ចំណុច​ខ្សោយ​នៃ​លិខិត​ឆ្លើយ​តប​របស់​ក្រសួង​យុត្តិ​ធម៌​ចំពោះ​​សំ​ណើ​​លោក រ៉ុង ឈុន

ផ្អែក​លើ​លិខិត​ស្នើ​សុំ​អន្តរា​គមន៍​របស់​លោក រ៉ុង ឈុន ចុះ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២៦ និង​លិខិត​ឆ្លើយ​តប​ផ្លូវ​ការ​របស់​​ក្រសួង​យុត្តិ​ធម៌ ចុះ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២៦ ដែល​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ដោយ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​​ធម៌ លោក ឯម ច័ន្ទមករា នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៦ គេ​សង្កេត​ឃើញ​ថា​ ការ​ឆ្លើយ​តប​របស់​ក្រសួង​យុត្តិ​ធម៌​​មាន​​ភាព​ចន្លោះ​ប្រហោង និង​ចំណុច​ខ្សោយ​ជា​ច្រើន​ទាំង​លើ​ផ្នែក​ទិដ្ឋ​ភាព​ច្បាប់ និង​ស្មារតី​យុត្តិ​ធម៌​សង្គម។

ចំណុចខ្សោយដំបូងគេ គឺការផ្តោតលើទម្រង់នីតិវិធី ជាជាង​ខ្លឹម​សារ​នៃ​យុត្តិ​ធម៌។ នៅ​ក្នុង​លិខិត​ឆ្លើយ​តប​ ក្រសួង​យុត្តិ​ធម៌ បាន​គូស​បញ្ជាក់​ថា ដំណើរ​ការ​កាត់​ក្តី​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹម​ត្រូវ​តាម​ច្បាប់ ដោយ​សារ​លោក រ៉ុង ឈុន មាន​មេធា​វីកា​រ​ពារ​ខ្លួន និង​បាន​ប្រើ​ប្រាស់​សិទ្ធិ​ប្តឹង​តវ៉ា​គ្រប់​ជំហាន រហូត​ដល់​សាល​ដីកា​ស្ថាពរ​លេខ ៥០៧ XII ចុះថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៦ របស់​តុលាការ​កំពូល។

ទោះជាយ៉ា​ង​ណា​ក្តី ការ​អះអា​ង​ថា ដំណើរ​ការ​ក្តី​មាន​ភាព​ត្រឹម​ត្រូវ គ្រាន់​តែ​ដោយ​សារ​មាន​វត្ត​មាន​មេធាវី​ និង​បាន​ឆ្លង​កាត់​តុលាការ​គ្រប់​ជាន់​ថ្នាក់ គឺជា​កា​រ​មើល​រំលង​ភាព​មិន​ប្រក្រតី​នៃ​អង្គ​ច្បាប់​ដែល​ត្រូវ​បាន​យក​មក​អនុ​វត្ត។ នៅ​​ក្នុង​​លិខិត​ស្នើ​សុំ ចុះ​ថ្ងៃ​ទី១​ ខែ​កក្កដា ឆ្នាំ​២០២៦ លោក រ៉ុង ឈុន បាន​លើក​ឡើង​យ៉ាង​ច្បាស់​ថា សកម្មភាព​របស់​លោក ក្នុង​ការ​ចុះជួ​ប​ប្រជា​ពលរដ្ឋ​រឿង​ដី​ធ្លី ការ​ជួយ​ដោះ​ស្រាយ​បញ្ហា​ជីវ​ភាព​កសិករ និង​ការ​បញ្ចេញ​មតិ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន គឺ​ជាកា​រអ​នុវត្ត​សិទ្ធិ​សេរី​ភាព​ជាមូ​ល​ដ្ឋាន ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្ម​នុញ្ញ។

ការដែលក្រសួងយុត្តិធម៌ចាត់ទុកថា នីតិវិធីត្រឹមត្រូវដោយគ្រាន់តែមានការចូលរួមពីមេធាវី ប៉ុន្តែ​មិន​បាន​ពិនិត្យ​​លើ​ធាតុ​ផ្សំ​នៃបទ​ល្មើស ញុះ​ញង់ តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ថាបានអនុវត្តស្រ​បតាមស្មារតីដើមនៃច្បាប់ ឬយ៉ាងណានោះ គឺជាការបំពេញការងារបែបបច្ចេកទេស និងជាទម្រង់រដ្ឋបាល​សុទ្ធសាធ ដោយ​ជៀស​វាង​ការ​ឆ្លើយ​តបទៅនឹងខ្លឹមសារស្មុគស្មាញនៃយុត្តិធម៌។

