លោក អ៊ុក ម៉ៅ ថា​នឹង​បន្ត​ការ​ពារ​ព្រៃ​ឈើ​ទោះ​តុលាការ​កាត់​ឱ្យ​ចាញ់​ក្តី​ឈ្មួញ​មាន​អំណាច

សកម្ម​ជន​ការ​ពារ​ព្រៃ​ឈើ​ជន​ជាតិ​ដើម​ភាគ​តិច​កួយ នៅ​ខេត្ត​ស្ទឹង​ត្រែង លោក អ៊ុក ម៉ៅ បង្ហាញ​ជំហរ​ថា លោក​នៅ​តែ​បន្ត​ការ​ពារ​ព្រៃ​ឈើ​ ទោះ​តុលាការ​កាត់​ឱ្យ​ចាញ់​ក្តី​មេ​ឈ្មួញ​មាន​អំណាច​ក៏​ដោយ។

ការ​អះអាង​របស់​លោក អ៊ុក ម៉ៅ ចំ​ពេល​តុលាការ​ខេត្ត​ស្ទឹង​​ត្រែង គ្រោង​ប្រកាស​សាល​ក្រម ប្តឹង​ចោទ​លោក​ពី​បទ​បរិហារ​​កេរ្តិ៍ ដែល​នឹង​ប្រកាស​នៅ​ឆាប់ៗ​នេះ ដែល​ដើម​បណ្តឹង​ត្រូវ​គេ​ដឹង​ថា​ជាឈ្មួ​ញ​មាន​អំណាច។

លោក អ៊ុក ម៉ៅ ប្រាប់​វីអូឌី​នៅ​​​ថ្ងៃ​​ទី​១២ ខែ​សីហា​​ថា​ ប្រសិន​​បើ​​តុលាការ​​កាត់​​ទោស​​ឱ្យ​​រូប​​លោក​​ចាញ់​​ក្តី​ ក្នុង​​សំណុំ​​រឿង​​នេះ លោក​​នឹង​​ប្ដឹង​​ទាស់​​ទៅ​​សា​លា​ឧទ្ធរណ៍​​បន្ត​​ទៀត ​ដើម្បី​​ទាម​ទារ​​យុត្តិ​ធម៌​​ជូន​​សហគមន៍​ និង​​ការ​ពារ​​ផល​​ប្រយោជន៍​​ជាតិ។

លោក​ថា សកម្មភាព​ការពារ​ព្រៃ​របស់​លោក ព្រមទាំង​សហគមន៍​ ស្រប​តាម​គោល​នយោបាយ​​របស់​​រាជ​​រដ្ឋាភិ​បាល​ ​និង​​ព្រះ​​រាជ​​បន្ទូល​​របស់​​ព្រះម​ហា​ក្សត្រ ព្រះ​​នរោត្តម​ សីហមុនី ​ដែល​តែងតែទទូចឱ្យកូនខ្មែរចូលរួម​អភិរក្ស​ និង​ថែ​ធន​ធាន​ធម្មជាតិ។

លោក​ទទូច​ឱ្យ​តុលាការទម្លាក់​ចោល​ការ​​ចោទ​​ប្រកាន់​​នេះ ​ព្រោះ​​លោក​​​ពុំ​​បាន​​ប្រព្រឹត្ត​​កំហុស​​ដូច​​ការ​​ចោទ​​ប្រកាន់​​ឡើយ។

លោក អ៊ុក ម៉ៅ និយាយថា៖ «បងប្អូនក្នុងគ្រុប បើបងប្អូន​ចង់​បាន​ព័ត៌​មាន បង​ប្អូន​មក​យក​ព័ត៌​មាន​ទៅ​ ក្នុង​ដី​សហគមន៍​ភ្នំ​ជម្រក​សត្វ។ មាន​គ្រឿង​ចក្រ​កំពុង​តែ​បំផ្លិច​បំផ្លាញ​ដី​សហគមន៍​ភ្នំ​ជំរក​រក​សត្វ។ អ្នក​ស្រី កែ កុល​សោភា គាត់​មក គាត់​មក​ទន្ទ្រាន​យក​ដី​សហគមន៍​របស់​ប្រជា​ពលរដ្ឋ នៅ​ភូមិ​ឆ្វាំង​ ឃុំ​ស្អាង ហ្នឹង​ឯង។ ហើយ​មិន​តែ​ប៉ុណ្ណោះ បែរ​ជា​គាត់​ចាប់​ប្រធាន​សហគមន៍​ដាក់​ពន្ធនា​គារ​បាត់​ទៅ​ហើយ​បាទ»។

