រយៈពេល ២ ឆ្នាំ បានកន្លងផុតទៅ ចាប់តាំងពីសកម្មជនបរិស្ថានវ័យក្មេងកម្ពុជា ៥ នាក់ ត្រូវបានតុលាការផ្តន្ទាទោស និងឃុំខ្លួនកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។ ក្តីសង្ឃឹមទទួលបានការដោះលែងមុនកំណត់របស់ពួកគេ ត្រូវបានរលាយបាត់បង់ទៅវិញកាលពីខែមិថុនា នៅពេលដែលសាលាឧទ្ធរណ៍បានបដិសេធសវនាការរបស់ពួកគេ ហើយពន្យារពេលដោយគ្មានកំណត់។
អង្គការសិទ្ធិមនុស្សនានា បានពិពណ៌នាថា ទោសទណ្ឌរបស់ពួកគេ គឺអយុត្តិធម៌ ធ្ងន់ធ្ងរ និងរំលោភលើច្បាប់សិទ្ធិមនុស្សទាំងក្នុងស្រុក និងអន្តរជាតិ។
សកម្មជនខ្លួនឯងនៅតែឆ្ងល់ថា ហេតុអ្វីបានជារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាត់ទុកពួកគេជាឧបសគ្គ រហូតដល់ថ្នាក់ចាត់វិធានការបែបនេះ ខណៈដែលបំណងប្រាថ្នារបស់ពួកគេ គឺតែងតែចង់ជួយអាជ្ញាធរ និងសង្គមកម្ពុជាឲ្យកាន់តែល្អប្រសើរ។
ដូច្នេះ នៅថ្ងៃនេះ វិទ្យុសំឡេងប្រជាធិបតេយ្យ VOD ចោទសួរថា ហេតុអ្វីបានជារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បដិសេធមិនព្រមដោះលែងយុវជនមានបំណងល្អទាំង ៥ នាក់ ដែលមានបេះដូងស្រឡាញ់ផលប្រយោជន៍ប្រទេសជាតិបែបនេះ?។
កញ្ញា ឡង់ គន្ធា, លោក យឹម លាងហ៊ី, លោក ថុន រដ្ឋា, កញ្ញា ភួន កែវរស្មី និងលោក លី ចាន់ដារ៉ាវុធ ត្រូវបានគេស្គាល់ថា ជាក្រុមចលនាមាតាធម្មជាតិទាំង ៥ នាក់។ ពួកគេត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី ៦ ទៅ ៨ ឆ្នាំ រួមជាមួយសហការី ២ នាក់ទៀតដែលអវត្តមាន។
លោក Tom Andrews អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ជាក់ពីលទ្ធផលរកឃើញដំបូងរបស់លោកកាលពីថ្ងៃទី ៣១ ខែកក្កដាថា៖ «បេសកកម្មដំបូងរបស់ខ្ញុំមកកាន់កម្ពុជា បានធ្វើឲ្យខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋដែលត្រូវផ្លាស់ប្តូរទីលំនៅតាមព្រំដែនថៃ ចំពោះជនរងគ្រោះដោយសារការជួញដូរមនុស្ស និងចំពោះអ្នកដែលកំពុងជាប់ឃុំឃាំងដោយសារតែការប្រើប្រាស់សេរីភាពមូលដ្ឋានរបស់ពួកគេ»។
លោកបានបន្ថែមថា៖ «ខ្ញុំទទួលបានព័ត៌មានថា មនុស្សជាង ១០០ នាក់ កំពុងត្រូវបានឃុំខ្លួននៅកម្ពុជា ដោយសារតែការប្រើសិទ្ធិបញ្ចេញមតិ ការជួបជុំ ឬការបង្កើតសមាគម»។
លោកបានចុះទៅពិនិត្យពន្ធនាគារចំនួន ៤ កន្លែង និងបានជជែកជាមួយសកម្មជន អ្នកសារព័ត៌មាន និងសមាជិកគណបក្សប្រឆាំងដែលកំពុងជាប់ឃុំ។
