តុលាការនៅកម្ពុជា ត្រូវគេដឹងថា ឧបករណ៍ផ្តាច់មុខរបស់មេដឹកនាំបក្សកាន់អំណាច ប្រើប្រាស់ដើម្បីកម្ចាត់ដៃគូប្រកួត លើសមរភូមិនយោបាយខ្វះសុចរិតភាព ប្រាសចាកពីរដ្ឋធម្មនុញ្ញ ទោះច្បាប់កំពូលនេះ តម្រូវចែកអំណាចដាច់ពីគ្នា រវាងអង្គនីតិប្រតិបត្តិ អង្គនីតិប្បញ្ញត្តិ និងតុលាការក្តី។
បរិបទនេះ ធ្វើឱ្យគណបក្សសង្គ្រោះជាតិ ជាបក្សប្រឆាំង មានអាសនៈទាំងក្នុងសភា និងឃុំសង្កាត់ ប្រហាក់ប្រហែលបក្សកាន់អំណាច ដែលអាចឆែកអំណាចគ្នា ត្រូវបានតុលាការកំពូលរំលាយចេញពីឆាកនយោបាយ នៅចុងឆ្នាំ២០១៧ ជិត១០ឆ្នាំមកនេះ តាមបណ្តឹងរបស់បក្សកាន់អំណាច។
ចំណែកមេបក្សប្រឆាំងខ្លះបានរត់ទៅក្រៅប្រទេស ដើម្បីសុវត្ថិភាព និងខ្លះទៀតនៅបន្តតស៊ូមតិ នៅក្នុងប្រទេសត្រូវចាប់ខ្លួនដាក់ពន្ធនាគារចោទពីបទក្បត់ជាតិ និងដកសិទ្ធិធ្វើនយោបាយជាហូរហែរហូតបច្ចុប្បន្ន។
យ៉ាងណា ពេលនេះ គណបក្សកាន់អំណាច កំពុងរងសម្ពាធពីមហាអំណាច ពីមហាជនខ្មែរ ជុំវិញការជំរុញឱ្យស្តារប្រជាធិបតេយ្យ និងបោសសម្អាតមេខ្លោងឆបោក ខណៈឧក្រិដ្ឋជនខ្លះជាប់សែស្រឡាយនឹងមេដឹកនាំ។ ទាំងនេះ ជាវិញ្ញាសារថ្មីមួយបានចោទសួរថា តើអំណាចមេបក្សប្រជាជនមានស្ថេរភាពទេ បើមិនស្រាយចំណងតុលាការ?។
មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកជាច្រើនរូប បានជំរុញនិងដាក់សម្ពាធផ្ទាល់មកលើមេដឹកនាំកម្ពុជា ឱ្យស៊ើបអង្កេត និងចាប់ខ្លួនមេខ្លោង នៃបណ្តាញឆបោកអនឡាញ។
តួយ៉ាងប្រធានទីភ្នាក់ងារ FBI អាមេរិក លោក Kash Patel និងភារធារីស្តីទីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក ស្រី Aleks Zittleជាដើម។
ក្នុងជំនួបជាមួយ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា លោក កើត រិទ្ធ កាលពីថ្ងៃទី១៣ ខែសីហានេះ ក៏បានជំរុញឱ្យកម្ពុជាពន្លឿនការអនុវត្តច្បាប់ និង«ស៊ើបអង្កេតព្រមទាំងផ្តន្ទាទោសទៅលើមេខ្លោង» ដែលនៅពីក្រោយប្រតិបត្តិការឆបោក មិនមែនចាប់តែអ្នកអនុវត្តច្បាប់តូចតាចនោះឡើយ។
ជ្រុងមួយទៀត ពាក់ព័ន្ធទៅនឹងវិបត្តិនយោបាយនិងសិទ្ធិមនុស្សវិញ តាមរយៈអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អ៊ិនឌ្រូ (Thomas Andrews)កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងថា កម្ពុជាកំពុងប្រឈមមុខនឹងវិបត្តិសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបញ្ហាស្មុគស្មាញជាច្រើន ក្រោយពេលដែលលោកបានបញ្ចប់បេសកកម្មផ្លូវការលើកដំបូងរបស់លោកមកកម្ពុជា។
