លោក នុត សវនា បន្ត​ច្រាន​ចោល​ករណី​ទណ្ឌិត ស្រី ស៊ីណា និង​ពុក​រលួយ​គ្រឿង​ញៀន

លោក នុត សវនា ប្រធាន​ពន្ធនាគារ​ព្រៃស បាន​ចេញ​មុខ​ច្រាន​ចោល​ទាំង​ស្រុង​នូវ​ការ​ចោទ​ប្រកាន់​ដែល​ថា​ ពន្ធនា​គារ​នេះ មាន​ជាប់​ពាក់​ព័ន្ធ​​នឹង​អំពើ​ពុក​រលួយ​ ការ​​ចែក​ចាយ​គ្រឿង​ញៀន និង​ការ​ទម្លាយ​ថា​មាន​គម្រោង​​​បញ្ជូន​ទណ្ឌិត ​ស្រី សីណា ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ គឺ​ជា​រឿង​ពិត។

យោង​តាមការបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ លោក នុត សវនា គឺ​​​លោក​បដិសេធ​ចោទ​ប្រកាន់​ទាំង​ឡាយ ដោយ​​លើក​ឡើង​ថា បុគ្គលឈ្មោះ មួង ណារ៉េត អតីត​បុគ្គលិក​អាស៊ីសេរី រួម​ជាមួ​យ លោក អ៊ុំ សំអាន និង​ក្រុម​ការ​ងារ កំពុង​តែ​ធ្វើស​កម្ម​ភាព​ទម្លាក់​កំហុស និង​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​របស់​លោក។ លោក​បាន​បញ្ជាក់​អះ​អាង​ថា ការ​ពិត​នៅ​តែ​ជា​ការ​ពិត ហើយ​លោក​បាន​បើក​ទ្វារ​ស្វាគមន៍ និង​អញ្ជើញ​អ្នក​សារ​ព័ត៌​មាន​ដែល​មាន​វិជ្ជា​ជីវៈ​ត្រឹម​ត្រូវ​ឱ្យ​មក​ជួប និង​សាក​សួរ​លោក​ដោយ​ផ្ទាល់ ដើម្បី​ទទួល​បាន​ការ​បក​ស្រាយ​ជាក់​លាក់។

ទន្ទឹមនឹងនេះ លោក នុត សវនា បង្ហាញ​ភស្តុតាង​ជារូ​ប​ថត​សម្ភារ​ហាម​ឃាត់ រួម​មាន ទូរសព្ទ​ដៃ និង​វត្ថុ​តាង​ផ្សេងៗ​ទៀត ដោយ​លោក​បញ្ជាក់​ថា នេះជា​ល​ទ្ធផ​លនៃ​ការ​ដក​ហូត​ក្នុង​យុទ្ធនា​ការ​បង្ក្រាប ចាប់​តាំង​ពី​លោក​បាន​ចូល​កាន់​ភារ​កិច្ច​ជា​ប្រធាន​មណ្ឌល «ម១» រយៈ​ពេល ១ ឆ្នាំ ២ ខែ និង ២ ថ្ងៃ គិត​ត្រឹម​ថ្ងៃ​ទី​១០​ ខែ​សីហា ឆ្នាំ​២០២៦។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​សម្តែង​ការ​អរគុណ​ចំពោះ​សាធារណ​ជន ​ដែល​តែង​តែ​ផ្តល់​ទំនុ​ក​ចិត្ត​លើ​រូប​លោក ក្នុង​ការ​បំពេញ​ភារកិច្ច​​បម្រើ​ជាតិ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ថា​មានការបណ្តែតបណ្តោយឱ្យលួចនាំចូល​គ្រឿង​ញៀន និង​ទូរស​ព្ទ​ដៃ លោក នុត សវនា បញ្ជាក់​ប្រាប់​វីអូឌី​បន្ថែម​នៅ​ថ្ងៃ​ទី១​១ ខែ​សីហា ថា កន្លង​មក​លោក​បាន​ខិត​ខំ​ដក​ហូត​ទូរសព្ទ​បាន​ជាង ៧០០​គ្រឿង ហើយ​លោក​ក៏​បាន​ចាត់វិ​ធាន​ការ​លើ​មន្ត្រី​ស្ថាប័ន​ខ្លួន​ឯង​យ៉ាង​ម៉ឺង​ម៉ាត់​ផង​ដែរ។

