កម្ពុជា​​មិន​​ទាន់​​ចេញ​ប្រតិ​កម្ម​ការ​​អះ​អាង​​​ថា​ទាហាន​​ថៃ​​លួច​​​បាញ់​​​សម្លាប់​​​ទាហាន​​​ខ្មែរ​​​ជា​​បន្ត​​បន្ទាប់​

គិត​​មក​​ដល់​​ត្រឹម​​ថ្ងៃ​ទី​​១០ខែ​​សីហា​​នេះ គេ​​មិន​​ទាន់​​ឃើញ​​ក្រសួង​​ការ​ពារ​​ជាតិ ក៏​​ដូច​​ជា​​រដ្ឋាភិ​បាល​​លោក​​ហ៊ុន ម៉ាណែត ​បញ្ចេញ​​​ប្រតិម្ម ​​ឬ​ក៏​សេចក្តី​បដិសេធ​ណា​មួយ​ ​ចំពោះកា​រ​​អះ​អាង​​ដែល​​ថា​ ទាហាន​​ថៃ​​បាន​​លួច​​បាញ់​​សម្លាប់​​ទាហាន​​ខ្មែរ​ បណ្តាល​​ឱ្យ​​ស្លាប់​​ជា​បន្ត​បន្ទាប់​​នា​ពេល​​​ថ្មីៗ​​​នេះ​ នៅ​​តាម​​តំបន់​​ព្រំដែន​​​ដែល​​ទាហាន​​ថៃ​​ចូល​​កាន់​​កាប់​​ទឹក​​ដី​កម្ពុជា​​នោះ​​​ទេ។

តាម​ការបង្ហោះ​លើ​បណ្តាញ​សង្គម​មួយ​ចំនួន​ជាបន្ត​បន្ទាប់ ​ក្នុង​នោះ​​​មាន​ទាំង​ លោក​អ៊ុំ សំអាន ​អតី​ត​តំណាង​​រាស្ត្រ​​បក្ស​​ប្រឆាំង​​ផង​នោះ​​ បាន​អះអាងថា នាពេល​ថ្មីៗ​នេះ ​ទាហាន​ថៃ​បាន​លួច​បាញ់​ស៊ីប​សម្លាប់​ទាហាន​​កម្ពុជា​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ​​ខាង​​ភាគី​កម្ពុជា​បាន​​បិទព័ត៌មាន​នេះ ដោយ​​ក្រឡៃ​ថា ទាហាន​​ខ្មែរ​​ទាំង​​នោះ​​​បាន​​​ស្លាប់​​ដោយ​​សារ​គ្រោះ​ថ្នាក់​​​ចរា​ចរណ៍​ ​ឬ​ក៏​រា​កៃ​កាំភ្លើង​​​​​ជាដើ​ម​​។

វីអូឌី មិន​អាច​ទាក់​ទង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ ​អ្នក​ស្រី ម៉ាលី សុជាតា ​ដើម្បី​ស្នើ​សុំ​ធ្វើ​អត្ថាធិប្បាយ​លើ​​បញ្ហា​នេះ​​​បាន​ទេ​ ​នៅ​ថ្ងៃទី​១០​ខែ​សីហានេះ ​ខណៈ​ដែល​ក្រសួង​ការពារ​ជាតិ ​ក៏ពុំ​ទាន់​ឃើញ​មាន​បញ្ចេញ​ប្រតិកម្ម​លើ​ការ​អះ​អាង​​នេះ​​នៅ​ឡើយ​​ដែរ។

