មាន​សហជីព​ជិត​៧ពាន់​ជា​ឋាន​សួគ៌​ការ​ងារ​ធានា​ប្រាក់​ឈ្នួល​​សមរម្យ​​ដល់​​កម្មករ​មែន​ដែរ​ឬ​ទេ?

រដ្ឋាភិបាល​ ​រួម​ទាំង​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ កន្លង​មក​ បាន​ថ្លែង​ប្រាប់​សហគមន៍​ជាតិ​ និង​អន្តរ​ជាតិ​​ថា កម្ពុជា​ជា​ឋាន​សួគ៌​សហជីព​ដោយ​សំអាង​ពី​តួ​លេខ​សហជីព​ប្រមាណ​ជិត​ ៧​ពាន់ (៦៩​០​​០)​ បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ការ​ងារ។

ការសំអាងរបស់រដ្ឋាភិបាលនេះ ជាផ្នែកឆ្លើយតបទៅនឹងសហគមន៍អន្តរជាតិ ដែល​គេ​តែង​លើក​យក​ហេតុ​ផល​អំពី​បញ្ហា​រំលោភ​សិទ្ធិ​ការ​ងារ ពិសេស​ការ​អនុវត្ត​សេរី​ភាព​សហជីព​ឯករាជ្យ ដែល​មាន​តិច​តួច​រាល់​ពេល​ដែល​មាន​ការ​ដាក់​ទណ្ឌ​កម្ម ឬ​ការ​បន្ថែម​ពន្ធ​នាំ​ចេញ​ជា​ដើម។

ការសិក្សានានារកឃើញថា មានស​ហជីពច្រើនមិនប្រាកដថាជា​សញ្ញា​វិជ្ជ​មាន​ ក្នុង​ការ​ជំរុញ​លក្ខ​ខណ្ឌ​ការ​ងារ និង​ប្រាក់​​ឈ្នួល​​សមរម្យ​ដល់​កម្មករ​និយោជិត​ទេ បើ​សហជីព​ទាំង​នោះ មិន​មាន​អំណាច​ឯករាជ្យ​ ឬ​គ្មាន​ឥទ្ធិ​ពល​ក្នុង​ការ​ចរចា ជាមួយ​ភាគី​និយោ​ជក ឬ​ថៅ​កែ ដើម្បី​ជំរុញ​លក្ខ​ខណ្ឌ​ការ​ងារ និង​ប្រាក់​ឈ្នួល​សមរម្យ​ទេ​នោះ។

តែផ្ទុយ​ទៅវិញ ចរន្តនេះ វាក្លាយជាឱកាសរបស់ថៅកែខិលខូច អាច​ប្រើ​ប្រាស់​ពួក​គេ ធ្វើ​ជា​រនាំង​បិទ​បាំង​ ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​កម្មករ​និយោ​ជិត ដើម្បី​គេច​ចេញ​ពី​កាតព្វ​កិច្ច​ច្បាប់។ ដូ​ច​ជា​ការ​បន្ត​ប្រើ​កិច្ច​សន្យា​ខ្លី ការ​រើស​អើង​សហជីព ការ​ធានា​សុវត្ថិ​ភាព​ការ​ងារ និង​ការ​ជំរុញ​ប្រាក់​ឈ្នួល​សមរម្យ​ជា​ដើម។ កត្តា​ទាំ​ង​នេះ​ធ្វើ​ឱ្យ​អ្នក​ជំរុញ​លក្ខ​​ខណ្ឌ​​ការ​ងារ​ប្រឈម​នឹង​ជាប់​ពន្ធនា​គារ ក្រោម​បណ្តឹង​របស់​ភាគី​និ​យោជ​ក​​ខិល​ខូច បើ​ការ​អនុវត្ត​ច្បាប់​ខ្វះ​តម្លា​ភាព ឬ​​មាន​​អំពើ​ពុក​រលួយ ។