លោក នុត សវនា ថ្លែងថា៖ «ខ្ញុំសុំជម្រាបថា មកដល់ពេលនេះ ខ្ញុំចាប់​មន្ត្រី​ខ្លួន​ឯង​ហ្នឹង​ដាក់​គុក​អស់ ២នាក់ហើយ រឿង​នាំ​ចូល​ហ្នឹង​[…] ទាំង​គ្រឿង​ញៀន មាន​ទាំង​ស៊ីម​កាត ទូរសព្ទ​អីហ្នឹង ខ្ញុំ​ចាប់​មន្ត្រី​ខ្លួន​ឯង​ដាក់​គុក​អស់ ២នាក់​ហើយ។ គាត់​ជាប់​នីតិ​វិធី​តុលាការ អញ្ចឹង​ខ្ញុំ​សូម​អនុញ្ញាត​មិន​បញ្ចេញ​ឈ្មោះ​ទេ។ ករណី​អ្នក​នាំ​ចូល និង​អ្នក​ប្រើ​ប្រាស់​នេះ មន្ត្រី​គាត់​ជា​អ្នក​យក​អីវ៉ាន់​ចូល ប៉ុន្តែ​ជន​ជាប់​ឃុំ​គាត់​ជា​អ្នក​ចែក​ចាយ»។

ដោយឡែក ជុំវិញការចោទប្រកាន់អំពីការធ្វើលិខិតផ្ទេរ​ទណ្ឌិត ស្រី ស៊ីណា ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខាង​ក្រៅ លោក​ថា ខាង​ពន្ធនាគារ​គ្មាន​សមត្ថ​កិច្ច​បញ្ជាក់​ថា បុគ្គល​ណា​ម្នាក់​មាន​ជំងឺ​មហា​រីក​ឡើយ​ ពោល​គឺ​ទាម​ទារ​ឱ្យ​មាន​ការ​ពិនិត្យ​ពី​គ្រូពេ​ទ្យ​ជំនាញ​នៃ​មន្ទីរ​ពេទ្យរ​ដ្ឋ​ធំៗ និង​ត្រូវ​មាន​ការ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​ស្ថាប័ន​អយ្យការ។

លោក នុត សវនា បន្តថា៖ «យើងអត់មានសមត្ថកិច្ចស្របច្បាប់ណាមួយ ដើម្បី​បញ្ជាក់​ថា​បុគ្គល​ណា​ម្នាក់​មាន​ជំងឺ​មហា​​រីក​ទេ​[…] ការ​បញ្ជាក់​ថា មនុស្ស​មាន​ជំងឺ​មហា​រីក ទាល់​តែ​សមត្ថ​កិច្ច​របស់​ពេទ្យ​រដ្ឋ​ធំៗ ដូច​ជា​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត ឬ​កាល់​ម៉ែត​អី ទើប​គេមា​ន​សមត្ថកិច្ច​ស្រប​ច្បាប់​ក្នុង​ការ​បញ្ជាក់​ដោយ​វេជ្ជ​បណ្ឌិត​ជំនាញ។ បាទ! ឥឡូវខ្ញុំទា​ម​ទារ​អា​លិខិត​យោង​ហ្នឹង! ហើយ​មួយ​ទៀត ខ្ញុំ​សួរ​ថា ឥឡូវ​បើ​យើង​ដាក់​គាត់​ទៅ​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ខាង​ក្រៅ ឥឡូវ​សួរ​ថា មាន​អរ​ឌី​ណង់ (Ordonnance) មាន​វេជ្ជ​បញ្ជា​ពី​ពេទ្យ​ជំនាញ​ទេ ដែល​អាច​តម្រូវ​ឱ្យ​ជន​ហ្នឹង​ទៅ​សម្រាក​​ព្យាបាល​បាន?»។

អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៣១ ឆ្នាំ កាល​ពី​ចុង​ឆ្នាំ​២០២៤ ពាក់​ព័ន្ធ​នឹង​​ករណី​បាញ់​ប្រហារ​នៅ​បុរី​ប៉េង​ហួត បឹង​ស្នោ ដែល​បណ្តាល​ឱ្យ​មនុស្ស ២ នាក់​ស្លាប់​ និង ២ នាក់​ទៀត​រង​របួ​ស​ធ្ងន់។ សំណុំ​រឿង​នេះ នៅ​តែ​ស្ថិត​ក្នុង​កែ​វ​ភ្នែក​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​សាធារ​ណ​ជន ជុំវិញ​ភាព​ស្មើ​គ្នា​ចំពោះ​មុ​ខ​ច្បាប់។

មុនពេលមានការបកស្រាយពីភាគីពន្ធនាគារ លោក អ៊ុំ សំអាន អតីត​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​បង្ហោះ​សា​រ​​លើ​​ទំព័រ​​ហ្វេស​​ប៊ុក​​របស់​លោក ដោយ​អះអា​ង​ថា លោក​ទទួល​បាន​ព័ត៌​មាន​ពី​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ក្នុង​ពន្ធនា​គារ​ព្រៃស «ម១» ថា លិខិត​ស្នាម​បញ្ជូន​ទណ្ឌិត ស្រី ស៊ីណា ទៅស​ម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី ជារឿ​ង​ពិត​ប្រាកដ ប៉ុន្តែ​ត្រូវ​​បាន​អាក់​ខាន​ទៅ​វិញ ដោយ​សារ​តែ​ព័ត៌​មាន​នេះ បាន​លេច​ធ្លាយ​ជា​សាធារណៈ​មុន។ លោក​បាន​បន្ថែម​ថា កន្លង​មក មាន​អតីត​ឧកញ៉ា និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន ធ្លាប់​បាន​ប្រើ​ប្រាស់​លេស​ព្យាបាល​ជំងឺ ដើម្បី​ទៅ​ស្នាក់​នៅ​បន្ទប់​​VIP នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ីរ​ហូត​ដល់​ថ្ងៃ​ដោះ​លែង។

បន្ថែមលើសពីនេះ លោក អ៊ុំ សំអាន លើក​ឡើង​ថា មាន​ការ​បណ្តែត​បណ្តោយ​ឱ្យ​ចរាចរណ៍​គ្រឿង​ញៀន​ និង​ទូរសព្ទ​ដៃក្នុ​ង​ពន្ធនា​គារ ដែល​អនុញ្ញាត​ឱ្យ​ទណ្ឌិត​ប្រើ​ប្រាស់​ទំនាក់​ទំន​ង​ទៅ​ក្រៅ​ ដើម្បី​បន្ត​បទ​ល្មើស​ជួញ​ដូរ និង​បោក​ប្រាស់​ប្រាក់​ពលរដ្ឋ។

លោកក៏បានលើកឡើងពីបញ្ហាជីវភាពរស់នៅខុសគ្នារវាងអ្នកទោសមានប្រាក់ និងអ្នកទោសក្រីក្រ ការ​លក់​ទំនិញ​ថ្លៃ​​ជាង​​ទីផ្សារ​ទ្វេដ​ង ការ​តម្រូវ​ឱ្យ​បង់​ថ្លៃ​អគ្គិសនី និង​ប្រាក់​សួរ​សុខ​ទុក្ខ ព្រម​ទាំង​បញ្ហា​ហេដ្ឋា​រចនា​សម្ព័ន្ធ​អនាម័យ និង​​ទឹក​ប្រើ​ប្រាស់​មិន​គ្រប់​គ្រាន់។ លោក​ក៏បា​ន​រំលឹក​ពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន ជុំវិញ​ការ​ត្រូវ​គេ​ដក​ហូត​ប្រាក់​ក្នុង​ពន្ធនា​គារ និង​បាន​អំពាវ​នាវ​ឱ្យ​បញ្ឈប់​កា​រ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​ទោស​មនសិការ។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាឃ្លាំមើលសង្គម លោក អ៊ុំ សំអាន ប្រាប់​វីអូឌី នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ថា ការ​​ឆ្លើយ​តប​របស់​លោក នុត សវនា មិន​បង្ហាញ​ពី​ការ​ពិត ដោយ​ហេតុ​ថា​មន្ត្រី​ក្នុង​ពន្ធនា​គារ​ផ្ទាល់​ជា​អ្នក​បង្ហើប​ប្រាប់​​លោក​ នា​ពេល​ថ្មីៗ​នេះ ថា​ការ​ប្រើ​ប្រាស់​ទូរសព្ទ និង​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​តែ​បន្ត​។