ការ​ប្តឹង​ផ្តល់​នេះ ​ធ្វើ​ឡើង​ក្រោយ​ពី​សកម្មជន​ការពារ​ព្រៃឈើ​រូបនេះ បាន​​ធ្វើ​​​ដំណើរ​​ទៅ​​ថត​​រូប​​បង្ហោះ​តាម​បណ្ដាញ​សង្គម បង្ហាញ​ការ​មិន​ពេញ​ចិត្ត ពី​សកម្មភាព​ប្រើ​គ្រឿង​ចក្រ កាយ​ក្រវាត់​ទន្ទ្រាន​យក​ដី​ព្រៃ​សហគមន៍ ​ភ្នំ​ជម្រក​សត្វ​ទំហំ​​ជាង  ៣ពាន់​​ហិកតា (៣.០៦៤ហិកតា) ដើម្បី​ធ្វើ​ជា​កម្ម​សិទ្ធិ​ឯកជន ដែល​​ប្រព្រឹត្ត​​ឡើង​​ដោយ​​ម្ចាស់​​ក្រុម​ហ៊ុន​​លឹម វត្តី គឺ​​អ្នកស្រី កែកុល សោភា កាល​​ពី​ថ្ងៃ​ទី​១៦ ខែ​​ឧសភា ឆ្នាំ​២០២៤។ 

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង លោក យ៉ុង សុខខឿន បាន​ចេញ​ដីកាបង្គាប់ឱ្យ​​លោក អ៊ុក ម៉ៅ វ័យ ៥៧​ឆ្នាំ ឱ្យ​ចូល​ខ្លួនក្នុងសវនាការ ​ជំនុំ​ជម្រះ​រឿងក្តី នៅថ្ងៃទី១១ ខែសីហា ជុំវិញ​ការប្តឹងចោទ ពីបទ ប៉ះពាល់​ដល់​សិទ្ធិ​​​ខាង​រូបភាព​នៃ​បុគ្គល​ និង​​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ដែល​ប្រព្រឹត្ត​ឡើង​នៅ​ភូមិ​ឆ្វាំង ស្រុក​​ថា​ឡាបរិវ៉ាត់ ខេត្ត​ស្ទឹង​ត្រែង។

ក្រោយបិទសវនាការ តុលាការប្រកាសថា សេចក្តីសម្រេចសំណុំរឿងនេះ នឹងប្រកាសឱ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ខាង​​មុខ​។

មក​ទល់​ពេល​នេះ សកម្មជន​ការពារ​ព្រៃឈើ លោក អ៊ុក ម៉ៅ កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ជាង២០ សំណុំ​រឿង​មក​​ហើយ ដោយសារ​តែ​ចេញ​មុខ​ការពារ​ព្រៃឈើ និង​មិន​ពេញ​ចិត្ត​ចំពោះ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង មិន​​អនុវត្ត​​បទ​​បញ្ជា​​របស់​​​រដ្ឋាភិបាល ការពារ​ព្រៃ​ ​ស្មោះត្រង់​ចំពោះ​ជាតិ។

ជន​ជាតិ​ដើម​ភាគ​តិច​កួយ លោក អ៊ុក ម៉ៅ ​ចាត់​ទុក​ការ​ប្ដឹង​ផ្ដល់​នេះ ជា​ការ​បំបាក់​ស្មារតី​ពលរដ្ឋ​ ដែល​​ឈឺ​ឆ្អាល​រឿង ​បទ​ល្មើស​ព្រៃឈើ​ពាក់ព័ន្ធ​នឹង​មន្ត្រី​ខិលខូច​ធំ​ៗ​មួយ​ចំនួន។ លោក​ថា​ ក្រុម​ឈ្មួញ​មាន​ចេតនា​បំបាក់​ស្មារតី​ពលរដ្ឋ មិន​​ឱ្យ​និយាយ​ការ​ពិត​ ពី​ការ​ធ្វើ​ប្លង់​យក​ដី​សហគមន៍​ដ៏​ធំ​សម្បើម​នេះ។

