ច្បាប់​នៅ​កម្ពុជា​ស្ថិត​ក្រោម​ក្រសែ​ភ្នែក​អនុ​គ្រោះ​ក្រុម​ឧក្រិដ្ឋ​ជន​មាន​អំណាច​តែ​យាយី​អ្នក​ឈឺ​ឆ្អាល​បញ្ហា​ទឹក​ដី

វិធាន​ការ​ច្បាប់​របស់​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គេ​មើល​ឃើញ​ថា បន្ត​មរតក​ស្តង់​ដាពី​រ ដោយ​អនុ​គ្រោះ ឬ​ការ​ពារ​ចំពោះ​​ក្រុម​ឧក្រិដ្ឋ​ជន​​​ជា​សែ​ស្រឡាយ​និង​បក្ខ​ពួក ​​តែ​ចោទ​ប្រកាន់​តាម​ទំនើង​ចិត្ត​ទៅ​លើ​សកម្ម​ជន​​សង្គម និង​ព្រំដែន​ ក្រោម​ឥទ្ធិ​ព​ល​​នយោ​បាយ ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​អ្នក​មាន​អំណាច​មួយ​ក្រុម​តូច ធ្វើ​ឱ្យ​ជាតិ​បែក​បាក់ រហូត​ប្រទេស​ជិត​ខាង​សម្រច​ម​ហិច្ឆតា​លេប​ទឹក​ដី​ខ្មែរ​បាន​ដោយ​ងាយ នា​សម័យ​ទំនើប​នេះ។

ជ្រុង​មួយ​នៃ​បញ្ហា​នេះ​ ប្រធាន​​ក្រុម​ប្រឹក្សា​​ឃ្លាំមើ​ល​​កម្ពុជា ​លោក ម៉ែន ណាត ថ្លែង​​ប្រាប់​​វីអូឌី​​នៅ​​ថ្ងៃ​ទី១២ ខែ​សីហា​នេះ​ថា​ កត្តា​ចម្បង​ដែល​ជំរុញ​ឱ្យ​ការ​អនុ​វត្ត​ច្បាប់​មាន​ស្តង់​ដា​ពីរ ​​គឺ​មក​ពីក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋ បាត់​បង់​ប្រព័ន្ធ​ត្រួត​​ពិនិត្យ​អំណាច​គ្នា រវាង​នីតិ​ប្បញ្ញតិ នីតិ​ប្រតិ​បត្តិ និង​តុលាការ ប្រាស​ចាក​ពី​ស្មារតី​រដ្ឋ​ធម្ម​នុញ្ញ។ លោក​ថា ប្រព័ន្ធ​នេះ​​ធ្វើ​ឱ្យ​ផល​ប្រយោជន៍​ជាតិ ធ្លាក់​ក្នុង​ដៃ​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច។

លោកថា៖ «យើង​និយាយ​បាន​ពីរ​ចំណែក បើ​និយាយ​ផ្លូវ​ច្បាប់ គឺ​​ថា​ច្បាប់​មាន​​ស្តង់​ដារ​​ពីរ ស្តង់​ដា​ទីមួយ គឺ​​​ច្បាប់​​ការ​ពារ​​ជន​​ទុច្ច​រិត​ដូច​ជា លោក គិត ធាង លោក ថោង សារ៉ាត់ អីនេះ។ មក​​ដល់​​បច្ចុប្បន្ន​មាន លោក កុក អាន មាន លោក ទ្រី ភាព លោក ហ៊ុន តូ មាន លោក លី យ៉ុងផាត់ អី​សុទ្ធ​តែ​ពាក់​ព័ន្ធ​​នឹង​​ឧក្រិដ្ឋ​កម្ម​​ជួញ​​ដូរ​​គ្រឿង​ញៀន ឧក្រិដ្ឋ​​កម្ម​​​អន​ឡាញ ដែល​​ល្បីៗ​អាក្រក់​ជា​​អន្តរ​ជាតិ​​ទៅ​​ទៀត ហើយ​​រដ្ឋាភិបាល​​នោះ​ការ​ពារ​​អ្នក​​ទាំង​​អស់​​ហ្នឹង។ ឯ​ស្តង់​​ដាមួយ​ទៀត គឺ​​ស្តង់​ដារ​​ចាប់​​ធ្វើ​​ទុក្ខ​​បុក​​ម្នេញ​ប្រជា​​ពលរដ្ឋ​ហ្នឹង​ជាប់​​ឃុំ​យ៉ាង​​អយុត្តិ​ធម៌ ហើយ​ផលិត​​ឯកសារ​​ភស្តុ​តាង​​​ក្លែង​ក្លាយ ដើម្បី​​ដាក់​​ទោស​​ពួក​គាត់​ឲ្យ​ជាប់​គុក តាម​ដែល​គេ​ចង់​កំណត់​មួយ​ឆ្នាំ ពីរ ឆ្នាំ បីឆ្នាំ បួន​-ប្រាំ​ឆ្នាំ​​ឡើង​​ទៅ​​អញ្ចឹង»។

