ខណៈរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត បន្តទម្លាយឱ្យដឹងថា ថៃបង្កើនការរំលោភបំពានកាន់តែខ្លាំងឡើងក្តីមកលើដែនអធិបតេយ្យកម្ពុជានោះ អ្នកឃ្លាំមើល បានអះអាងថា ព្រំដែនខាងកើតឯណោះវិញ ក៏វៀតណាមបានលួចរំកិលព្រំដែនរំលោភយកទឹកដីកម្ពុជាចូលដូចគ្នាដែរ ដោយគ្រាន់តែរដ្ឋាភិបាលព្យាយាមលាក់បាំង។
តាមរយៈក្រសួងការបរទេស នៅថ្ងៃទី១០ខែសីហា កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានដោយធ្វើការតវ៉ាជាថ្មីទៀត ចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើដីកម្ពុជា។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងនៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់នៅថ្ងៃទី១១ខែសីហានេះថា រាជរដ្ឋាភិបាលកម្ពុជាតវ៉ាយ៉ាងខ្លាំង ចំពោះការរំលោភបំពានរបស់ថៃ លើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តោយព្រំដែន។ ការតវ៉ានេះ ធ្វើឡើងបន្ទាប់ពីយោធាថៃ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានបន្តសាងសង់លេណដ្ឋានយោធាថ្មី ដោយរំលោភចូលក្នុងទឹកដីកម្ពុជា នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មថា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកថា៖ «លើសពីនេះ នៅថ្ងៃទី៧ខែសីហា រដ្ឋាភិបាលថៃ បានប្រកាសផែនការពង្រីកបណ្តាញអគ្គិសនីជាតិរបស់ថៃ ទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣។ សកម្មភាពទាំងនេះ គឺជាការប៉ុនប៉ងពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ពីសំណាក់ប្រទេសថៃ ដែលរំលោភលើកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ស្តីពីការកំណត់ព្រំដែនគោកជាមួយប្រទេសកម្ពុជា»។
កម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពទាំងនេះ ដែលជាការប៉ុនប៉ងពង្រីកការកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ ដែលរំលោភលើកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ស្តីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជា។
ទាក់ទងបញ្ហាព្រំដែនខាងកើតវិញ កាលពីថៃ្ងទី៥ ខែសីហា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋខ្មែរនៅភូមិតាង៉ា ឃុំយ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី អះអាងថា វៀតណាមបានបោះបង្គោលព្រំដែនដោយរំលោភយកដីខ្មែរជាច្រើនគីឡូម៉ែត្រ នៅក្នុងតំបន់នោះ និងបានចូលមកចុច GPS កំណត់ព្រំដែន នៅកណ្តាលភូមិតាង៉ា។ ជាមួយគ្នានេះ កាលពីថៃ្ងទី៤ ខែសីហា ឆ្នាំ២០២៦ ពលរដ្ឋខ្មែរនៅឃុំដូង ក៏អះអាងដែរថា ពលរដ្ឋវៀតណាមបានប្រើត្រាក់ទ័រចូលមកភ្ជួរយកដីស្រែពលរដ្ឋខ្មែរបន្ថែមទៀត ក្នុងជម្រៅប្រមាណ ១០០ម៉ែត្រ នៅខាងត្បូងផ្ទះ៦ខ្នង ស្ថិតក្នុងភូមិអង្គុញ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។
