សភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ បដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់ កញ្ញា ហ៊ីម មុំ ហៅ ខែម ស្រីមុំ ក្រោយសកម្មជនសង្គម និងជាអ្នកសារព័ត៌មានពលរដ្ឋរូបនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ។
អង្គការសិទ្ធិមនុស្សលីកាដូ ឱ្យដឹងតាមបណ្តាញសង្គមហ្វេសប៊ុកថា ការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ ដែលធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានបដិសេធសំណើរសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់កញ្ញា ហ៊ីម មុំ ហៅ ខែម ស្រីមុំ និងបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី២ ព្រៃស រាជធានីភ្នំពេញវិញ។
សកម្មជនសង្គម កញ្ញា ហ៊ីម មុំ ត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួន កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅបន្ទប់ជួលមួយកន្លែង ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីសកម្មជនរូបនេះ ចែករំលែកបញ្ហាសង្គមលើហ្វេសប៊ុក ដូចជា ព័ត៌មានអន្តរជាតិ បញ្ហាអយុត្តិធម៌សង្គម ករណីចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ សកម្មភាពចូលរួមកិច្ចការសង្គម និងព័ត៌មានពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃ មកលើបូរណភាពទឹកដីកម្ពុជាជាដើម។
ស្ត្រីរូបនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ តាមបញត្តិមាត្រា ៤៩៤ មាត្រា៤៩៥ និង មាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ។
កញ្ញា ស្រីមុំ ត្រូវបានគេស្គាល់ថាជាស្រ្តីមួយរូប ដែលបានចូលរួមយ៉ាងសកម្មក្នុងការការពារសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ និងចូលរួមក្នុងកិច្ចការងារការពារបរិស្ថាន ការងារសង្គមជាច្រើនជាមួយសកម្មជនបរិស្ថាន អ្នកការពារសិទ្ធិមនុស្ស សង្គមស៊ីវិលផងដែរ។
ករណីស្រដៀងគ្នានេះដែរ កាលពីខែមិថុនា ឆ្នាំ២០២៦ សភាស៊ើបសួររបស់សាលាឧទ្ធរណ៍ភ្នំពេញ ក៏បានបដិសេធសំណើនៅក្រៅឃុំរបស់លោក ជា វុទ្ធី ដែលជាអ្នកសារព័ត៌មានពលរដ្ឋ និងជាអតីតព្រះសង្ឃ ដែលត្រូវបានចាប់ខ្លួនកាលពីខែមេសា ឆ្នាំ២០២៦ និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ក្រោយអតីតព្រះភិក្ខុសង្ឃរូបនេះ បានរិះគន់រឿងបញ្ហាព្រំដែនកម្ពុជា-ថៃ និងបញ្ហាជនភៀសសឹក នៅបណ្តាញសង្គមហ្វេសប៊ុក។
របាយការណ៍អង្គការលីកាដូ គិតមកដល់បច្ចុប្បន្ន មានពលរដ្ឋជាសកម្មជនសង្គម សិទ្ធិមនុស្ស បរិស្ថាន និងនយោបាយចំនួន ១០៨នាក់ ត្រូវបានចាប់ខ្លួនឃុំឃាំង និងផ្ដន្ទាទោសដាក់ពន្ធនាគារ ក្នុងនោះរួមមានសកម្មជនសង្គម កញ្ញា ខែម ស្រីមុំ និងអតីតព្រះភិក្ខុ ជា វុទ្ធី ជាដើម។
អ្នកឃ្លាំមើលធ្លាប់បានលើកឡើងថា បច្ចុប្បន្នអាជ្ញាធរបានបង្កើនការចាប់ខ្លួនពលរដ្ឋថែមទៀត បន្ទាប់ពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ប្រកាសងើបមួយវាយមួយចំពោះពលរដ្ឋខ្លួនឯង។ ប៉ុន្តែពួកគេថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ពុំហ៊ានរារាំងការឈ្លានពានរបស់ថៃយ៉ាងគឃ្លើនមកលើបូរណភាពទឹកដីកម្ពុជានោះទេ តែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បែរជាព្យាយាមចាប់ពលរដ្ឋដាក់គុក ចំពោះអ្នកដែលនិយាយបញ្ហាទឹកដីទៅវិញ ដែលវិធាននេះ រងការរិះគន់ថា រដ្ឋាភិបាលកំពុងជួយបិទបាំងទង្វើអ្នកឈ្លានពានទឹកដីកម្ពុជា៕









