អាជ្ញាធរកូរ៉េខាងត្បូង និងជប៉ុន បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ នៅថ្ងៃទី១២ខែសីហា តម្រង់ទៅកាន់លំហសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ ដែលការបាញ់នេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលការធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ដែលទីក្រុងព្យុងយ៉ាងតែងតែថ្កោលទោសជាយូរមកហើយ។
អាជ្ញាធរការពារជាតិកូរ៉េខាងត្បូង និងជប៉ុន បានឱ្យដឹងថា មីស៊ីលនេះបានហោះក្នុងចម្ងាយប្រហែល ៧០០ គីឡូម៉ែត្រ (៤៣៥ ម៉ាយល៍) ហើយភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះសកម្មភាពនេះ។
ការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង បានកោះប្រជុំបន្ទាន់មួយ ដោយសម្តែងការព្រួយបារម្ភចំពោះការបាញ់មីស៊ីលបាលីស្ទិកជាបន្តបន្ទាប់របស់កូរ៉េខាងជើង បន្ទាប់ពីការបាញ់កាលពីថ្ងៃទី៦ ខែសីហាកន្លងទៅ។ ការិយាល័យនេះ បានទាមទារឱ្យក្រុងព្យុងយ៉ាង បញ្ឈប់ការឌឺដងដែលរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
កងទ័ពកូរ៉េខាងត្បូង បានលើកឡើងថា ខ្លួនកំពុងរក្សាការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតប “យ៉ាងចាស់ដៃ” ចំពោះការឌឺដងណាមួយ ក្រោមជំហរការពារជាតិរួមគ្នាជាមួយសហរដ្ឋអាមេរិក។
មិនទាន់មានសេចក្តីថ្លែងការណ៍ភ្លាមៗពីក្រុងព្យុងយ៉ាងជុំវិញការបាញ់នេះនៅឡើយទេ។
ក្រសួងការពារជាតិជប៉ុន បានបង្ហោះនៅលើបណ្តាញ X ថា មីស៊ីលដែលបានធ្លាក់ចូលទៅក្នុងសមុទ្រខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុននោះ បានហោះឡើងដល់កម្ពស់អតិបរមាប្រហែល ៩០ គីឡូម៉ែត្រ (៥៦ ម៉ាយល៍)។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានប្រាប់អ្នកយកព័ត៌មានថា «ជប៉ុនបានដាក់លិខិតតវ៉ាយ៉ាងខ្លាំងក្លាទៅកាន់កូរ៉េខាងជើង តាមរយៈប្រព័ន្ធការទូត នៅឯស្ថានទូតជប៉ុនប្រចាំក្រុងបេកាំង និងបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពនេះ»។
អគ្គបញ្ជាការដ្ឋានកងទ័ពរួមរបស់កូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលនេះចេញពីតំបន់ Wonsan លើឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន នៅវេលាម៉ោងប្រហែល ៦ ព្រឹក (ម៉ោង ២១:០០ GMT កាលពីថ្ងៃអង្គារ)។
ការបាញ់នេះបានកើតឡើង ខណៈពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានផែនការរៀបចំសមយុទ្ធយោធារួមគ្នាដ៏ធំ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែសីហា ដើម្បីប្រឈមមុខនឹងសមត្ថភាពអាវុធនុយក្លេអ៊ែរ និងអាវុធទំនើបៗរបស់កូរ៉េខាងជើង។
កាលពីថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានថ្កោលទោសសៀវភៅសការពារជាតិចុងក្រោយបង្អស់របស់ជប៉ុនថា ជាឯកសារដែលមានគោលបំណងរស់ឡើងវិញ នូវលទ្ធិយោធានិយម ដោយនិយាយថា ទីក្រុងតូក្យូកំពុងប្រើប្រាស់ការពិពណ៌នាគ្មានមូលដ្ឋានចោទប្រកាន់ក្រុងព្យុងយ៉ាង ថាជាការគំរាមកំហែងសន្តិសុខ ដើម្បីយកធ្វើជាលេសពង្រីកអាវុធរបស់ខ្លួន។
កូរ៉េខាងជើង បានធ្វើតេស្តអាវុធជាច្រើនលើកនៅឆ្នាំនេះ រួមមាន មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី រ៉ុក្កែតកាំភ្លើងធំ និងអាវុធយុទ្ធសាស្ត្រផ្សេងទៀត។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា ទីក្រុងម៉ូស្គូបានប្រើប្រាស់មីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ក្នុងអំឡុងពេលនៃការវាយប្រហាររបស់រុស្ស៊ី កាលពីថ្ងៃអង្គារ ដែលបានសម្លាប់កម្មករ ៧ នាក់ នៅរោងចក្រផលិតដែកថែបអ៊ុយក្រែន ក្នុងទីក្រុង Zaporizhzhia ភាគអាគ្នេយ៍ប្រទេស៕









