ហានិភ័យ​ជា​ប្រព័ន្ធ​នៃ​វិស័យ​ធនាគារ​និង​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា

ការ​សម្រេច​ចិត្ត​ផ្លូវ​ការ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា នា​ពេល​កន្លង​មក ដូច​ជា​ការ​សម្រេច​ដក​ហូត​អាជ្ញា​បណ្ណ​ និង​ដាក់​ឱ្យ​ជម្រះ​បញ្ជី​លើគ្រឹះ​ស្ថាន​ធនាគារ​ចំនួន​បី​គឺ ធនាគារ ស៊ីស៊ីយូ ខមមើសល ធនាគារ ហេង ហ្វឹង និង​ធនាគារ អេចអេច កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២៦។

លើស​ពីនេះ ការ​ដក​ហូត​អាជ្ញា​បណ្ណ​ប្រតិ​បត្តិ​ការ​របស់​ក្រុម​ហ៊ុន ហួយវ័ន ផេ កាល​ពី​អំឡុង​ពាក់​កណ្តាល​ឆ្នាំ​២០២៤ ធនាគារ ផេនដា ខមមើសល នៅ​ដើម​ឆ្នាំ​២០២៦ និង​វិបត្តិ​រចនា​សម្ព័ន្ធ​របស់​ធនាគារ ព្រីនស៍ កាល​ពី​ចុង​ឆ្នាំ​២០២៥ គឺ​ជា​ភស្តុតាង​ជាក់​ស្តែង​ដែល​ស្តែង​ឱ្យ​ឃើញ​ពី​ការ​ប្រេះ​ស្រាំ និង​វិបត្តិ​ទំនុក​ចិត្ត​យ៉ាង​ជ្រៅ​នៅ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​ជាតិ។

ព្រឹត្តិការណ៍ជាបន្តបន្ទាប់ទាំងនេះ មិនត្រឹមតែលាតត្រដាងអំពីការជ្រៀតជ្រែកនៃឧស្សាហកម្មឆបោកតាមអន​ឡាញ និងអំពើលាងលុយកខ្វក់ចូលទៅក្នុងប្រព័ន្ធធនាគារផ្លូវការរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បង្កើត​ជានិន្នាការហានិភ័យជាប្រព័ន្ធ ដែលកំពុងគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ចម៉ាក្រូទាំងមូលនៅក្នុងអាណត្តិដឹកនាំរបស់លោក ហ៊ុន ម៉ាណែត។

ផលវិបាកដ៏ស្រួចស្រាល់បំផុតមួយដែលបាន និងកំពុងស្តែងឡើងយ៉ាងច្បាស់ គឺស្ថានភាពទាល់ច្រករបស់ជនរងគ្រោះ និងប្រជាពលរដ្ឋជាអ្នកដាក់ប្រាក់សន្សំ ដែលកំពុងប្រឈមមុខនឹងការបាត់បង់ទ្រព្យសម្បត្តិដោយ​គ្មានដំណោះស្រាយ ឬការជួយជ្រោមជ្រែងច្បាស់លាស់ពីរដ្ឋាភិបាល។

ប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលបានប្រគល់ប្រាក់សន្សំមួយជីវិត ទៅ​ឱ្យ​គ្រឹះស្ថា​ន​ហិរញ្ញ​វត្ថុ​ដែល​ត្រូវ​បិទ​ទ្វារ​ទាំង​នោះ កំពុង​ប្រឈម​នឹង​ការ​កក​ស្ទះ​សាច់​ប្រាក់ និង​វិបត្តិ​ជីវភាព​យ៉ាង​ធ្ងន់​ធ្ងរ។

ទោះបីជាមានការជួបជុំតវ៉ា និងការដាក់លិខិតទាមទារសំណងជាបន្តបន្ទាប់ក៏ដោយ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែបន្តរក្សាភាពស្ងាត់ស្ងៀម និងទម្លាក់ភារកិច្ចទាំងស្រុងទៅលើនីតិវិធីជម្រះបញ្ជីដែលត្រូវ​ចំណាយ​ពេលរាប់ឆ្នាំ និងគ្មានការធានាថានឹងអាចទារថវិកាត្រឡប់មកវិញបានគ្រប់ចំនួននោះឡើយ។

អវត្តមាននៃយន្តការការពារ ឬការបង្កើតមូលនិធិសងប្រាក់បណ្តោះអាសន្នពីរដ្ឋាភិបាល បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពព្រងើយកន្តើយចំពោះទុក្ខវេទនារបស់ពលរដ្ឋ និងការខកខានក្នុងការបង្កើតប្រព័ន្ធធានារ៉ាប់រងប្រាក់​សន្សំ​ផ្លូវ​ការ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុក្នុងស្រុក។

