សង្គម​ស៊ីវិល​ជិត​៦០​ស្នើ​ធនាគារ​ពិភព​លោក​ដោះ​ស្រាយ​វិបត្តិ​​បំណុល​មី​ក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច និង​អង្គ​ការស​ង្គម​ស៊ីវិល​ចំនួន ៥៨ ស្ថាប័ន បាន​អំពាវ​នាវ​ឱ្យ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្ត​រ​​ជាតិ (IFC) របស់​ធនាគារ​ពិភព​លោក (World Bank) ទទួល​ស្គាល់​ការ​រក​ឃើញ​ក្នុង​របាយ​ការណ៍​ស៊ើប​អង្កេត​របស់​ការិយា​ល័យ​ភាព​អនុ​លោម​ទីប្រឹក្សា​ដោះ​ស្រាយ​វិវាទ  (CAO) និង​ចាត់​វិធាន​ការ​ជា​បន្ទាន់ ដើម្បី​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​​ពី​វិបត្តិ​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ លើ​ជីវ​ភាព និង​ដីធ្លី​​សមូហ​ភាព​របស់​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា។

ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចេ​ញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២៦ ក្នុង​ឱកាស​ទិវា​អន្តរ​ជាតិ​ជន​ជាតិ​ដើម​ភាគ​តិច​ពិភព​លោក។ សេចក្តី​ថ្លែង​ការ​ណ៍​នេះ ត្រូវ​បាន​ផ្សព្វ​​ផ្សា​យ​តាម​អង្គកា​រ​លីកាដូ (LICADHO) និង​មាន​ការ​គាំទ្រ​ពី​សហគមន៍ និង​អង្គ​ការ​សង្គម​ស៊ីវិល​​ពាក់​ព័ន្ធ។

តាមសេចក្តីថ្លែងការណ៍រួម ករណីនេះពាក់ព័ន្ធនឹងពាក្យបណ្តឹងដែល​បាន​ដាក់​ជូន​ ការិយា​ល័យ​ភាព​​អនុ​​លោ​ម​​ទីប្រឹក្សា​ដោះ​ស្រាយ​វិវាទ  (CAO) នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២ ក្នុង​នាម​អ្នក​ខ្ចី​ប្រាក់​កម្ពុជា ដែល​អះ​អាង​ថា ការ​ផ្តល់​កម្ចី​មីក្រូ​ហិរញ្ញ​វត្ថុ​បាន​បង្ក​ផល​ប៉ះពា​ល់​ដល់​ជីវភាព សិទ្ធិ​លើ​ដី​ធ្លី​ និង​សហគមន៍​ជន​ជាតិ​ដើម​ភា​គ​​តិច។

បន្ទាប់ពីដំណើរការវាយតម្លៃ CAO បានបើកការស៊ើបអង្កេតពាក់ព័ន្ធនឹងការ​វិនិយោគ​របស់ IFC ក្នុង​គ្រឹះស្ថា​​​ន​ហិរញ្ញ​វត្ថុ​ចំនួន​ប្រាំ​មួយ​នៅ​កម្ពុជា។ CAO បាន​បញ្ចប់​របាយ​ការណ៍​ស៊ើប​អង្កេត​នៅ​ខែ​តុលា ឆ្នាំ​២០២៥ ដោយ​សន្និ​ដ្ឋាន​ថា​ ស្ថាប័ន IFC មិន​បាន​អនុវត្ត​ការ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​ហានិ​ភ័យ​សង្គម​ឱ្យ​បាន​គ្រប់​គ្រាន់ ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​កម្ចី ការ​ប្រើ​ប្រាស់​ដី​ជា​ទ្រព្យ​ធានា​ និង​ផល​ប៉ះពា​ល់​លើ​អ្នក​ខ្ចី​​ប្រាក់ និង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច។