ដោយ​ឡែក ទាក់​ទងនឹងករណីទណ្ឌិត ស្រី ស៊ីណា លោកឱ្យដឹងថា ការ​ធ្វើលិខិត​ផ្ទេរ​ទៅ​ព្យាបាល​ក្រៅ​ពន្ធនា​គារ គឺ​ជា​កា​រ​​ពិត ដោយ​គេរ​ង់ចាំ​តែ​​ថ្ងៃ​ចុះកា​ល​បរិ​ច្ឆេទ ពេល​បញ្ជូន​ចេញ​បាន​សម្រេច​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ដោយ​សារ​ការ​បែក​ធ្លាយ ទើប​គម្រោង​នេះ​ផ្អាក​ទៅ​វិញ។ តែ​យ៉ាង​ណា លោក​សង្ស័យ​ថា អាច​នឹង​មាន​ការ​គប់​គិត​គ្នា​បញ្ជូន​ទណ្ឌិត​នេះ​ចេញ ដោយ​ស្ងាត់ៗ​ជា​ថ្មី​ម្ដង​ទៀត នៅ​ពេល​មហាជន​លែង​ចាប់​អារម្មណ៍។

លោក អ៊ុំ សំអាន ថ្លែងថា៖ «បន្ទាប់ពីការបែកធ្លាយ ដែលនាំឱ្យពន្ធនាគារផ្អាក​សកម្ម​ភាព​នេះ ខ្ញុំ​ជឿ​ថា​​ គេ​អាច​នឹង​ធ្វើ​​លិខិត​​បញ្ជូន​បែប​នេះ នៅ​ពេល​ក្រោយ​ទៀត នៅ​ពេល​ដែល​ស្ងាត់។ នៅ​ពេល​ដែល​មហា​ជន​លែង​ចាប់​អារម្មណ៍​ណា អាហ្នឹង​រឿង​ហ្នឹង វា​កើត​ឡើង​នៅ​ស្រុក​ខ្មែរ​តែ​អញ្ចឹង​ឯង កាល​ណារឿ​ង​ដែល​គេ​ស្ងាត់​ហើយ គេ​នឹង​ធ្វើ​កិច្ច​ការ​ហ្នឹង​ម្តង​ទៀត​ហើយ។ យើង​ឃើញ​រឿង​ហ្នឹង​កើត​ដដែលៗ នៅក្នុ​ងស​ង្គម​ខ្មែរ​យើង​ណា»។

បើតាមលោក អ៊ុំ សំអាន ពន្ធនា​​គារគួរតែជាកន្លែងមានអនុវត្តសិទ្ធិ និង​ទោស​ឱ្យ​ដូចៗ​គ្នា​ទៅ​លើ​អ្នក​ជាប់​ឃុំ​គ្រប់​រូប ដោយ​មិន​ត្រូវ​មាន​នរណា​ទទួល​បាន​សិទ្ធិ​ពិសេស​ដែល​ប្រាស់​ចាក ឬ​គេ​ច​វេស​ពី​ការ​ទទួល​ទោស​កំហុស​របស់​ខ្លួន​នោះ​ឡើយ។