លើសពីនេះ​ក៏មានការលើកឡើងផងដែរពីមេដឹកនាំ​សហជីព​ខ្លះ ដែល​មាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិ​បាល​ផង​នោះ បាន​ចេញ​​មុខ​​រិះ​គន់​ជា​ចំហ ឬ​ទប់​ស្កាត់​ចរន្ត​សហជីព​ផ្សេង​ទៀត ដែល​ជំរុញ​លក្ខ​ខណ្ឌ​ការ​ងារ​ ប្រសិន​បើ​ការ​តវ៉ា​នោះ ធ្វើ​ឱ្យ​និយោ​ជក ឬ​រដ្ឋាភិ​បាល​មិន​ពេញ​ចេញ​ចិត្ត។

ពេល​​នោះហើយ​ការ​មាន​សហជីព​ច្រើន ពួក​គេ​បាន​ក្លាយ​ជា​តួអង្គ​រារាំង​ដល់​ការ​ស្វែង​រក​ការ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​​សម្រាប់​​លើក​កម្ពស់​ជីវភាព​កម្មករ​និយោ​ជិត។

តួយ៉ាង​យន្ត​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្ប​បរមា សម្រាប់​កម្មករ​និយោជិត ក្នុង​វិស័យ​វាយ​នភណ្ឌ​កាត់​ដេរ​ ឆ្នាំ​២០២៦ ភាគី​​ពាក់​​ព័ន្ធ​ដំឡើង​បាន​ត្រឹម​២ដុល្លារ​ក្នុង​១ខែ សម្រាប់​កម្មករ​ម្នាក់ គឺ​ឡើង​ពី​ ២០៨ ទៅ២១០​ដុល្លារ​អាមេ​រិក បើ​ទោះ​បី​ជា​អង្គកា​រស​ង្គម​ស៊ីវិល​ចំនួន ២៨​ស្ថាប័ន រួម​ទាំង​សហជីព​ឯករាជ្យ​មួយចំនួន បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​មុន​កិច្ច​ប្រជុំ ជំរុញ​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​យ៉ាង​ហោច​ណាស់​ ២៣២ ដុល្លារ សម្រាប់​ឆ្នាំ​២០២៦ ដើម្បី​ឆ្លើយ​តប​នឹង​ការ​កើន​ឡើង​នៃ​តម្លៃ​ទំនិញ​និង​ការ​រស់​នៅ​ក៏​ដោយ​។

បញ្ហានៅត្រង់ថា ការចរចាដំឡើងប្រាក់ឈ្នូលសម្រាប់ឆ្នាំ​២០២៦ មិន​មាន​សំឡេង​បោះ​ឆ្នោត​ជំទាស់​នោះ​ទេ​ ដោយ​សារ​តែ​ភាគី​តំណាង​កម្មករ​និយោ​ជិត ឬ​សហជីព និង​ភាគី​តំណាង​និយោ​ជក (ថៅ​កែ) បាន​សម្រេច​ជា​ឯកច្ឆន្ទ​រួម​គ្នា​ថា មិន​ដាក់​តួលេ​ខ​ដាច់​ដោយ​ឡែក​រៀងៗ​ខ្លួន ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​ជម្រុះ​ដូច​បណ្តា​ឆ្នាំ​មុនៗ​ឡើយ។

ភាគីសហជីព និងនិយោជក​ បាន​ព្រម​ព្រៀ​ង​គ្នាទុក​លទ្ធភាព និង​ផ្ទេរ​សិទ្ធិ​ជូន​រាជ​រដ្ឋាភិ​បាល ជា​អ្នក​ពិនិត្យ និង​កំណត់​​តួលេខ​ចុង​ក្រោយ ផ្អែក​លើ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ជាក់​ស្តែង ដែល​ចុង​ក្រោយ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​សម្រេច​បន្ថែម ២ ដុល្លារ លើ​តួលេខ​ដែល​បាន​ពិភាក្សា ដើម្បី​បង្កើត​ជា​ប្រាក់​ឈ្នួល​គោល​ផ្លូវ​ការ​ចំនួន ២១០ ដុល្លារ សម្រាប់​ឆ្នាំ​២០២៦។