របាយការណ៍បានបង្ហាញថា ការពឹងផ្អែកលើប័ណ្ណដីជាទ្រព្យធានាសម្រាប់​កម្ចី អាច​រួម​បញ្ចូល​ប័ណ្ណ​ដី​ដែល​ត្រួត​លើ​ដី​សមូហ​ភា​ព​របស់​ជន​ជាតិ​ដើម​ភាគ​តិច។ CAO ក៏​បាន​រក​ឃើញ​ថា IFC មិន​បាន​ផ្តល់​ការ​ណែនាំ​ និង​នីតិ​វិធី​ច្បាស់​លាស់​​គ្រប់​​គ្រាន់​ដល់​គ្រឹះស្ថា​ន​ហិរញ្ញ​វត្ថុ ក្នុង​ការ​កំណត់​អត្ត​សញ្ញាណ និង​ការ​ពារ​ដី​សមូហ​ភាព​ទាំង​នោះ​ទេ។

ក្រុមសង្គមស៊ីវិល បានលើកឡើងថា បញ្ហាបំណុលបានបង្កផលប៉ះពាល់​ជាច្រើន​ដល់​គ្រួសារ​ជន​ជាតិ​ដើម​ភាគ​តិច រួម​មាន កុមារបោះបង់ការសិក្សា សមាជិកគ្រួសារចំណាកស្រុកទៅរកការ​​ងារ និង​គ្រួសារបែកបាក់។ បញ្ហានេះ​ក៏បាន​ប៉ះ​ពាល់​ដល់​ការ​រៀបចំពិធីបុណ្យប្រពៃណី ការអនុវត្តជំនឿ និងការរក្សាអត្តសញ្ញាណរបស់សហគមន៍ផងដែរ។

ក្រុមសង្គមស៊ីវិល ក៏បានព្រួយបារម្ភថា សម្ពាធលើកូនបំណុលអាចបង្ខំឱ្យពួកគេលក់ ឬផ្ទេរដីទៅ​ឱ្យអ្នកក្រៅ​សហគមន៍។ ប្រសិន​បើស្ថានភាពនេះ​បន្តកើតមាន សហគមន៍ជនជាតិដើមភាគតិច​អាចប្រឈមនឹងការបាត់​បង់​ដីធ្លី អត្ត​សញ្ញាណ វប្បធម៌ និង​ឱកាសក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពជាផ្លូវការ។

ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ​នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់​​វីអូឌីថា កាលពីឆ្នាំ​២០២២ ប្រជាពលរដ្ឋជនជាតិដើមភាគតិច និងអតិថិជន​ជំពាក់បំ​ណុ​ល​មីក្រូ​​ហិរញ្ញវត្ថុ និង​​ធនាគារចំនួន ១៨​នាក់ ដាក់ពាក្យបណ្ដឹងទៅកាន់​ការិយា​ល័យ​ភា​​ពអនុ​​លោម​​ទី​ប្រឹក្សា​​ដោះ​​ស្រាយ​​វិវាទ (CAO) នៃ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរ​​ជាតិ (IFC) ក្រោម​ធនាគារ​ពិភព​លោក ដើម្បី​ប្ដឹង​​ស្ថាប័ន​​ហិ​រញ្ញ​វត្ថុ​​ចំនួន៦ ដែល​រំលោភ​បំពាន​លើ​សិទ្ធិ​របស់​ពួក​គេ។

លោកបន្តថា ផ្អែកលើការ​ស៊ើប​អង្កេត​ចាប់ពីឆ្នាំ២០២៣ ដល់​ឆ្នាំ២០២៥ CAO រក​ឃើញថា​ ​មាន​​ការ​រំលោភ​សិទ្ធិ​លើ​ជន​ជាតិ​​ដើម​ភាគ​តិច​ពិត​ប្រាកដ​មែន ដូច​ជា ​ការ​បង្ខំ​​ឱ្យ​លក់​ដី​ដើម្បី​សង​បំណុល ការ​ធ្វើ​​ចំណា​ក​ស្រុក​ និង​កុមារ​ត្រូវ​បោះ​​បង់​​ការ​សិក្សា​ ដើម្បី​ជួយ​រក​ប្រាក់​សង​បំណុល​ជា​ដើម។

