ស្របពេលដែលមានបញ្ហាចម្រូងចម្រាស់លើការដាក់លិខិតរបស់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ទៅក្រសួងយុត្តិធម៌ស្នើឱ្យសើរើឡើងវិញនូវសាលដីការបស់តុលាការកំពូលដែលដកសិទ្ធិជាមូលដ្ឋានរបស់លោកមិនឱ្យធ្វើនយោបាយនោះ អ្នកឃ្លាំមើលមួយចំនួន យល់ថា អាចជាការមិនយល់គ្នារវាងភាគីទាំងពីរ ខណៈមតិមួយចំនួនទៀតយល់ថា ការឆ្លើយតបរបស់ក្រសួង ហាក់ព្យាយាមវាយបកទៅដាក់ពាក្យស្នើសុំអន្តរាគមន៍ ដើម្បីបិទបាំងកម្សោយរបស់ខ្លួន ជាជាងបង្ហាញការទទួលខុសត្រូវ ក្នុងនាមជាស្ថាប័នធានាយុត្តិធម៌សង្គម។
កាលពីថ្ងៃទី០១ ខែកក្កដា លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានដាក់លិខិតស្នើទៅក្រសួងយុត្តិធម៌ពិនិត្យឡើងវិញ ឬសើរើការជម្រះក្តីរបស់តុលាការកំពូល ដែលផ្តន្ទាទោសរូបលោក និងដកសិទ្ធិធ្វើនយោបាយ ហើយដែលលោកយល់ថា មានភាពមិនច្បាស់លាស់ផ្នែកអង្គហេតុ ផ្ទុយនឹងស្មារតីនៃរដ្ឋធម្មនុញ្ញ និងបានកម្រិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់រូបលោក រយៈពេល ៥ឆ្នាំ។ សិទ្ធិដែលតុលាការបានដកហូតនោះ រួមមាន ការដកសិទ្ធិបោះឆ្នោត ដកសិទ្ធិមិនឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត ការចូលរួមសកម្មភាពនយោបាយផ្សេងៗ ហាមមិនឱ្យចូលរួមវេទិកាសាធារណៈ ក៏ដូចជាការថ្លែងជាសាធារណៈ និងបម្រាមមិនឱ្យចាកចេញពីរាជធានីភ្នំពេញជាដើម។
ហើយកាលពីថ្ងៃទី០៥ ខែសីហា លោក រ៉ុង ឈុន បានដាក់លិខិតជាលើកទី២ទៅក្រសួងយុត្តិធម៌ ស្នើឱ្យពន្លឿននីតិវិធីក្នុងការរកដំណោះស្រាយចំពោះរឿងនេះ ក្រោយរងចាំការឆ្លើយតបពីក្រសួងអស់រយៈពេលជាង១ខែមកហើយ តែមិនមានដំណឹង។ ប៉ុន្តែការដាក់ញត្តិនោះ មន្ត្រីរដ្ឋបាលក្រសួងយុត្តិធម៌បដិសេធមិនទទួលយកលិខិតលើកទី២នេះ។
ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា នៅថ្ងៃទី០៦ ខែសីហាម្សិលមិញ បានឆ្លើយតបទៅនឹងលោក រ៉ុង ឈុន តាមការផុសលើបណ្តាញសង្គមថា ក្រសួងបាននិងកំពុងត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ ក្រោយពីបានទទួលលិខិតស្នើសុំអន្តរាគមន៍របស់លោក រ៉ុង ឈុន កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។ ហើយចំពោះលិខិតស្នើរបស់លោក រ៉ុង ឈុន គឺក្រសួងបានទទួលចាត់ការដោយស្មើភាព និងគ្មានការរើសអើង ដូចលិខិត ឬពាក្យបណ្តឹងដទៃទៀត ដែលប្រជាពលរដ្ឋទូទៅ បានដាក់មកក្រសួងដែរ។
