មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលសម្ដែងការសាទរនូវជំនួបរវាងលោក ហ៊ុន ម៉ាណែត និងកញ្ញា កឹម មនោវិទ្យា ដោយចាត់ទុកថា ជាសញ្ញាវិជ្ជមានសម្រាប់ការបើកចំហរនយោបាយ និងការផ្សះផ្សាជាតិ ប៉ុន្តែពួកគេមិនទាន់សង្ឃឹម១០០ភាគរយឡើយ ហើយចាត់ទុកជំហាននេះគឺជាការចាប់ផ្ដើមតែប៉ុណ្ណោះ។
ពួកគេចង់ឃើញរដ្ឋាភិបាលបន្តបើកលំហសិទ្ធិសេរីភាព គោរពគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និងការសន្ទនាជាមួយគ្រប់ភាគី ដែលអាចឈានទៅផ្ដល់សេរីភាពនយោបាយពេញលេញ ដល់លោក កឹម សុខា និងលោក រ៉ុង ឈុន ព្រមទាំងអាចដោះលែងអ្នកទោសនយោបាយ សកម្មជនសង្គម និងបរិស្ថាន មានលោក ថាច់ សេដ្ឋា ជាដើម។
អនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ ដែលជាអ្នកនយោបាយចាស់វស្សាមួយរូប ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី១៤ ខែសីហា ថា ជំនួបនេះអាចជាសញ្ញាវិជ្ជមានមួយ បង្ហាញពីការបើកចំហរបស់រដ្ឋាភិបាលចំពោះអ្នកនយោបាយ និងភាគីដែលមានទស្សនៈខុសគ្នា។ លោករំឭកថា ក្រោយទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកមានភាពប្រសើរឡើងវិញ លោកឃើញថា មានការបន្ធូរបន្ថយមួយចំនួនចំពោះលោក កឹម សុខា ដោយអាចធ្វើដំណើរបានកាន់តែទូលំទូលាយ។ លោកថា ជំនួបនៅពេលនេះ ក៏អាចជាផ្នែកមួយនៃដំណើរការផ្សះផ្សានយោបាយដែលល្អសម្រាប់ជាតិ។
យ៉ាងណា លោកសង្កត់ថា ការដឹកនាំប្រទេសត្រូវគោរពគោលការណ៍ប្រជាធិបតេយ្យ សេរី និងពហុបក្ស តាមរយៈការបើកចំហសិទ្ធិសេរីភាព និងការសន្ទនាជាមួយគ្រប់ភាគីនយោបាយ ព្រមទាំងអ្នកសារព័ត៌មានជាដើម។
លោក សុន ឆ័យ ថ្លែងថា៖ «ខ្ញុំសង្ឃឹមថាការ ជួបនេះ វាជាដំណើរការមួយដែលនឹងនាំទៅដល់ការជជែកពិគ្រោះចរចា ជាមួយនឹងគណបក្សនយោបាយផ្សេងៗទៀត ហើយនឹងអាចឈានទៅដល់ការដោះលែងអ្នកទោសនៅក្នុងពន្ធនាគារ រួមទាំងឯកឧត្តម ថាច់ សេដ្ឋា ផង ដោយជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នេះ នឹងមិនចាប់ចងពលរដ្ឋ ឬអ្នកនយោបាយ ដែលមានមតិយោបល់ ពីខាងស្ថានភាពប្រទេសពីករណីសិទ្ធិសេរីភាពកម្មករ និងពីជំហរនយោបាយខុសៗគ្នានោះទេ នៅពេលអនាគតបាទ»។
ការសាទររបស់មន្ត្រីបក្សប្រឆាំងរូបនេះ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែសីហា សរសេរនៅលើហ្វេសប៊ុកក្រោយជំនួបជាមួយកូនស្រីច្បងលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា លោកថា មានកិច្ចការមួយចំនួនដែលអាចរួមសហការគ្នា ដើម្បីឧត្តមប្រយោជន៍ជាតិ ជាពិសេសនៅលើឆាកអន្តរជាតិ។