លោក អំ សំអាត ថ្លែងថា៖ «នៅពេលដែលគាត់ជំពាក់បំណុល គឺគាត់​មិន​មាន​ពេល​​វេលា​នៅ​ក្នុង​កា​​រចូល​រួម​​តាម​​លក្ខ​​ណៈ​​ប្រពៃណី ទំនៀម​ទម្លាប់​របស់​ជន​ជាតិ​ដើម​ភាគ​តិច។ អាហ្នឹង​វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ដល់​អត្ត​​សញ្ញា​ណ​​​នៃ​​ជន​​ជាតិ​ដើម​​ភាគ​​តិច​ហ្នឹង​ទៅ​ទៀត​បាទ។ ហើយ​មួយ​វិញ​ទៀត​ដែរ យើង​ឃើញ​ថា ​ពួក​គាត់​ខ្លះ​​បាន​កា​ត់​​បន្ថយ​​នូវ​របប​អាហារ​ ដោយ​​សារ​តែ​សន្សំ​លុយ​ដើម្បី​សង ចឹង​វា​ប៉ះ​ពាល់​សម្រាប់​សុខ​ភាព»។

លោក អំ សំអាត បន្តថា ការជំពាក់បំណុលនេះ ក៏ប៉ះពាល់ដល់ប្រពៃណី វប្បធម៌ អត្ត​សញ្ញាណ​ និង​សុខ​​ភាព​​របស់​​ជន​ជាតិ​ដើម​ភាគ​តិច​ផង​ដែរ ដោយ​សារ​ការ​កាត់​បន្ថយ​របប​អាហារ​ដើម្បី​សន្សំ​ប្រាក់​សង​បំណុល។

លោកបញ្ជាក់ថា៖ «ការទទួលយករបាយការណ៍ CAO របស់​ធនាគារ​ពិភព​លោក​វា​ជា​រឿង​សំខាន់ ប៉ុន្តែ​​វា​​​ជា​រឿង​មួយ​គួរ​ឱ្យ​សោក​ស្តាយ​ ដែល​ត្រូវ​បាន​បដិសេធ​មិន​ទទួល​យក​នូវ​របាយ​ការណ៍​នេះ​ទៅ​វិញ ដែល​វា​ជះ​​ឥទ្ធិ​ពល​[…] អង្គការ​សង្គម​​ស៊ីវិល​យើង​ នៅ​តែ​ទទូច​ឱ្យ​ធនាគារ​ពិភព​លោក​នេះ ទទួល​យ​​ករបាយ​​ការណ៍​របស់ CAO ដើម្បី​ទៅ​ធ្វើ​ការ​ដោះ​ស្រាយ​ និង​រក​យន្ត​ការ​ដើម្បី​ដោះ​ស្រាយ»។

គួរជម្រាបថា ការប្រើប្រាស់ប័ណ្ណដែលអាចត្រួតលើដីសមូហភាពជាទ្រព្យធានា​សម្រាប់​កម្ចីបុគ្គល គឺ​ផ្ទុយនឹងគោល​ការណ៍​​ការ​ពារ​​ដីសមូហភាព ដែល​មានចែងក្នុងមាត្រា ២៣ ដល់ ២៨ នៃ​ច្បាប់​ភូមិបាលឆ្នាំ២០០១។ មាត្រាទាំងនេះ កំណត់​អំពីអត្តសញ្ញាណសហគមន៍​ជនជាតិដើមភាគ​តិច សមាជិកភាព ដែនដីសហគមន៍ និងកម្មសិទ្ធិសមូហភាព។ ច្បាប់ភូមិបាលឆ្នាំ២០០១ បាន​ចែងពីការកំ​ណត់​កា​រកា​រពារកម្ម​សិទ្ធិ​សមូហភាព​របស់សហគមន៍ជនជាតិដើម​ភា​តិច និង​​មិន​​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ខាង​ក្រៅ​សហគមន៍ ទទួល​បាន​សិទ្ធិ​លើ​អចលន​ទ្រព្យ​របស់​សហគមន៍​ឡើយ។

ទន្ទឹមនឹងនេះ ស្តង់ដារប្រតិបត្តិលេខ៧ របស់ IFC ស្តីពីជនជាតិដើមភាគតិច កំណត់ឱ្យសកម្ម​ភាព​អាជីវ​កម្ម​ដែល​ទទួល​​ការ​វិនិយោគ​ពី IFC គោរព​សិទ្ធិ អត្ត​សញ្ញាណ វប្បធម៌ និង​ធន​ធាន​ធម្ម​ជាតិ​របស់​ជន​ជាតិ​ដើម​ភាគ​តិច ព្រម​ទាំង​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ដែល​អាច​កើត​មាន។