លោកថា៖ «ក្រសួងយុត្តិធម៌នឹងធ្វើការឆ្លើយតប បន្ទាប់ពីមន្រ្តីជំនាញ បានត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវហ្មត់ចត់ចប់សព្វគ្រប់ ដើម្បីធានាបាននូវភាពច្បាស់លាស់ទាក់ទងនឹងការធ្វើចំណាត់ការសំណុំឯកសារប្រកបដោយការទទួលខុសត្រូវ ហើយនេះជារបៀបរបបការងារដោយប្រុងប្រយ័ត្នជាប្រក្រតីរបស់មន្រ្តីច្បាប់នៃក្រសួងយុត្តិធម៌»។
ការណ៍នេះ អ្នកនាំពាក្យរូបនេះ បានច្រាលចោលនូវការលើកឡើងរបស់ លោក រ៉ុង ឈុន ដែលថា មន្ត្រីរដ្ឋបាលរបស់ក្រសួងមិនទទួលលិខិតដែលដាក់ជាថ្មីទៀតនោះ ដោយថា ការលើកឡើងនេះ ជារឿងមិនពិត និងជាការបំភាន់មតិសាធារណមតិ បំពុលបរិយាកាសសង្គមជាដើម។
យ៉ាងណា លោក រ៉ុង ឈុន បានលើកឡើងនៅថ្ងៃទី០៧ ខែសីហានេះថា ការដែលលោកថា ខាងរដ្ឋបាលក្រសួងមិនទទួលយកលិខិតរបស់លោកនោះ គឺសំដៅលើការដាក់លិខិតលើកទី២ កាលពីថ្ងៃទី០៥ខែសីហា មិនមែនការដាក់លិខិតលើកទី១ ដូច្នេះអ្នកដែលបំភ្លៃការពិតគឺខាងក្រសួងទៅវិញទេ។
បើទោះជាមានការចម្រូងចម្រាស់លើរឿងលិខិតនេះក្តី លោក រ៉ុង ឈុន នៅតែបន្តស្នើដល់ក្រសួងពន្លឿនការរកដំណោះស្រាយលើសំណើររបស់លោក ដែលសុំឱ្យសើរើសេចក្តីសម្រេចរបស់តុលាការឡើងវិញ ជុំវិញការដកហូតសិទ្ធិជាមូលដ្ឋាន និងសិទ្ធិនយោបាយរបស់លោក។
លោកថា៖ «ឥឡូវនេះអស់រយៈពេលជាងមួយខែហើយ ហើយខ្ញុំទុកពេលវេលាឱ្យក្រសួង ក្រសួងដោះអន្តរាគមន៍រឿងករណីខ្ញុំហ្នឹង ទុកពេលវេលាមួយរយៈទៀត ហើយបន្ទាប់ពីហ្នឹង ខ្ញុំនឹងមាននីតិវិធីតស៊ូមតិជុំវិញបញ្ហាទាំងអស់នេះច្រើន ដែលខ្ញុំត្រូវធ្វើ»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ថា ករណីដាក់លិខិតរបស់លោក រ៉ុង ឈុន និងការឆ្លើយតបរបស់ក្រសួងយុត្តិធម៌នេះ អាចថាជាការមិនយល់គ្នារវាងប្រជាពលរដ្ឋដែលទៅរកកិច្ចអន្តរាគមន៍ និងប្រព័ន្ធទទួលសេវារបស់ក្រសួងផ្ទាល់។
តែយ៉ាងណា លោកថា រឿងដែលសំខាន់ គឺក្រសួងគួរតែយកចិត្តដាក់ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលគាត់អះអាងថាបានរងគ្រោះដោយសារប្រព័ន្ធយុត្តិធម៌នោះ ឱ្យបានលឿន ទាន់ពេលវេលា និងការដោះស្រាយមានប្រសិទ្ធភាព នោះទើបជាការប្រសើរ។
លោកថា៖ «ក្នុងនាមខ្ញុំជាអង្គការសង្គមស៊ីវិល នៅតែបន្តស្នើទៅដល់ថាក្រសួងធ្វើយ៉ាងណាដោះស្រាយបញ្ហា ដែលពលរដ្ឋបានកើតទុកមិនសុខចិត្តចំពោះបញ្ហានៃការកាត់សេចក្តីនៅថ្នាក់តុលាការទាំងគ្រប់ជាន់ថ្នាក់ហ្នឹង គឺថា គឺមានតែក្រសួងទេដែលជួយក្នុងការធ្វើយ៉ាងណាដើម្បីសើរើរឿងទាំងអស់ហ្នឹងយកមកដើម្បីឈានទៅធ្វើឱ្យប្រជាពលរដ្ឋ ដែលលោកអះអាងថា លោកទទួលរងគ្រោះដោយសារសេវាយុត្តិធម៌ហ្នឹង គឺឱ្យទទួលបាននូវយុត្តិធម៌ត្រឡប់មកវិញ អាហ្នឹងវាជារឿងដែលសំខាន់»។