យ៉ាងណា លោក ម៉ែន ណាត ផ្តល់​យោបល់​​ថា ដើម្បីបញ្ចៀសបញ្ហាសង្គមធ្ងន់ធ្ងរ មេដឹកនាំត្រូវប្រញាប់កែប្រព័ន្ធយុត្តិធម៌ ដើម្បីឱ្យ​ជន​រង​គ្រោះ​អាច​ស្វែង​រក​យុត្តិ​ធម៌​បាន ដោយ​សំអាង​ថា សង្គម​មួយ​គ្មាន​យុត្តិ​ធម៌ វា​នឹង​ជំរុញ​ឱ្យ​ជាតិ​បែក​បាក់ និង​ជា​ឱកាស​បរទេស​ឈ្លាន​ពាន ហើយ​ទី​បំផុត​វា​នឹង​គំរាម​កំហែង​ដល់​អំណាច​មេដឹក​នាំ។

ក្តីបារម្ភ​នេះ ហាក់​ស៊ី​គ្នាទៅ​នឹងការ​​លើក​ឡើង​របស់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គ​ការ​សហ​ប្រជា​ជាតិ ដែល​បាន​និយាយ​ចំៗ កាល​ពី​ចុង​ខែ​កក្កដា​ឆ្នាំ​២០២៦​នេះ​ថា កម្ពុជា​កំពុ​ង​ប្រឈម​មុខ​នឹង​វិបត្តិ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ។ ដោយ​ឡែក​ អង្គ​ការ​លីកាដូ​វិញ បាន​កាត់​ត្រា​ថា មាន​មនុស្ស​ជាង ១០០​នាក់ នៅ​បន្ត​ជាប់​ឃុំ ដោយសា​រ​តែ​ពួក​គេ​ប្រើ​ប្រាស់​សិទ្ធិ​បញ្ចេញ​​មតិ។

តួយ៉ាង​ដូច​ជា​ថ្មីៗ​នេះ ​សកម្មជន​គណបក្ស​ភ្លើងទៀន ៣​រូប មាន​លោក គឹម វឿន លោក សាន អឿន និង​អ្នក​ស្រី ញឹក សារ៉ុម មន្ត្រី​ពន្ធនាគារ​បន្ត​ឃុំ​ខ្លួន​ហួស​​ការ​​កំណត់​​ទោស​ ​១​ថ្ងៃ ទើប​ដោះ​លែង។

សកម្មជន​គណបក្ស​ភ្លើងទៀន​មួយ​រូប ​ដែ​ល​​ទើប​​ទទួល​ទោស​ចប់​គម្រប់ ​២​ឆ្នាំ តាម​សាលក្រ​ម​ផ្តន្ទា​ទោស ដោយ​សារ​​ការ​​ឈឺ​ឆ្អាល​​រឿង​​ទឹ​ក​ដី​ គឺ​​លោក គឹម វឿន ប្រាប់​​វីអូឌី​​នៅ​​​​ថ្ងៃ​ទី១១ខែ​សីហា​ថា ការ​ជាប់​ពន្ធនា​គារ មិន​ធ្វើ​ឱ្យ​លោក​បោះ​​បង់​​មនសិការ​ស្រឡាញ់​ទឹក​ដី​នោះ​ទេ។

លោកថា៖ «ការងារ​សង្គម​វា​ប្រឈម​ច្រើន តែ​ទោះបី​ប្រឈម​យ៉ាង​ណា ក៏​​យើង​ត្រូវ​តែ ត្រូវ​តែ​​ប្រឹ​ង​ប្រែង​​ដែរ ជាប់​​គុក​​គ្មាន​​អី​​គួរ​​ឲ្យ​​ខ្លាច​​ទេ ខ្លាច​​បំផុត គឺ​​បាត់ប​ង់​​សេរីភាព និង​​បាត់​បង់​​ទឹក​ដី នេះ​​ជា​​​បញ្ហា​​ធំ​បំផុត​​របស់​​ពូ។ បាទ! ចង់​ផ្ដាំផ្ញើ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា ត្រូវ​​ជួយគ្នា​ឡើង ជួយ​​គ្នា​ដើម្បី​​ប្រទេស​​ជាតិ​​យើង កុំ​​សម្ងំ​​យក​​សុខ​​ពេក ហ៊ាន​​បញ្ចេញ​មតិ ហ៊ាន​​ចូល​រួម​ក្នុង​ការងារ​សង្គម​ឲ្យ​បាន​​ផុល​ផុស​​ឡើង»