នេះ​ជាជ្រុងមួយ​ដែល​អាច​បញ្ចាក់​បាន​ថា មាន​សហជីព​ច្រើន មិន​មែន​ជា​ឋាន​សួគ៌​នៃ​សេរី​ភាព និង​ជា​កត្តា​ជំរុញ​ការ​​លើក​​កម្ពស់​ឱ្យ​កម្មករ​និយោ​ជិត រស់​នៅបា​ន​សមរម្យ​ឡើយ។

តែផ្ទុយទៅវិញ ការមានសហជីពចុះបញ្ជីច្រើននៅក្រសួងការដូចអ្វីដែល​បាន​លើក​ឡើង​គឺ វា​នឹង​ក្លាយ​ជា​ខែល​ការ​ពារ​ថៅកែ​ខិល​ខូច​ឱ្យ​បំពាន​ច្បាប់ រំលោភ​សិទ្ធិ​កម្មករ រហូត​ថៅកែ​ខ្លះ​​ប្តូរ​ទីតាំង​រោង​ចក្រ បាន​រត់​ចោល​កម្មករ ទាំង​មិន​បាន​ទូទាត់​អ​ត្ថ​ប្រយោជន៍​ឱ្យ​កម្មករ​និយោជិត​តាម​ច្បាប់​ការ​ងារ​ក៏​មាន ដែល​ករណី​នេះ​បាន​កើត​ឡើង​ជា​រឿយៗ​នៅ​កម្ពុជា។

របាយការណ៍នានា បង្ហាញថា សហជីពខ្លះថ្វីត្បិតតែបានចុះបញ្ជីនៅក្រសួងការងារ ប៉ុន្តែ​បេសស​កម្ម​របស់​ពួក​គេ មិន​​បាន​​ការ​ពារ​ប្រយោជន៍​កម្មករ​ទេ ដែល​ពួក​គេ​តែង​តែ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ទៅ​នឹង​ចរន្ត​ជំរុញ​លក្ខ​ខណ្ឌ​ការ​ងារ ឬ​ជំទាស់​ជា​ចំហ។

លើសពីនេះទៅទៀត សហជីពខ្លះ ត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងនឹងការលើកឡើង​ពី​សំណាក់​សហជីព​ឯករាជ្យ ជុំវិញ​បញ្ហា​ប្រឈម​របស់​កម្មករ ដែល​គេ​ប្រទះ​ឃើញ​ទាំង​នៅ​ក្នុង​វេទិកា​ថ្នាក់​ជាតិ និង​អន្តរ​ជាតិ​នានា។

ជាក់ស្តែងរាល់កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នានាកន្លងមក ការ​ចរ​ចា​ប្រាក់​ឈ្នួល​សម្រាប់​​វិស័យ​កាត់​​ដេរ សមាស​ភាព​សហជីព​លើស​លប់​មាន​ទំនោរ​គាំទ្រ​​រដ្ឋាភិ​បាល ខ្លះ​មាន​តួនាទី​នៅ​ក្រសួង​ការ​ងារ និង​ជា​សមាជិក​​​បក្ស​​កាន់​​អំណាច។

ប្រតិភូតំណាងកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំ​របស់អង្គការអន្តរជាតិ​​ខាងការងារ ហៅកាត់ថា ILO តែង​ត្រូវ​បាន​​ជ្រើស​រើស​ដោយ​រដ្ឋាភិ​បាល ខណៈ​ពេល​ដែល​សហជីព​ឯករាជ្យ​គ្មាន​​ឱកាស​​ចូល​រួម​ ព្រោះត្រូវ​​​ការ​​ការ​​គាំទ្រ​​ថវិ​កា​ដើម្បី​ធ្វើ​ដំណើរ និង​ប្រសិន​បើ​បាន​ចូល​រួម ជា​រឿយៗ​មិន​មាន​សិទ្ធិ​បោះ​ឆ្នោត​សម្រេច​​លើ​សេចក្តី​សម្រេច​នានា​ឡើយ ខុស​ពី​សហជីព​ដែល​ក្រសួង​ការ​ងារ​បាន​ជ្រើស​រើស។

