រថយន្ត​សណ្តោង​ធុន​ធំ​ជា​ច្រើន​គ្រឿង កំពុង​សម្រុក​ដឹក​ឈើ​​ចេញ​ពី​កោះ​ញែក ខេត្ត​មណ្ឌល​គិរី

យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​សារព័ត៌​មាន​ក្នុង​ស្រុក​នៅ​ថ្ងៃ​ទី​១២ និង​១៣ ខែ​សីហា នេះ បាន​បង្ហាញ​ពី​សកម្ម​ភាព រថយន្ត​សណ្តោង​ធុន​ធំ​ជា​ច្រើន​គ្រឿង សស្រាក់​សស្រាំ​ដឹក​ជញ្ជូន​ទំនិញ ដែល​អះ​អាង​ថា ជាប្រភេទ​ឈើ​អារ ចេញ​ពី​​ទីតាំង​ក្រុម​ហ៊ុន ជា ចិន្ដា ស្ថិត​នៅ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គិរី។ សេច​ក្ដី​រាយ​ការណ៍​ឱ្យ​ដឹង​ថា ក្បួន​ឡាន​ដឹក​ឈើ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ជាតិ​លេខ ៧៦ ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​មិន​ច្បាស់​លាស់​។

សកម្ម​ភាព​នេះ កំពុង​ប​ង្កើត​ក្តី​បារម្ភ​ដល់​ប្រជា​ពលរដ្ឋ ដោយ​ពួក​គាត់​បាន​បញ្ចេញ​មតិ​ជា​ច្រើន ក្រោម​ការ​ផ្សព្វ​ផ្សាយ​​នោះ ទាក់​ទង​នឹង​ផល​ប៉ះ​ពាល់​ដល់​សុវត្ថិ​ភាព​ចរា​ចរណ៍ ការ​ខូច​ខាត​ផ្លូវ​ថ្នល់ ជាពិសេស​គឺ​ការ​បាត់​​​​បង់​​ធន​ធាន​ធម្ម​ជាតិ ដែល​កំពុ​ង​សេស​សល់​តិច​តួច​ស្រាប់។

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក ហាក់ វិបុល ប្រាប់វីអូឌីតាមសារសំណេរនៅ​ថ្ងៃ​ទី​១៤ ខែ​សីហា ថា ខាង​មន្ទីរ​​បរិស្ថាន​​មិន​មាន​ព័ត៌​មាន​លម្អិត​ច្រើន​ពាក់​ព័ន្ធ​នឹង​វិស័យ​កសិ​កម្ម​ និង​រដ្ឋបាល​ព្រៃ​ឈើ​នោះ​ឡើយ ដោយ​ណែនាំ​​ឱ្យ​​បង្វែរ​​សំណួរ​ទៅ​ខាង​ក្រសួង​កសិ​កម្ម និង​រដ្ឋ​បាល​ព្រៃ​ឈើ​វិញ។ ទោះ​ជា​យ៉ាង​ណា លោក​បន្ថែម​ថា រថយន្ត​ដឹក​ឈើ​ទាំង​នោះ​ពិត​ជា​បាន​ធ្វើ​ចរា​ចរណ៍​លើ​ផ្លូវ​ជាតិ​លេខ​៧៦ ប្រាកដ​មែន ដោយ​លោក​បាន​ឃើញ​មាន​ឯកសារ​ដឹក​ជញ្ជូន​ត្រឹម​​ត្រូវ ហើយ​ក្រុម​ហ៊ុន ចិន្តា ក៏​មាន​ច្បាប់​ទម្លាប់​ស្រប​ច្បាប់​ផង​ដែរ។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយបន្ថែមពី នាយខណ្ឌរដ្ឋបាលព្រៃឈើ​ខេត្ត​មណ្ឌល​គិរី លោក អ៊ូ សុភក្តី ជុំ​វិញ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១​៤ ខែ​សីហា។