លោក គឹម វឿន ស្ថិត​ក្នុង​ចំណោម​មនុស្ស​ ៣៣​នាក់ ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ ​ញុះញង់ ​ជុំវិញ​ការ​រិះគន់​លើ​គម្រោង​ដាក់ខេត្ត​ជាប់​ព្រំដែន ដើម្បី​អភិវឌ្ឍន៍​​រួម​គ្នា ជាមួយ​វៀតណាម និង​ឡាវ ហៅថា​ (CLV DTA) ។ លោក​​ទើប​ត្រូវ​បាន​ដោះលែង​ កាល​ពី​ថ្ងៃ​ទី៨ ខែ​សីហា ក្រោយ​​អនុវត្ត​ទោស​គ្រប់​ចំនួន ២​ឆ្នាំ ​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល។

ឆ្លើយ​តប​​នឹង​ករណី​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ជា ធីរិទ្ធ និយាយ​ថា ការ​អនុវ​ត្ត​ច្បាប់​នៅ​កម្ពុជា​​បច្ចុប្បន្ន​ ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​កាន់​អំណាច គឺ​ប្រកាន់​គោល​ការណ៍​នីតិ​រដ្ឋ។

​លោក ជា ធីរិទ្ធ ថ្លែងថា៖ «សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹក​នាំ​រដ្ឋាភិ​បាល គឺ​យើង​ប្រកាន់​​គោល​ការណ៍​ច្បាស់​​ណាស់​ តាម​​សង្គម​នីតិ​រដ្ឋ គឺ​​មិន​​អនុ​ញ្ញាត​​ឲ្យ​​បុគ្គល​ដែល​​ប្រព្រឹត្ត​​ខុស​ច្បាប់ ឬ​​ក៏​​អ្នក​​មាន​​មិន​​ថា នរណា​​ក៏​​ដោយ មន្ត្រី​ក៏​ដោយ ឲ្យ​តែ​ធ្វើ​ខុស​ច្បាប់ ត្រូវ​តែ​​ទទួល​​ចំពោះ​​មុខ​ច្បាប់​ស្មើៗ​គ្នា​បាទ»។

យ៉ាងណា ​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ​លោក ប៉ោ មករា បង្ហាញ​ការ​យល់​ឃើញ​ផ្ទុយ​ពី​នេះ ដោយ​​លោក​​កត់សម្គាល់​ថា ការ​ចោទ​ប្រកាន់​ទៅ​លើ​សកម្ម​ជន​សង្គម រហូត​ដល់​ជាប់​ពន្ធនា​គារ រដ្ឋាភិបាល រួម​ទាំង​មន្ត្រី​​អនុវត្ត​ច្បាប់ ហាក់​មិន​ស៊ី​គ្នា​ ទៅ​នឹង​គោល​ការណ៍​សិទ្ធិ​មនុស្ស និង​គោល​ការណ៍​នីតិ​រដ្ឋ​នោះ​ទេ។

លោកបារម្ភថា បើរដ្ឋាភិបាលមិនទទួលស្គាល់ការពិត ដើម្បីធ្វើការកែលម្អទេ ជំងឺ​សង្គម​នេះ វា​នឹង​ពង្រីក​ភាព​អយុត្តិ​ធម៌​​ដល់​មនុស្ស​ ​ផ្សេង​ទៀត​នៅក្នុ​ងស​ង្គម ដោយ​​គ្រាន់​តែ​​ខុស​គ្នា​ត្រង់​​ថា អ្នក​ណា​​រង​គ្រោះ​​មុន និង​​អ្នក​ណា​​រង​គ្រោះ​​ក្រោយ​​​ប៉ុណ្ណោះ។