សកម្មភាពប្រឆាំងនឹងប្រយោជន៍កម្មករពិតប្រាកដ ក៏មានលេចចេញតាមរយៈការធ្វើញត្តិ​ថ្កោល​ទោស​ជំទាស់​​នឹង​របាយ​ការណ៍​នានា ​ដែល​បាន​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​ការ​ងារ​ធ្ងន់​ធ្ងរ ដូច​ជា ករណី​អង្គ​ការ​សង់​​ត្រាល់​​កាល​ពី​ឆ្នាំ​​២០២៤​​កន្លង​​មក បាន​ចេញ​របាយ​ការណ៍​ស្តី​ពី “ឧបសគ្គ​រារាំង​ភាព​ជា​តំណាង ស្តីពី​​សេរីភាព​​សហជីព​ក្នុង​ប្រទេស​កម្ពុជា” ក្រោម​​កម្ម​វិធី​រោង​ចក្រ​កាន់​តែ​ប្រសើរ (Better Factories Cambodia-BFC) របស់​អង្គ​ការ​អន្តរ​ជាតិ​ខាង​ការ​ងារ ហៅ​កាត់​​ថា ILO។​ មិន​តែ​ប៉ុណ្ណោះ​ ពួក​គេ​ថែម​ទាំង​​ប្រមូល​ផ្តុំ​​គ្នា​តវ៉ា​​ប្រឆាំង​​នឹង​ការ​រក​ឃើញ​របស់​អង្គ​ការ​សង់​ត្រាល់ ខណៈ​ពេល​​ដែល​គេមិ​ន​ធ្លាប់​បាន​ឃើញ​​សហជីព​ទាំង​នោះ ចេញ​តវ៉ា​​ករណី​រំលោភ​សិទ្ធិ​ការ​ងារ​កម្មករ​ឡើយ។

ទម្រង់​ដូច​គ្នា​នេះ​ដែរ ជា​រៀង​រាល់​ឆ្នាំ បន្ទាប់​ពី​បញ្ចប់​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​វិស័យ​កាត់​​ដេរ ដែល​ភាគ​ច្រើន​ការ​តម្លើង​មាន​ចំនួន​តិច​តួច​បំផុត នឹង​មិន​បាន​ស្មើ​នឹង​អត្រា​អតិផរណា​ទីផ្សារ​ផង គេ​តែង​ឃើញ​សហជីព​គាំទ្រ​រដ្ឋាភិ​បាល​ទាំង​នោះ តែង​ចេញ​ញត្តិ​គាំទ្រ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​​ចរចា​​ប្រាក់​ឈ្នួល​ដឹក​នាំ​ដោយ​​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។

អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀត វត្តមានរបស់ក្រុមសហជីពគាំទ្រ​រដ្ឋាភិបាល​​ទាំង​​នេះ​ ត្រូវ​​បាន​​ប្រើ​​ដើម្បី​​ជា​​​ហេតុ​​ផល​​បដិសេធ​​ការ​​ចុះ​​បញ្ជី​​ការ​​របស់​​សហជីព​​ឯករាជ្យ។

យោង​តាម​ច្បាប់​ស្តីពី​ការ​ងារ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា និង​​ច្បា​ប់​ស្តីពី​សហជីព មិន​បាន​កំណត់​ចំនួន​សហជីព​​ដែល​អាច​បង្កើត​បាន​នៅ​កន្លែង​ការ​ងារ​មួយ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​ក្នុង​រោង​ចក្រ​ខ្លះ​មាន​សហជីព​រហូត​ដល់​ទៅ ៥​ ឬ ៦។​ 

