ក្រោយទ្រាំធ្វើដំណើរលើផ្លូវមានជង្ហុក រលាក់ ហុយនៅរដូវប្រាំង និងដក់ទឹក រអិលនៅរដូវវស្សា អស់រយៈពេលជាង ៣ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋនៅក្រុងបាត់ដំបងកំពុងសាទរនឹងគម្រោងស្ថាបនាផ្លូវក្នុងក្រុងចំនួន ២១ខ្សែ ដែលនឹងលេចចេញជារូបរាងនៅខែកញ្ញាខាងមុខនេះ។
យោងតាមការចុះផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១២ ខែសីហា បានឱ្យដឹងថា ហោចណាស់មានក្រុមហ៊ុនអន្តរជាតិចំនួន១៥ នឹងចូលរួមក្នុងការដេញថ្លៃគម្រោង ក្រោមកិច្ចសន្យាតែមួយ ដើម្បីស្ថាបនាផ្លូវទាំង២១ខ្សែ។
ដំណើរការដេញថ្លៃនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែសីហា ខាងមុខ បន្ទាប់ពីតំណាងក្រុមហ៊ុនអន្តរជាតិទាំង១៥ កាលពីថ្ងៃទី៧ ខែសីហា បានចុះពិនិត្យទីតាំងផ្លូវទាំង២១ខ្សែ ក្នុងក្រុងបាត់ដំបង ដើម្បីត្រៀមរៀបចំសំណើដេញថ្លៃ។ តាមការគ្រោងទុក ការដ្ឋានសាងសង់អាចនឹងចាប់ផ្តើមនៅអំឡុងខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីនីតិវិធីដេញថ្លៃត្រូវបានបញ្ចប់។
ពលរដ្ឋនៅសង្កាត់អូរចារ ក្រុងបាត់ដំបង អ្នកស្រី ស៊ុន ស្រីនិច អបអរក្រោយដឹងដំណឹងនេះ ដ្បិតការធ្វើដំណើរបច្ចុប្បន្ន បានបង្កការលំបាក ខាតពេលវេលា ខូចខាតយានយន្ត និងប៉ះពាល់ដល់ផ្លូវចិត្តពលរដ្ឋជាច្រើនឆ្នាំមកហើយ។ ទោះជាយ៉ាងណា អ្នកស្រីចង់ឃើញការស្ថាបនាផ្លូវលើកនេះ ប្រព្រឹត្តទៅដោយមានស្តង់ដារ និងការទទួលខុសត្រូវលើការថែទាំ។
អ្នកស្រី ស៊ុន ស្រីនិច និយាយថា៖ «ក្រុមហ៊ុនដែលគាត់មកធ្វើការហ្នឹង ឱ្យគាត់ធ្វើឱ្យមានស្តង់ដារ ឱ្យគាត់ធ្វើឱ្យមានគុណភាព ដូចថា មានការទទួលខុសត្រូវខ្ពស់ អ៊ីចឹងណាអូន មានការទទួលខុសត្រូវខ្ពស់ក្នុងការមើលកម្មករធ្វើហ្នឹង ឱ្យគាត់មានរបៀបរៀបរយឡើង ឱ្យកុំឱ្យខ្វះចន្លោះអញ្ចឹងណា»។
តាមការចុះផ្សាយគម្រោងផ្លូវ២១ខ្សែនេះ ត្រូវបានរំពឹងថានឹងរួមចំណែកលើកកម្ពស់សោភ័ណភាពក្រុង សម្រួលការធ្វើដំណើរ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ក្នុងក្រុងបាត់ដំបង។ មិនខុសពីពលរដ្ឋខាងលើ នៅពេលនិយាយដល់ការស្ថាបនាផ្លូវ ពលរដ្ឋជាច្រើននឹងឃើញដល់គុណភាពគ្រឹះផ្លូវ កម្រាស់ស្រទាប់ផ្លូវ ប្រភេទសម្ភារៈសំណង់ ប្រព័ន្ធលូរំដោះទឹក ចិញ្ចើមផ្លូវ សុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរ ជាពិសេសគឺរយៈពេលនៃការប្រើប្រាស់។
