ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រកាសជំហរបន្តការតស៊ូមតិបន្ថែមទៀត ក្នុងការទាមទារយុត្តិធម៌ក្នុងសំណុំរឿងរបស់លោកដែលត្រូវបានតុលាការដកសិទ្ធិនយោបាយ និងសំណុំរឿងរបស់អ្នកជាប់ឃុំមនសិការផ្សេងទៀត ដើម្បីជំរុញឱ្យមានយុត្តិធម៌សង្គម ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទាំង១៧លាននាក់។
ការប្រកាសជំហររបស់លោក រ៉ុង ឈុន នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ ធ្វើឡើងក្រោយពីលោកមិនទទួលបានជោគជ័យ ក្នុងការជំរុញទៅក្រសួងយុត្តិធម៌ ឱ្យសើរើសេចក្តីសម្រេចរបស់តុលាការដែលបានដកសិទ្ធិធ្វើនយោបាយ និងសិទ្ធិជាមូលដ្ឋានមួយចំនួនរបស់លោក។
ក្នុងលិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ និងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១០ ខែសីហា បានឆ្លើយតបថា សំណុំរឿងរបស់លោក រ៉ុង ឈុន ត្រូវបានតុលាការគ្រប់ជាន់ថ្នាក់ សម្រេចសេចក្តីដោយត្រឹមត្រូវ និងអនុវត្តទៅតាមច្បាប់ និងនីតិវិធី ហើយក្រសួងក៏ពុំបានរកឃើញភាពមិនប្រក្រតីណាមួយឡើយ ដូច្នេះបើ លោក រ៉ុង ឈុន មានអង្គហេតុថ្មី ឬភស្តុតាងថ្មី ដែលបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនក្នុងសំណុំរឿងនេះ គឺអាចអនុវត្តសិទ្ធិក្នុងការធ្វើបណ្តឹងសើរើនេះទៅតុលាការកំពូល ដោយត្រូវអនុវត្តស្របតាមលក្ខខណ្ឌ និងនីតិវិធីដែលមានកំណត់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។
ចំពោះសំណើររបស់លោក រ៉ុង ឈុន ដែលសុំឱ្យក្រសួងយុត្តិធម៌ពិចារណាទម្លាក់ចោលការអនុវត្តវិធានការកម្រិតសិទ្ធិ និងសេរីភាពជាមូលដ្ឋាន ក្រសួងបានឆ្លើយតបថា៖ «ច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ពុំមានបទប្បញត្តិណាមួយដែលចែងអនុញ្ញាតឱ្យក្រសួងយុត្តិធម៌អាចធ្វើការកែប្រែ ឬទម្លាក់ចោលនូវទោសដែលត្រូវបានសម្រេចដោយតុលាការឡើយ។ ដូច្នេះទោសដែលត្រូវបានសម្រេច និងប្រកាសដោយសាលដីកាស្ថាពររបស់តុលាការរួចហើយនេះ ត្រូវតែយកមកអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន»។
ក្រោយទទួលបានការឆ្លើយតបពីក្រសួងយុត្តិធម៌ មិនចំចំណុចដែលខ្លួនបានស្នើនោះ លោក រ៉ុង ឈុន បាននិយាយក្នុងសន្និសីទសារព័ត៌មានថា លោកនឹងបន្តតស៊ូមតិ និងស្វែងរកយុត្តិធម៌បន្តទៀត ពីអង្គព្រះមហាក្សត្រ រដ្ឋសភា និងព្រឹទ្ធសភាជាដើម ហើយនឹងអាចដាក់ពាក្យបណ្តឹងសើរើទៅតុលាការកំពូល នាពេលខាងមុខនេះ ដើម្បីជំរុញឱ្យមានយុត្តិធម៌សង្គម។ លោកបន្តថា ការជំរុញឱ្យមានយុត្តិធម៌សង្គមនេះ មិនមែនសម្រាប់តែរូបលោកនោះទេ ប៉ុន្តែសម្រាប់សេរីភាព និងជាប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