ជាងនេះទៅទៀត លោក​អំពាវនាវឱ្យពន្ធនាគារទាំងអស់ បង្កភាពងាយស្រួលដល់​សាច់​ញាតិ​ពេល​សួរ​សុខ​ទុក្ខ​ជន​ជាប់​​ឃុំ ដោយ​មិន​ត្រូវ​ទារ​ប្រាក់​បន្ថែម ខណៈជី​វភាព​ក្នុង​ពន្ធនា​គារ ត្រូវ​ធានា​ថា​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់ ទំនិញ​មិន​ថ្លៃ​ហួស​ហេតុ និង​អាច​ទទួ​ល​បាន​សេវា​ថែ​ទាំ​សុខ​ភាព​សម​ស្រប​ទៅ​តាម​ស្ថាន​ភាព​ជំងឺ។

លោកបន្ថែមថា៖ «លោក នុត សវនា គួរតែលុបបំបាត់អំពើពុករលួយហ្នឹង​ទៅ បើ​សិន​ជា​មិន​លុប​បំបាត់​ទេ​ អាច​ថ្នាក់​​លើ​គាត់​ចាត់​ការ​ចំពោះគាត់ ឬ​ក៏ដា​ក់​ទោស​ទណ្ឌ​ចំពោះ​គាត់​ណា អាហ្នឹង​វា​អាច​មាន​គ្រោះ​ថ្នាក់​ដល់​គាត់ ក្នុង​នាម​ជា​ប្រធាន​ពន្ធនា​គារ​ហ្នឹង គួរ​តែ​ធ្វើ​ម៉េច​កែ​លម្អ​ក្នុង​ការ​ដឹក​នាំ​របស់​ខ្លួន ហើយ​ទំនិញ​អី​ហ្នឹង​ នៅ​ក្នុង​ពន្ធនា​គារ កុំ​ឱ្យ​លក់​ថ្លៃពេ​ក ហ្នឹង​យើង​ឃើញ​ធ្វើ​អញ្ចឹង​នៅ​ក្នុង​ពន្ធនា​គារ គឺ​មាន​រឿង​ជា​ច្រើន ដែល​មិន​នឹក​ស្មាន​ដល់​ណា»។

ទាក់ទិនរឿងនេះដែរ ប្រធានសមាគមការពារសិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា លើក​ឡើង​​ថា បញ្ហាប្រ​ឈម​ក្នុង​ពន្ធនា​គារ​មិន​មែន​ជា​រឿង​ថ្មី​ទេ ដោយ​សារ​ប្រព័ន្ធ​គ្រប់​គ្រង និង​ហេដ្ឋា​រ​ចនា​ស​ម្ព័ន្ធ​បច្ចុប្បន្ន​នៅ​ពុំ​ទាន់​ឆ្លើយ​​តប​តាម​ស្តង់​ដារ​អន្តរ​ជាតិ​នៅ​ឡើយ។ លោក​ថា ដើម្បី​ដោះ​ស្រាយ​​មន្ទិល​សង្ស័យ​ និង​ធានា​តម្លា​ភាព​ជុំវិញ​ការ​គ្រប់​​គ្រង​ពន្ធនា​គារ អាជ្ញាធរ​គួរ​បើក​ផ្លូវ​ឱ្យ​​មាន​​ការ​ស៊ើប​​អង្កេត​ដោយ​ឯករាជ្យ​មួយ ដោយ​អនុ​ញ្ញាត​ឱ្យ​តួអ​ង្គ​ពាក់​ព័ន្ធ ដូច​ជា អង្គការ​សង្គម​ស៊ីវិល និង​អង្គ​កា​​រសហ​ប្រ​​ជា​ជាតិ​ ចូល​រួម​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​ស្ថាន​ភាព​ជាក់​ស្តែង​ក្នុង​​ពន្ធនាគារ។