នៅពេលសម្លឹងមើលទៅបណ្តាប្រទេសជិតខាងនៅក្នុងតំបន់អាស៊ាន កម្ពុជាបង្ហាញ​ពី​គម្លាត និង​ភាព​ទន់​ខ្សោយ​យ៉ាង​ខ្លាំង​លើ​ផ្នែក​យន្ត​ការ​គ្រប់​គ្រង​វិបត្តិ និង​ការ​ឆ្លើយ​តប​ដើម្បី​ការ​ពារ​ស្ថិរ​ភាព​សង្គម។

ជាក់ស្តែង នៅពេលវៀតណាមជួបប្រទះវិបត្តិដួលរលំធនាគារពាណិជ្ជ Saigon Commercial Bank (SCB) កាល​ពី​ចុង​ឆ្នាំ​២០២២ ដែល​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ និង​ការ​ឆបោក​ទ្រង់​ទ្រាយ​ធំ ធនាគារ​ជាតិ​នៃ​វៀត​ណាម​បាន​ចេញ​មុខ​អន្តរា​គមន៍​ជា​បន្ទាន់​ភ្លាមៗ ដោយ​ដាក់​ធនាគារ​នោះ​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ពិសេស និង​ផ្តល់​ឥណទាន​សង្គ្រោះ ដើម្បី​ធានា​ប្រាក់​សន្សំ​របស់​ប្រជា​ពលរដ្ឋ មិន​ឱ្យ​កើត​មាន​ការ​ភ័យ​ស្លន់​ស្លោ និង​រង្គោះ​រង្គើ​ដល់​ប្រព័ន្ធ​ធនាគារ​ទាំង​មូល​ឡើយ។

ដោយ​ឡែក ប្រទេស​ថៃ​មាន​ស្ថាប័ន​ធានា​រ៉ាប់​រង​ប្រាក់​សន្សំ (Deposit Protection Agency) ដែល​ច្បាប់​​កំណត់​​ឱ្យ​​សង​​ប្រាក់​​សន្សំ​ភ្លាមៗ​រហូត​ដល់ ១ លាន​បាត​ក្នុង​ម្នាក់ៗ (ប្រមាណ ២៩,៤០០ ដុល្លារ​អាមេរិក) នៅ​ពេល​មាន​ធនាគារ​ត្រូវ​បាន​ដក​ហូត​អាជ្ញា​បណ្ណ ស្រប​ពេល​ដែល​សិង្ហ​បុរី និង​ម៉ាឡេ​ស៊ី មាន​ប្រព័ន្ធ​ធានា​រ៉ាប់​រង​ប្រាក់​សន្សំ​រឹង​​មាំ ព្រមទាំងមានយន្តការច្បាប់តឹងរ៉ឹងបំផុតក្នុងការកកស្ទះ និងរឹបអូសទ្រព្យសកម្មពីក្រុមឧក្រិដ្ឋជនមកធ្វើជាសំណង​ជូន​ជន​រង​គ្រោះ​វិញ​យ៉ាង​ឆាប់​រហ័ស។

ផ្ទុយទៅវិញ យន្តការឆ្លើយតបរបស់អាជ្ញាធរកម្ពុជាមានលក្ខណៈអកម្ម និងខ្វះ​ភាព​ច្បាស់​លាស់ ដោយ​ទុក​ឱ្យ​អ្នក​ដាក់​ប្រាក់​សន្សំ​ប្រឈម​មុខ​នឹង​ហានិ​ភ័យ​តែ​ម្នាក់​ឯង។

យោងតាមទិន្នន័យនៃរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក ចេញផ្សាយក្នុងខែ​មិថុនា ឆ្នាំ២០២៦ និងរបាយការណ៍វាយតម្លៃសេដ្ឋកិច្ចតាមមាត្រា៤ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចេញផ្សាយក្នុងខែកក្កដា ឆ្នាំ២០២៦ អត្រាកម្ចីមិនទូទាត់ (Non-Performing Loans) នៅក្នុងប្រព័ន្ធ​ធនាគារកម្ពុជាបានកើនឡើងរហូតដល់ប្រមាណ ៩,៦ ភាគរយ។