លោកថា៖ «ពីព្រោះការទាមទារវាមិនមែនសម្រាប់តែលោក រ៉ុង ឈុន ទេបាទ គឺសម្រាប់ពលរដ្ឋទាំង១៧លាននាក់ហ្នឹង ទាំងសារព័ត៌មានជាតិទាំងអីទាំងអស់ហ្នឹង»។
ទោះជាយ៉ាងណា អ្នកនយោបាយដែលសកម្មក្នុងការជំរុញឱ្យមានតម្លាភាពសង្គម និងបញ្ហាព្រំដែនរូបនេះ ក៏នៅតែស្នើជាថ្មីដល់ក្រសួងយុត្តិធម៌ ពិនិត្យសើរើឡើងវិញលើបណ្តឹងនេះ ហើយរុញឱ្យសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល បើកសវនាការ ឬជំនុំជម្រះក្តីសំណុំរឿងរបស់លោកឡើងវិញ។
ជាមួយគ្នានោះ លោក រ៉ុង ឈុន ក៏បានជំរុញដល់រដ្ឋាភិបាលកែលម្អឡើងវិញនូវការគោរពសិទ្ធិមនុស្ស បើកលំហរប្រជាធិបតេយ្យ និងកែទម្រង់ប្រព័ន្ធច្បាប់ ហើយដោះលែងអ្នកនយោបាយ សកម្មជនបរិស្ថាន សកម្មជនសង្គម សហជីព អ្នកសារព័ត៌មាន និងពលរដ្ឋផ្សេងទៀតដែលជាប់ឃុំទាំងអយុត្តិធម៌ ក្នុងខណៈដែលកម្ពុជាកំពុងទទួលរងផលប៉ះពាល់លើបញ្ហាជាច្រើន ដូចជាការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា បញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ បញ្ហាសេដ្ឋកិច្ច ទេសចរណ៍ និងការវិនិយោគទុកជាដើម។
ប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី មានប្រសាសន៍ថា សម្រាប់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ត្រូវបានគេមើលឃើញជាទូទៅហើយថាបែបណា បើទោះជារដ្ឋធម្មនុញ្ញកម្ពុជាបានចែងច្បាស់អំពីសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។
លោកថា៖ «ហើយដល់ពេលយើងធ្វើលើគោកចឹងទៅ វាអាក្រក់មើល វាអាក្រក់មើលណាស់ ចឹងបានការធ្វើសន្និសីទកាសែតរបស់លោកទីប្រឹក្សាគណបក្សហ្នឹង ចង់បញ្ជាក់ថា កន្លែងខ្លះដូចជាវាហួសពេក ដែលផ្ទុយអំពីច្បាប់រដ្ឋធម្មនុញ្ញយើង អាហ្នឹងគ្រាន់តែក្រើនរំលឹកថា អាចកែបានកែទៅ ក្រសួងយុត្តិធម៌ហ្នឹង»។
កាលពីខែមីនា ឆ្នាំ២០២៥ លោករ៉ុង ឈុន បានចុះទៅជួប និងសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមានបញ្ហាកង្វល់ដីធ្លីនៅសហគមន៍បឹងតាមោក ក្នុងរាជធានីភ្នំពេញ និងតំបន់ព្រលានយន្តហោះថ្មី ក្នុងខេត្តកណ្តាល។ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោកបានចូលរួមសម្តែងមតិនៅទីស្នាក់ការគណបក្សកម្លាំងជាតិ ស្រុកកោះធំ ខេត្តកណ្តាល ដោយជជែកដេញដោលអំពីស្ថានភាពកាត់បន្ថយភាពក្រីក្រ និងស្ថានភាពសិទ្ធិមនុស្ស។ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ លោកបានផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ជុំវិញដំណើរចុះពិនិត្យខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម របស់លោកនាយករដ្ឋមន្ត្រី ដោយសម្តែងការបារម្ភពីបូរណភាពទឹកដី។