លោក នី សុខា ថ្លែងថា៖ «ខ្ញុំយល់ថា មានតែការបើកការស៊ើប​អង្កេត​ដោយ​តួអង្គ​ឯករាជ្យ​មួយ​ ដែល​អាច​ឱ្យ​ប្រជា​ពលរដ្ឋ​ជឿទុ​ក​ចិត្ត​បាន ដើម្បី​បង្ហាញ​អំពី​តម្លា​ភាព ដើម្បី​ជៀស​វាង កុំ​ឱ្យ​ទី១ អាច​ផ្តល់​យុត្តិ​ធម៌​ទៅ​ដល់​អ្នក​គ្រប់​គ្រង​​ពន្ធនា​គារ​ផង ហើយ​ទី២ ដើម្បី​ជម្រះ​នូវ​មន្ទិល​សង្ស័យ​របស់​មហា​ជន​ផង។ អាហ្នឹង​វា​មាន​តែ​បើក​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ»។

យោង​តាម ច្បាប់ស្តីពីពន្ធនាគារ ឆ្នាំ២០១១ ការបញ្ជូនជនជាប់​ឃុំទៅព្យាបាល​នៅម​ន្ទីរ​ពេទ្យ​ខាង​ក្រៅ ត្រូវ​អនុវ​ត្ត​តាម​​នីតិ​វិធី​ច្បាស់​លាស់។

តាម​មាត្រា ៣៨ ការ​បញ្ជូន​ត្រូវផ្អែកលើសំណើរបស់មន្ត្រីពេទ្យពន្ធនាគារ និង​ការ​អនុញ្ញាត​ពី​ព្រះរា​ជ​អាជ្ញា​មាន​សមត្ថ​កិច្ច ខណៈ​ករណី​បន្ទាន់ ប្រធាន​ពន្ធនាគារ​អាច​បញ្ជូន​ជា​បន្ទាន់ និង​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ។ ចំណែក មាត្រា ៦១ ពាក់​ព័ន្ធ​នឹង​ការ​រៀប​ចំ​សន្តិ​សុខ​ក្នុង​ពេល​បញ្ជូន។ ដូច្នេះ ការ​ចេញ​​ទៅ​ព្យាបាល​នៅ​ក្រៅ​ពន្ធនា​គារ មិន​មែន​ជា​ការ​សម្រេច​តាម​ការ​នឹក​ឃើញ ឬ​មាន​ន័យ​ថា​ជា​ការ​ដោះ​លែង​ឡើយ។

ប៉ុន្តែកន្លងមក ករណីបញ្ជូនទណ្ឌិតទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រៅពន្ធនាគារ ធ្លាប់​កើត​ឡើង និង​បង្ក​ការ​រិះ​គ​ន់​​ជា​​ច្រើន​​ឆ្នាំ​រួច​មក​ហើយ ដូច​ជា ករណីមេ​គំនិត​សម្លាប់​មនុស្ស​គឺ ឧកញ៉ា ថោង សារ៉ាត់ និង​ឧក្រិដ្ឋ​ជន​ជួញ​ដូរ​គ្រឿង​​ញៀន លោក គិត ធាង ដែល​ពលរដ្ឋ​សង្ស័​យថា​ មាន​ការ​គប់​គិត​រវាង​ទណ្ឌិត និង​មន្ត្រី​​ ដើ​ម្បីរំ​ដោះពួ​ក​គេពី​ការ​អ​នុ​វត្ត​ទោស​ក្នុង​ពន្ធនា​គារ​ក្រោម​ហេតុ​ផល​ជំងឺ។

លើសពីនេះ ពន្ធនាគារត្រូវបានគេមើលឃើញថា ជាកន្លែងគាបសង្កត់ទៅ​លើ​ជីវភា​ព​ជន​ជាប់​ឃុំ និង​គ្រួសារ​ពួក​គេ​ដែល​​នៅ​ខាង​ក្រៅ ដ្បិត​ត្រូវ​ចំណាយ​ច្រើន​ទៅ​លើ​ទំនិញ​ដែល​មាន​តម្លៃ​ថ្លែ​នៅក្នុ​ង​ពន្ធនា​​គារ និង​ការ​រស់​នៅ​ចង្អៀត​ណែន​​ណាន់​​តាន់​​តាប់ បូក​រួម​ការ​គ្មាន​ទឹក​ស្អាត​ប្រើ​ប្រាស់ ដែល​ធ្វើ​ឱ្យ​ពួក​គេមា​នជំ​ងឺ​សើ​ស្បែក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