​នៅក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់ ​ស្តីពី បច្ចុប្បន្នភាព​ស្ថានភាព​ព្រំដែន​​កម្ពុជា-​ថៃ ​នៅថ្ងៃទី​១០ខែ​​សីហា​​នេះ ​លោក​ ​ប៉ែន បូណា ​​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​ក៏មិន​ឃើញ​និយាយ​ពី​បញ្ហា​នេះដែរ។ ប៉ុន្តែ​លោក​បាន​គូស​បញ្ជាក់​​ថា ទន្ទឹម​នឹងការ​រំលោភ​​បំពាន​យ៉ាងធ្ងន់​ធ្ងរ​ លើ​ជន​ភៀស​សឹកកម្ពុជា​ កង​កម្លាំង​យោធាថៃ​ក៏​បាន​បំផ្លិច​​​បំផ្លាញ​ផ្ទះ​​សំបែង​ ​ទ្រព្យ​សម្បត្តិ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​​ស៊ីវិល​យ៉ាងច្រើន​ ​​រហូត​​ដល់​បំផ្លាញ​ទីតាំង​សាសនា ​ប្រាសាទ​បុរាណ ដែល​ជាសម្បត្តិ​បេតិក​​ភណ្ឌពិភពលោក​ ហើយ​ត្រូវ​បាន​ចុះ​បញ្ជី​ដោយ​អង្គការ​យូណេស្កូ​​ទៀត​ផង។

លោកថា៖ «ជាក់ស្តែងការខូចខាតធ្ងន់​ធ្ងរនៃប្រាសាទព្រះវិហារ ​ដោយ​សារ​ការទម្លាក់​គ្រាប់​បែក ​និង​គ្រាប់​ផ្លោង​​ពីសំណាក់​កងទ័ព​ថៃ​ គឺ​ជាភស្តុតាង​ដែល​មិន​អាចប្រកែក​បានឡើយ​។ ដោយ​មិន​អាច​នៅ​ស្ងៀម​ចំពោះ​​សកម្ម​ភាព​រំលោភ​​បំពាន​ជាក់​ស្តែង​​បែបនេះ ​អ្នក​រាយការណ៍ពិសេសទទួល​បន្ទុក​សិទ្ធិមនុស្ស​អង្គ​ការ​សហ​ប្រជា​ជាតិ​​នៅកម្ពុជា​ ​សភានិយាយ​ភាសាបារាំង​​APF និង​ជន​បរទេស​ដែល​មាន​ឥទ្ធិពល​​ក្នុង​បណ្តាញ​សង្គម​ ​ក៏ដូច​សារព័ត៌មាន​បរទេសល្បីៗ​​​ជាច្រើន បាន​ចេញមក​និយាយការពិតនេះជា​បន្តបន្ទាប់ ដើម្បីប្រាប់​ពិភព​លោក​​ឱ្យ​បាន​ដឹង​កាន់​តែទូលំទូលាយ ​និងទាម​ទារ​រកដំណោះ​ស្រាយ»។

បើតាម​ លោក​ប៉ែន បូណា ​ដំណោះ​ស្រាយ​ពិត​ប្រាកដ ក្នុងការ​ដោះ​ស្រាយ​​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ គឺ​​ការ​​គោរព​ខ្សែ​​​ព្រំដែន​​ដែល​បន្សល់​ទុក​ដោយគណៈ​កម្មកាឥណ្ឌូចិន-​សៀម ដោយ​គោរពគោលការណ៍​ច្បាប់​អន្តរ​ជាតិ គោល​ការណ៍​​​ខ្សែ​ព្រំដែន​មិន​កែ​ប្រែ​ គោរពអនុសញ្ញា​សន្ធិ​សញ្ញា​បារាំងសៀម ផែនទី និង​កំណត់​ហេតុ​​បោះ​​បង្គោល​​ព្រំដែន​របស់​​គណៈ​កម្មការបោះ​បង្គោល​ព្រំដែនឥណ្ឌូចិន​សៀម​ ព្រមទាំងកិច្ច​ព្រមព្រៀង​និង​ឯកសារពាក់ព័ន្ធនានា​ ​ដែល​ភាគី​​ទាំងពីរ​​បាន​​ឯកភាព​គ្នា ​កាលពីពេលកន្លងទៅ។

