បទយកការណ៍៖ ផ្លូវ​​​មុខ​ប្រាសាទ​​អង្គរ​​ខូច​ច្រើន​ឆ្នាំ​ប៉ះ​ពាល់​ដល់​​ភ្ញៀវ​​ទេសចរ​និង​ជីវភាព​ពលរដ្ឋ

រមណីយ​ដ្ឋាន​​អង្គរ ​​ជា​​តំបន់​​បេតិក​ភណ្ឌ​​​ដ៏​​​ល្បី​ល្បាញ​​លំដាប់​​ពិភព​លោក​ តែង​តែ​​ទទួល​​​ភ្ញៀវ​​ទេសចរ​​រាប់​​ពាន់​​នាក់​​ជា​រៀង​​រាល់​​ថ្ងៃ ​​ក៏ប៉ុ​ន្តែ​​ពលរដ្ឋ​​រស់​​​នៅ​​តំបន់​​មុខ​​អង្គរ​​ឯណេះ​​វិញ​ កំពុង​​រញ៉េ​រញ៉ៃ​​នឹង​​ស្ថាន​ភាព​​ផ្លូវ​​លំ​​មួយ​​ខ្សែ​​នៅ​​ខាង​​មុខ​​ប្រាសាទ​​អង្គរ​​វត្ត មាន​​ជង្ហុក​ និង​​ភក់​​ល្បាប់​ ខូច​ខាត​ជា​​ច្រើន​​​ឆ្នាំ​​មក​​ហើយ។

ស្ថាន​ភាព​​នេះ ​មិន​​ត្រឹមតែ​ធ្វើ​ឱ្យ​ពលរដ្ឋ​លំបាក​ធ្វើ​ដំណើរ​ និង​ប៉ះពាល់​​ដល់​ជីវភាព​​ប៉ុណ្ណោះ​​ទេ​ ថែម​​ទាំង​​ប៉ះ​ពាល់​​សម្រស់​​​វិស័យ​​ទេស​ចរណ៍​​នៅ​​ចំពោះ​​មុខ​​ភ្ញៀវ​​ទេសចរ​​អន្តរ​ជាតិ។ តើ​​ពលរ​ដ្ឋ​​មាន​​មតិ​ និង​​សំណូមពរ​​យ៉ាង​​ណា​​ខ្លះ?

ផ្លូវ​​ក្រាល​​កៅស៊ូ​​មួយ​​ខ្សែ បែក​​ចេញ​​ពី​ផ្លូវ ៣០ ឆ្ពោះ​​ទៅ​​កាន់​​ផ្សារ​​ភូមិ​ភាគ​ មាន​ប្រវែង​ជាង ៤គីឡូ​ម៉ែត្រ ដែល​​​ជា​​ខ្សែ​​ផ្លូវ​​ដ៏​​​សំខាន់​ និង​​​មមា​ញឹក​​ក្នុង​ក្រុង​អង្គរ​ខេត្ត​សៀមរាប​ ត​ភ្ជាប់​យ៉ាង​សំខាន់​សម្រាប់​ពលរដ្ឋ​ធ្វើ​ដំណើរ​ ហើយ​ភ្ញៀវ​ទេសចរ​​​តែង​តែ​ជិះកង់​បី​ឆ្លង​កាត់ ​ដើម្បី​ទស្សនា​កម្សាន្ត​តំបន់​រមណីយ​ដ្ឋាន​អង្គរ។ ក៏ប៉ុន្តែ​ផ្ទុយ​ស្រឡះ​ពី​ភាព​រស់​រវើក​​នៃ​តំបន់​​ទេសចរណ៍​អង្គរ​ ផ្លូវ​លំ​មួយ​ខ្សែ​នេះ​ នៅតែ​ទ្រុឌ​ទ្រោម​ ​ខូច​ខាត​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ភាព​រញ៉េរញ៉ៃ​ដោយសារ​ផ្លូវ​មាន​ជង្ហុក​ភ្នែក​មាន់​ច្រើន​ កំពុង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ដែលតែងតែ​កើត​មាន​ជា​រៀងរាល់​​ថ្ងៃ​លើ​ផ្លូវ​នេះ​ មិន​ត្រឹម​តែ​​ប៉ះពាល់​សេដ្ឋកិច្ចពលរដ្ឋ​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ។ ការ​ដេក​ទន្ទឹង​រង់ចាំ​អាជ្ញាធរ​កសាងផ្លូវ​ឱ្យ​រឹងមាំ ​ឬ​ចាក់​បេតុង ​គឺ​ជា​ក្តី​ស្រមៃ​របស់​ពលរដ្ឋ​នៅ​តំបន់​អង្គរ​។