សម្រាប់ លោក សេង វណ្ណលី អ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយ សង្កេតឃើញថា ជារឿយៗ ស្ថាប័នរដ្ឋតែងប្រើស្ទីលសរសេរវែងឆ្ងាយបែបនេះ ដើម្បីបន្លប់ ឬទិញពេលវេលា ហើយការរៀបរាប់ពីភាពស្មើគ្នាក្នុងការទទួលលិខិត ធ្វើឱ្យសារទាំងមូលក្លាយជាការផ្សព្វផ្សាយពាណិជ្ជកម្មស្ថាប័ន ជាជាងការដោះស្រាយជម្លោះជាក់ស្តែង និងកំពុងលេងតួនាទីជាចៅក្រមវិនិច្ឆ័យសីលធម៌ ជាជាងអ្នកបម្រើសេវាសាធារណៈ។ មួយវិញទៀត លោកថា ការមិនផ្តល់កាលបរិច្ឆេទនៃការដោះស្រាយឱ្យបានច្បាស់លាស់ ដោយគ្រាន់តែបញ្ជាក់ថា នឹងឆ្លើយតបនៅពេលមន្ត្រីជំនាញបានត្រួតពិនិត្យចប់ ក៏ជាចំណុចខ្សោយនៃស្ថាប័នរដ្ឋបាល ដែលជាហេតុធ្វើឱ្យភាគីម្ខាងទៀតមានការ សង្ស័យ និងរិះគន់ថា ក្រសួងមានចេតនារក្សាទុកសំណុំរឿងរបស់ពួកគេចោល។
លោកបានបញ្ជាក់ក្នុងសំណេរដើមថា៖ «សារឆ្លើយតបនេះ មានទម្រង់ជាការការពារខ្លួន និងការវាយបកដោយពាក្យសម្តី ជាជាងការដោះស្រាយបញ្ហាដោយតម្លាភាព។ ប្រសិនបើតម្លាភាពជាគោលដៅពិតប្រាកដ ក្រសួងគ្រាន់តែបង្ហាញរូបថត ឬទំព័រលិខិតដែលមានត្រាទទួលផ្លូវការ រួចបញ្ជាក់កាលបរិច្ឆេទកំណត់នៃការឆ្លើយតប នោះជម្លោះនឹងត្រូវបញ្ចប់ភ្លាមៗ ដោយមិនចាំបាច់ប្រើពាក្យប្រដៅ ឬចោទប្រកាន់វែងឆ្ងាយបែបនេះឡើយ»។
ចំណែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា ករណីលោក រ៉ុង ឈុន នេះទាំងក្រសួងយុត្តិធម៌ និងតុលាការ នឹងមិនដោះស្រាយឱ្យទេ ព្រោះជាសំណុំរឿងនយោបាយ ខណៈរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលកំពុងមានភាពទន់ខ្សោយក្នុងការដឹកនាំប្រទេសស្រាប់នោះ ព្យាយាមបិទមិនឱ្យលោក រ៉ុង ឈុន និងអ្នកនយោបាយដែលមានឥទ្ធិពលផ្សេងទៀត មានឱកាសចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខទេ។
លោកថា៖ «ទោះបីលោក រ៉ុង ឈុន ទាមទារយុត្តិធម៌ដល់ណា សរសេរលិខិតទៅដល់ណា ក៏ក្រសួងយុត្តិធម៌ និងរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ហ្នឹងព្យាយាមដោះសារយករួចខ្លួនដែរ គឺមិនផ្តល់ឱកាស មិនចង់ឆ្លើយតប មិនចង់ផ្តល់យោបល់អីច្រើនទេ។ យើងដឹងតាំងពីដើមសំណុំរឿង លោក រ៉ុង ឈុន នេះគឺជារឿងសំណុំរឿងអយុត្តិធម៌ ហើយតុលាការកាត់ទោស រហូតដល់តុលាការកំពូល នៅតែកាត់ទោសគាត់ឱ្យជាប់ឃុំ អត់មានបន្ធូរបន្ថយទេ ដកសិទ្ធិពលរដ្ឋគាត់អស់ ហើយគ្រាន់តែសិទ្ធិបញ្ចេញមតិហ្នឹង កាត់ទោសដូចជាអ្នកទោសឧក្រិដ្ឋជនឆបោកអនឡាញចឹង វាចឹងណា គឺធ្ងន់ធ្ងរណាស់»។