លោកបានថ្លែងថា៖ «មិនគួរមាននរណាម្នាក់ត្រូវជាប់ពន្ធនាគារ ដោយសារតែការប្រើប្រាស់សិទ្ធិមនុស្សមូលដ្ឋានរបស់ខ្លួននោះទេ។ ខ្ញុំបានលើកឡើងពីការឃុំខ្លួន និងលក្ខខណ្ឌរស់នៅរបស់អ្នកទាំងនោះជាមួយរដ្ឋាភិបាល ហើយទទួលបានការប្តេជ្ញាចិត្តថានឹងសហការជាមួយខ្ញុំ ក្នុងពេលដែលខ្ញុំបន្តពិនិត្យមើលករណីទាំងនេះ»។
កាលពីខែមិថុនា អង្គការសង្គមស៊ីវិលចំនួន ៧៤ បានចុះហត្ថលេខាលើលិខិតមួយផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយស្នើសុំឲ្យដោះលែងក្រុមយុវជនមាតាធម្មជាតិទាំង ៥នាក់។ ពួកគេបានសម្តែងការព្រួយបារម្ភអំពីភាពមិនច្បាស់លាស់នៃការផ្តន្ទាទោសក្រោមច្បាប់កម្ពុជា និងការប្រព្រឹត្តយ៉ាងម៉ឺងម៉ាត់ធ្ងន់ធ្ងរដែលអ្នកទោសទាំងនោះកំពុងជួបប្រទះ។
លិខិតនោះ បានលើកឡើងថា រដ្ឋាភិបាល «បានចោទប្រកាន់ក្រុមយុវជនមាតាធម្មជាតិទាំង ៥នាក់ ពីបទ «រួមគំនិតក្បត់» ប្រឆាំងរដ្ឋាភិបាល តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ»។ លិខិតនោះបដិសេធថា មិនមានការរួមគំនិតក្បត់ដើម្បី «វាយប្រហារ» ណាមួយឡើយ ហើយបញ្ជាក់ថា ចលនាមាតាធម្មជាតិ តែងតែប្រកាន់ខ្ជាប់នូវ «អហិង្សា» ជានិច្ច។ អ្នកតាមដានសវនាការដើមដំបូងបានរាយការណ៍ថា ពួកគេមិនបានឮភស្តុតាងណាមួយដែលផ្ទុយពីនេះឡើយ។
លិខិតនោះ បានគូសបញ្ជាក់ថា៖ «យើងជឿជាក់ថា នេះគឺជាបរាជ័យយ៉ាងច្បាស់ក្រឡែតនៃប្រព័ន្ធយុត្តិធម៌ ដែលសាលាឧទ្ធរណ៍គួរតែត្រឡប់ការសម្រេចចិត្តនេះឲ្យបានឆាប់បំផុត»។
ព្រះរាជអាជ្ញា បានអះអាងថា ក្នុងករណីលោក យឹម លាងហ៊ី គឺគាត់បានប្រមាថព្រះមហាក្សត្រ ដែលជាបទល្មើសតាមមាត្រា ៤៣៧។ ទោះជាយ៉ាងណាក៏ដោយ ភស្តុតាងគឺផ្អែកលើវីដេអូលួចថតការសន្ទនាផ្ទាល់ខ្លួនតាម Zoom។ មេធាវីអាជ្ញាធរ អះអាងថា ការលួចថតបែបនេះ គឺជាភស្តុតាងខុសច្បាប់ក្រោមច្បាប់កម្ពុជា ហើយមិនគួរត្រូវយកមកប្រើប្រាស់ក្នុងតុលាការឡើយ។
បន្ថែមពីនេះ លិខិតនោះ បានបញ្ជាក់ថា៖ «តាមពិតទៅ លោក យឹម លាងហ៊ី បានជំទាស់មិនឲ្យយកព្រះមហាក្សត្រ… មកពាក់ព័ន្ធក្នុងយុទ្ធនាការ ឬសកម្មភាពណាមួយឡើយ ដែលធ្វើឲ្យមានការចោទសួរថា ហេតុអ្វីបានជាគាត់ត្រូវបានផ្តន្ទាទោស»។
ការបំបែកអ្នកទោស និងបញ្ជូនពួកគេទៅកាន់ពន្ធនាគារនៅតំបន់ដាច់ស្រយាល មើលទៅដូចជាចេតនារបស់អាជ្ញាធរដើម្បីបន្ថែមសម្ពាធ និងភាពលំបាកដល់ពួកគេ។
លិខិតនោះ បានរៀបរាប់ថា៖ «ក្រុមយុវជនមាតាធម្មជាតិទាំង ៥នាក់ កំពុងត្រូវគេឃុំខ្លួនក្នុងពន្ធនាគារដែលមានភាពកកកុញ និងលក្ខខណ្ឌរស់នៅលំបាកខ្លាំង ដោយត្រូវគេបំបែកចេញពីគ្នា និងបញ្ជូនទៅខេត្តផ្សេងៗគ្នាទូទាំងកម្ពុជា ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីគ្រួសារ និងមេធាវីរបស់ពួកគេ»។
