អ្នកឃ្លាំ​មើល​ទាញ​សញ្ញា​អាសន្ន​បក្ស​កាន់​អំណាច​ដែល​ត្រូវ​ប្រញាប់​​ចាប់​​មេ​ឧក្រិដ្ឋ​ជន​​ឆបោក

ស្រប​​ពេល​ដែល​​សហរដ្ឋ​អាមេ​រិក បាន​​ជំរុញ​ជា​ញឹក​ញាប់​​ម្តង​​ហើយ​​ម្តង​ទៀត ​​ឱ្យ​​រដ្ឋាភិ​បាល​​កម្ពុជា ចាត់​​វិធាន​​ការ​ឱ្យ​​មាន​​ប្រសិទ្ធ​ភាព​លើ​​​ឧក្រិដ្ឋ​កម្ម​ឆបោក​​តាម​​អន​ឡាញ និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​​ដែន​នោះ អ្នក​ឃ្លាំ​​មើល​ បាន​បង្ហាញ​​​ក្តី​បារម្ភ​​ជា​​ថ្មី ​​ពីវា​សនា​​​មេដឹក​នាំ​​កម្ពុជា ថា​អាច​​ដូច​ទៅ​​នឹង​​​​​​មេដឹក​នាំ​ប្រទេស​​វេណេ​ស៊ុយ​​អេឡា និង​​មេដឹក​នាំ​ផ្តាច់​ការ​​មួយ​​ចំនួន​​ ដែល​សហរដ្ឋ​អាមេរិក​បាន​​ចាប់​ខ្លួន បើ​រដ្ឋាភិ​បាល​​លោក ហ៊ុន ម៉ាណែត នៅ​​​បន្ត​​មិន​អើពើ​​ចាប់​ខ្លួន​​​​មេ​ខ្លោង​​​​មួយ​​​ចំនួន​ ​ដែល​​​អន្តរ​​ជាតិ​​​បាន​​​ចង្អុល​​បង្ហាញ យក​មក​​ផ្តន្ទា​ទោស​​តាម​​ច្បាប់​​នោះ​ទេ។

យោងតាម​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូតអាមេរិក​ប្រចាំ​នៅកម្ពុជា បានឱ្យដឹង​​​នៅ​ថ្ងៃទី​​១៣ ខែ​សីហា ឆ្នាំ​២០២៦​​​ថា លោក​ស្រី Aleks Zittle ភារធារី​ស្ថាន​ទូត​អាមេ​រិក បាន​ជួប​​​ជាមួយ​​​រដ្ឋ​​មន្ត្រី​​​ក្រសួង​​​យុត្តិ​ធម៌​កម្ពុជា​ លោក កើត រិទ្ធ ដោយ​​ជជែក​​អំពី​​ការ​​​អនុ​​វត្ត​​ច្បាប់​​​​ស្តី​ពី​​​ការ​​ប្រឆាំង​​ការ​​ឆបោក​​តាម​​ប្រព័ន្ធ​​បច្ចេក​​វិទ្យា និង​ជំនួយ​​បច្ចេក​ទេស​​ដែល​​សហរដ្ឋ​​អាមេ​រិក​​កំពុង​ផ្តល់​ជូនកម្ពុជា​ ដើម្បី​​​​​ទប់​ស្កាត់​ការ​គំរាម​កំហែង​ពី​ក្រុម​ឧក្រិដ្ឋ​ជន​ឆ្លង​ដែន ដែល​ប្រតិ​បត្តិ​ការ​មជ្ឈ​​មណ្ឌល​​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។

ប្រភពដដែល​បន្តថា ក្នុងជំនួបនោះ លោកស្រី Aleks Zittle ​បានគូសបញ្ជាក់ពី​សារៈ​​សំខាន់នៃការស៊ើបអង្កេត និង​​នាំយកអ្នករៀបចំ និងបញ្ជាឱ្យប្រព្រឹត្តអំពើ​ឆបោកតាមអនឡាញ ព្រមទាំងអ្នកដែលជួយសម្របសម្រួល​ឱ្យប្រតិបត្តិការទាំងនេះអាចបន្តរីកចម្រើន ទៅ​កាត់ទោសតាមច្បាប់។