អ្នក​ផ្តល់​សេវាកម្ម​ភ្ញៀវ​ទេសចរ​នៅ​​តំបន់​អង្គរ​ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​វីអូឌី ​នៅ​​ថ្ងៃ​ទី​០៨ ខែ​មិថុ​នា​​ថា ផ្លូវ​​នេះ​​ប្រៀប​​ដូច​​ជា​​ខោ​រ​ហែក​ ដែល​​អាជ្ញាធរ​​តែង​តែ​​​ជួស​ជុល​​ជា​​រៀង​​រាល់​​ឆ្នាំ​ ហើយ​​ក្រោយ​​ពី​​ជួស​ជុល​​រួច​​មិន​​បាន​​ប៉ុន្មាន​​ខែ​​ផង​ នៅ​​​តែ​​ខូច​​ដដែលៗ​។ លោក​ថា នៅ​ពេល​ផ្លូវ​លំបាក​ ពលរដ្ឋ​​ខាំ​មាត់​សង្កត់​ចិត្ត​ ពេល​​ខ្លះ​​ខឹង​អាជ្ញាធរ ដែល​មើលរំលង​បញ្ហា​នេះ មិនដោះស្រាយឱ្យជ្រះស្រឡះ ច្រើន​​ឆ្នាំមកហើយ ​រហូត​មក​ទល់​ពេល​នេះ។

អ្នកផ្តល់សេវាកម្មភ្ញៀវទេសចររូបនោះ និយាយថា៖ «បើជំនាន់​មុន​ថា យើង​ជិះ​រទេះ​គោ​ទៅ​វា​រលាក់ ឥឡូវ​ជិះ​ឡាន ជិះ​រ៉ឺម៉ក​កង់​បី វារលាក់​ចង់​ផ្ងារ​ក្រោយ​ទៀត អ៊ីចឹង​យើង​គួរ​ខ្មាស់​ភ្ញៀវ​ទេស​ចរ​ទេ»។

បុរស​ដដែល ​បន្ថែម​ថា ផ្លូវ​នេះ​ជា​ចរន្ត​សេដ្ឋកិច្ចយ៉ាងសំខាន់​របស់​អ្នក​​ស្រុក​អង្គរ ​​ធ្វើ​​ដំណើរ​​ច្រើន​ និង​​មាន​​ភ្ញៀវ​​ទេស​ចរ​​ធ្វើ​​ដំណើរ​ច្រើន​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ​ធំៗ។ លោក​​បារម្ភ​​ថា​ ផ្លូវ​​លំបាក​​​នៅ​ខាង​មុខ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​ល្បាញ​​នេះ ​បង្ក​ជា​រូបភាព​មិន​ល្អ ប៉ះពាល់មុខមាត់រដ្ឋាភិបាល។

នៅ​រដូវ​ភ្លៀង​ ផ្លូវ​មួយ​ខ្សែ​នេះ​ មាន​ភក់​ល្បាប់​ក្នុង​ជង្ហុក​ និង​រណ្តៅដក់​ធំៗ ហើយរៀង​រាល់​ពេល​ភ្លៀង​ធ្លាក់​ ផ្លូ​វនេះ​ក្លាយ​​​ជា​អន្ទាក់​ដ៏​គ្រោះថ្នាក់​សម្រាប់​អ្នក​ជិះ​ម៉ូតូ ​និង​កង់​បី។ រី​ឯ​ឡាន ​និង​ម៉ូតូ ​តែងតែ​បើក​បរ​គេច​ជង្ហុក​ ធ្លាក់​ចិញ្ចើម​​ផ្លូវ​ បណ្តាល​​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ ​ដោយ​ដួល​ម៉ូតូ ​និង​ក្រឡាប់​កង់​បី​ជា​ញឹកញាប់​។

ចំណែក​ឯ​នៅ​រដូវ​ប្រាំង​វិញ​ បញ្ហា​នេះ ក៏មិន​បាន​ថមថយ​ឡើយ ​ស្ថានភាពផ្លូវ​ប្រែ​មកពី​ភក់​ទៅ​ជា​ដី​ហុយហើយ​​រាល់​​ពេល​​មាន​​រថយន្ត ឬ​​កង់​​​បី​​បើក​​​ឆ្លង​កាត់​ ដី​ហុយ​ទ្រលោម​ដូច​ផ្សែង​​ ប៉ះ​ពាល់​​អ្នក​​ធ្វើ​​​ដំណើរ និង​​ពលរដ្ឋ​​រស់​នៅ​ជាប់​ផ្លូវ ។ ឯ​ភ្ញៀវ​ទេសចរ​បរទេស​​​ដែល​ជិះកង់​បី​​លំហែ​កម្សាន្ត​ ត្រូវ​​យក​​​ដៃ​​បាំង​​មុខ ​ខ្ទ​ប់​​ច្រមុះ ​និង​​ប្រឈម​​នឹង​​ការ​​ហុយ​​ ប្រឡាក់​​សម្លៀក​​បំពាក់។