ភាពចន្លោះប្រហោងទីពីរ គឺការរុញច្រានកាតព្វកិច្ច និងការបង្កើតស្ថាន​ភាពទ័លច្រកផ្លូវច្បាប់ តាមរយៈការណែនាំ​ឱ្យដាក់បណ្តឹង​សើរើ។ ក្រសួងយុត្តិធម៌ បានលើកឡើងនៅក្នុងលិខិត​ផ្លូវការរបស់ខ្លួនថា ខ្លួនមិនមានសមត្ថ​កិច្ចកែប្រែ ឬ​ទម្លាក់ចោលទោសដែលតុលាការសម្រេចស្ថាពរឡើយ ហើយបានណែនាំឱ្យលោក រ៉ុង ឈុន ដាក់​បណ្តឹងសើរើទៅតុលាការកំពូល ប្រសិនបើមានអង្គហេតុថ្មី ឬភស្តុតាងថ្មី។

ការលើកឡើងបែបនេះ បង្កើតជាភាពទ័លច្រកផ្នែកច្បាប់ ព្រោះបណ្តឹងសើរើតាមផ្លូវតុលាការ ទាមទារដាច់ខាត​នូវ​​អង្គហេតុថ្មី ឬភស្តុតាងថ្មី ដែលមិនធ្លាប់ដឹងពីមុនមក ដូចមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។ ប៉ុន្តែ ករណីរបស់លោក រ៉ុង ឈុន មិនមែនជាករណីខ្វះភស្តុតាង ឬមានភស្តុតាងលាក់កំបាំងនោះទេ ប៉ុន្តែជាវិវាទលើការ​បក​ស្រាយ​ច្បាប់ និងការចោទប្រកាន់លើការសម្តែងមតិដោយអហិង្សា។

ដូច្នេះ ការណែនាំឱ្យប្រើប្រាស់បណ្តឹងសើរើ ទាំងដឹងថាករណីនេះមិនមានធាតុផ្សំនៃអង្គហេតុថ្មី គឺជាការឆ្លើយតបដើម្បី​តែរួចពីដៃ និងជាការបង្កើតទម្រង់លេសផ្លូវច្បាប់ ដើម្បីបដិសេធការពិនិត្យឡើងវិញនូវភាពអយុត្តិធម៌ដែ​លកើត​ចេញពីការបកស្រាយច្បាប់តឹងរ៉ឹងពេក។

ចំណុចខ្សោយទីបី គឺការបកស្រាយរដ្ឋធម្មនុញ្ញបែបឯកតោភាគី  និងការមើលរំលងកាតព្វកិច្ចសិទ្ធិមនុស្សអន្តរ​​ជាតិ។ នៅក្នុងលិខិតឆ្លើយតប ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងយុត្តិធម៌បានយកមាត្រា ៣១ វាក្យ​ខណ្ឌទី២ និងមាត្រា ៤៩ ថ្មី វាក្យខណ្ឌទី១ នៃរដ្ឋធម្មនុញ្ញ មកអះអាងថា ការប្រើប្រាស់សិទ្ធិសេរីភាពផ្ទាល់ខ្លួន មិនត្រូវឱ្យប៉ះពាល់ដល់​សិទ្ធិ​អ្នកដទៃ ឬសន្តិសុខសង្គមឡើយ។

ប៉ុន្តែ ក្រសួងមិនបានផ្តល់ការអះអាង ឬការវិភាគផ្នែកច្បាប់ណាមួយដែលបង្ហាញថា សកម្ម​ភាព​អហិង្សា​​របស់លោក រ៉ុង ឈុន បាន​បង្កការប៉ះពាល់ផ្ទាល់ ឬ​បង្កើតជាគ្រោះថ្នាក់ជាក់ស្តែង​ដល់សន្តិសុខសង្គមដោយរបៀប​ណា​នោះទេ។

ផ្ទុយទៅវិញ នៅក្នុងលិខិតស្នើសុំ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក រ៉ុង ឈុន បានយោងយ៉ាងច្បាស់ទៅ​លើ​មាត្រា ៣១ មាត្រា ៣៥ មាត្រា ៣៦ មាត្រា ៤១ និងមាត្រា ៤២ នៃរដ្ឋធម្មនុញ្ញ ព្រមទាំងកតិកាសញ្ញាអន្តរ​ជាតិ ស្តីពីសិទ្ធិពលរដ្ឋ  និងសិទ្ធិនយោបាយ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។

