ក្រុមហ៊ូធី​បាន​បើក​ការ​វាយ​ប្រហារ​លើ​អារ៉ាប៊ី​សាអ៊ូឌីត បណ្តាល​ឱ្យ​ជ​ន​ស៊ីវិល ១១​នាក់​រង​របួស

ការ​វាយប្រ​ហារ​ដោយ​ក្រុម​ហ៊ូធី (Houthi) របស់​យេម៉ែន លើ​ភាគ​ខាង​ត្បូង​អារ៉ាប៊ី​សាអ៊ូឌីត កាល​ពី​ថ្ងៃទី​៦ខែ​សីហា បាន​​បណ្តាល​ឱ្យ​ជន​ស៊ីវិល​ ១១ នាក់ រង​របួស ខណៈ​ព្រះ​រាជា​ណាចក្រ​មួយ​នេះ បាន​ព្រមាន​ថា​ ការ​វាយ​ប្រហារ​សម្រប​សម្រួល​គ្នា​ដោយ​ក្រុម​ហ៊ូធី និង​ក្រុម​ប្រដាប់​អាវុធ​អ៊ីរ៉ាក់​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ អាច​នឹង​កើត​ឡើង​ឆាប់ៗ​នេះ។

លោកឧត្តមសេនីយ៍ទោ ទួរគី អាល់ម៉ាលីគី (Turki al-Maliki) អ្នកនាំ​ពាក្យ​សម្ព័ន្ធ​មិត្ត​យោធា​ដឹក​នាំ​ដោយ​អារ៉ាប៊ី​សាអ៊ូ​ឌីត បាន​ថ្លែង​ថា ការ​វាយ​ប្រហារ​នៅ​ខេត្ត ណាចរ៉ាន (Najran) បាន​ធ្វើ​ឱ្យ​ជន​ជាតិ​អារ៉ាប៊ី​សាអ៊ូឌីត ៧ នាក់ យេម៉ែន ១ នាក់ អេហ្ស៊ីប ២ នាក់ និង​ប៉ាគី​ស្ថាន ១ នាក់ រួម​ទាំង​កុមារ​អាយុ ៤ ឆ្នាំ​ម្នាក់​រង​របួស​។ លោក​បាន​ចោទ​ប្រកាន់​ក្រុម​​ហ៊ូធី​​ថា​​បាន​បាញ់​ផ្លោង​ឥត​រើស​មុខ​លើ​តំបន់​ស៊ីវិល និង​រំលោភ​លើ​ច្បាប់​មនុស្ស​ធម៌​អន្តរ​ជាតិ។

មិនទាន់មានការអត្ថាធិប្បាយពីក្រុមហ៊ូធី ឬអ៊ីរ៉ង់នៅឡើយទេ ខណៈដែលសង្គ្រាមអាមេរិក-អ៊ីស្រាអែល ជាមួយ​អ៊ីរ៉ង់ បានធ្វើឱ្យការគណនាសន្តិសុខរបស់អារ៉ាប៊ីសាអ៊ូឌីតកាន់តែស្មុគស្មាញ។ ជម្លោះរវាងក្រុងរីយ៉ាត (Riyadh) និងក្រុម​ហ៊ូធី បានជាប់ពាក់ព័ន្ធកាន់តែខ្លាំងជាមួយសង្គ្រាមទូលំទូលាយនេះ ជាពិសេសការបិទ​ផ្លូវសមុទ្រក្រហមដែលរំខានដល់ការនាំចេញប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត។

មន្ត្រីជាន់ខ្ពស់អារ៉ាប៊ីសាអ៊ូឌីតម្នាក់បាននិយាយថា ព័ត៌មានសម្ងាត់អាមេរិក និងអារ៉ាប៊ីសាអ៊ូឌីត បានរកឃើញ​ថា ក្រុមហ៊ូធី និងក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ ក្រោមការត្រួតពិនិត្យរបស់ឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) អាច​នឹងបើកការវាយប្រហារព្រមគ្នាលើទីតាំងស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធថាមពល កំពង់ផែ និងព្រលានយន្តហោះ។

ក្រុងរីយ៉ាតកំពុងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយសម្ព័ន្ធមិត្ត។ ប្រភពក្នុងតំបន់បានប្រាប់ Reuters ថា ទួរគី អារ៉ាប៊ីសាអ៊ូឌីត និងប៉ាគីស្ថាន ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិកាលពីថ្ងៃសុក្រ ខណៈនាយករដ្ឋ​មន្ត្រី​ប៉ាគីស្ថាន លោក សេបាស ឆារីហ្វ (Shehbaz Sharif) និងប្រធានាធិបតីទួរគី លោក តាយយីប អ៊ែរដូហ្អាន (Tayyip Erdogan) បានអញ្ជើញទៅដល់អារ៉ាប៊ីសាអ៊ូឌីត។

មន្ត្រីអារ៉ាប៊ីសាអ៊ូឌីតបាននិយាយថា ការគំរាមកំហែងនេះ គឺដើម្បីរំខានដល់កិច្ចខិតខំប្រឹងប្រែងការទូតដែល​កំពុង​​ដំណើរការ ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងអារ៉ាប៊ីសាអ៊ូឌីត និងអាមេរិក នៅតែមានកម្រិតខ្ពស់បំផុត ហើយអារ៉ាប៊ី​សាអ៊ូឌីតបានត្រៀមខ្លួនរួចរាល់ក្នុងការឆ្លើយតបនឹងការឈ្លានពានណាមួយ។

ក្រុមហ៊ូធី បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើព្រលានយន្តហោះ ណាចរ៉ាន កាលពីថ្ងៃទី​៤ខែ​សីហា និងបាន​សម្លាប់​ទាហានរដ្ឋាភិបាលយេម៉ែនជាង ៣០ នាក់ កាលពីថ្ងៃទី​៦ខែ​សីហា ។ កាលពីថ្ងៃទី​២៩ ខែកក្កដា អារ៉ាប៊ី​សាអ៊ូ​ឌីត ក៏បានវាយប្រហាររួមគ្នាជាមួយអាមេរិក ប្រឆាំងនឹងក្រុមគាំទ្រដោយអ៊ីរ៉ង់នៅ​អ៊ីរ៉ាក់ បន្ទាប់ពីទម្លាក់កំហុស​លើ​ពួកគេចំពោះការវាយប្រហារដោយដ្រូនលើទីតាំងប្រេងរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