លោក ​អ៊ុំ សំអាន ​អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ​បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​១០ខែ​​សីហា​នេះថា ព័ត៌មាន​ខាង​លើ គឺ​​ជាព័ត៌មានពិត ​ពីព្រោះ​លោក​បាន​ទទួល​ព័ត៌មាន​នេះ ​ពីប្រភព​ច្បាស់ការ​យ៉ាង​តិច​ចំនួន​៤ ដើម្បី​ធ្វើ​ការ​​ផ្ទៀង​​ផ្ទាត់ ក្នុង​​នោះ​​មាន​​មេទាហាន ​និង​កូន​ទាហាន​ជួរ​មុខ​ និង​ក្រុមគ្រួសារ​ទាហាន​ដែល​ផ្ញើ​សារប្រាប់​ព័ត៌​មាន​​នេះ​​​ដល់​លោក​។ លោក​បញ្ជាក់​ថា ជាទូទៅ​កាំភ្លើង​អាកា ​មិន​​អាច​​រាកៃត្រូវ​ខ្លួន​ឯង​នោះទេ​ បើ​រាកៃគឺ​វា​ត្រូវ​អ្នក​ផ្សេង​ ឬក៏​បាញ់​ទៅលើ​មេឃ មិន​អាច​រាកៃត្រូវ​ខ្លួន​ឯង​នោះទេ ហើយ​ជាទូទៅ​កាំភ្លើងចាក់​សោរថែម​ទៀត គឺ​មិន​អាច​រាកៃ​បានឡើយ​​។

អ្នក​ជំនាញ​កិច្ចការព្រំដែន​ពីបក្ស​ប្រឆាំង​រូប​នេះ​ បាន​សំដែងការ​សោក​ស្តាយ​យ៉ាងខ្លាំង​​ចំពោះ​ព័ត៌មាន​ដែល​ទាហាន​ថៃបានប្រើ sniper​​ លួច​បាញ់​សម្លាប់​ទាហាន​ខ្មែរ​ជាបន្ត​បន្ទាប់​ ប៉ុន្តែ​​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ​បែរ​ជា​លាក់​ព័ត៌​មាន​នេះទៅ​វិញ។ លោក​ថា រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ​ត្រូវ​បញ្ចេញ​ព័ត៌មាន​នេះ​ឱ្យ​សាធារណៈជន ​និង​សហគមន៍​អន្ត​រជាតិ​បាន​ដឹង ​ដើម្បី​​ឱ្យ​គេ​ថ្កោល​ទោស​ថៃ ថែម​ទាំង​ត្រូវ​ដាក់​លិខិត​តវ៉ា​ទៅ​ថៃ​និង​ត្រូវ​ប្តឹងថៃ​ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិICC ​ពីបទឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​។

លោកថា៖ «លោក​ហ៊ុន ម៉ាណែត ​មិន​គួរ​ឱ្យ​ថៃ​បាញ់​សម្លាប់​ទាហាន​ខ្មែរ​ដូច​សត្វនោះទេ គួរ​តែ​អនុញ្ញាត​ឱ្យ​ទាហាន​​ខ្មែរ​ប្រើ​សិទ្ធិ​​ស្វ័យ​ការពារ​ ឬក៏តដៃវិញ​ នៅ​ពេល​ដែល​ទាហាន​ថៃ​បាញ់​សម្លាប់​ទាហាន​ខ្មែរ​​យើង​ ​ធ្វើ​ម៉េច​ប្រើ​សិទ្ធិ​ស្វ័យការ​ពារ​​ពី​ការ​​ឈ្លានពាន​របស់​ថៃ ​បើមិន​អ៊ីចឹងទេ ​ថៃឈ្លាន​ពាន​យក​ទឹកដី​ខ្មែរ​យើង​ស្រេច​ចិត្ត​​ ហើយ​​សម្លាប់​ទាហាន​ខ្មែរ​យើង​ស្រេចចិត្ត»។