ភារីធារីស្ថានទូតអាមេរិក បាន​បន្តថា សហរ​ដ្ឋអា​មេរិក​​នឹង​​បន្ត​ធ្វើកា​រ​ជាមួយ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​​បត្តិ​​ការ​ក្នុង​ការ​អនុ​វត្ត​ច្បាប់ ដើម្បី​ការ​ពារ​ពលរដ្ឋ​អាមេ​រិក និង​អ្នក​ដទៃ​ទៀត​ ពី​បណ្តាញ​ឧក្រិដ្ឋ​ជន​ទាំង​នេះ។

វីអូឌី មិនអាចសុំការ​បញ្ជាក់បន្ថែម​ពីអ្នកនាំពាក្យក្រសួង​យុត្តិធម៌ លោក សេង ឌីណា បានទេ ជុំវិញ​ជំនួប​រវាង​​រដ្ឋមន្ត្រី​​ក្រសួង​​យុត្តិធម៌ និង​ភារធារី​ស្ថានទូត​អាមេរិក បានទេ​ នៅថ្ងៃទី​១៤ ខែសីហា​នេះ។​

សម្រាប់​ អ្នកតាមដានស្ថានការណ៍សង្គម និងជា​​ប្រធាន​អង្គការ​ប្រជា​ធិបតេយ្យ​ខ្មែរ​ លោក ស៊ឹង សែន​​ករុណា បាន​​លើកឡើង​ថា បញ្ហា​ឧក្រិដ្ឋ​កម្មឆបោក​តាមអនឡាញ និង​ឧក្រិដ្ឋ​កម្មឆ្លងដែន​នេះ ជា​រឿង​ៗ​​មិន​ថាតែប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ​ទេ តែង​តែលើកឡើង​ពីក្តីបារម្ភ ចំពោះបទឧក្រិដ្ឋ​ជា​សកល​នេះ។ ហើយ​​ក្នុងនោះ​សហគមន៍​អន្តរជាតិ ជាពិសេសសហ​រដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​ជំរុញ​ និង​ដាក់តឿន​ម្ត​ងឱ្យ​ម្តងទៀត ឱ្យ​រដ្ឋាភិ​បាល​​កម្ពុជា ចាត់វិធានការ​ជា​បន្ទាន់​ទៅលើ​មេឧក្រឹដ្ឋ​ជន ដែល​​អន្តរជាតិបានចង្អុល​បង្ហាញ​ចំៗឈ្មោះ ប៉ុន្តែ​រដ្ឋាភិ​បាល​​លោក​ ហ៊ុន ម៉ាណែត​ ហាក់មិនអើពើ​ក្នុងការ​ចាត់​វិធានការ​ទៅលើ​អ្នកជាប់ពាក់ព័ន្ធ​ឧក្រិដ្ឋ​កម្ម​​ទាំង​នោះទេ ដោយសារតែអ្នកទាំងនោះសុទ្ធសឹង​តែ​ជា​មន្ត្រី​ជាន់ខ្ពស់ក្នុង​ជួរ​គណបក្ស​ប្រជាជនកម្ពុជា និង​ជាប់សាច់ឈាម​​មេដឹកនាំ។

យ៉ាងណា លោកថា ជំនួប​រវាងភារធារី​ស្ថានទូតអាមេរិក ជាមួយ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌កម្ពុជាកាលពីថ្ងៃម្សិល​មិញ​ បន្ទាប់​ពី​នាយក FBI អាមេរិក​មក​កម្ពុជា​កាលពីពេលថ្មីៗនេះ ប្រហែល​ជា​អាមេរិក​បាន​រកឃើញ​នូវ​តម្រុយ​ថ្មី​បន្ថែមទៀត ទើប​មន្ត្រីអាមេរិកមក​ដាស់តឿនកម្ពុជា​ជាថ្មី ហើយ​បើកម្ពុជា​នៅ​តែ​មិន​អើ​ពើ​ចាត់​វិធាន​ការ​បង្រ្កាប​បទ​ឧក្រិដ្ឋ​​​​ទាំង​​នេះ​ទេ ប្រហែលជា​អាមេរិក នឹង​ចាត់វិធានការ​ដោយខ្លួនឯង ដូចករណីអាមេរិក​ចាត់ការ​ទៅលើ​មេដឹក​នាំ​​ប្រទេស​​វេណេ​ស៊ុយ​អេឡា និង​មេដឹកនាំផ្តាច់ការ​ផ្សេង​ទៀត។