ក្ដីបារម្ភកើតឡើងចាប់តាំងពីដំណាក់ដំបូងនៃការជ្រើសរើសក្រុមហ៊ុនស្ថាបនា ដែលកើតចេញពីនីតិវិធីនៃការដេញថ្លៃ។
ពលរដ្ឋម្នាក់ទៀត នៅក្រុងបាត់ដំបង លោក ឈិត ឆេន ការដេញថ្លៃជ្រើសរើសក្រុមហ៊ុនកសាងហេដ្ឋារចនាសម្ព័ន្ធ គឺជាដំណាក់កាលសំខាន់ ព្រោះវាជាការកំណត់ជោគវាសនាផ្លូវថ្នល់។
តែយ៉ាងណា លោកហាក់មិនសូវជឿជាក់ទៅលើគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តបាត់ដំបងឡើយ ដោយសារកន្លងមកតែងលេចឮអំពើពុករលួយ ដូចជា គម្រោងស្ថាបនាជញ្ជាំងស្ទឹង និងសួនច្បារ ជាពិសេសគឺការសាងសង់ដើម្បីមុខមាត់ពេលជិតបោះឆ្នោត។
លោក ឈិត ឆេន និយាយថា៖ «មិនដឹងថាការសាងសង់ផ្លូវហ្នឹងយកថវិកាជាតិមកបំផ្លាញចោល ឬក៏យកលុយជំនួយអន្តរជាតិមកកម្ទេចចោល គឺអត់ដឹងទល់តែសោះ។ គ្រាន់តែថាខូចខាតច្រើន ឈូសតែក្រឡាប់យកដីក្រោមមកដាក់លើ ចាក់ថ្មគ្រួសដែលមានគុណភាពអន់ ថ្មមានជាតិដីច្រើន ចាក់ពីលើស្តើងៗ ឈូសហើយកិនបង្ហាប់ហើយចោលបណ្តោយ។ អ៊ីចឹងទៅ អស់ហើយ អស់ជំនឿហើយ»។
តាមគោលការណ៍លទ្ធកម្មរបស់ ADB ការជ្រើសរើសអ្នកម៉ៅការគួរផ្អែកលើការប្រកួតប្រជែងដោយស្មើភាព តម្លាភាព សុចរិតភាព ការប្រើប្រាស់ថវិកាឱ្យមានប្រសិទ្ធភាព និងការទទួលបានគុណតម្លៃសមរម្យសម្រាប់ថវិកា។ ក្របខណ្ឌលទ្ធកម្មរបស់ ADB ក៏ផ្តោតលើការជ្រើសរើសក្រុមហ៊ុនដែលអាចផ្តល់ទាំងគុណភាព និងលទ្ធផលស្របតាមគោលបំណងគម្រោង មិនមែនផ្អែកតែលើតម្លៃទាបបំផុតនោះទេ។
វីអូឌី មិនអាចទាក់ទងអភិបាលខេត្តបាត់ដំបង លោក សុខ លូ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញរឿងនេះនៅឡើយទេ នៅថ្ងៃទី១៣ ខែសីហា នេះ។
ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ឆ្នាំ២០២៣ កំណត់គោលការណ៍តម្លាភាព គណនេយ្យភាព ភាពយុត្តិធម៌ គុណភាព និងប្រសិទ្ធភាពសម្រាប់ការសាងសង់ និងលទ្ធកម្មសាធារណៈ ព្រមទាំងផ្តល់ឱកាសស្មើៗគ្នាចំពោះបេក្ខជន ឬអ្នកដេញថ្លៃទាំងអស់។
ចំពោះវិធីសាស្ត្រនៃការដេញថ្លៃ ឬការធ្វើលទ្ធកម្ម ត្រូវបានចែកចេញជា៤ រួមមាន ការដេញថ្លៃជាសាធារណៈ ការដេញថ្លៃកម្រិត ការសាកសួរតម្លៃ និងការចរចាផ្ទាល់ ផ្អែកទៅតាមទំហំទឹកប្រាក់ និងស្ថានភាពគម្រោង។
ច្បាប់នេះដែរ អាចអនុវត្តចំពោះគម្រោងលទ្ធកម្មទាំងអស់ដែលប្រើប្រាស់ថវិការដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ថវិកាដៃគូអភិវឌ្ឍន៍ មូលនិធិជំនួយ ឬកម្ចីសហប្រតិបត្តិការ ដោយលើកលែងតែមានកិច្ចព្រមព្រៀងជាក់លាក់ជាមួយដៃគូអភិវឌ្ឍន៍។