បើទោះ​បីជាមានសហជីពច្រើននៅក្នុងរោងចក្រ ប៉ុន្តែ​សហជីព​ទាំង​នេះ មិន​បាន​បំពេញ​តួនាទី​ពិត​ប្រាកដ​​​ក្នុង​ការ​ការ​​ពារ​​ប្រយោជន៍​កម្មករ ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​កម្មករ​ឡើយ នៅ​ពេល​ដែល​អវត្ត​មាន​​សហជីព​ឯករាជ្យ​នៅ​កន្លែង​​ការ​ងារ កម្មក​រ​និយោជិត​ភាគ​ច្រើន​មាន​ការ​យល់​ច្រលំ​ចំពោះ​សារ​សំខាន់​​​របស់​​សហជីព ដោយ​គិត​ថា​សហជីព​មិន​បាន​ផ្តល់​ផល​ដល់​ខ្លួន ហើយ​មាន​គំនិត​អវិជ្ជ​មាន​មក​លើ​​សហជីព​​ទៅ​​វិញ។

ការនេះបានធ្វើឱ្យសហជីពឯករាជ្យ ក្រៅពីជួប​បញ្ហា​ប្រឈម​មិនអាចចុះ​បញ្ជី​ការ​បាន ក៏​ជួប​ការ​លំបាក​ក្នុង​​ការ​ចង​ក្រង​កម្មករ​និយោជិត ដើម្បីបង្កើតសហជីពថែមទៀតដែរ។ ស្ថានភាពបែបនេះ ត្រូវបានគេរកឃើញថា កម្មករក្នុងវិស័យកាត់ដេរភាគច្រើនរស់បាន ដោយពឹងផ្អែកលើការងារថែមម៉ោង និងងាយគ្រោះ​ថ្នាក់ការងារ ទោះមានសហជីព​ច្រើនបានចុះបញ្ជីនៅក្រសួងការងារ។

តាមរយៈរបាយការណ៍ស្ទង់មតិ និងការស្រាវជ្រាវបានបង្ហាញថា ជាច្រើនឆ្នាំកន្លងមក មានអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងសម្ព័ន្ធសហជីពល្បីៗជាច្រើន បានរកឃើញថា កម្មករក្នុងវិស័យកាត់ដេរនៅកម្ពុជា ប្រឈមនឹងការរស់នៅទាំងលំបាក ដោយសារប្រាក់ខែគោលមិនទាន់ឆ្លើយតបនឹងការចំណាយ ជំរុញ​ឱ្យពួកគេខំប្រឹងនិងពឹងផ្អែកស្ទើរតែទាំងស្រុងលើការធ្វើការថែមម៉ោងដើម្បីបង្រ្គប់ជីវភាពប្រចាំថ្ងៃ។

អង្គការសង់ត្រាល់ (CENTRAL) និងអង្គការ ActionAid កម្ពុជា បានលើកឡើងនៅក្នុងរបាយការណ៍រួមគ្នាមួយក្រោម​ប្រធាន​បទ “Stitched under strain” (ការដេរភ្ជាប់ក្រោមសម្ពាធ) អង្គការទាំងពីរបានរកឃើញថា កម្មករមាន​ការពឹងផ្អែកជាប្រព័ន្ធលើប្រាក់ថែមម៉ោង។

បញ្ហានេះ នៅពេលដែលការបញ្ជាទិញធ្លាក់ចុះ រោងចក្រកាត់បន្ថយការថែមម៉ោង ជីវភាព​របស់​កម្មករ​បាន​រង​​​ផល​ប៉ះ​​​ពាល់​​​យ៉ាង​​​ធ្ងន់​​​ធ្ងរ រហូត​​បង្ខំ​​ចិត្ត​ខ្ចី​បុល​គេ ឬ​ខ្ចីពីសហគ្រាស​មីក្រូហិរញ្ញ​វត្ថុ ដើម្បី​រស់។