ក្តីបារម្ភនេះ លោកបាននិយាយដល់ការឃុំខ្លួនមនុស្សជាង ១០០ នាក់ ដោយសារតែការអនុវត្តសិទ្ធិមូលដ្ឋាន។ លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការបើកលំហសេរីភាពស៊ីវិល ការពារសេរីភាពសារព័ត៌មាន និងគោរពសិទ្ធិរបស់គណបក្សប្រឆាំង មុនការបោះឆ្នោតឆ្នាំ២០២៧ ខាងមុខ។
ត្រង់ចំណុចនេះ លោកបានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់គួរត្រូវជាប់ពន្ធនាគារ ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានដោយសន្តិវិធីឡើយ។
វិបត្តិចាក់ស្រេះជាច្រើនដែលបានបន្សល់ទុក ក្រោយគណបក្សកាន់អំណាច រុញកម្ពុជាឱ្យរអិលចេញពីគន្លងប្រជាធិបតេយ្យជិត១០ឆ្នាំមកនេះ ធ្វើឱ្យកម្ពុជាជួបវិត្តចាក់ស្រេះ ពលរដ្ឋរាប់ម៉ឺនគ្រួសារ អ្នកចាញ់បោកក្រុមឧកញ៉ាខិលខូច មិនទាន់ទទួលបានយុត្តិធម៌ច្រើនឆ្នាំមកនេះ ពួកគេកំពុងជាប់បំណុលធនាគារ វ័ណ្ឌក និងជនរងគ្រោះច្រើនម៉ឺននាក់ទៀតដោយថៃឈ្លានពាន។
ទាំងនេះ ជាបញ្ហាចម្បងមួយទៀតនៃជំងឺសង្គមដែលបក្សកាន់អំណាចមិនទាន់អាចព្យាបាលបាន ហើយជាក្តីបារម្ភថា អាចនឹងផ្ទុះឡើងនៅថ្ងៃណាមួយ បើមិនប្រញាប់ដោះលែងប្រព័ន្ធយុត្តិធម៌ ដើម្បីឱ្យស្ថាប័ននេះដើរតួនាទីជាអ្នកផ្តល់សេវាសង្គមដោយគ្មានការរើសអើង។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងលោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ មើលឃើញដូចគ្នាថា វាជាហានិភ័យអំណាច និងសង្គមបើមេដឹកនាំបក្សកាន់អំណាចមិនប្រញាប់កែទម្រង់ប្រព័ន្ធតុលាការ ដើម្បីស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឱ្យបានទាន់ពេលទេនោះ។
លោក ម៉ែន ណាត ការប្រើប្រាប់ប្រព័ន្ធតុលាការធ្វើជាឧបករណ៍ផ្តាច់មុខ វានឹងជំរុញឱ្យមានអំពើអយុត្តិធម៌សង្គម និងពុករលួយ ដែលចរន្តទាំងពីរនេះធ្វើឱ្យជាតិបែកបាក់និងគ្រោះថ្នាក់អំណាច នៅពេលជនរងគ្រោះអស់ការអត់ធ្មត់។
លោកថា៖ «និយាយជារួមលោកហ៊ុន សែន គឺជាមេដឹកនាំកំពូលទុច្ចរិតបង្កើតបក្ខពួកនិយម បង្កើតអំពើពុករលួយ បង្កើតអយុត្តិធម៌សង្គម បង្កើតភាពវិសមភាពខាងផ្លូវច្បាប់នៅក្នុងប្រទេសកម្ពុជា ទើបធ្វើឱ្យប្រព័ន្ធសង្គមមួយ ដែលរងគ្រោះដោយពួកកាន់អំណាចប្រព្រឹត្តអំពើពុករលួយ ប្រព្រឹត្តអំពើបក្ខពួកនិយម ប្រព្រឹត្តអំពើផ្តាច់ការ ប្រព្រឹត្តអំណាចផ្តេសផ្តាសនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើទុក្ខបុកម្នេញទៅដល់ពលរដ្ឋស្លូតត្រង់ទៅអ្នកប្រជាធិបតេយ្យ ទៅដល់គណបក្សក្រៅរដ្ឋាភិបាលដែលមានទស្សនមិនស្របតាមគណបក្សកាន់អំណាច»។