ដោយផ្អែកលើសកម្មភាពទាំងនេះ ស្ថាប័នអយ្យការបានចោទប្រកាន់លោក ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ សំណុំរឿងបានអូសបន្លាយរហូតដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ទើបតុលាការកំពូល បានចេញសាលដីកាស្ថាពរ ផ្ដន្ទាទោសលោកដាក់ពន្ធនាគារ ៤ ឆ្នាំ (ព្យួរទោសសាកល្បង ៣ ឆ្នាំ) ព្រមទាំងដកសិទ្ធិនយោបាយ និងសិទ្ធិបោះឆ្នោតរយៈពេល ៥ ឆ្នាំ រួមទាំងដាក់បម្រាមរឹតត្បិតសេរីភាពជាច្រើនទៀត។
យ៉ាងណា ទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះ បានបញ្ជាក់ថា លោកមិនដែលមានចេតនា ឬសកម្មភាពណាមួយក្នុងការញុះញង់ឱ្យប្រជាពលរដ្ឋ ប្រព្រឹត្តអំពើដែលបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះឡើយ។ ផ្ទុយទៅវិញ លោកតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា ការគោរពច្បាប់ និងការដោះស្រាយបញ្ហាតាមមធ្យោបាយសន្តិវិធី។ ការព្រួយបារម្ភរបស់លោកចំពោះបញ្ហាព្រំដែន និងបូរណភាពទឹកដីគោកនិងទឹក គឺជាការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ជាតិ និងអធិបតេយ្យភាពរបស់ប្រទេស ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។
វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា បានទេ នៅថ្ងៃអង្គារនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានលើកឡើងថា តាមមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ពលរដ្ឋទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ហើយក្នុងរដ្ឋធម្មនុញ្ញនេះដដែល ក៏ចែងអំពី ពលរដ្ឋទាំងពីរភេទមានសិទ្ធិក្នុងការបោះឆ្នោត ឈរឱ្យគេបោះឆ្នោតទៅតាមអាយុដែលបានកំណត់។ ប៉ុន្តែនៅក្នុងទោសបន្ថែមនៃក្រមព្រហ្មទណ្ឌវិញ បែរជាអាចដកសិទ្ធិក្នុងការធ្វើនយោបាយ សិទ្ធិបោះឆ្នោត សិទ្ធិឈរឱ្យគេបោះឆ្នោតទៅវិញ ដែលវាមានភាពផ្ទុយគ្នា ដែលជាហេតុធ្វើឱ្យ លោក រ៉ុង ឈុន នៅតែយល់ថា ការផ្តន្ទាទោសរបស់តុលាការ ដែលដកសិទ្ធិធ្វើនយោបាយ និងសិទ្ធិជាមូលដ្ឋានរបស់លោក ថាជារឿងអយុត្តិធម៌។
លោកបន្តថា៖ «បើសិនជាសង្គមមួយយុត្តិធម៌ វាបង្កើតបានទៅជាឯកភាពជាតិ សាមគ្គីភាពជាតិ ហើយប្រជាពលរដ្ឋរស់នៅដោយសុខដុមរមនា បានន័យថា ប្រទេសមួយគឺជាប្រទេសនីតិរដ្ឋ[…] បើសិនជានៅក្នុងសង្គមណាមួយដែលមិនមាននីតិរដ្ឋ ហើយមិនមានភាពស្មើគ្នាចំពោះមុខច្បាប់ ឬក៏យុត្តិធម៌ចំពោះមុខច្បាប់ វាបង្កឱ្យមានបញ្ហាដូចជា រឿងបញ្ហារំលោភសិទ្ធិ បញ្ហាសិទ្ធិមនុស្ស ហើយបញ្ហាជាច្រើនទៀតដែលកើតនៅក្នុងសង្គមយើង»។