លោក អ៊ុក ម៉ៅ បន្តថា៖ «ពេល​ដែល​ប្តឹង​ផ្តល់​ខ្ញុំ​ហ្នឹង គេ​បំបាក់​ស្មារតី ដែល​ប្រជាព​លរដ្ឋ​ណា​ដែល​មាន​ហ៊ាន​និយាយ​រឿង​មន្ត្រី​ធំៗ​ដែល​រុក​រាន ឈ្លាន​ពាន​ដី​សហគមន៍ ដី​ដែល​យក​ទៅ​ហើយ​ធំធា​ត់​ណា​ ដល់​ពេល​ប្តឹង​ខ្ញុំ​ទៅ អញ្ចឹង​ទៅ បំបាក់​ស្មារតី​ប្រជា​ពលរដ្ឋ​អត់​ឱ្យ​ហ៊ាន​និយាយ»។

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្តស្ទឹងត្រែង​ លោក យ៉ុង សុខខឿន បាន​​​នៅ​​ឡើយ​​ទេ​ គិត​​ត្រឹ​ម​​ម៉ោង​​ផ្សាយ​​នេះ។

រីឯ​​ម្ចាស់​ក្រុមហ៊ុន​ថ្មម៉ាប លឹម វត្តី អ្នកស្រី កែកុល សោភា ដែល​​ជា​​​ដើម​​បណ្ដឹង ក៏​​មិន​​ទាន់​​អាច​​ទាក់​ទង​​បាន​​ដែរ។

ជុំវិញ​រឿង​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ដីធ្លី​នៃ​​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក(ADHOC) លោក យិន ម៉េងលី យល់​​ថា ដើម្បី​វាយ​តម្លៃ​ថា​ ការ​លើក​ឡើង​របស់​​លោក អ៊ុក ម៉ៅ ត្រឹមត្រូវ ឬ​យ៉ាងណា​ តុលាការ​គួរ​តែចុះស៊ើប​អង្កេត និង​ស្រាវជ្រាវ​ដល់ទីតាំងដីព្រៃជាក់ស្តែង ដើម្បី​ស្វែង​រក​ការ​ពិត។

លោក​​ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា ការពារ​ទ្រព្យ​សម្បត្តិ​ជាតិ​ ខណៈ​ដែល​សកម្ម​​ភាព​​របស់ លោក អ៊ុក ម៉ៅ ការពារផលប្រយោជន៍ជាតិ​កេរ​មរតក​ដូនតា​។

លោកថា៖ «ប្រជាពលរដ្ឋលើកឡើង ហើយយើងអត់ទាន់បា​ន​ទៅ​រក​ថា អាហ្នឹង​វា​ជា​រឿង​ពិត ឬ​រឿង​មិន​ពិត ហើយ​យើង​ចោទ​ថា​ជា​ការ​បរិហា​​កេរ្តិ៍ វា​អត់​ត្រឹម​ត្រូវ​ទេ។ អញ្ចឹង​ត្រូវ​តែ​រក​សិន តើ​ជា​ការ​ពិត​អត់? ដី​សាធារណៈ​របស់​រដ្ឋ​ ជា​គោល​​ការណ៍​ទាល់​តែ​ដី​ហ្នឹង វា​លែង​មាន​ផល​ប្រយោជន៍​សាធារណៈ​ ហើយ​អ្នក​ដែល​បំម្លែង​​​ដី​ហ្នឹង ទាល់​តែ​មាន​អនុ​ក្រឹត្យ​​ពី​រាជ​រដ្ឋាភិ​បាល ទោះ​បី​ជា​មាន​ប្លង់​សុរិយោ​ដី​ក៏​ដោយ តែ​ធ្វើ​នៅ​លើ​ដី​ប្រភេទ​សាធារណៈ​ដោយ​មិន​មាន​ការ​បំម្លែង ការ​កសាង​ប្លង់​ហ្នឹង​មិន​ត្រឹម​ត្រូវ​ដែរ»។

