លោក ត្រាំ ព្យាយាម​​ជា​​លើក​ទី​២ ក្នុង​ការ​កម្រិត​​សិទ្ធិ​​ទទួល​​​បាន​​​សញ្ជាតិ​​ដោយ​សារ​កំណើត

លោក ដូណាល់ ត្រាំ បាន​ព្យាយាម​ជា​លើក​ទីពីរ​ក្នុង​ការ​កម្រិត​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​ដោយ​សារ​កំណើត​ (birthright citizenship) ក្នុង​រដ្ឋ​ធម្ម​នុញ្ញ ត្រឹម​តែ​ប៉ុន្មាន​សប្តាហ៍ បន្ទាប់​ពី​តុលាការ​កំពូល​សហរដ្ឋ​អាមេ​រិក​បាន​បដិសេធ​សំណើ​ដំបូង​របស់​លោក ក្នុង​ការ​បដិសេធ​សញ្ជាតិ​ស្វ័យ​ប្រវត្តិ​ចំពោះ​កុមារ​ដែល​កើត​ពី​អន្តោប្រវេសន៍​ខុស​ច្បាប់ និង​ជន​បរទេស​កាន់​ទិដ្ឋា​ការ​បណ្តោះ​អាសន្ន។

កាលពីថ្ងៃទី​៦ខែ​សីហា លោក ត្រាំ បាន​ចុះ​ហត្ថ​លេខា​លើ​បទ​បញ្ជា​ចំនួន​ពីរ ដែល​ស្វែង​រក​ការ​ពង្រីក​ប្រភេទ​កុមារ​ដែល​មិន​មាន​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​អាមេរិក​ដោយ​ស្វ័យ​ប្រវត្តិ និង​ហាម​ឃាត់ «ទេស​ចរណ៍​សម្រាល​កូន» (birth tourism)។

លោក ត្រាំ បានព្យាយាមរុះរើសិទ្ធិទទួលបានសញ្ជាតិដោយសារកំណើតជាយូរមកហើយ ហើយបានធ្វើឱ្យ​កិច្ច​​ខិតខំប្រឹង​​ប្រែង​នេះ​ ក្លាយជាចំណុចកណ្តាលនៃយុទ្ធនាការបង្រ្កាបអន្តោប្រវេសន៍របស់លោក។ ប្រធានា​ធិបតី​រូប​នេះ បាន​រិះ​គ​ន់​​តុលាការ​កំពូល​ជុំវិញ «ការ​សម្រេច​ចិត្ត​ដ៏​សែ​ន​សោក​ស្តាយ​ទាក់​ទង​នឹង​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​ដោយសា​រ​កំណើត» ដោយ​លោក​បាន​បន្ថែម​ថា៖ «វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​សោក​ស្តាយ​បំផុត ដូច្នេះ​យើង​កំពុង​ធ្វើ​ការ​កែ​សម្រួល ដោយ​​សារ​តែ​វា​មិន​មាន​យុត្តិ​ធម៌​ទាល់​តែ​សោះ»។

បទបញ្ជាថ្មីទីមួយ ស្វែងរកការពង្រីកនិយមន័យនៃកុមារដែលមិនអាច​ទទួល​បាន​សញ្ជាតិ​​ដោយ​សារ​កំណើត​។

លោក ស្តេហ្វិន មិលល័រ (Stephen Miller) អ្នករៀបចំផែនការគោលនយោ​បាយ​​របស់ លោក ត្រាំ បាននិយាយ​ថា បទបញ្ជានេះ មាន​គោល​បំណង​រាប់​បញ្ចូល​ទាំង​កុមារ​នៃ​សមា​ជិក «អង្គ​ការ​ភេរវករ​បរទេស» ក្រុម​មនុស្ស​ដែល​ធ្វើ​សកម្ម​ភាព​ជំនួសមុខឱ្យរដ្ឋាភិបាលបរទេស បុគ្គលិករដ្ឋាភិបាលបរទេសកាន់តែច្រើន ប្រជាជន​ដែលកើតក្នុងដែនដីអាមេរិកាំង​សាម៉ូអា (American Samoa) និងកុមារដែលឪពុកម្តាយ «បានប្រព្រឹត្ត​អំពើបោកប្រាស់ដើម្បីទទួលបានសញ្ជាតិ»។

បទ​បញ្ជាទីពីរ គឺតម្រង់ទិសដៅលើ «ទេសចរណ៍សម្រាលកូន» ដែលជាការធ្វើដំណើរមកអាមេរិកក្នុងបំណង​សម្រាល​កូន ដើម្បីឱ្យកូនទទួលបានសញ្ជាតិ។ លោក ត្រាំ បានអះអាងថា មនុស្ស «រាប់សែននាក់» បានប្រព្រឹត្តទង្វើនេះ ហើយ​លោក​បានថ្លែងថា៖ «ពួកគេបានយកសិទ្ធិទទួលបានសញ្ជាតិដោយសារកំណើត​មក​ធ្វើ​ជារឿងកំប្លែង… វាជារឿង​អាម៉ាស់ ហើយយើងនឹងមិនបណ្តោយឱ្យវាកើតឡើងនោះទេ»។

ទោះជាយ៉ាងណា ទិន្នន័យរដ្ឋាភិបាលបង្ហាញថាមានការកើតត្រឹមតែ ៩,៦០០ នាក់ប៉ុណ្ណោះ​ ពីមាតាដែលមានអាសយ​ដ្ឋាន​នៅ​បរទេស​ក្នុង​ឆ្នាំ​​២០២៤ ដែលស្មើនឹងតិចជាង ១% នៃទារកទាំងអស់ដែលកើតនៅអាមេរិក​ក្នុងមួយឆ្នាំៗ។

បទបញ្ជាទីពីរនេះ បានណែនាំឱ្យភ្នាក់ងារសហព័ន្ធតម្រង់ទិសដៅលើ «អ្នកប្រតិបត្តិការទេសចរណ៍សម្រាល​កូន»។ ការធ្វើដំណើរមកអាមេរិកក្នុងបំណងសម្រាលកូនឱ្យទទួលបានសញ្ជាតិ គឺរាប់ចូលជាបទល្មើសភូតភរទិដ្ឋាការ (visa fraud) និងជាអំពើខុសច្បាប់ស្រាប់ទៅហើយ។

បទបញ្ជាទាំងនេះ នឹងប្រឈមមុខនឹងការប្តឹងតវ៉ានៅតុលាការយ៉ាងប្រាកដ។ កាលពីថ្ងៃទី​៣០ ខែមិថុនា តុលាការ​កំពូល​​បាន​បដិសេធបទបញ្ជាមុនរបស់លោក ដោយបញ្ជាក់ថា រដ្ឋធម្មនុញ្ញធានាសញ្ជាតិដល់ស្ទើរតែ​គ្រប់គ្នាដែលកើត​នៅលើទឹកដីអាមេរិក។

អង្គការសេរីភាពស៊ីវិលអាមេរិក (ACLU) បាននិយាយថា បទបញ្ជាទាំងនេះគឺជាការព្យាយាមផ្ទុយពីរដ្ឋធម្មនុញ្ញមួយទៀត ដោយលោក ខូឌី វូហ្វស៊ី (Cody Wofsy) តំណាង ACLU បានបញ្ជាក់ថា៖ «តុលាការកំពូល​បានសម្រេចលើបញ្ហានេះ​រួច​ហើយ… គ្មានបទបញ្ជាបន្ថែមណាមួយអាចផ្លាស់ប្តូរអត្ថន័យនៃរដ្ឋធម្មនុញ្ញបានឡើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