ទាក់ទិនរឿងនេះ អ្នកតាមដានសង្គម លោកបណ្ឌិត មាស នី លើកឡើងថា ដំណឹងល្អមួយរបស់ពលរដ្ឋខេត្តបាត់ដំបង ក្រោយរងការរិះគន់ និងទន្ទឹងចាំផ្លូវថ្មីជាច្រើនឆ្នាំមកនេះ។ លោកបន្តថា អាជ្ញាធរខេត្តត្រូវតែរៀបចំពិធីដេញថ្លៃគម្រោងនេះឱ្យបានត្រឹមត្រូវទៅតាមនីតិវិធី ដោយមានការត្រួតពិនិត្យពីក្រសួង ដើម្បីធានាថា ការដេញថ្លៃនេះនឹងធ្វើឱ្យមានភាពយុត្តិធម៌ ត្រឹមត្រូវ ជាពិសេសគឺទំនុកចិត្តពីស្ថាប័នអន្តរជាតិ គឺ ADB។
លោក មាស នី ថ្លែងថា៖ «អាជ្ញាធរខេត្តគួរតែមានការត្រួតពិនិត្យជាលក្ខណៈបច្ចេកទេសឯករាជ្យ។ ប៉ុន្តែតាមខ្ញុំដឹង ជាធម្មតា ADB គេតែងតែមានអ្នកជំនាញរបស់គេមកត្រួតពិនិត្យ គេមិនសូវបណ្តោយឱ្យក្រុមការងាររបស់រដ្ឋទៅត្រួតពិនិត្យសកម្មភាពអនុវត្តសំណង់របស់រដ្ឋទេ ព្រោះច្រើនតែជួបប្រទះនូវអំពើពុករលួយ។ ហើយខ្ញុំគិតថា ADB គេមិនប្រហែសទេក្នុងស្ថានភាពបែបហ្នឹង ដូចដែលយើងឃើញកាលពីសាងសង់ផ្លូវជាតិលេខ៥ គឺពេលនោះជប៉ុនគេអ្នកជួយលុយ ប៉ុន្តែក៏គេផ្ដល់នូវអ្នកជំនាញរបស់គេហ្នឹងឱ្យមកត្រួតពិនិត្យការងារហ្នឹងត្រឹមត្រូវរបស់គេដែរ»។
បើតាមគោលការណ៍ ADB ក៏មានយន្តការធានាលើតម្លាភាព (Accountability Mechanism) សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោង ADB ដើម្បីលើកឡើងពីបញ្ហា និងស្វែងរកដំណោះស្រាយ ប្រសិនបើមានការអះអាងថា គម្រោងមិនបានអនុវត្តតាមគោលនយោបាយ និងនីតិវិធីពាក់ព័ន្ធ។
នៅកម្ពុជា លទ្ធកម្មសាធារណៈ ឬការដេញថ្លៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ តែងមានលេចឮករណីពុករលួយមកជារឿយៗ ដោយពេលខ្លះក្រុមហ៊ុនសាច់ញាតិមន្ត្រីជាអ្នកទទួលបានគម្រោង និងពេលខ្លះគម្រោងអនុម័តមានតួលេខលុយខុសប្រក្រតី។
ជាក់ស្ដែងគម្រោងដេញថ្លៃដាក់បង្គោលភ្លើងសូឡា មួយដើម ៨លានរៀល នៅខេត្តកំពង់ឆ្នាំងថ្មីៗនេះ ដែលផ្ទុះការរិះគន់នាំឱ្យមានការស៊ើបអង្កេតរកឃើញអំពើពុករលួយដល់ទៅ៥ឃុំ និងបញ្ចប់តួនាទីមន្ត្រីពីរនាក់។
ប្រជាពលរដ្ឋក្រុងបាត់ដំបង លើកឡើងថា ពួកគាត់មិនចង់ឃើញករណីបែបនេះទៅលើគម្រោងផ្លូវទាំង២១ខ្សែឡើយ ដោយទាមទារឱ្យមន្ត្រីមានភាពស្មោះត្រង់ និងតម្កល់ប្រយោជន៍សាធារណៈជាអាទិភាព៕