អាជីវករ​លក់​ដក់​ជាប់​ផ្លូវ ​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​លាក់​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព សង្កេត​​ឃើញ​​ថា​ ផ្លូវ​​​នេះ​ជា​​តំបន់​​ទេសចរណ៍​​យ៉ាង​សំខាន់ ​និង​​​សម្បូរ​ពលរដ្ឋ​ធ្វើ​ដំណើរ​ច្រើន​ ប្រសិន​បើ​អាជ្ញាធរ​សាងសង់​ចាក់​បេតុង​រឹងមាំ​ នឹង​ជួយ​សម្រួល​ជីវភាព​ពលរដ្ឋ។ លោក​ថា រថយន្ត​ទេសចរ​ណ៍​ភាគ​ច្រើន​បើក​ឆ្លង​កាត់​ផ្លូវ​​នេះ ​មុន​​បើក​​ចូល​​ទស្សនា​​អង្គរ​ ហើយ​​​នៅ​​ពេល​​ផ្លូវ​ខូច​ នឹងប៉ះពាល់​ប្រាក់​ចំណូល​ពលរដ្ឋមូលដ្ឋាន និង​អារម្មណ៍​ភ្ញៀវ​ទេសចរ។

ពលរដ្ឋរូបនោះ និយាយថា៖ «បើ​សិន​ជា​ផ្លូវ​នេះ​ធ្វើ​ស្អាត ប្រព័ន្ធ​សេដ្ឋ​កិច្ច​ចរាចរណ៍​តាម​ផ្លូវ​នេះ​គឺ​ល្អ​ហ្មង  ព្រោះ​មក​តាំង​ពី​គគីរ​បេ គោក​ត្នោត ស្វាយ​ចេក ស្វាយ​អី​មក គឺ​មក​ហ្មង ពីព្រោះ​ផ្លូវ ផ្លូវ​នោះ​អី​ឥឡូវ​គេ​ធ្វើ​បេ​តុង។ ដល់​តែ​ពេល​មក​ដល់​អាផ្លូវ​យើង​ជិត​ដល់​ក្រុង​នេះ បែរ​ជា​មាន​បញ្ហា​កើត​ឡើង​មក ហើយ​ចំ​ផ្លូវ​តំបន់​ទេសចរណ៍​ដែល​ឡាន​តូច ឡាន​ធំ ដែល​គេ​ត្រូវ​ធ្វើ​ដំណើរ»។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់​​ឈ្មោះ ហៀ​រោម សុខា បាន​​សរ​សេរ​​សា​រ​​ក្នុង​​ខ្ទប់​ខាំ​មិន​ (Comment) ថ្មីៗនេះ​ថា​ គាត់​ជិះ​​​កាត់​​​ផ្លូវ​នេះ​​ស្ទើរ​​​រាល់​​ថ្ងៃ​​​ពេល​​យប់ ​ធ្លា​ក់ចូ​ល​ជង្ហុក​​ស្ទើរ​​ចង​បាក់​​ក​។ អ្នកស្រី​ឆ្ងល់ថា ពលរដ្ឋ​​​ធ្វើ​​ផ្ទះ​​កន្លែង​​ណា​​ក្តី ក្នុង​​តំបន់​​រមណីយ​​ដ្ឋាន​​អង្គរ ​​ក៏​​អាជ្ញាធរ​​ជាតិ​អប្សរា​​មើល​​ឃើញ​​ដែរ តែ​​ត្រង់​​ផ្លូវ​​ខូច ដែល​​អាជ្ញាធរ​​កាន់​​កាប់​​ក្បែរ​​ភ្នែក​ បែរ​​​ជា​​មើល​​មិន​​ឃើញ។

អ្នកស្រី​បន្ថែម​ថា ផ្លូវ​នេះ​មិន​ក្រោម ១០​ឆ្នាំ​​ចុង​​ក្រោយ​​នេះ បើ​​ជួស​ជុល​​វិញ ​ធ្វើ​​មុខ​​ខូ​ច​​ក្រោយ​ មិន​​ដឹង​​រៀន​​ជំនាញ​​សាលា​​​ណា​​ទេ?