សមាជិកគ្រួសារត្រូវធ្វើដំណើរផ្លូវឆ្ងាយដើម្បីទៅសួរសុខទុក្ខ មនុស្សជាទីស្រឡាញ់របស់ពួកគេ ដែលធ្វើឲ្យខាតបង់ទាំងពេលវេលា និងថវិកា។ មេធាវីរួមរបស់ពួកគេក៏ត្រូវធ្វើដំណើរផ្លូវឆ្ងាយដើម្បីតំណាងឲ្យពួកគេ ហើយត្រូវពឹងផ្អែកលើថវិកាដែលកាន់តែខ្សត់ខ្សោយទៅៗ។ ការចូលរួមសវនាការឧទ្ធរណ៍នៅភ្នំពេញ តម្រូវឲ្យមានការធ្វើដំណើរផ្លូវឆ្ងាយជាច្រើនលើក។ ក្នុងករណីលោក ថុន រដ្ឋា ប្រពន្ធរបស់គាត់កំពុងរ៉ាប់រងចិញ្ចឹមកូន ៣ នាក់តែម្នាក់ឯង ហើយកូន ២ នាក់ទើបតែចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺគ្រុនឈាម។
ទោះបីជាមានការលំបាកបន្ថែមទាំងនេះក៏ដោយ ក៏យុវជនទាំង ៥ នាក់ត្រូវបានគេរាយការណ៍ថា នៅតែមានស្មារតីរឹងមាំ និងសង្ឃឹមថាអាជ្ញាធរនឹងដោះលែងពួកគេនាពេលឆាប់ៗនេះ។ របាយការណ៍បានបង្ហាញថា មន្ត្រីរដ្ឋាភិបាលម្នាក់បានព្យាយាមសម្របសម្រួលជាមួយអ្នកទោស ដោយអញ្ជើញពួកគេឲ្យទទួលស្គាល់កំហុសជាសាធារណៈ ដើម្បីដោះដូរនឹងសេរីភាព។ ប៉ុន្តែ យុវជនទាំង ៥ នាក់ បានបដិសេធការស្នើនេះ ហើយបន្តប្រកាសពីភាពស្អាតស្អំរបស់ខ្លួនដដែល។
ចាប់តាំងពីត្រូវជាប់ពន្ធនាគារមក ក្រុមយុវជនមាតាធម្មជាតិទាំង ៥នាក់ ត្រូវបានបដិសេធមិនឲ្យមានការដោះលែងមុនកំណត់ចំនួន ៤ ដងរួចមកហើយ។ ពួកគេក៏កំពុងជួបប្រទះនូវការអូសបន្លាយពេលក្នុងដំណើរការប្តឹងឧទ្ធរណ៍ ដែល «បង្កើតឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសិទ្ធិទទួលបានការជម្រះក្តីដោយយុត្តិធម៌ និងឆាប់រហ័ស ដូចមានចែងក្នុងមាត្រា ១៤ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាបានផ្តល់សច្ចាប័ន»។
ដើម្បីទាក់ទាញការយកចិត្តទុកដាក់ពីអន្តរជាតិចំពោះការជាប់ពន្ធនាគារដែលពួកគេចាត់ទុកថាអយុត្តិធម៌នេះ សម្ព័ន្ធអង្គការនានាកំពុងតម្រង់ទិសដៅទៅកាន់ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងគ្រោងធ្វើឡើងនៅខេត្តសៀមរាប នាខែវិច្ឆិកានេះ។ ព្រឹត្តិការណ៍នេះ ដែលត្រូវបានប្រកាសដោយប្រធានាធិបតីបារាំង លោក ម៉ាក្រុង កាលពីខែតុលា នឹងមានការចូលរួមពីតំណាងជាន់ខ្ពស់នៃប្រទេស និងរដ្ឋជាសមាជិកចំនួន ៨៨ ដែលប្រើប្រាស់ភាសាបារាំង។