សារខ្លីរបស់លោក ហ៊ុន ម៉ាណែត នៅពេលនេះក៏ទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើនពីមហាជន និងបញ្ញវ័ន្តមួយចំនួន។ ក្នុងពួកគេបានចែកចាយសារនោះ បន្តលើបណ្ដាញសង្គមរបស់ខ្លួន និងភ្ជាប់សរសេរសាទរ ហើយអ្នកខ្លះក៏រំលេចសាច់រឿងនាពេលកន្លងទៅ នៃនយោបាយក្រោមវប្បធម៌សន្ទនាជាដើម។ លើសពីនេះ ពួកគេយល់ថា អាចជាចំណុចចាប់ផ្តើមនៃការបើកទ្វារសន្ទនានយោបាយ និងការផ្សះផ្សាជាតិឡើងវិញ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ នៅសល់ពេលមិនដល់ ១ឆ្នាំផង។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា ការវិលត្រឡប់របស់កញ្ញា កឹម មនោវិទ្យា មកកម្ពុជា និងការបើកចំហទំនាក់ទំនងរវាងគ្រួសារលោក កឹម សុខា និងប្រមុខរដ្ឋាភិបាល គឺជាសញ្ញាវិជ្ជមាន។ ប៉ុន្តែលោកស្នើឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គួរបន្តជំហាននេះឱ្យកាន់តែទូលំទូលាយ តាមរយៈការដោះលែងអ្នកទោសនយោបាយ ទម្លាក់សំណុំរឿងលោក កឹម សុខា និងផ្តល់សិទ្ធិនយោបាយពេញលេញដល់អ្នកនយោបាយផ្សេងទៀត ដើម្បីជំរុញការផ្សះផ្សាជាតិ និងឯកភាពជាតិពិតប្រាកដ។
ទន្ទឹមនោះ លោកព្រមានថា បើលោក ហ៊ុន ម៉ាណែត ប្រើយុទ្ធសាស្ត្រលើកតម្កើងក្រុមមួយ ទម្លាក់ក្រុមមួយទៀត ដូចដែលលោក ហ៊ុន សែន ធ្លាប់លើកតម្កើងលោក សម រង្ស៊ី ហើយបង្អាប់លោក កឹម សុខា នាពេលកន្លងទៅនោះ វាមិនមែនជាការផ្សះផ្សាដោយស្មោះត្រង់ឡើយ។ លោកជំរុញឱ្យលោក ហ៊ុន ម៉ាណែត ដើរតាមគោលនយោបាយរបស់ខ្លួន និងបើកចំហចំពោះគ្រប់ភាគី ដើម្បីរួមគ្នាដោះស្រាយវិបត្តិជាច្រើនរបស់កម្ពុជា រួមមានបញ្ហាព្រំដែន សេដ្ឋកិច្ច ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ បំណុលពលរដ្ឋ អំពើពុករលួយ នីតិរដ្ឋ និងវិបត្តិប្រជាធិបតេយ្យដ៏ធំនៅកម្ពុជានាពេលបច្ចុប្បន្ននោះ។
លោក ម៉ែន ណាត ថ្លែងថា៖ «លោក ហ៊ុន ម៉ាណែត ល្មមស្ដារវិបត្តិហ្នឹងទាំងអស់ឡើងវិញ។ ជំហានដំបូង គឺប្រើប្រាស់នូវស្មារតី ផ្សះផ្សាជាតិ មិនថា គណបក្សប្រឆាំង ឬគណបក្សស្របទេ គឺជួបជំនុំគ្នាបណ្ដើរៗទៅ ដោះស្រាយបញ្ហារួមគ្នា ដើម្បីស្ដារមុខមាត់ជាតិឡើងវិញ។ ខ្មែរនិងខ្មែរស្រួលនិយាយគ្នាទេ មិនពិបាកទេ ភាសាដូចគ្នា វប្បធម៌ដូចគ្នា