ទោះជាយ៉ាងណា ក្នុងនាមសង្គមស៊ីវិល លោក អំ សំអាត យល់ថា នាពេលកន្លងមក រឿងខ្លះ អ្នកនយោបាយក៏ធ្លាប់មានការសន្ទនាគា្ន និងមានការលើកលែងទោសជាបន្តបន្ទាប់ចំពោះអ្នកនយោបាយ ឬសកម្មជននយោបាយដែលរងការចោទប្រកាន់តាមផ្លូវតុលាការ។ ដូច្នេះដើម្បីបន្ធូរបន្ថយនូវបរិយាសតានតឹងនៃស្ថានភាពនយោបាយ និងធ្វើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងបោះឆ្នោតជាតិ នៅឆ្នាំ២០២៧ និង២០២៨ខាងមុខនេះ មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ លោកជំរុញឱ្យអ្នកនយោបាយបន្តវប្បធម៌សន្ទនាគ្នា ជជែកគ្នា ដើម្បីរកច្រកចេញផ្នែកនយោបាយនេះបន្តទៀត។
ចំណែក សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ជាទូទៅ ប្រព័ន្ធយុត្តិធម៌ មានសារប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋទូទៅ មិនមែនសម្រាប់តែអ្នកនយោបាយនោះទេ ហើយមិនថាតែអ្នកនយោបាយ ឬពលរដ្ឋទូទៅទេ បើសិនជាបាត់សិទ្ធិការធ្វើនយោបាយនេះ ក៏ដូចជាបាត់សិទ្ធិជាពលរដ្ឋពេញលេញដែរ ហើយករណីលោក រ៉ុង ឈុន ក៏ដូចគ្នា។
មួយវិញទៀត លោកថា កម្ពុជា ក៏ជាប្រទេសហត្ថលេខីដែលផ្តល់សច្ចាប័នទទួលយកនូវកតិកាសញ្ញា អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដូច្នេះកម្ពុជាមានកាតព្វត្រូវអនុវត្ត។
លោកថា៖ «រឿងការទាមទារសិទ្ធិធ្វើនយោបាយ រកយុត្តិធម៌របស់លោក រ៉ុង ឈុន នេះវាមានប្រយោជន៍ច្រើនណាស់ កាលណាបើយើងនិយាយពីប្រព័ន្ធយុត្តិធម៌ ឬក៏យុត្តិធម៌នៅក្នុងការធ្វើនយោបាយ វាទាមទារនូវការបញ្ចេញមតិ ទស្សនៈ ហើយបើសិនពលរដ្ឋ ឬក៏អ្នកនយោបាយគ្មានសិទ្ធិពេញលេញ នៅក្នុងការបញ្ចេញមតិ ទស្សនៈរបស់ខ្លួនឯងទេ យុត្តិធម៌ហ្នឹង ក៏សម្រេច ឬក៏អត់អត្ថន័យខ្លឹមសារពេញលេញដែរ ដោយសារតែការថា ការកាត់ក្តី ឬក៏ការវាយតម្លៃថាយុត្តិធម៌ហ្នឹង វាផ្អែកតែទៅលើអ្នកមានអំណាច ឬក៏អ្នកមានអាជ្ញាសិទ្ធិនៅក្នុងវិស័យនយោបាយ ឬក៏វិស័យតុលាការចឹងទៅ[…] កាលណាបាត់សិទ្ធិនយោបាយ ពលរដ្ឋបាត់នូវ គេហៅថា មិនមែនជាប្រជាពលរដ្ឋពេញលេញ វាជាអនុពលរដ្ឋ អនុប្រជាជន ហ្នឹងអ្វីដែលគាត់[លោក រ៉ុង ឈុន]ទាមទារជាការត្រឹមត្រូវហើយ ហើយជាការដាស់ស្មារតីពលរដ្ឋកម្ពុជាដែលបាក់បកខ្លបខ្លាចហ្នឹងឱ្យហ៊ានតវ៉ាទាមទាររកខុសត្រូវ និងរកយុត្តិធម៌ឱ្យខ្លួនឯងដែរ»។
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងសន្និសីទសារព័ត៌មានក្រោយបិទបញ្ចប់បេសកកម្មផ្លូវការលើកដំបូងរយៈពេលពីរសប្ដាហ៍នៅកម្ពុជា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស លោក ថម អេនឌ្រូ (Tom Andrews) បានវាយតម្លៃថា កម្ពុជានៅតែប្រឈមបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរ ខណៈមនុស្សជាង ១០០នាក់ កំពុងត្រូវបានឃុំខ្លួនដោយសារតែការអនុវត្តសិទ្ធិមូលដ្ឋាន ខណៈលំហនយោបាយ សេរីភាពបញ្ចេញមតិកាន់តែរួមតូច។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់គួរត្រូវជាប់ពន្ធនាគារ ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានដោយសន្តិវិធីឡើយ៕