កាលពី​ថ្ងៃ​ទី​២៦ ខែ​​មិថុនា ​ឆ្នាំ​២០២៤ តុលាការ​ខេត្ត​ស្ទឹងត្រែង ​​សម្រេច​បញ្ជូន​ប្រធាន​​សហគម​ន៍​​អេកូ​​ទេស​ចរណ៍​​ភ្នំ​​ជម្រក​​​សត្វ លោក ម៉ឹង រដ្ឋា ទៅ​​​ឃុំ​ខ្លួន​​ក្នុង​​ពន្ធនាគា​រ​​ខេត្ត​​ស្ទឹង​ត្រែង ​ពាក់​ព័ន្ធ​​នឹ​ង​​សំណុំ​​រឿង បទ​ល្មើស​​ព្រៃ​ឈើ ​ផ្អែក​​តាម​​​បណ្ដឹង​​រប​ស់​​មន្ត្រី​​បរិស្ថាន។

ការ​ឃុំ​ខ្លួន​នេះ ​ធ្វើ​ឡើង​ក្រោយ​ពី​ប្រធាន​សហគមន៍​រូប​នេះ​ បាន​តវ៉ា​មិន​ពេញ​​ចិត្ត​​នឹង​​ទង្វើ​​របស់​​អាជ្ញាធរ​​ខេត្ត​​នេះ​ដែល​​​អនុ​ញ្ញាត​​ឱ្យ​​​ឈ្មួញ​​មាន​ឥទ្ធិពល​ម្នាក់ គឺ​អ្នកស្រី កែកុល សោភា ម្ចាស់​​​ក្រុមហ៊ុន លីន វត្តី ឈូស​ឆាយ​ដី​ព្រៃ​អភិរក្ស ទំហំ​​​ជាង ៣ ពាន់​​ហិកតា (៣០៦៤ហិកតា) ប៉ះ​​ចំ​​​ដី​​​ព្រៃ​​សហគមន៍​ដែន​ជម្រក​សត្វ ប៉ះពាល់​ប្រភព​ចំណូល​សហគមន៍ និង​​ព្រៃឈើ​​បន្សល់​ចុងក្រោយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

ដើម​​បណ្តឹង​ក្នុង​សំណុំ​រឿង​នេះ គឺ​អ្នកស្រី កែកុល សោភា ជា​ម្ចាស់​ក្រុមហ៊ុន​ថ្មម៉ាប​​លឹម វត្តី និង​​ត្រូវ​​ជា​​ភរិ​យា​​របស់​​លោក ទូច គង្គា មាន​​តួនាទី​​ជា​​អភិបាល​​រង​​ខេត្ត​​ស្ទឹង​ត្រែង។

​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​មានផ្ទៃដី​ជាង ៤ ពាន់​​ហិកតា គឺ​​ជា​​​ឃ្លាំង​​ទ្រព្យ​ធម្មជាតិ​ដ៏​មាន​តម្លៃ​សម្រាប់​ប្រជា​សហគមន៍​ អាស្រ័យ​​ផល​ចិញ្ចឹម​ជីវិត​ និង​ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​ដ៏​ស្រស់​ស្អាត ​កំពុង​ប្រឈម​ការ​បាត់បង់ទាំងមូល។

រីឯ​ដើម​ឈើ​ធំៗ ​និង​ភ្នំ​ធម្មជាតិ​ជា​ច្រើន​ ដែល​ជា​ដំបូល​បៃតង​ក្រាស់ឃ្មឹក ហើយ​ជា​ជម្រក​ដ៏​សុខសាន្ត​របស់​សត្វ​ព្រៃ​រាប់​​សិប​​ប្រភេទ ក៏​កំពុង​ប្រឈម​ការ​ថយចុះស្ទើរតែទាំងស្រុង ក្រោយពីមានសកម្មភាពរបស់ក្រុមហ៊ុនថ្មម៉ាបលឹម វត្តី ចូល​ទៅតំបន់នោះជាង ៥ ឆ្នាំមកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