លោក​ ស៊ឹង សែនករុណា​ ថ្លែងថា៖ «ហើយ​នេះគឺ​ជា​រឿង​ដែល​ប៉ះពាល់​ដល់ផល​ប្រយោជន៍​​​ពលរដ្ឋគេ​​​ ត្រូ​វ​បាន​ខាត​បង់​លុយ​​វាល់​​​ពាន់​លាន​​ទៅ​ទៀត ចឹង​ចង់​មិនចង់​បញ្ហា​នេះ​ សហរដ្ឋអាមេរិក​ហាក់ដូចជា​រំលឹក​ហើយ​​រំលឹក​ទៀត​ ហើយ​កម្ពុជា​ខ្លួន​ឯង អត់ចាត់វិធានការ​ ចឹង​យើង​មានការ​ព្រួយ​បារម្ភ​ថា ទៅខាង​មុខ ខា​ងសហរដ្ឋអាមេរិក នឹង​មាន​វិធាន​ការ​អ្វីបន្តទៀត អាច​ថាជាទៅដល់​ដំណាក់កាល​​​វិធានការ​ក្តៅ នឹង​ចាត់វិធានការ​ទៅលើ​អ្នកពាក់​ព័ន្ធ​ទាំង​អស់​ហ្នឹង អាចថា​បើសិនជា​ចំមេដឹកនាំ ក៏អាចនឹង​​មានវិធានការ​លើមេដឹកនាំហ្នឹង​​ដែរ»។

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០២៦ នាយកការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ (FBI) របស់​​សហរដ្ឋ​​អាមេរិក លោក Kash Patel ក៏​បាន​មកទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​ផងដែរ។ ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នោះ លោក Kash Patel បាន​​ជំរុញ​​​ឱ្យ​រាជ​រដ្ឋាភិ​បាល​​កម្ពុជា បង្កើន​​ការ​អនុ​វត្ត​ច្បាប់​ដើម្បី​​ចាត់​វិធាន​ការ​លើ «មេ​ខ្លោង​​ឆបោក​​កម្រិត​​​ខ្ពស់» ម្ចាស់​​ទីតាំង និង​​មន្ត្រី​ដែល​មាន​ការ​ពាក់​ព័ន្ធ។

បើតាម​​សេចក្តីថ្លែងការណ៍ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជុំវិញជំនួបនោះ សហរដ្ឋ​អាមេរិក​​មិន​ត្រឹម​​តែ​​ចង់​​​ឃើ​ញ​​​​​ការ​​បង្ក្រាប​​លើ​ប្រតិ​បត្តិ​ករ​ថ្នាក់​ក្រោម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​ការ​ចាត់​វិធាន​ការ​ច្បាប់​ម៉ឺង​ម៉ាត់​លើ​មេ​ខ្លោង​​ធំៗ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យ​ជឿន​លឿន លោក​ ប៉ោ មករា យល់ថា ការ​ដែល​មន្ត្រី​សហរដ្ឋ​អាមេរិក មក​ជួប​មន្ត្រីរដ្ឋាភិបាល​កម្ពុជា ជំរុញម្តង​ហើយ​ម្តងទៀត ឱ្យ​កម្ពុជា​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋ​កម្មអនឡាញ​នេះ អាចមកពី​មានពលរដ្ឋ​អាមេរិកនៅបន្ត​​​​​រ​ងគ្រោះ​ច្រើន​ពី​បទឧ​ក្រិដ្ឋ​នេះ រួមទាំង​ពលរដ្ឋ​នៅថ្នាក់តំបន់​ និងជា​សកល។​