យ៉ាងណា បើយោងតាមការផ្ដល់ព័ត៌មានឱ្យស្ថាប័នសារព័ត៌មានក្នុងស្រុក លោក អ៊ូ សុភក្ដី ឱ្យ​ដឹង​ថា ឈើ​ទាំង​នោះ​ដឹក​ចេញ​ពី​ក្រុម​ហ៊ុន ជា​ ចិន្ដា និង​ក្រុម​ហ៊ុន វាសនា ដែល​មាន​ទីតាំង​នៅ​ស្រុក​កោះ​ញែក។ យ៉ាង​ណា លោក​មិន​បាន​ប្រាប់​ទេ​ពី​គោល​ដៅ​ដែល​ត្រូវ​ទម្លាក់ ដោយ​គ្រាន់​តែ​ថា​ ឈើ​មាន​ លិខិត​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃ​ឈើ (PC) ត្រឹម​ត្រូវ។

ជុំវិញរឿងនេះ នាយកប្រតិបត្តិនៃអង្គការលីកាដូ លោក អំ សំអាត លើក​ឡើង​ថា ទោះ​បី​ជា​ឈើ​នោះ​ដឹក​ចេញ​ពី​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​សម្បទាន​ដី​សេដ្ឋ​កិច្ច​ពី​រាជ​រដ្ឋាភិ​បាល​យ៉ាង​ណា​ក៏​ដោយ ក៏​អាជ្ញាធរ​ពាក់​ព័ន្ធ​ត្រូវ​តែ​មាន​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់ តើ​ឈើ​ទាំង​អស់​នេះ​ពិត​ជា​ដឹក​ជញ្ជូន​ដោយ​ស្រប​ច្បាប់​ឬ​យ៉ាង​ណា។ លោក​បន្ត​ថា ករណី​នៅ​​ស្រុក​​កោះ​ញែក​នេះ ត្រូវ​តែ​មាន​ការ​បក​ស្រាយ​ និង​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់ ខណៈ​កន្លង​មក​អង្គ​ការ​សង្គម​ស៊ីវិល តែ​លើក​ឡើង​ពី​បញ្ហា​ដែល​កើត​ចេញ​ពី​ដី​សម្បទាន​សេដ្ឋ​កិច្ច​ដែល​ប៉ះ​ពាល់​ដល់​គម្រប​ព្រៃ​ឈើ។  

លោក អំ សំអាត និយាយថា៖ «ប្រសិន​បើ​ជា​ទីតាំង​នៃ​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋ​កិច្ច​ហ្នឹង​វា​នៅ​ជាប់​នឹង​ព្រៃ​ស្រោង ឬ​ក៏​ព្រៃ​គម្រប​ព្រៃឈើ​​ដែល​ត្រូវ​ការ​ពារ​ជីវៈ​ចម្រុះ ហើយ​គ្រប់​គ្រង​ដោយ​បរិស្ថាន​ អង្គ​ការ​សង្គម​ស៊ីវិល​តែង​តែ​ទាម​ទារ​ថា សុំ​ឱ្យ​មាន​ការ​ពិចារណា​ក្នុង​ការ​បញ្ឈប់​នូវ​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋ​កិច្ច​នៅ​តំបន់​ទាំង​នោះ ដើម្បី​ជៀស​វាង​ផល​ប៉ះ​ពាល់​ទៅ​ដ​ល់​ព្រៃ​ឈើ ឬ​ក៏​គម្រប​ព្រៃ​ឈើ»។

គួរ​បញ្ជាក់ថា  យោងតាមទិន្នន័យពី Globle Forest Watch ចុះផ្សាយ​នៅថ្ងៃទី​០​៤ ខែ​មេសា ឆ្នាំ​២០២៤ ដែល​បាន​រក​ឃើញ​​ថា កម្ពុជា​បាន​បាត់​បង់​ព្រៃ​ឈើ​ចំនួន ១២១,០០០ ហិកតា ក្នុង​ឆ្នាំ​២០២៣ ដោយ​ក្នុង​នោះ ៦៦,០០០ ហិកតា គឺ​នៅ​​ក្នុង​​តំបន់​​ការ​​ពារ។ តំបន់​ដែល​រង​ផ​ល​ប៉ះ​ពាល់​ខ្លាំង​ជា​ង​គេ រួម​មាន តំបន់​អភិរក្ស​សត្វ​ព្រៃ​ព្រៃ​ឡង់ ឧទ្យាន​ជាតិ​បុទុម​​សាគរ និង​ឧទ្យាន​ជាតិ​ភ្នំ​ក្រវាញ​កណ្តាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