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ទៀត ឈ្មោះ វី កញ្ញា បាន​សរសេរ​សារ​ក្នុង​ខ្ទង់​ខាំ​មិន​ដែរ​​ថា​ ពេល​​ខ្ញុំ​​ជិះ​​ទៅ​​ផ្ទះ​​ម្តង​ៗ​​ចង់​​​ធ្លាក់​​ថ្លើម ​ឃើញ​​តែ​ធ្វើ​រហូត​ផ្លូវ​នេះ​ គឺ​គ្មាន​ស្តង់ដារ​ ធ្វើ​ហើយ​ជិះ​បាន​តែ​ ៦ ខែ​ខូច​ទៀត។ អ្នកស្រីសំណូមពរ​ឱ្យ​​អាជ្ញាធរ​​ចាក់​បេតុង ដើម្បី​កុំ​ឱ្យ​ខាត​ថវិការដ្ឋច្រើន​ ណា​មួយ​តំបន់​ទេសចរណ៍​ផង។

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំ​វិញ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​​រដ្ឋបាល​​ខេត្ត​​សៀមរាប លោក លី វណ្ណៈ បាន​នៅ​ឡើយ​​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ចំណែក អាជ្ញាធរ​ជាតិ​អប្សរា ​ក៏​ពុំ​ទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។ តែ​យ៉ាង​ណា​ ថ្មីៗនេះ គេ​ឃើញ​អាជ្ញាធរ​​​ជាតិ​អប្សរា​បាន​ជួសជុល​ផ្លូវ​នេះ​បាន​​មួយ​​ផ្នែក ​និង​កំពុង​សម្រុក​ជួសជុល​បន្ត។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​​អង្គរ លោក ខៀវ ធី មើល​​ឃើញ​​ថា​ ផ្លូវ​នេះ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​​​ជាតិ​​អប្សរា ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ ដែល​មាន​ភ្ញៀវ​ទេសចរ​ឆ្លងកាត់​ និង​ពលរដ្ឋ​ធ្វើ​ដំណើរ​ច្រើន​ អាជ្ញាធរ​​គួរតែ​ពន្លឿន​កសាង​ឱ្យ​មាន​គុណភាព។ លោក​ថា ភ្ញៀវ​ទេសចរ​​ដែល​ទៅ​ស្នាក់​អាស្រ័យ​នៅ​តាម​សណ្ឋាគារ​ក្នុង​ក្រុង​​​សៀមរាប​ផ្នែក​ខាង​លិច​ ចាំបាច់​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ នៅ​ពេល​ផ្លូវ​លំបាក​ប៉ះពាល់​អារម្មណ៍​ភ្ញៀវ​ទេសចរ។

លោក ខៀវ ធី និយាយថា៖ «មួយខ្សែនេះ ផ្លូវ​បាឡុង​នេះ! ថ្នល់​កាន់​តែ​ជ្រៅ ដោយ​សារ​តែ​ខែ​ភ្លៀង​ទឹក​ដក់ ការ​ធ្វើ​ចរាចរណ៍​​ចុះ​ឡើងៗ វា​ដូច​ទន្ទ្រាំ​ឱ្យ​កាន់​តែ​ក្រឡុក​ខ្លាំង​ឡើងៗ។ បើ​យើង​មិន​ជួស​ជុល​ទេ​ កាន់​តែ​ខូច​ខ្លាំង​ទៀត​បាទ! អញ្ចឹង​ជួស​ជុល​ទៅ ដើម្បី​អភិវឌ្ឍន៍​ទេស​ចរណ៍។ សូម​អាជ្ញាធរ​ខេត្ត​មេត្តា​ជួយ​ពន្លឿន​ការ​ជួស​ជុល​ផ្លូវ​នេះ​ឱ្យ​បាន​លឿន​»។

ពលរដ្ឋ​បន្ថែម​ថា ពេល​មាន​បុណ្យ​ជាតិ​ធំៗ​ និង​កម្ម​វិធី​ផ្សេងៗ​ក្នុង​តំបន់​អង្គរ​ ផ្លូវ​មួយ​ខ្សែ​នេះ​មាន​រថយន្ត​ និង​អ្នក​ដំណើរ​​​ច្រើន​ចង្អៀត​ណែន ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​​គួរតែពន្លឿនកែ​លម្អ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ ក្នុង​តំបន់​រមណីយ​​​ដ្ឋាន​អង្គរ​គ្រប់ច្រកល្ហក ដើម្បីជួយ​សម្រួលការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ លើក​កម្ពស់​មុខ​មាត់​ជាតិ និង​តម្លៃ​​​​បេតិកភណ្ឌ​​​កម្ពុជា។

ពលរដ្ឋ​ទទូច​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ កសាង​ផ្លូវ​ជា​រឿង​ចាំ​បាច់​ ជា​ផ្នែក​មួយ​​អភិរក្ស​​​កេរ​​ដំណែល​​បុព្វ​បុរស​ ដែល​​ជា​​គោល​ដៅ​​ទេសចរណ៍​​ដ៏​​​ស្រស់​​បំព្រង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