​មួ​យវិញ​ទៀត លោកថា ​អាចពាក់ព័ន្ធ​នឹង​ការ​រៀបចំ​​សណ្តាប់​ធ្នាប់​ពិភព​លោក​ផ្ទាល់ ដែល​សហរដ្ឋអាមេរិក ជា​ប្រទេស​មហាអំណាចមួយ​ មិនអា​ចមើលរំលង​បញ្ហាកង្វល់របស់ពិភពលោក​ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្មឆបោក​​តាមអនឡាញ​នេះទេ ទើប​អាមេរិក​តែងតែ​ជួប​ និង​​សហការ​ជាមួយ​មេដឹកនាំ​ប្រទេស​ ដែល​កំពុ​ងកើ​តមាន​បញ្ហា​​​បទឧក្រិដ្ឋ​នេះ ដើម្បីជំរុញឱ្យ​មានវិធានការ​បង្ក្រាប​ដោយប្រសិទ្ធភាព។

លោក ប៉ោ មករា បន្តថា៖ «វាពាក់ព័ន្ធទៅនឹង​ថាតើ​រដ្ឋាភិបាល​មានឆន្ទៈក្នុងការ​លុបបំបាត់បញ្ហា​ស្គេម​នៅកម្ពុជា​ហ្នឹង​កម្រិត​ណា​ គឺវា​អាស្រ័យទៅលើ​រដ្ឋាភិបាល​កម្ពុ​ជា​ផ្ទាល់ ចឹង​បើសិនជា​មានការ​លូក​លាន់ពី​សហ​រដ្ឋ​អាមេរិក ករណី​ដូចជា​វេណេ​ស៊ុយ​អេឡា ដែល​ចុះ​ចាប់​មេដឹកនាំ​ប្រទេស​ខ្លួនឯង​ផ្ទាល់​ចឹង ខ្ញុំ​គិត​ថា វា​ជា​រឿងមួយ​ដែល​​រង្គោះ​រង្គើ​​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ចឹង​ទេ​រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ពាក់ព័ន្ធទៅនឹង​បញ្ហា​ទាំង​អស់​នេះ ហើយ​មួយ​ទៀត​រដ្ឋាភិបាលគួរតែ​កំណត់​ទិសដៅ​ឱ្យច្បាស់​ក្នុ​ងលុប​បំបាត់​បញ្ហា​ស្គេម​នេះ»។

កាលពីថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៦ ក្រសួង​​រតនាគារ​សហរដ្ឋ​អាមេរិក​ ​បាន​​ប្រកាស​ដាក់​ទណ្ឌ​កម្ម​​​ លោក ​កុក អាន ​សមា​ជិ​ក​​​ព្រឹទ្ធ​សភា​បក្ស​​ប្រជាជន​កម្ពុជា​​ដែល​​ជា​មនុស្ស​​ជំនិ​ត​​របស់​​ លោក​ ​ហ៊ុន សែន​ ក្នុង​​រឿង​​​ឧក្រិដ្ឋ​​កម្ម​​​ឆ​បោក​​​អន​​ឡាញ រួមជាមួយនឹង​​​បុគ្គល និង​​អង្គ​ភាព​ចំនួន ២៨​​ផ្សេង​​ទៀត​ ​​​នៅ​ក្នុង​បណ្តាញ​របស់​លោក។ ក្រៅពីនោះ អាមេ​រិក និងសហគមន៍អន្តរជាតិ ក៏បានដាក់ទណ្ឌកម្ម និង​ចង្អុលឈ្មោះ​ចំៗទៅ មន្ត្រីជាន់ខ្ពស់ និងឧកញ៉ាគ្រាក់ៗមួយចំនួន​ផងដែរ ដូចជា ​​លោក លី យ៉ុងផាត់​ លោក​ទ្រី ភាព​ លោក​ហ៊ុន តូ ​ជាដើម​ ថា​​​ជា​មេ​​ឧក្រិដ្ឋ​​ជន​ ​និង​​ជាអ្នក​គប់​គិត​​ធ្វើ​​ជា​ខ្នង​​បង្អែកក្នុង​ឧក្រិដ្ឋកម្ម​អនឡាញនៅកម្ពុជា​​។

