិញ។ ប្រទេសកាតា អូម៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត សុទ្ធតែបានជំរុញឱ្យក្រុងវ៉ាស៊ីនតោនបន្តការចរចាឡើងវិញ និង​ជៀសវាងជម្លោះសារជាថ្មី ក្រោយ​អ៊ីរ៉ង់ព្រមានថា ការវាយប្រហារមួយជុំទៀតអាច «ប្រែប្រួលតំបន់នេះឱ្យ​ទៅ​ជាសមុទ្រភ្លើង»។

កាលពីថ្ងៃទី​​២ ខែសីហា លោក ត្រាំ បាននិយាយ​ថា លោកបានយល់ព្រមលុបចោល​ការ​វាយ​ប្រហារ​លើ​អ៊ីរ៉ង់ «ក្រោម​លក្ខ​ខណ្ឌ​ដែល​អាច​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​យ៉ាង​ឆាប់រហ័ស»។

ប្រភព​ពីតំបន់ឈូងសមុទ្របាននិយាយថា អារ៉ាប៊ីសាអ៊ូឌីតជឿជាក់ថា ការកើនឡើងកម្ដៅជម្លោះបន្ថែមទៀត នឹង​នាំ​មក​នូវការបំផ្លិចបំផ្លាញកាន់តែច្រើន ប៉ុន្តែ​ក៏បានបញ្ជាក់ច្បាស់ដែរ​ថា ការវាយប្រហារណាមួយលើ​ទឹក​ដី​ខ្លួន នឹងត្រូវ​ឆ្លើយតបវិញតាមផ្លូវយោធា។

លោក អាលី ស៊ីហាប៊ី (Ali Shihabi) អ្នកវិភាគអារ៉ាប៊ីសាអ៊ូឌីត បានលើកឡើងថា ការឆ្លើយតបតាមផ្លូវយោធា​ក្នុងកម្រិត​សមស្រប បូកផ្សំនឹងសម្ពាធលើអ៊ីរ៉ង់នៅច្រកសមុទ្រហ័រមុស (Strait of Hormuz) គឺជាផ្លូវ​ដ៏ល្អ​បំផុត​ឆ្ពោះទៅ​រក​ការ​ដោះ​ស្រាយ​តាមផ្លូវទូត។

អ៊ីរ៉ង់បានទាមទារម្តងហើយម្តងទៀតឱ្យបិទមូលដ្ឋានយោធាអាមេរិកនៅតំបន់ឈូងសមុទ្រ និងបញ្ឈប់ការចែក​រំលែក​ព័ត៌មានសម្ងាត់ជាមួយក្រុងវ៉ាស៊ីនតោន។ មន្ត្រីអ៊ីរ៉ង់ម្នាក់បានបញ្ជាក់ថា ការវាយប្រហារថ្មីណាមួយ​របស់អាមេ​រិក នឹងត្រូវជួបការវាយប្រហារលើទីតាំងថាមពល រោងចក្រចម្រាញ់ប្រេង បណ្តាញអគ្គិសនី និង​វាលប្រេងនៅទូទាំងតំបន់ ដោយរំលឹកអំពីការវាយប្រហារលើក្រុមហ៊ុន Aramco កាលពីឆ្នាំ​២០១៩ ដែល​បានធ្វើឱ្យខកខានការផលិតប្រេង​ឆៅ​ជាងពាក់កណ្តាលរបស់អារ៉ាប៊ីសាអ៊ូឌីត។

តាមទស្សនៈរបស់ក្រុងតេអេរ៉ង់ លោក ត្រាំ កំពុងប្រឈមមុខនឹងជម្រើសមិនល្អពីរ៖ ធ្វើឱ្យជម្លោះកាន់តែធ្ងន់​ធ្ងរដែល​​រំខានដល់ការផ្គត់ផ្គង់ថាមពលសកល ឬទទួលយកលទ្ធផលនៃការចរចាដែលមិនទាន់ដល់ជ័យ​ជម្នះ​ដាច់ខាតដែល​ក្រុងវ៉ាស៊ីនតោនស្វែងរក ខណៈឧបសគ្គចម្បង​នៃកិច្ចព្រមព្រៀង គឺការមិនចង់ឱ្យអ៊ីរ៉ង់​ងើប​ឡើង​វិញ​ ដោយអះ​អាង​ថា​ខ្លួនទទួលបានជ័យជម្នះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