សង្គមស៊ីវិលសង្ឃឹមថា កិច្ចប្រជុំកំពូលនេះ នឹងទាក់ទាញការយកចិត្តទុកដាក់ពីអន្តរជាតិចំពោះស្ថានភាពលំបាករបស់ក្រុមយុវជនមាតាធម្មជាតិទាំង ៥នាក់ និងដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឲ្យពិចារណាករណីរបស់ពួកគេឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ កាលពីខែកក្កដា នៅពេលដែលក្រុមនានាបានធ្វើសកម្មភាពតវ៉ានៅខាងក្រៅទីស្នាក់ការកណ្តាលក្រុងប៉ារីសនៃអ្នករៀបចំកម្មវិធី គឺអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ពួកគេទទួលបានការឆ្លើយតបយ៉ាងសោះកក្រោះ និងត្រូវគេបដិសេធមិនឲ្យចូលជួបដើម្បីពិភាក្សាពីក្តីបារម្ភនោះទេ។
អង្គការ Bruno Manser Fonds របស់ប្រទេសស្វ៊ីស ទទួលបានលិខិតមួយកាលពីថ្ងៃទី២២ ខែកក្កដា ពីប្រធានខុទ្ទកាល័យ OIF គឺលោក Hervé Barraquand ដែលបានបញ្ជាក់ថា៖ «យើងបានទទួលជ្រាបនូវព័ត៌មានដែលលោកបានជម្រាបជូន… សូមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើង»។
លិខិតនោះមិនបានធ្វើការប្តេជ្ញាចិត្តជាក់លាក់ណាមួយ ក្នុងការលើកយកបញ្ហាក្រុមយុវជនមាតាធម្មជាតិទាំង ៥នាក់ ទៅនិយាយជាមួយរដ្ឋាភិបាលកម្ពុជានោះឡើយ។
ក្រុមសង្គមស៊ីវិលដឹកនាំដោយអង្គការ Bruno Manser Fonds កាលពីថ្ងៃទី២៨ ខែកក្កដា បានចេញសេចក្តីប្រកាសព័ត៌មានរិះគន់ OIF ថាបានបរាជ័យក្នុងការដោះស្រាយបញ្ហានេះ។ លោក Lukas Straumann នាយកអង្គការ Bruno Manser Fonds បានថ្លែងថា៖ «OIF មិនអាចធ្វើមើលមិនឃើញចំពោះស្ថានភាពដ៏ធ្ងន់ធ្ងររបស់អ្នកការពារបរិស្ថានកម្ពុជានោះទេ»។ «ធម្មនុញ្ញហ្វ្រង់កូហ្វូនី នឹងគ្មានន័យ ប្រសិនបើយន្តការ និងគោលការណ៍របស់ខ្លួន មិនត្រូវ បានអនុវត្តតាមរយៈសកម្មភាពជាក់ស្តែង។ យើងរំពឹងថា ថ្នាក់ដឹកនាំ OIF នឹងលើកយកបញ្ហានេះទៅជជែកភ្លាមៗជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត»។ VOD បានទាក់ទងទៅ OIF ដើម្បីសុំការឆ្លើយតប ប៉ុន្តែមិនទាន់ទទួលបានចម្លើយនៅឡើយទេ រហូតដល់ពេលនេះ។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុមចលនាមាតាធម្មជាតិបានអះអាងថា ពួកគេបានលាតត្រដាងពីការចាប់ផ្តើមឡើងវិញនូវសកម្មភាពបូមខ្សាច់ខុសច្បាប់ដើម្បីនាំចេញទៅសិង្ហបុរី នៅក្នុងខេត្តកោះកុង។ អង្គការនេះនៅតែបន្តសកម្មភាពយ៉ាងសកម្មក្នុងការលាតត្រដាងបទល្មើសបរិស្ថាន និងការគំរាមកំហែងដល់ប្រទេសជាតិ។ សមាជិក ២ នាក់របស់ពួកគេ រួមទាំងប្រធានអង្គការ បានសម្រេចចិត្តគេចវេះពីទោសពន្ធនាគារ ដោយទៅរស់នៅបរទេស។ ចំណែកបុគ្គលិកផ្សេងទៀតបារម្ភថា ប្រសិនបើពួកគេធ្វើដំណើរក្នុងប្រទេសកម្ពុជា ឬបញ្ចេញមតិជាសាធារណៈ ពួកគេនឹងត្រូវអាជ្ញាធរបង្ខំឲ្យបិទមាត់។ យ៉ាងណាក្តី ការតស៊ូដើម្បីយុត្តិធម៌របស់ពួកគេនៅតែបន្ត៕
អត្ថបទដោយ៖ Winston Smith និងប្រែសម្រួលដោយ សុក្រិត ពុទ្ធិ