លើសពីនេះ អង្គការសម្ព័ន្ធភាពប្រាក់ឈ្នួលអាស៊ី (Asia Floor Wage Alliance – AFWA) តាមរយៈការ​ស្ទង់​មតិ​របស់​អង្គ​ការ Asia Floor Wage Alliance នាពេលថ្មីៗនេះ បានបង្ហាញថា ប្រាក់ចំណូលសរុប​របស់កម្មករ ដែលបូករួមទាំងប្រាក់ថែមម៉ោង និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ទទួលបានជាមធ្យមប្រហែល ២៥០ ដុល្លារ ។

ចំនួននេះ គឺនៅតែមានកម្រិតទាបជាងពាក់កណ្តាល នៃការចំណាយជាក់ស្តែង លើ​ម្ហូប​អាហារ និង​តម្រូវ​ការ​​ចាំ​បាច់ ដែលមានតម្លៃរហូតដល់ទៅជាង ៤០០ ដុល្លារក្នុងមួយខែ។ កត្តានេះ ធ្វើឱ្យការថែមម៉ោងក្លាយ​ជាជម្រើសបង្ខំចិត្ត ដើម្បី​ការរស់រាន។

ជុំវិញបញ្ហាប្រឈមនេះដែរ អង្គការ CNV Internationaal និងវិទ្យាស្ថានស្រាវជ្រាវ Profundo តាមរយៈកម្ម​វិធី​​ពិនិត្យតាម​ដាន​ការងារសមរម្យ បានគូសបញ្ជាក់ថា កម្មករប្រមាណ ៤០% ត្រូវបង្ខំចិត្តធ្វើការថែមម៉ោងជាញឹកញាប់ និងមាន​កម្មកររហូតដល់ ៧៣% ទៅ ៧៧% ត្រូវខ្ចីប្រាក់សម្រាប់ដោះស្រាយការចំណាយ​ប្រចាំថ្ងៃ ដោយសារតែប្រាក់ឈ្នួល​គោល​មិនទាន់ដល់កម្រិតប្រាក់ឈ្នួលរស់នៅសមរម្យ ។

ជាងនេះទៅទៀត អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch និយាយក្នុង​របាយការណ៍​ស៊ីជម្រៅ​ស្តីពីវិស័យកាត់ដេរនៅកម្ពុជា​បានលាតត្រដាងថា ប្រាក់ខែគោលទាបបង្ខំឱ្យកម្មករត្រូវតែស្វែងរកការ​ធ្វើការថែមម៉ោង។ លើស​ពី​នេះ រោងចក្រមួយចំនួនថែមទាំងមានការបង្ខំឱ្យកម្មករថែមម៉ោងដោយខុស​ច្បាប់ និងគំរាមកំហែងបញ្ឈប់​កិច្ច​សន្យា​ការ​ងារ ប្រសិន​បើពួកគេបដិសេធមិនព្រមធ្វើការថែមម៉ោងទៀតផង។

ចំណែកអង្គការ(LICADHO)និងអង្គការសមធម៌កម្ពុជា ធ្លាប់ចេញរបាយការណ៍រួមគ្នា បង្ហាញពីបន្ទុកបំណុល​ដ៏ធ្ងន់​ធ្ងរ​របស់​កម្មកររោងចក្រ។ ការសិក្សា បានរកឃើញទៀតថា កម្មករភាគច្រើនមិនអាចរស់បាន​​ដោយពឹងផ្អែកតែលើប្រាក់​ខែ​ប្រាំបីម៉ោងធម្មតានោះទេ ហើយក្នុងករណីដែលរោងចក្រគ្មានការថែមម៉ោង ពួក​​គេនឹងធ្លាក់ចូលទៅក្នុង​​វិបត្តិ​​បំណុល​កាន់​តែ​ជ្រៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