តាមទិន្នន័យរបស់អង្គការសហប្រជាជាតិ មានជនជាតិដើមភាគតិចប្រមាណ ៤៧៦ លាន​នាក់រស់​នៅ​ក្នុង​ប្រទេស​ជាង ៩០ ជុំវិញ​ពិភព​លោក។ UN បញ្ជាក់​ថា ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដីធ្លី និង​ធន​ធាន​ធម្មជាតិ ប៉ុន្តែ​ជា​រឿយៗ​ត្រូវ​បាន​ផាត់​ចេញ​ពី​ដំណើរ​ការ​សម្រេច​ចិត្ត និង​ប្រឈម​នឹង​ការ​បាត់​បង់​ដី​ធ្លី។

ប្រធានកម្មវិធីនៃអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO) លោក ម៉ង វិចិត្រ ប្រាប់​វីអូឌី​ តាម​សារ​​សំណេរ​ថា បំណុល​​មីក្រូ​ហិ​រញ្ញ​វត្ថុ​បាន​ជះ​ឥ​​ទ្ធិព​ល​អវិជ្ជ​មាន​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​​សហគមន៍​ជន​​ជាតិ​​ដើម​ភាគ​​តិច ដោយសារខ្វះជំនាញ​​បង្កើនចំណូលសម្រាប់សងបំណុល។ លោកបន្តថា ស្ថាន​ភាព​នេះ​​ បានបង្ខំឱ្យពួ​កគាត់កាត់បន្ថយការចំណាយ​លើ​អាហារូបត្ថម្ភប្រចាំថ្ងៃ និង​ប៉ះ​ពាល់​ដល់​ទំនៀម​ទម្លាប់នៃ​​ការ​ជួប​ជុំ​បង​ប្អូន ព្រម​ទាំង​ធ្វើ​ឱ្យ​កូនៗ​ត្រូវ​បោះ​បង់​ការ​សិក្សា​ ដោយ​ក្នុង​នោះ​កូន​ស្រី​ខ្លះត្រូ​វ​ប្រ​ឈម​នឹង​ការ​ស្វែង​រក​ប្រាក់​តា​​មវិ​ធី​​មិន​សមរម្យ ដើម្បី​ជួយ​​គ្រួសារ ​ខណៈ​បញ្ហា​នេះ​​បាន​​បណ្តាល​ឱ្យមា​ន​ករណី​ធ្វើ​អត្តឃាត​ចំនួន ៣ ករណី នៅខេ​ត្ត​រតន​គិរី​ និង​មណ្ឌល​គិរី។

លោក ម៉ង ចិត្រា បន្ថែមថា ការបាត់បង់ ឬការបញ្ចាំដីធ្លីបានរាំងស្ទះដល់ជីវភាពសង្គម សេដ្ឋកិច្ច និង​វប្បធ​ម៌​របស់​ជនជាតិដើមភាគតិច ដែលអាស្រ័យផលលើដីនិងព្រៃឈើ។ បញ្ហានេះ រួមផ្សំ​នឹង​នីតិវិធី​ចុះបញ្ជី​ដីធ្លី​សមូហភាពដែលមានភាពយឺតយ៉ាវ បានធ្វើឱ្យសហគមន៍មួយចំនួន​អស់​សង្ឃឹម​រហូតដល់លះបង់កា​របន្តស្នើសុំ ខណៈដែលយន្តការចុះបញ្ជីដីសមូហភាពនេះ គឺ​ជា​ឧបករណ៍​ដ៏សំ​ខាន់ក្នុងការកា​រពារអត្តស​ញ្ញាណ វប្បធម៌ ការគ្រប់គ្រងធនធានធម្មជាតិ និង​មរតក​វប្បធម៌​ជាតិទាំងមូល។

វីអូឌី មិនអាចទាក់ទងអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី ដើម្បី​សុំ​ការ​អត្ថា​ធិប្បាយ​បន្ថែម​បាន​នៅ​ឡើយ​ទេ នៅថ្ងៃទី១០ ខែសីហា។