មួយវិញទៀត លោកគិតថា សង្គមអយុត្តិធម៌ និងពុករលួយ រួមទាំងការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីតែពង្រឹងអំណាច មិនឱ្យតម្លៃលើការផ្សះផ្សាជាតិដូចបច្ចុប្បន្ន វាជាឱកាសសម្រាប់សត្រូវឈ្លានពានទឹកដី ដូចដែលបានកើតឡើងនាពេលបច្ចុប្បន្ននេះ។
លោកថា៖«នៅក្នុងសង្គមមួយ កាលណាមានមេដឹកនាំល្អ មានមេដឹកនាំសុចរិត គឺវាធ្វើឱ្យប្រព័ន្ធសង្គមល្អប្រសើរ វានាំមកនូវភាពសុខសាន្តជូនប្រជាជាតិទាំងមូល ជូនសង្គមទាំងមូល។ ប៉ុន្តែកម្ពុជាយើងរងគ្រោះដោយសាររបប ហ៊ុន សែន ហ៊ុន ម៉ាណែត នេះតាំងពី៧៩-៨០មកចូលជិត៥០ឆ្នាំ ហើយងើបមុខមិនរួចអំពីភាពក្រីក្ររហេមរហាម ក្លាយជាប្រទេសកូនបំណុលគេគ្រប់ទីកន្លែង ហើយធ្វើឱ្យប្រទេសជិតខាងលេបត្របាក់ឈ្លានពានទឹកដីជាបន្តបន្ទាប់ ដោយសារអី? ដោយសារមានមេដឹកនាំមិនសុចរិតហ្នឹង»។
ចំណែក លោក ស៊ឹង សែនករុណា យល់ឃើញថា សង្គមមួយដែលប្រព័ន្ធតុលាការ ត្រូវបានប្រើធ្វើជាឧបករណ៍ផ្តាច់មុខរបស់អ្នកមានអំណាច អ្នកនៅជិតមេដឹកនាំ ក៏គង់នឹងរងគ្រោះដែរ តែគ្រាន់មិនទាន់ដល់ពេល។ លោកយល់ថា ការណ៍នេះ មានតែនាំគ្នាជំរុញឱ្យកែលម្អប្រព័ន្ធយុត្តិធម៌ទេ ទើបសង្គមមាននីតិរដ្ឋ ពលរដ្ឋមានសេចក្តីសុខ។
លោកថា៖«ខ្ញុំគិតថា ក្នុងរឿងអយុត្តិធម៌នេះ វាមិនមែនកើតទៅលើតែប្រជាពលរដ្ឋទេ សូម្បីតែមន្ត្រីរាជការ ជួរកងកម្លាំងប្រដាប់អាវុធក្តី នឹងរងនូវភាពអយុត្តិធម៌បន្តបន្ទាប់»។
យ៉ាងនេះក្តី អ្នកនាំពាក្យគណបក្សកាន់អំណាច លោក ជា ធីរិទ្ធ សំអាងថា ការអនុវត្តច្បាប់នៅកម្ពុជាបច្ចុប្បន្នគឺប្រកាន់គោលការណ៍នីតិរដ្ឋ។
លោកថា៖ «សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាល គឺយើងប្រកាន់គោលការណ៍ច្បាស់ណាស់ តាមសង្គមនីតិរដ្ឋ គឺមិនអនុញ្ញាតឱ្យបុគ្គលដែលប្រព្រឹត្តខុសច្បាប់ ឬក៏អ្នកមានមិនថាអ្នកណាក៏ដោយ មន្ត្រីក៏ដោយ ឱ្យតែធ្វើខុសច្បាប់ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ស្មើៗគ្នា»។
ប៉ុន្តែបើគេក្រឡេកមើលជ្រុងម្ខាងនេះ ការរកឃើញរបស់អន្តរជាតិវិញ ប្រព័ន្ធនីតិរដ្ឋនៅកម្ពុជាធ្លាក់ដល់បានតារាង ស្ថិតក្នុងរូបភាពអាក្រក់ជាងគេក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។