លោក ប៉ោ មករា ថ្លែងថា៖ «ខ្ញុំ​កត់​សម្គាល់​មួយ​ទៀត​ហ្នឹង វា​ជា​​បញ្ហា​​មួយ​​ដែល​​រដ្ឋាភិ​បាល​ហាក់​បី​ដូច​ជា អត់​​ទាន់​​បាន​​​ផ្ទៀង​ផ្ទាត់ ពី​សកម្ម​ភាព​របស់​​ខ្លួន​ទៅ​​នឹង​​ច្បាប់​​ដែល​​មាន​​ចែង​​នៅ​​ក្នុង​រដ្ឋធ​ម្មនុញ្ញ​ក្តី ច្បាប់​ដែល​មាន​ចែង​អំពី​សិទ្ធិ​មនុស្ស ដែល​​រដ្ឋាភិ​បាល​ធ្លាប់​​បាន​​យល់​​ព្រម​​មក​​ការ​អនុវត្ត​ក៏គោរ​ព​នូវ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ អញ្ចឹង​ខ្ញុំ​មើល​ឃើញ​​ថា វា​មាន​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​មិន​បាន​ផ្ទៀង​ផ្ទាត់ ទៅ​លើ​អ្វី​ដែល​ជា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ ដែល​មាន​ចែង​ក្នុង​​រដ្ឋ​ធម្ម​នុញ្ញ ពី​សិទ្ធិ ការ​ទទួល​បាន​នូវ​យុត្តិធម៌ ការ​ទទួល​បាន​នូវ​ការ​ជំនុំ​ជំរះ​ក្តី និង​ប្រកប​ទៅ​ដោយ​តម្លា​ភាព និង​សមភាព​​ណា»។

របាយការណ៍ស្តីពីសិទ្ធិមនុស្សសកលឆ្នាំ២០២៦ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សឆ្នាំ​២០២៦ (Human Rights Watch) បាន​គូស​បញ្ជាក់​ថា ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​កម្ពុជា ត្រូវ​បាន​ប្រើ​ប្រាស់​ជាឧ​បករណ៍​នយោ​បាយ​របស់​គណបក្ស​កាន់​អំណាច ក្នុង​ការ​បង្ក្រាប​ និង​បំបិទ​សំឡេង​រិះគ​ន់ ក៏​ដូច​ជា​សំឡេង​ប្រឆាំង។

ទន្ទឹមនេះ របាយការណ៍សេរីភាពនៅលើពិភពលោកឆ្នាំ២០២៦ របស់​អង្គការ Freedom House ក៏បា​ន​ចាត់​ចំណាត់​ថ្នាក់​​កម្ពុជា​ជាប្រ​ទេស​គ្មាន​សេរី​ភាព ដោយ​សារ​តែ​ការ​បិទ​ខ្ទប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ស្ទើរ​តែ​ទាំង​ស្រុង និង​ការ​ប្រើ​​ប្រាស់​ច្បាប់​ស្តី​ពី​ទូរ​គមនា​គមន៍ ច្បាប់​សន្តិ​សុខ​សាយ​ប័រ ឬ​ច្បាប់​ព្រហ្ម​ទណ្ឌ​ដើម្បី​គំរាម​កំហែង និង​ចាប់​ខ្លួន​ពលរដ្ឋ​​ណា​​ដែល​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិ​បាល​លើបណ្តាញ​សង្គម។

លើសពីនេះ អ្នក​រាយការណ៍ពិសេសរបស់អង្គការសហប្រជា​ជាតិ​ ស្តីពី ស្ថាន​ភាព​សិទ្ធិ​មនុស្សនៅ​ក​ម្ពុជា លោក ថម អ៊ិន​​ឌ្រូ (Thomas Andrews) កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៦ បាន​សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ថា កម្ពុជា​កំពុង​ប្រឈម​​មុខ​នឹង​វិបត្តិ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ និង​បញ្ហា​ស្មុគ​ស្មាញ​ជា​ច្រើន ក្រោយ​ពេល​ដែល​លោក​បាន​បញ្ចប់​បេសក​កម្ម​ផ្លូវ​​ការ​​លើ​ក​ដំបូង​​របស់​​លោក​​មក​កម្ពុជា។

ក្តីបារម្ភនេះ លោកបាននិយាយដល់​ការ​ឃុំខ្លួ​ន​មនុស្ស​ជាង ១០០ នាក់ ដោយ​សារ​តែ​ការ​អនុវត្ត​សិទ្ធិ​មូល​ដ្ឋាន។ លោក​បាន​សង្កត់​ធ្ងន់​លើ​តម្រូវ​ការ​ក្នុង​ការ​បើក​លំហសេ​រីភាព​ស៊ីវិល ការ​ពារ​សេរី​ភាព​សារព័ត៌​មាន និង​គោរព​សិទ្ធិ​របស់​គណបក្ស​​ប្រឆាំង មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៧ ខាង​មុខ។ ត្រង់​​ចំណុ​ច​​នេះ ​លោក​បាន​​សង្កត់​​ធ្ងន់​​ថា គ្មាន​​នរណា​​ម្នាក់ ​គួ​រ​​​ត្រូវ​​​ជាប់​​ពន្ធនាគារ​ ដោយ​សារ​​ការ​អនុ​វត្ត​​សិទ្ធិ​​ជា​​មូល​ដ្ឋាន​ ដោយ​​សន្តិ​វិធី​​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