ក្រសួងយុត្តិធម៌ បានរំលងចោលទាំងស្រុងនូវការប៉ះប៉ូវ ឬការពិភាក្សាលើគោលការណ៍សមមាត្រ និង​ភាពចាំបាច់​ក្នុង​សង្គម​​ប្រជាធិបតេយ្យ ដែលជាស្តង់ដារអន្តរជាតិក្នុងការកម្រិតសិទ្ធិសេរីភាព។ ការ​ប្រើប្រាស់ហេតុ​ផល​សន្តិ​សុខ​សង្គម​បែប​ទូលំទូលាយ ដោយគ្មានការបញ្ជាក់ពីផលប៉ះពាល់​ជាក់ស្តែង  គឺជាចំណុចខ្សោយ​ដ៏ធំមួយ​​ដែលធ្វើឱ្យការឆ្លើយតបរបស់ក្រសួងខ្វះទម្ងន់ផ្នែកគតិយុត្តិ។

ភាពចន្លោះប្រហោងទីបួន គឺការខកខានក្នុងការអនុវត្តតួនាទីជាអាណាព្យាបាលផ្នែកច្បាប់ និងយុត្តិធម៌របស់រដ្ឋាភិ​បាល។ ទោះបីជាក្រសួងយុត្តិធម៌មិនមែន​ជាស្ថាប័នតុលាការ និងមិនអាចលុបចោលសាលដីកាដោយ​ផ្ទាល់ក៏​ដោយ ប៉ុន្តែក្នុងនាមជាស្ថាប័ននីតិ​ប្រតិបត្តិដែលមានបេសកកម្មដឹកនាំ និងកែទម្រង់វិស័យ​យុត្តិ​ធម៌ ក្រសួងមានសមត្ថ​កិច្ច និងយន្តការផ្លូវច្បាប់ជាច្រើនទៀតក្នុងការពិនិត្យមើលភាពមិនប្រក្រតីនៃការអនុវត្ត​ច្បាប់ ឬផ្តល់អនុសាសន៍​អំពី​ការលើកលែងទោស និងការបន្ធូរបន្ថយទោសតាមនីតិវិធីច្បាប់។

ការដែលក្រសួងប្រកាសបិទផ្លូវភ្លាមៗ​ដោយអះអាងថា ខ្លួនមិនមានសមត្ថកិច្ច បង្ហាញពីការខ្វះឆន្ទៈនយោ​បាយ និង​​ការខកខានក្នុងការប្រកាសសើរើ ឬសិក្សាអំពីផលប៉ះពាល់នៃការដកហូតសិទ្ធិនយោបាយ និងសិទ្ធិ​បោះ​ឆ្នោត​រយៈ​​ពេល ៥ឆ្នាំ ទៅលើបរិយាកាសប្រជាធិបតេយ្យ និងសេរីភាពពលរដ្ឋ។

ការដាក់ទោសបន្ថែមដោយដកហូតសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះ និងសិទ្ធិធ្វើសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ លើរូបលោក រ៉ុង ឈុន ដូចមានចែងក្នុងសាលដីកាតុលាការកំពូល ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ គឺជាវិធានការដ៏ធ្ងន់ធ្ងរដែលប៉ះពាល់ដល់សិទ្ធិនយោបាយជាមូលដ្ឋាន។ ការដែលក្រសួងយុត្តិធម៌ចាត់​ទុកការដកហូតសិទ្ធិទាំងនេះថាជាការអនុវត្តច្បាប់ត្រឹមត្រូវ ដោយមិនបានពិចារណាលើគោលការណ៍សមមាត្រ គឺជាការរឹតត្បិតលំហសេរីភាពផ្នែកនយោបាយ និងសង្គមស៊ីវិលយ៉ាងធ្ងន់ធ្ងរ។

សរុបមក ការឆ្លើយតបរបស់ក្រសួងយុត្តិធម៌ចំពោះសំណើរបស់​ ​លោក រ៉ុង ឈុន ឆ្លុះបញ្ចាំងពីការប្រកាន់យក​អភិក្រម​​រដ្ឋបាលតឹងរ៉ឹង និងទម្រង់ផ្លូវច្បាប់ ជាជាងការស្វែងរកយុត្តិធម៌ពិតប្រាកដ និងការការពារសិទ្ធិសេរីភាព​ដែល​ធានា​​ដោយ​​រដ្ឋ​ធម្ម​នុញ្ញ។

ភាពចន្លោះប្រហោងនៃការជៀសវាងពិភាក្សាលើអង្គច្បាប់ រួមជាមួយការបង្កើតឧបសគ្គនៃនីតិវិធីដ៏ស្មុគស្មាញ​​ដែលមិនអាចអនុវត្តបាន បានធ្វើឱ្យលិខិតឆ្លើយតបរបស់ក្រសួងយុត្តិធម៌ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ គ្រាន់តែជាការការពារការសម្រេចរបស់តុលាការ ដោយខកខានក្នុងការបំពេញតួនាទីជាស្ថាប័ន​​ធានា​នូវយុត្តិធម៌ និងសិទ្ធិមនុស្សជូនពលរដ្ឋ៕

ដោយ លោក សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