សម្រាប់ ​មន្ត្រីបក្ស​ប្រឆាំង​រូបនេះ នេះគឺ​ជាកម្សោយ​ក្នុងការ​ការពារ​ជាតិ​ ​ក្នុងការ​ការពារអាយុជីវិត​របស់​ទាហាន​​ខ្មែរ ​​ពីព្រោះ​បើមានការ​វាយ​ប្រយុទ្ធគ្នា​​ត្រូវ​​បាញ់​ស្លាប់​ក្នុង​សង្គ្រាម ​គឺ​ជាការ​ពលី​ដើម្បី​ជាតិ ប៉ុន្តែ​នៅ​ពេល​​​នេះ​​​មិន​មាន​សង្គ្រាម បែរជានៅ​អត់​ធ្មត់​ស្ងៀម​ស្ងាត់​ ​ទុក​ឱ្យ​ទាហាន​សៀម​បាញ់​សម្លាប់​ជាហាន​ខ្មែរ​ជា​បន្ត​បន្ទាប់ ​វាគឺ​ជារឿង​អសមត្ថ​ភាព​​ធ្ងន់​ធ្ងរណាស់។

លោកថា៖ «បើសិនរដ្ឋាភិបាល​មិន​មាន​ចំណាត់ការលើ​បញ្ហា​នេះនោះទេ ហើយ​បណ្តែត​បណ្តោយ​ឱ្យ​ថៃ​បាញ់​​សម្លាប់​ទាហាន​​​ស្រេច​ចិត្ត ​ដូច្នេះ​ខ្ញុំ​យល់​ថា លោក​ហ៊ុន ម៉ាណែត ​គួរ​តែបញ្ជូន​សាច់​ញាតិ​​របស់​គាត់​​ឬ​ត្រកូល​​​ហ៊ុន​​ទៅការពារទឹកដីទៅ ​ឱ្យធ្វើ​ជាផ្ទាំង​ស៊ីប​ឱ្យថៃបាញ់​លេងទៅ ​តើ​លោក​ហ៊ុន សែន ​លោក​ហ៊ុន ម៉ាណែត ​ហ្នឹង​មានការឈឺ​ចាប់​ប៉ុណ្ណា​​ នៅពេល​ដែល​ក្រុមគ្រួសារ​របស់​ខ្លួន​​ត្រូវ​បាន​ទាហាន​ថៃបាញ់​សម្លាប់​។​ ដូច្នេះការបាញ់​សម្លាប់​ទាហាន​ខ្មែរនេះ ​ប្រពន្ធកូនសាច់ញាតិ​​របស់​ទាហាន​​ខ្មែរ​យើង​​ប្រាកដ​ជា​មាន​ការ​ឈឺ​ចាប់​​ ក្នុង​ការបាត់​បង់​ក្រុមគ្រួសារ​របស់​ខ្លួន»។

ប្រភព​យ៉ាង​តិច​ចំនួន​៣​ផ្សេង​ទៀត ​ក្នុង​នោះ​មាន​ក្រុម​តេឡេក្រាម​​«កាមទេពលីមហុង» ​ហ្វេសប៊ុក Bro Tin និងKhin Roeun ជាដើម បាន​ផុស​ជាបន្តបន្ទាប់​ កាលពីថ្ងៃទី​១​និង​ទី​៥ ខែ​សីហា​​ថា​ រឿង​ទាហាន​ដែល​ស្លាប់​គឺ​​ស្លាប់​​ជាបន្តបន្ទាប់​ ពេល​​ខ្លះ​ទាហាន​ចុះទៅ​បើក​អំណោយ​​ពេល​ឡើង​មក​វិញ ​ត្រូវ​ទាហាន​ថៃ​លួច​បាញ់​ស៊ីប​​ស្លាប់​​តាម​​ផ្លូវ។ ​ប៉ុន្តែ​ព័ត៌​មាន​​ក្នុង​​ស្រុក​ បាន​ផ្សាយ​ថា​ជាគ្រោះ​ថ្នាក់​ចរាចរណ៍ ​ទាំង​ដែល​ផ្លូវ​ក្រវាត់​ព្រំដែន​ឡើង​​ភ្នំ​មាន​តែម៉ូតូ​មួយៗ​ ​ហើយ​សុទ្ធ​តែ​ជា​​ម៉ូតូ​ទាហាន​ទៅ​ទៀត។