យ៉ាងណា គេនៅមិនទាន់ឃើញស្ថាប័នជំនាញរបស់រដ្ឋាភិបាលកម្ពុជា ចេញបកស្រាយ ឬក៏បើកបង្ហាញព័ត៌មាននេះនៅឡើយទេ។
ចំណែក លោក នេត្រ ភក្តា្រ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់សម្តីថា នេះជាព័ត៌មានមិនពិត។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានប្រាប់វីអូឌីនៅថ្ងៃទី១១ខែសីហាថា ការដែលរដ្ឋាភិបាលបន្តចេញលិខិតតវ៉ាប្រឆាំងការបន្តពង្រីកការឈ្លានពានរបស់ថៃ ហាក់ពុំឃើញមានប្រសិទ្ធភាពអ្វីឡើយ ខណៈថៃនៅតែគឃ្លើនបន្តពង្រីកការឈ្លានពានចូលមកក្នុងទឹកដីកម្ពុជា។ ការដែលកម្ពុជាហាក់ប្រកាន់ជំហរមិនច្បាស់លាស់ ដោយម្តងថ្កោលទោសថៃ ហើយនៅពេលដែលមានប្រតិកម្មពីថៃ បែរជាប្តូរជំហររង់ចាំចរចាជាមួយថៃ និងការមិនប្តឹងថៃទៅកាន់តុលាការអន្តរជាតិ បានធ្វើឱ្យថៃកាន់តែគឃ្លើនបន្តរុលចូលឈ្លានពានដីកម្ពុជាកាន់តែជ្រៅ។
ចំណែក ការបន្តរុលចូលឈ្លានពានទឹកដីពីសំណាក់វៀតណាម លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកហ៊ុន ម៉ាណែត បានបិទព័ត៌មានទាំងអស់ ដោយសារតែលោកហ៊ុន សែន បានឡើងកាន់អំណាច និងអាចបន្តពង្រឹងអំណាចតពូជដូចសព្វថ្ងៃ គឺដោយសារវៀតណាមលើកបន្តុប។ លោកហ៊ុន សែន បានធ្វើឱ្យសន្ធិសញ្ញាខុសច្បាប់ឆ្នាំ១៩៨២-៨៣និង៨៥ ដែលបានកាត់ដីគោកដីកោះ និងសមុទ្រទៅឱ្យវៀតណាម ប្រែក្លាយជាស្របច្បាប់ តាមរយៈសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ បើទោះសន្ធិសញ្ញាដែលធ្វើឡើង ក្រោមការត្រួតត្រារបស់វៀតណាមនោះ ត្រូវបាននិរាករណ៍ ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរួចហើយក្តី។
លោកថា៖ «ធ្វើសន្ធិសញ្ញាថ្មីបោះបង្គោលព្រំដែនថ្មីធ្វើផែនទីថ្មី អ៊ីចឹងហើយធ្វើឱ្យវៀតណាមហ្នឹងមានឱកាសពង្រីកការឈ្លានពានទឹកដីខ្មែរស្របច្បាប់របស់ លោក ហ៊ុន សែន កែប្រែលក្ខខន្តិកៈឯកសារព្រំដែនជាមួយនឹងបារាំង កែប្រែអស់ ទទួលយកមរតកវៀតណាមធ្វើផែនទីតាមវៀតណាមចង់បាន ធ្វើការបោះបង្គោលព្រំដែនតាមវៀតណាមចង់បាន អ៊ីចឹងទៅបានជារដ្ឋាភិបាលលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ហ្នឹងគ្មានការតវ៉ាអីជាមួយវៀតណាមទេ»។
អ្នកជំនាញកិច្ចការព្រំដែនរូបនេះ បញ្ជាក់ថា បើតាមពលរដ្ឋ ថ្មីៗនេះ វៀតណាមក៏បានរុលចូលមកក្នុងទឹកដីខ្មែរបន្ថែមទៀតដែរ ប៉ុន្តែរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត លាក់បាំងព័ត៌មាននេះ ដោយសារមិនហ៊ានតវ៉ាជាមួយវៀតណាមដែលជាចៅហ្វាយនាយរបស់ខ្លួន។
