លោក ចារ៉េដ ឃូសស្នឺ ដែលជាកូនប្រសារ និងជាអ្នកចរចារបស់ប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ានៅថ្ងៃទី១៦ខែសីហា ដើម្បីព្យាយាមជំរុញផែនការបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា បន្ទាប់ពីកិច្ចព្រមព្រៀងដែលប្រកាសដោយរដ្ឋបាល លោក ត្រាំ កាលពីពេលថ្មីៗនេះបានជួបប្រទះការប្រឆាំងពីសំណាក់ប្រទេសអ៊ីស្រាអែល។
មន្ត្រីម្នាក់នៃ «ក្រុមប្រឹក្សាសន្តិភាព» (Board of Peace) ដែលជាស្ថាប័នបង្កើតឡើងដោយលោក Trump ដើម្បីត្រួតពិនិត្យបទឈប់បាញ់ដ៏ប្រឈម ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានឱ្យដឹងថា លោក Kushner រួមជាមួយតំណាងជាន់ខ្ពស់នៃក្រុមប្រឹក្សា គឺលោក Nickolay Mladenov និងសមាជិកក្រុមប្រឹក្សាភិបាលប្រតិបត្តិ ដែលជាអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair នឹងធ្វើដំណើរទៅដល់ប្រទេសអ៊ីស្រាអែលនៅថ្ងៃទី១៦ខែសីហា។
មន្ត្រីរូបនោះ បានបន្តថា បន្ទាប់មក ក្រុមការងារនេះនឹងធ្វើដំណើរទៅកាន់ទីក្រុងកែរ (Cairo) ប្រទេសអេហ្ស៊ីប ដែលជាកន្លែងជំនួបរបស់ក្រុមបច្ចេកទេសប៉ាឡេស្ទីន ដែលត្រូវទទួលខុសត្រូវគ្រប់គ្រងតំបន់ហ្គាហ្សាក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក បានប្រព្រឹត្តទៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Axios។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនោះ បានបញ្ជាក់ថា ជំនួបទាំងនេះនឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់លោក Trump និងក្រុមប្រឹក្សាសន្តិភាព ក្នុងការ «មើលឃើញសន្តិភាព វិបុលភាព និងសន្តិសុខប្រកបដោយចីរភាព» កើតមានឡើងនៅក្នុងតំបន់ហ្គាហ្សាដែលត្រូវបានលុបបំបាត់យោធា ហើយក្រុមហាម៉ាសបានប្រគល់ការគ្រប់គ្រង ដើម្បីអនុញ្ញាតឱ្យមានការស្តារឡើងវិញនូវដែនដីដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនេះ។
ប៉ុន្តែ ប្រទេសអ៊ីស្រាអែល បានបដិសេធកិច្ចព្រមព្រៀងថ្មីៗនេះ ដែលប្រកាសដោយលោក Trump សម្រាប់ឱ្យក្រុមហាម៉ាសទម្លាក់អាវុធ និងឱ្យអ៊ីស្រាអែលដកកងកម្លាំងរបស់ខ្លួនចេញពីដែនដីប៉ាឡេស្ទីន ដែលនេះបង្ហាញពីភាពរកាំរកូសជាសាធារណៈដ៏កម្រមួយជាមួយរដ្ឋបាលលោក Trump។ ទោះបីជាក្រុមហាម៉ាសបានយល់ព្រមតាមផែនការទម្លាក់អាវុធក៏ដោយ នាយករដ្ឋមន្ត្រី Benjamin Netanyahu បានថ្លែងកាលពីពេលថ្មីៗនេះថា អ៊ីស្រាអែលនឹងមិនដកទ័ពចេញឡើយ រហូតទាល់តែក្រុមហាម៉ាសត្រូវបានទម្លាក់អាវុធទាំងស្រុង។
កិច្ចព្រមព្រៀងនេះ ធ្លាប់ត្រូវបានគេមើលឃើញថាជាជំហានបំបែកភាពទាល់ច្រកដ៏មានសក្តានុពលសម្រាប់ការបញ្ចប់សង្គ្រាមនៅហ្គាហ្សា។ កិច្ចព្រមព្រៀងនេះ ត្រូវបានផ្អែកលើបទឈប់បាញ់ កាលពីខែតុលា ដែលបានបញ្ចប់ប្រតិបត្តិការយោធាធំៗ និងនាំទៅដល់ការដោះលែងចំណាប់ខ្មាំងដែលសេសសល់នៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែវាបានជួបប្រទះភាពគាំងស្ទះនៅលើសមរភូមិផ្សេងទៀត៕