ការផុស​​ដែល​មាន​ទាំង​រូប​ថត​សាកសព​ទាហាន​ដែល​ស្លាប់​ផងនោះ​​ អះអាង​ថា កន្លងមក កងទ័ពខ្មែរត្រូវកង​​ទ័ព​ថៃ​លួចបោកគ្រាប់​​បែកស្លាប់ម្នាក់ រួចមក​ហើយ។ ទាហានខ្មែរនៅជួរមុខ និយាយ​ថា ទាហានថៃបានលួច​បាញ់ទាហានខ្មែរស្លាប់ជាបន្តបន្ទាប់ ប៉ុន្តែព័ត៌មាន​ខាង​កម្ពុជា​​ផ្សាយថា រាលកៃកាំភ្លើង​និងរហូតខ្លះថា ឱម៉ាល់​ទិច​។

ប្រភពដដែល​នេះ ​អះអាង​ទៀតថា កងទ័ពកម្ពុជាមិនហានតបត ប្រើសិទ្ធិស្វ័យការពារខ្លួនទេ ព្រោះស្តាប់​តាម​​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ ដែល​​មិនចង់ឱ្យមានការ​ផ្ទុះ​សង្គ្រាម​ជាថ្មី​ទៀត​។

សារមួយ​ដែល​ត្រូវ​បានគេចែក​ចាយ​​សរសេរ​ថា៖ «ក្មួយ និងពូ​អាត្មាទាហានជួរមុខគាត់ប្រាប់ថាសៀមបាញ់ snapper តែ​មេៗឱ្យនិយាយកុហក់ថា រាកៃកាំភ្លើង កន្លងមកដែលគេថា រាកៃគឺសុទ្ធ​​តែសៀមបាញ់ទាំងអស់»

វីអូឌី ​មិន​អាច​ទាក់​ទង​សុំការ​បំភ្លឺ​​បន្ថែម​ពីប្រភព​ទាំងនេះ​​បាន​ទេ ដោយ​សារ​តែសារ​ដែល​ផ្ញើ​ទៅ​ពុំមានការ​ឆ្លើយ​តប។

គេនៅ​ចងចាំថា ទាហាន​កម្ពុជា​ម្នាក់ គឺ​ព្រិន្ទបាល​ឯក សួន រោន ត្រូវ​បាន​ទាហាន​ថៃ​លួច​ចូល​មក​បាញ់​សម្លាប់​​នៅតំបន់​មុំ​បី​​ ខេត្ត​ព្រះ​វិហារ ក្នុង​ទឹកដីកម្ពុជា​ កាលពីព្រឹក​ព្រលឹម​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ គិត​​មក​ដល់ពេល​នេះ ​មាន​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ហើយ​ យុត្តិធម៌​សម្រាប់​វីរកង​ទ័ព​កម្ពុជា​រូបនេះ​ នៅ​ឆ្ងាយ​សែន​​ឆ្ងាយ​ដូច​ជើង​មេឃ ខណៈ​ដែល​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត​ នៅ​តែមិន​ទាន់​ប្តឹងថៃទៅកាន់​តុលាការ​​អន្តរជាតិ​នៅ​​ឡើយ​ បើ​ទោះ​បី​​តំបន់​មុំ​បី និង​តំបន់​៣​ផ្សេង​ទៀត​​ ដែល​នៅ​ពេល​នេះ​ត្រូវ​បានទាហាន​ថៃ​ដណ្តើម​កាន់​កាប់ ​​ដូច​ជា ប្រាសាទ​តាមាន់ធំ ប្រាសាទ​​​តាមាន់តូច និង​ប្រាសាទ​តាក្របី ​​​​ត្រូវ​បាន​សមាជ​រដ្ឋ​សភា​​ព្រឹទ្ធ​​សភា​​បោះ​ឆ្នោត​អនុ​ម័តជាឯកច្ឆន្ទ​សម្រេច​ឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ(ICJ) ចាប់តាំងពី​ថ្ងៃទី​២ ​ខែមិថុនា ​ឆ្នាំ​២០២៥ក្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