លោកថា៖ «លាក់ព័ត៌មានវៀតណាមមិនឱ្យផ្សាយទេ វៀតណាមឈ្លានពានអីក៏ឈ្លានពានតាមចិត្តទៅហើយផ្សាយព័ត៌មានរឿងវៀតណាមឈ្លានពាន ក៏មិនបានដែរ គឺចាប់ដាក់គុក។ ចឹងសរុបជារួមចំណុចខុសគ្នារវាងការឈ្លានពានរបស់ថៃនិងវៀតណាម នៅត្រង់ថា ថៃអត់មានកិច្ចសន្យាដឹងគុណអីទេ ចំណែកវៀតណាមគឺមានកិច្ចសន្យាជំពាក់គុណវៀតណាម ម៉្លោះហើយបានរដ្ឋាភិបាលលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ហ្នឹងធ្វើសន្ធិសញ្ញាថ្មីបោះបង្គោលព្រំដែនថ្មីជាមួយវៀតណាម យ៉ាងពេញចិត្តពេញថ្លើម»។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យល់ស្របទៅនឹងការលើកឡើងរបស់លោកម៉ែន ណាត ដោយថ្លែងបញ្ជាក់ថា ការពិតគឺទាំងវៀតណាមនិងថៃ សុទ្ធតែបាននិងកំពុងបន្តឈ្លានពានទឹកដីកម្ពុជាដូចគ្នា ក៏ប៉ុន្តែលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត មិនដែលហ៊ាននិយាយថា វៀតណាមឈ្លានពានកម្ពុជា និងមិនដែលហ៊ានថ្កោលទោសវៀតណាម ដូចថ្កោលទោសថៃនោះទេ។
លោកថា៖ «ការដែលខុសគ្នាពីការតវ៉ាចំពោះការឈ្លានពានពីសំណាក់ប្រទេសវៀតណាម និងប្រទេសថៃនេះ ខ្ញុំយល់ថា ដោយសារអី? ដោយសារវៀតណាម គឺជាចៅហ្វាយរបស់លោកហ៊ុន សែន លោកហ៊ុន សែន បានកាន់អំណាចដោយសារវៀតណាម អ៊ីចឹងលាក់បាំងវៀតណាមឈ្លានពានយ៉ាងម៉េច ក៏អត់ហ៊ានថាវៀតណាមឈ្លានពានដែរ អត់ហ៊ានចេញលិខិតតវ៉ាអត់ហ៊ានប្រាប់ប្រជាពលរដ្ឋថា វៀតណាមឈ្លានពានទេ លាក់បាំងថា អត់ដែលវៀតណាមណាឈ្លានពានទេ ប៉ុន្តែថៃឈ្លានពានទឹកដីយើង គាត់ហ៊ានតវ៉ាហ៊ានបកអាក្រាតថៃឈ្លានពាន»។
បើតាមអ្នកជំនាញកិច្ចការព្រំដែនទាំងពីររូបនេះ ការបន្តចេញលិខិតតវ៉ារបស់រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ដែលអាចមានរហូតដល់ ១០០០ដងទៅហើយនោះ ហាក់មិនទាន់ឃើញទទួលបានផលអ្វីនៅឡើយនោះទេ ពីព្រោះចាប់តាំងពីក្រោយបទឈប់បាញ់កាលពីឆ្នាំ២០២៥មក រហូតមកដល់ពេលនេះ មានរយៈពេល៨ខែហើយ ថៃនៅតែបន្តរុលចូលឈ្លានពានទឹកដីកម្ពុជាស្ទើរៀងរាល់ថ្ងៃ តាមរយៈការរាយបន្លាលួស ដាក់ទូរកុងតឺន័រ វាទយកដីខ្មែរ ជីកលេណដ្ឋានទ័ព ជីកប្រឡាយ ធ្វើរបងព្រំដែនបេតុង និងសាងសង់សំណង់រឹងផ្សេងៗជាច្រើនទៀត។
ទាំងលោកម៉ែន ណាត និងលោកអ៊ុំ សំអាន យល់ស្របគ្នាថា ក្រោមការដឹកនាំរបស់លោកហ៊ុន សែន បានបើកឱកាសឱ្យវៀតណាមរុលចូលវាទយកដីគោក ដីកោះ មានកោះត្រល់ ចង្កោមកោះក្រចកសេះ និងផ្ទៃសមុទ្រកម្ពុជារាប់ម៉ឺនគីឡូម៉ែត្រក្រឡា។ ការដែលថៃហ៊ានបន្តរុលចូលឈ្លានពានទឹកដីកម្ពុជាយ៉ាងគឃ្លើនតាមអំពើចិត្តនេះ គឺដោយសារតែថៃរៀនតាមវៀតណាម ហើយការដែលលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត នៅអូសក្រឡា មិនហ៊ានប្តឹងថៃ គឺដោយសារតែបើប្តឹងថៃទៅអាចនឹងរាលដាលដល់វៀតណាមដែលជាចៅហ្វាយនាយរបស់ខ្លួន៕