ករណីនេះ លោក ម៉ែន ណាត យល់ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរតែគិតគូរឡើងវិញពីការផ្សះផ្សា និងបង្រួបបង្រួមជាតិតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ដោយទម្លាក់ចោលនូវសំណុំរឿងលោក រ៉ុង ឈុន និងសំណុំរឿងអ្នកនយោបាយ និងសកម្មជនផ្សេងទៀត ដែលជាប់ឃុំដោយអយុត្តិធម៌ ក្នុងខណៈពេលដែលកម្ពុជាកំពុងជួបវិបត្តិចាក់ស្រេះ ទាំងវិបត្តិសៀមឈ្លានពាន វិបត្តិសិទ្ធិមនុស្ស វិបត្តិសង្គម និងវិបត្តិឧក្រិដ្ឋកម្មឆបោកតាមអនឡាញជាដើម។
លោកថា៖ «បើសិនជារដ្ឋាភិបាលកម្ពុជា និងក្រសួងយុត្តិធម៌ មានបំណងចង់កែប្រែប្រព័ន្ធអនុវត្តច្បាប់ ឬក៏ហៅថា ប្រព័ន្ធនីតិរដ្ឋហ្នឹង គឺត្រូវតែចាប់ផ្តើមដោះស្រាយបញ្ហាអយុត្តិធម៌ដែលកើតឡើងចំពោះអ្នកតស៊ូមតិ ដែលកើតឡើងចំពោះអ្នកនយោបាយប្រឆាំង និងអ្នកសកម្មជនសង្គម ដែលចាប់ដាក់គុកយ៉ាងអយុត្តិធម៌ បច្ចុប្បន្នជាង១០០នាក់ហ្នឹង ត្រូវតែដោះលែងពួកគាត់មកវិញ។ ហើយរដ្ឋាភិបាលកម្ពុជា ត្រូវតែពង្រឹងផ្លូវច្បាប់ ហើយត្រូវតែដាក់ពិន័យទៅលើពួកមន្ត្រីតុលាការ និងមន្ត្រីរាជការដែលចូលចិត្តប្រឌិតរឿងចោទប្រកាន់គេ ចោទគេ ប្តឹងគេដាក់គុកអីហ្នឹង ត្រូវស្រាវជ្រាវស៊ើបអង្កេតឡើងវិញ[…] អាហ្នឹងបានអាចធ្វើឱ្យសង្គមរឹងម៉ាំបាន បើធ្វើរឿងហ្នឹងមិនបានទេ សង្គមខ្មែរនៅតែទន់ខ្សោយ ហើយនៅតែពួកមានអំណាចប៉ុន្មានគ្រួសារហ្នឹង បង្កព្យុះបង្កភ្លៀង បំផ្លិចបំផ្លាញប្រព័ន្ធដឹកនាំសង្គម ឱ្យទៅជាប្រព័ន្ធដឹកនាំប្រកបដោយអំពើពុករលួយ បក្ខពួកនិយម តាមទំនើងចិត្ត»។
កាលពីថ្ងៃទី៣១ ខែកក្កដា ក្នុងសន្និសីទសារព័ត៌មានក្រោយបិទបញ្ចប់បេសកកម្មផ្លូវការលើកដំបូងរយៈពេលពីរសប្ដាហ៍នៅកម្ពុជា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស លោក ថម អេនឌ្រូ (Tom Andrews) បានវាយតម្លៃថា កម្ពុជានៅតែប្រឈមបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរ ខណៈមនុស្សជាង ១០០នាក់ កំពុងត្រូវបានឃុំខ្លួនដោយសារតែការអនុវត្តសិទ្ធិមូលដ្ឋាន ខណៈលំហនយោបាយ សេរីភាពបញ្ចេញមតិកាន់តែរួមតូច។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់គួរត្រូវជាប់ពន្ធនាគារ ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានដោយសន្តិវិធីឡើយ៕