ចិត្តគំនិតក៏វាស្រដៀងគ្នា អញ្ចឹងទម្លាក់ការគុំគួនខាងនយោបាយទៅ ដោះលែងអ្នកទោសមនសិការ ដោះលែងអ្នកនយោបាយត្រឡប់មកមានសេរីភាព ធ្វើការប្រកួតប្រជែងស្មើមុខគ្នាឡើងវិញ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញទៅ វាគ្រប់គ្រាន់សម្រាប់ជាតិយើងហើយ យើងអាចនឹងចាប់ផ្ដើមស្ដារមុខមាត់ ចាប់ផ្ដើមស្ដារសក្ដានុភាពរបស់កម្ពុជាឡើងវិញណា»។
ចំណែក សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា ទទួលស្គាល់ថា ជំនួបរវាងលោក ហ៊ុន ម៉ាណែត និងកញ្ញា កឹម មនោវិទ្យា ជាចំណុចវិជ្ជមានសម្រាប់អ្នកនយោបាយជំនាន់ថ្មី និងអាចជាពន្លកនៃការសន្ទនានយោបាយ ប៉ុន្តែលោកនៅមិនទាន់មានជំនឿថា វាជាការបើកលំហប្រជាធិបតេយ្យពិតប្រាកដនៅឡើយទេ។ លោកថា ប្រសិនបើរដ្ឋាភិបាលមានចេតនាច្បាស់លាស់ក្នុងការស្តារសិទ្ធិសេរីភាព និងការប្រកួតប្រជែងនយោបាយ គួរតែចាប់ផ្តើមពីការផ្តល់សិទ្ធិនយោបាយពេញលេញដល់លោក កឹម សុខា និងដោះលែងអ្នកនយោបាយ និងសកម្មជនជាប់ឃុំទាំងអស់។
លោកថា៖ «យើងមើលទៅវាអត់ មានឃើញជាសញ្ញាណាមួយដែលថា ចង់ស្ដារប្រជាធិបតេយ្យ អញ្ចឹងការជួបគ្រាន់តែជាយន្តការមួយ ដែលយើងអាចថាជាពន្លក ឬក៏ជាយន្តការសម្រាប់ជាឡប់ឡែ ជាការបិទបាំងទេ នយោបាយមែនទែនយើងចាប់ផ្ដើមចង់បានការផ្សព្វផ្សាយ ឬក៏រួមគ្នាជាធ្លុងមួយហ្នឹង លុះត្រាតែយើងមានចេតនាធ្វើឲ្យពិតប្រាកដ។ បើគ្រាន់តែ លោក កឹម សុខា អត់ទាំងហ៊ានផ្ដល់សិទ្ធិនយោបាយឲ្យផង លោក រ៉ុង ឈុន ក៏អត់ត្រូវបានផ្ដល់សិទ្ធិឲ្យផង លោក ថាច់ សេដ្ឋា នៅក្នុងឃុំឃាំងនៅឡើយ ហើយនិងគេហៅថា អ្នកនយោបាយ ឬក៏សកម្មជននយោបាយផ្សេងៗ ត្រូវបាននៅក្នុងការឃុំឃាំង ខ្ញុំគិតថា ដូចជា មិនមានសុទិដ្ឋិនិយមពិតប្រាកដទេ។ នេះជាទស្សនៈខ្ញុំ អរគុណ!»។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិជិត ១០ឆ្នាំមកនេះ អ្នករិះគន់ និងសហគមន៍អន្តរជាតិ បន្តអំពាវនាវដោយចង់ឃើញរដ្ឋាភិបាលកម្ពុជាបើកលំហប្រជាធិបតេយ្យ បញ្ឈប់ការរឹតត្បិតអ្នកនយោបាយ សកម្មជន និងអ្នកសារព័ត៌មាន ដោះលែងអ្នកទោសនយោបាយ ពង្រឹងឯករាជ្យភាពតុលាការ និងនីតិរដ្ឋ។ ពួកគេចង់ឱ្យរដ្ឋាភិបាលដោះស្រាយអំពើពុករលួយ ឧក្រិដ្ឋកម្មឆបោក បញ្ហាដីធ្លី បំណុល និងបញ្ហាសេដ្ឋកិច្ច ព្រមទាំងបង្កើនតម្លាភាព ដើម្បីស្តារជំនឿ និងកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ៕