កាលពីខែតុលា ឆ្នាំ២០២៥  ការិយាល័យភាពអនុលោមទីប្រឹក្សាដោះស្រាយវិវាទ (CAO) បាន​រក​ឃើញ​ថា ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយចំ​​នួន​ ដែល​ទទួល​បាន​ការ​វិនិយោគ​ពី​សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ (IFC) បាន​ផ្តល់​ប្រាក់​កម្ចី​​ជា​ច្រើន ដែល​មាន​ដាក់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ជា​ទ្រព្យ​ធានា​ត្រួត​លើ​ដី​​ធ្លី​ជន​ជាតិ​ដើម​ភាគ​តិច។ របាយ​ការណ៍​នោះ ក៏​​បាន​​រក​ឃើញ​ផង​ដែរ​ថា​ មិន​មាន​ភស្តុតាង​ណាមួ​យ​ដែល​បាន​បង្ហាញ​ថា សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ (IFC) បាន​ផ្តល់​​យោបល់ និង​ការ​ណែនាំ អំពី​វិធី​សាស្ត្រ​ និង​ដំណើរ​ការ​ក្នុង​ការ​កំណត់​អត្ត​សញ្ញាណ​ដី​សមូហ​ភាព​របស់​សហគមន៍​ជន​​ជាតិ​​ដើម​ភាគ​តិច ទៅ​ដល់​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ដែល​ទទួល​បាន​ការ​វិនិយោគ​របស់​ខ្លួន​នោះ​ទេ។ ប៉ុន្តែ​ការ​រក​ឃើញ​នេះ​​ត្រូវ​​បាន IFC ច្រាន​ចោល។

ក្រុមសង្គមស៊ីវិល បានរិះគន់ជំហររបស់​សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដោយ​ចាត់​ទុក​ថា​ ការ​​មិន​ទទួល​ស្គាល់​ការ​រក​​ឃើញ​​របស់​​ការិយា​ល័យ​ភាព​អនុ​លោម​ទីប្រឹក្សា​ដោះ​ស្រាយ​វិវាទ​(CAO) អាច​ធ្វើ​ឱ្យខ្សោ​យ​ដល់​យន្ត​ការ​គណ​នេយ្យ​​ភាព​​​​របស់​​ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ។

សហគមន៍ជនជាតិដើមភាគតិច និងអង្គការសង្គមស៊ីវិលទាំង ៥៨ ស្ថាប័ន បន្ត​អំពាវ​នាវ​ឱ្យ​ សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរ​​​ជាតិ (IFC) និង​ក្រុម​ធនាគារ​ពិភព​លោក ទទួល​ស្គាល់កា​រ​រក​ឃើញ​របស់ CAO ហើយរៀ​ប​ចំយ​ន្ត​ការ​សំណង និង​ស្តារ​ជីវភាព​សម្រាប់​អ្នក​ខ្ចី​ប្រាក់ ព្រម​ទាំង​សហគមន៍​ដែល​រង​ផល​ប៉ះ​ពា​ល់ ព្រម​ទាំង​បញ្ឈប់​ការ​ប្រើ​ប្រាស់​ដីស​មូហភា​ព​របស់ជ​ន​ជាតិ​ដើម​ភាគ​តិច​ជា​ទ្រព្យ​ធានា​សម្រាប់​កម្ចី​បុគ្គល។ ការអំពាវនាវនេះ រួមមាន​ទាំង​ការ​​ស្នើ​ឱ្យមា​ន​ការ​ផ្តល់​កា​រ​ណែនាំ​ច្បា​ស់​លាស់​ដល់​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ ក្នុង​ការ​កំណត់​អត្ត​សញ្ញាណ និង​ការ​ពារ​ដី​សមូហភាព, ការ​ពន្លឿន​ដំណើរ​​ការ​ចុះ​បញ្ជី​ដីស​មូហ​ភាព និង​ធានា​ឱ្យ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ចូល​រួម​ក្នុង​​ការ​សម្រេច​ចិត្ត​ដែល​​ប៉ះ​ពាល់​​ដល់​​ដី​ធ្លី ជីវភាព និង​វប្បធម៌​របស់​ជន​ជាតិ​ដើម​ភាគ​តិច​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