របាយការណ៍សកលស្តីពីសិទ្ធិមនុស្សរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បញ្ជាក់ថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាត្រូវបានបក្សកាន់អំណាចប្រើជាឧបករណ៍នយោបាយ ក្នុងការបង្ក្រាប និងបំបិទសំឡេងប្រឆាំង។
ជាមួយគ្នានេះ នៅក្នុងសន្ទស្សន៍នីតិរដ្ឋប្រចាំឆ្នាំ២០២៥របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក ចេញកាលពីខែតុលា ឆ្នាំ២០២៥ ប្រទេសកម្ពុជា បន្តស្ថិតនៅក្រុមប្រទេសមានកម្រិតអនុវត្តនីតិរដ្ឋទន់ខ្សោយជាងគេ។
លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយវិញ យល់ថា បើស្ថាប័នរដ្ឋបាត់បង់ឯករាជ្យភាព អំពើអយុត្តិធម៌សង្គមកាន់តែធ្ងន់ធ្ងរ ពេលនោះហើយ អស្ថិរភាពអំណាចរបស់មេដឹកនាំ នឹងចូលមកដល់ ដែលចាំបាច់ត្រូវប្រញាប់កែលម្អឱ្យសង្គមមានយុត្តិធម៌ ។
លោកថា៖ «ការបំបិទមតិរិះគន់ប្រកបដោយស្ថាបនាជុំវិញបញ្ហាបូរណភាពទឹកដី ការបំផ្លាញធនធានធម្មជាតិ និងអំពើពុករលួយ មិនបានជួយដោះស្រាយបញ្ហាទាំងនោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញ និងបង្កើនហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ការកើនឡើងនៃបំណុល និងការគំរាមកំហែងដល់សន្តិសុខជាតិពីសំណាក់បទល្មើសឆ្លងដែន»។
បើតាមអ្នកតាមដាន បើរដ្ឋាភិបាលកម្ពុជាមិនស្រាយចំណងប្រព័ន្ធយុត្តិធម៌ ដើម្បីធានាយុត្តិធម៌សង្គម និងមិនចាប់មេឧក្រិដ្ឋជនមកផ្តន្ទាទោសទេ កម្ពុជានឹងត្រូវប្រឈមមុខនឹងការថ្កោលទោសពីចរន្តក្នុងស្រុកនិងរងទណ្ឌកម្មធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ។
ពួកគេបានសំអាងថា អាមេរិកអាចនឹងបន្តដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ ឧកញ៉ា ឬសមាជិកព្រឹទ្ធសភា ដូចដែលធ្លាប់បានធ្វើរឿងបង្កកទ្រព្យសម្បត្តិ និងទណ្ឌកម្មលើបណ្តាញក្រុមហ៊ុនធំៗ ដូចជា Prince Group និងលោក កុក អាន នាពេលកន្លងមក។
អាមេរិក និងសហភាពអឺរ៉ុប (EU) អាចនឹងសំអាងលើភស្តុងតាង រំលោភសិទ្ធិមនុស្ស ករណីជួញដូរមនុស្សក្នុងកាស៊ីណូអនឡាញ ដើម្បីដកហូត ឬរឹតបន្តឹងការអនុគ្រោះពាណិជ្ជកម្ម (ដូចជាប្រព័ន្ធ GSP ឬ EBA) លើមុខទំនិញវាយនភណ្ឌ និងកាត់ដេរ។
លើសពីនេះ ប្រសិនបើតុលាការកម្ពុជា មិនព្រមចាត់វិធានការលើមេខ្លោងទេ តុលាការអាមេរិកនឹងចេញដីកាចាប់ខ្លួន និងស្នើសុំធ្វើបត្យាប័ន មេខ្លោងទាំងនោះពីប្រទេសទីបីនៅពេលពួកគេធ្វើដំណើរទៅក្រៅប្រទេស៕