ការរួមផ្សំរវាងការកើនឡើងនៃបំណុលអាក្រក់ ការស្ទុះងើបឡើងវិញយឺតយ៉ាវនៃវិស័យអចលនទ្រព្យ និងការ​ដកអាជ្ញា​បណ្ណគ្រឹះស្ថានហិរញ្ញវត្ថុជាបន្តបន្ទាប់ បានធ្វើឱ្យប៉ះពាល់ដល់ការវាយតម្លៃកម្រិតវិនិយោគរបស់​ជាតិ។

លើសពីនេះ របាយការណ៍ពិសេសចុងក្រោយរបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និង​ឧក្រិដ្ឋ​កម្ម (UNODC) ចេញផ្សាយក្នុងខែមករា ឆ្នាំ២០២៦ ស្តីពីបណ្តាញឧក្រិដ្ឋកម្មឌីជីថល​នៅ​​អាស៊ី​អាគ្នេយ៍ បានព្រមាន​ថា ការប្រើប្រាស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកដើម្បីលាងលុយកខ្វក់ដែលបានមក​ពីការឆបោកតាមអ៊ីនធឺ​ណិត នឹងបន្តធ្វើឱ្យកម្ពុជាប្រឈមនឹងការកាត់ផ្តាច់ទំនាក់ទំនងធនាគារឆ្លងដែនពី​សំណាក់​ធនាគារអន្តរជាតិធំៗ។

របាយការណ៍សន្ទស្សន៍នៃការយល់ដឹងអំពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិ (TI) ចេញផ្សាយ​ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ក៏បានគូសបញ្ជាក់ផងដែរថា ភាពទន់ខ្សោយនៃអភិបាលកិច្ច និងប្រព័ន្ធតុលាការ​នៅតែជាឧបសគ្គចម្បងក្នុងការបង្ក្រាបឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។

ផលប៉ះពាល់ទាំងនេះស្តែងឱ្យឃើញថា ការដកអាជ្ញាបណ្ណធនាគារគ្រាន់តែជា​ការ​ដោះ​ស្រាយ​ឲ្យ​តែ​បាន​ប៉ុណ្ណោះ ប៉ុន្តែ​វា​មិន​បាន​លុប​បំបាត់​ឫស​គល់​នៃវិបត្តិទំនុកចិត្តនោះឡើយ។

ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែបន្តមើលរំលងការទាមទារសំណង និងមិនទាន់មានដំណោះ​ស្រាយ​សមស្របជូនជនរងគ្រោះ ព្រមទាំងខកខានក្នុងការបង្កើតប្រព័ន្ធធានារ៉ាប់រងប្រាក់សន្សំឱ្យបានរឹងមាំទេនោះ វិបត្តិ​នេះ​នឹងបន្តរីករាលដាល បង្កឱ្យមានការដកប្រាក់សន្សំចេញពីធនាគារផ្សេងទៀតដោយ​សារ​ការ​ភ័យ​ខ្លាច និងធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាងធ្ងន់ធ្ងរដល់ដំណើរការស្តារសេដ្ឋកិច្ចជាតិទាំងមូល។

ជារួម ការប្រកាសប្តេជ្ញាចិត្តលើការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ និងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព​ពិតប្រាកដរបស់លោក ហ៊ុន ម៉ាណែត អាចសម្រេចទៅបានលុះត្រាតែមានការលុបបំបាត់វប្បធម៌និទណ្ឌ​ភាពយ៉ាងម៉ឺងម៉ាត់ ដោយចាប់ផ្តើមពីការបញ្ឈប់រាល់សកម្មភាពការពារ និងការជ្រោមជ្រែងដល់ជនទុច្ចរិត​ទាំងឡាយណា​ ដែលជាឥស្សរជនជាន់ខ្ពស់នៅក្នុងជួរគណបក្សកាន់អំណាច ឬជាសមាជិកក្នុងគ្រួសារ​ត្រកូលហ៊ុនដែលបានប្រព្រឹត្តបទល្មើស បំផ្លាញ​ទ្រព្យសម្បត្តិជាតិ ឬជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ ការអនុវត្តច្បាប់ដោយស្មើភាព តម្លាភាព និងឥត​យោគ​យល់ ដោយមិនគិតពីខ្នងបង្អែក ឬខ្សែស្រឡាយ​នយោបាយ គឺជាលក្ខខណ្ឌចាំបាច់បំផុតក្នុងការស្តារទំនុក​ចិត្ត​របស់ប្រជាពលរដ្ឋឡើងវិញ លុបបំបាត់អំពើពុករលួយជាប្រព័ន្ធ និងលើកកម្ពស់កិត្តិយសរបស់កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ៕

ដោយ លោក សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