សម្រាប់ ​សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់​ថា ការជំរុញ​របស់​សហរដ្ឋ​អាមេរិក ឱ្យដៃ​គូរ​ពាក់ព័ន្ធ រួមទាំង​​កម្ពុជា​​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​​​ឆបោក​តាមអនឡាញ​​​ជា​បន្ត​បន្ទាប់​នេះ បង្ហាញ​​​​​​ពី​​ការយក​ចិត្ត​ទុក​ដាក់ និង​​ការប្តេ​​​ជ្ញាចិត្ត​របស់ប្រទេស​មហាអំណាចមួយ​នេះ ដែលចង់​ឃើញមេឧក្រិដ្ឋ​ជន​​ដែល​ខ្លួន​បាន​​ដាក់ក្នុង​បញ្ជី​ខ្មៅ និង​ចង្អុល​​បង្ហាញ ​ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស​។

លោកបន្ត​​​ថា៖ «បើរដ្ឋាភិបាល​កម្ពុជា​​ធ្វើ​បាន ​ជា​កិច្ច​ការ​មួយ​ល្អ​ នៅ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​​ទ្វេ​ភាគី​កម្ពុជា​-​សហ​រដ្ឋ​​អាមេរិក​ ហើយ​​ក៏ជា​កិច្ច​ការ​មួយ​​លា​ងមុខ​មាត់កម្ពុជា ពីអំពើ​ឆបោក​ស្គេម​​អនឡាញ​ហ្នឹង​ដែរ[…] ក៏ប៉ុន្តែក៏វា​មាន​ផល​លំបាក​ដែរ ពីព្រោះថ្នាក់ដឹកនាំ​ឬក៏មេដឹកនាំ​[ឧក្រិដ្ឋជន​]​ដែល​សហ​រដ្ឋ​អាមេរិក​ចង្អុល​បង្ហាញ​​មួយចំនួន ជា​ឥស្សរ​ជន​នយោបាយ ហើយ​វា​ពាក់ព័ន្ធនៅក្នុង​​ គេហៅថា​ អ្នកខ្លះ​​មានឋានៈតួនាទី​ក្នុង​​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​​ ដូច្នេះ​ប្រសិន​បើកិច្ច​ការ​នេះធ្វើទៅ​តាម​កា​រចង្អុលបង្ហាញ​​​របស់សហរដ្ឋ​អាមេរិក ឬក៏​រដ្ឋាភិបាល​កម្ពុជា ដូច​សម្តេច​ធិបតី សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ Bloomberg ថា​ សក់​អ្នកណា​ ក្បាល​អ្នកហ្នឹង ហើយ​​ធ្វើមែន វាអាចប៉ះពាល់​ទៅលើ​បញ្ហា​សម្អាត គេ​ហៅថា ​ផ្ទៃ​ក្នុង​បក្ស​ដែរ ព្រោះផ្ទៃក្នុងគណបក្ស​កាលណា​មានឥស្សរជននយោបាយ​​មាន​ជំពាក់​វាក់វិននៅ​ក្នុង​​រឿង​​មិនល្អ ស្គេមអន​ឡាញ​​ ហើយ​ត្រូវ​អន្តរ​ជាតិថ្កោល​ទោស​ហ្នឹង​​ ក៏វាអា​ច​រង្គោះរង្គើផ្ទៃ​ក្នុងបក្ស​ដែរ[…] តែ​វា​មិនធ្ងន់​ធ្ងរ​​ទេទស្សនៈខ្ញុំ​ ប្រសិន​បើ​រដ្ឋាភិបាល​មានឆន្ទៈពិតប្រាកដ​នៅក្នុងការ​ដោះស្រាយ​បញ្ហានេះ»។

យ៉ាងណា លោក ឯម សុវណ្ណរ៉ា ហាក់មាន​សង្ឃឹមតិចតួច ដែលថា​រដ្ឋាភិបាលកម្ពុជា ចាត់វិធានការ​ទៅលើ​អ្នកពាក់ព័ន្ធ​ស្គេម​អនឡាញ​ដែលសហគមន៍​អន្តរជាតិ​បានចង្អុលចំឈ្មោះនោះ ព្រោះគិត​មកដល់ពេល​នេះ វា​មានរយៈពេល​រាប់ខែរាប់ឆ្នាំ​មក​ហើយ ហើយ​ក៏មិនឃើញមានព័ត៌មានដែល​​ថា ក្រសួង​ពាក់ព័ន្ធ​មានចំណាត់​​ការ​​​ស៊ើបអង្កេត និងចាប់ខ្លួន​អ្នកទាំងនោះឡើយ។

លោកថា៖ «បើសិនជា​មិនកាត់ទោស​ ឬក៏មិននាំ​មក​ជំនុំជម្រះ​តាម​ប្រព័ន្ធ​យុត្តិធម៌ដែល​ជាគោល​ការណ៍​ច្បាប់​ទេ ហើយ​​យើងប្រកាន់ថាជា​នីតិរដ្ឋ​ហ្នឹង ថាតើ​កម្ពុជា​យើង​អាច​ប្រឈម​បញ្ហា​អ្វីមួយ​ទៀត នៅអនាគត​កាល នៅ​ពេល​ដែល​ទំនាក់​ទំនងកម្ពុជា-សហរដ្ឋអាមេរិក​​ ថាកំពុង​មាន​ពន្លក​ថា​​នឹង​ឈាន​ទៅរកភាព​​​វិជ្ជ​មាន​​ហ្នឹង​ តើ​វា​អាច​មានការ​​ប្រែ​ប្រួល​ឬ​ក៏មានការប្រឈម​គ្នា​យ៉ាង​ម៉េច​ទៅ​ថ្ងៃ​អនាគត​​ បងប្អូនអ្នកស្តាប់អាចពិចារណា​ឃើញ​ហើយ​កន្លែង​ហ្នឹង»។  ​

របាយការណ៍​ថ្មី​របស់ Amnesty International បង្ហាញថា ទោះបី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អះ​អាង​​ថា បាន​ជោគ​​ជ័យ​​ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ​ក៏ដោយ ក៏​បទល្មើស​នេះ​នៅតែ​បន្ត​មាន​ទ្រង់ទ្រាយ​ធំ។ គិត​​​ត្រឹម​​ខែមេសា ឆ្នាំ​២០២៦ អង្គការ​នេះ​​បាន​រក​ឃើញ​មជ្ឈមណ្ឌល​ឆបោក​ចំនួន ៨៦​ទីតាំង និង​បាន​សម្ភាស​ជនរងគ្រោះ ៧៣​នាក់ ​មកពី​១៦​ប្រទេស ដែល​រៀប​រាប់​ពី​ការ​ជួញដូរ​មនុស្ស ពលកម្ម​ដោយ​បង្ខំ ទារុណកម្ម ការរំលោភ​ផ្លូវភេទ និង​​​ការ​​ឃុំខ្លួន​ខុសច្បាប់។

របាយការណ៍ ​ក៏​បង្ហាញ​ការ​ព្រួយបារម្ភ​ថា ជនសង្ស័យ​ជា​មេខ្លោង​មួយចំនួន ​ដែល​ត្រូវ​បាន​សហរដ្ឋអាមេរិក​កំណត់​អត្ត​​​សញ្ញាណ មិន​​ទាន់​ត្រូវ​បាន​ចាប់ខ្លួន ឬ​យក​មក​ផ្ដន្ទាទោស​នៅឡើយ​ ដូច្នេះ វា​បង្កើត​សំណួរ​ធ្ងន់​ធ្ងរ​​អំពី​ប្រសិទ្ធភាព​នៃ​​ការ​​បង្ក្រាប និង​ការ​អនុវត្ត​តាម​​ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លុបបំបាត់​ឧស្សាហកម្ម​ឆបោក​តាម​អន​​ឡាញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