វិភាគ៖ ហេតុអ្វី​កម្លាំង​ប្រជា​ធិប​តេយ្យ​ពិបាក​ផ្សះ​ផ្សា​គ្នា​ឡើង​វិញ?

ការ​លំបាក​ក្នុង​ការ​ផ្សះ​ផ្សា​គ្នា រវាង​ក្រុម​នយោ​បាយ​ដែល​គេ​ហៅ​ជា​ទូទៅ​ថា​ សម រង្ស៊ី​និយម និង កឹម សុខានិយម ព្រម​​ទាំង​​ភាព​ងាយ​រង​គ្រោះ ចំពោះ​យុទ្ធ​សាស្ត្រ​បំបែក​បំបាក់ ពី​សំណាក់​គណបក្ស​ប្រជា​ជន​កម្ពុជា គឺ​ជា​បញ្ហា​ស្មុគ​ស្មាញ​​ដែល​កើត​ចេញ​ពី​កត្តា​រចនា​សម្ព័ន្ធ​មនោគម​វិជ្ជា វប្បធម៌​នយោ​បាយ និង​សម្ពាធ​ពី​ខាង​ក្រៅ។

ការ​ខ្វែង​គំនិត​គ្នា​នេះ មិន​មែន​ត្រឹម​តែ​ជាជ​ម្លោះ​បុគ្គល​រវាង​មេដឹក​នាំ​ទាំង​ពីរ​នោះ​ទេ ប៉ុន្តែ​វា​មាន​ឫស​គល់​យ៉ាង​ជ្រៅ​តាំង​​ពី​ប្រវត្តិ​បង្កើត​គណបក្ស បណ្តាញ​អ្នក​គាំ​ទ្រ និង​ការ​ប្រកួត​ប្រជែង​អំណាច​ផ្ទៃ​ក្នុង ដែល​ត្រូវ​បាន​ពង្រីក​បន្ថែម​ដោយ​​យុទ្ធ​សាស្ត្រ​នយោបាយ​របស់​បក្ស​កាន់​អំណាច។

ប្រសិនបើយើងពិនិត្យមើលឫសគល់នៃប្រភពដើម ការបង្កើតគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ​២០១២ គឺជា​ការ​រួម​បញ្ចូល​គ្នា​តាម​បែប​យុទ្ធ​សាស្ត្រ ដើម្បីបង្កើតកម្លាំងប្រជែងក្នុងការបោះឆ្នោត ជាជាងការរលាយចូល​គ្នា​ផ្អែក​លើ​មនោ​គមវិជ្ជា។ គណបក្សនេះ កើតចេញពីការបូកបញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស​សិទ្ធិមនុស្សរបស់​លោក កឹម សុខា ដោយសារសម្ពាធពីម្ចាស់ឆ្នោត និងបរិបទនយោបាយនៅពេល​នោះ។

ទោះជាយ៉ាងណា បណ្តាញថ្នាក់ដឹកនាំ ថ្នាក់មូលដ្ឋាន និងអ្នកគាំទ្រដើមនៅតែបន្តរក្សាទំនាក់ទំនង និងរចនា​សម្ព័ន្ធដាច់​ដោយឡែកពីគ្នា។ ភាពខុសគ្នានៃប្រភពដើមនេះ បានបង្កើតឱ្យមានរចនាសម្ព័ន្ធដឹកនាំ និង​វប្បធម៌​នយោ​បាយ​ពីរ​ខុស​គ្នា​ស្រឡះ។

លោក សម រង្ស៊ី មានបទពិសោធន៍នយោបាយយូរឆ្នាំ មានបណ្តាញអ្នកគាំទ្រនៅក្រៅប្រទេសខ្លាំង និងមានរចនា​សម្ព័ន្ធ​នយោបាយបែបប្រឈមមុខដោយផ្ទាល់។ លោកតែងប្រើសម្ពាធមតិសាធារណៈ ការកៀរគរអ្នក​គាំទ្រ សម្ពាធអន្តរ​ជាតិ និងការរិះគន់ខ្លាំងៗ ទៅមេដឹកនាំបក្សកាន់អំណាច។

ចំណែកលោក កឹម សុខា មានប្រភពចេញពីការងារសង្គម​ស៊ីវិល និង​​សិទ្ធិមនុស្ស ហើយការកសាងបណ្តាញនយោ​បាយ​​​របស់​លោក​​ផ្តោតច្រើនលើថ្នាក់មូលដ្ឋាន ការរៀបចំអង្គការ និងការតស៊ូក្នុងក្របខ័ណ្ឌនយោ​បាយ និង​ច្បាប់ដែលរឹតត្បិតនៅក្នុងប្រទេស។ របៀបដឹកនាំខុសគ្នានេះ មិនមែនមានន័យថា ម្ខាងត្រឹមត្រូវជាង​ម្ខាង​ទៀតទេ ប៉ុន្តែ​វា​បង្កើត​ការ​យល់​ឃើញខុសគ្នា អំពីរបៀបដែលកម្លាំងប្រឆាំងគួរតស៊ូ។

ក្រោយការរំលាយ CNRP ភាពខុសគ្នានេះ កាន់តែរីកធំឡើង។ លោក សម រង្ស៊ី ដែលរស់នៅក្រៅប្រទេស អាច​ប្រើសេរីភាពនយោបាយក្នុងការធ្វើយុទ្ធនាការ កៀរគរអន្តរជាតិ អំពាវនាវឱ្យមានសម្ពាធលើបក្សកាន់អំណាច និងនិយាយដោយត្រង់ៗ។ ផ្ទុយទៅវិញ លោក កឹម សុខា និងអ្នកដែលនៅជុំវិញលោកនៅក្នុងប្រទេស​​ត្រូវប្រឈមនឹងការឃ្លាំមើល ការរឹតត្បិត និងសម្ពាធផ្លូវច្បាប់ដោយផ្ទាល់។

ស្ថានភាពខុសគ្នាបែបនេះ ធ្វើឱ្យយុទ្ធសាស្ត្រដែលសមស្រប សម្រាប់អ្នកនៅក្រៅប្រទេស អាចក្លាយជាហានិភ័យសម្រាប់​អ្នកនៅក្នុងប្រទេស។ ហេតុនេះហើយទើបកើតមានការមិនទុកចិត្តគ្នា ដោយអ្នកគាំទ្រមួយចំនួន​របស់លោក សម រង្ស៊ី មើលក្រុមលោក កឹម សុខា ថាទន់ពេក ខណៈអ្នកគាំទ្ររបស់លោក កឹម សុខា ខ្លះ មើល​យុទ្ធសាស្ត្ររបស់​លោក សម រង្ស៊ី ថាបង្កហានិភ័យដល់សកម្មជនដែលនៅក្នុងស្រុក។

កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត គឺការខ្វែងគំនិតលើ យុទ្ធសាស្ត្រតស៊ូ ក្រោយការរំលាយគណបក្ស។ ក្រុម សម រង្ស៊ីនិយម ដែលភាគច្រើនរស់នៅក្រៅប្រទេស បានជំរុញយុទ្ធសាស្ត្រវាយសម្រុកខ្លាំងៗ តាមរយៈការអំពាវ​នាវឱ្យមាន​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ពីសហគមន៍អន្តរជាតិ ការរៀបចំការតវ៉ានៅបរទេស និងការបង្កើតចលនា​​នយោបាយថ្មីៗ។

ផ្ទុយទៅវិញ ក្រុម កឹម សុខានិយម ដែលស្ថិតក្រោមកែវភ្នែកពិនិត្យយ៉ាងម៉ឹងម៉ាត់ ពីរបបផ្តាច់ការក្នុងស្រុក យល់ថា យុទ្ធ​សាស្ត្រ​វាយសម្រុក ឬការស្រែកពីខាងក្រៅ បានធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់សុវត្ថិភាពផ្លូវច្បាប់របស់លោក កឹម សុខា និងសកម្មជនក្នុងស្រុក ព្រមទាំងបិទផ្លូវនៃការចរចានយោបាយ។

បញ្ហា​ដែលធ្វើឱ្យការផ្សះផ្សាកាន់តែពិបាកទៀត គឺការកើតឡើងនៃសង្គ្រាមពាក្យសម្តីរវាងអ្នកគាំទ្រ។ នៅពេល​នយោ​បាយ​ពឹង​ផ្អែកខ្លាំងលើបុគ្គល អ្នកគាំទ្រងាយភ្ជាប់អត្តសញ្ញាណរបស់ខ្លួនជាមួយមេដឹកនាំ ជាងជាមួយ​ស្ថាប័ន ឬ​គោល​ការណ៍​រួម។

ការរិះគន់លោក សម រង្ស៊ី អាចត្រូវអ្នកគាំទ្ររបស់លោកមួយចំនួនយល់ថា ជាការវាយប្រហារលើចលនាប្រឆាំង​ទាំង​មូល។ ដូច​គ្នា​នេះ​ដែរ ការរិះគន់លោក កឹម សុខា អាចត្រូវបានមើលថា ជាការមើលងាយអ្នកដែលតស៊ូនៅក្នុងប្រទេស។

បណ្តាញ​សង្គម បានធ្វើឱ្យការចោទគ្នាថា «ក្បត់» «លក់ខ្លួន» «ចុះញ៉ម» ឬ «ចង់ដណ្តើមអំណាច» ងាយរីករាល​ដាល ហើយការវាយប្រហារទៅវិញទៅមកទាំងនេះ បង្កើតជារបាំងផ្លូវចិត្ត ដែលសូម្បីតែការផ្សះផ្សានៅកម្រិតមេដឹកនាំក៏មិន​ងាយទៅរួច។ បរិបទទាំងប៉ុន្មានខាងលើនេះ បានផ្តល់ឱកាសយ៉ាងល្អដល់គណបក្សប្រជាជនកម្ពុជា ក្នុងការ​អនុ​វត្ត​យុទ្ធ​សាស្ត្រ បំបែក និងគ្រប់គ្រង។

លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានកត់សម្គាល់ថា គណបក្ស​កាន់អំណាច មិនចាំបាច់បង្កើតការបែកបាក់ពីសូន្យនោះទេ គឺគ្រាន់តែទាញយកប្រយោជន៍ និងពង្រីកស្នាមប្រេះឆា ដែល​មាន​ស្រាប់ឱ្យកាន់តែធំ។

លោក​បន្ថែមថា ឧបករណ៍ដ៏មានឥទ្ធិពលបំផុតសម្រាប់ CPP គឺការដាក់សម្ពាធផ្លូវច្បាប់ និងនយោបាយមិនស្មើ​គ្នា​លើ​មេដឹក​នាំ​ទាំង​ពីរ។ ការចាត់វិធានការយ៉ាងក្តៅគគុកលើលោក សម រង្ស៊ី តាមរយៈការផ្តន្ទាទោសច្រើន​ករណី និងការ​ហាមឃាត់មិនឱ្យចូលស្រុក ផ្ទុយពីការដោះស្រាយសំណុំរឿងលោក កឹម សុខា តាមនីតិវិធី​ក្នុង​ស្រុក បានបង្កើតឱ្យមាន​រូប​ភាព​ថា អ្នកទាំងពីរមានជោគវាសនានយោបាយខុសគ្នាដាច់ស្រឡះ។

លើសពីនេះ ការផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញជាបុគ្គលដល់អតីតមន្ត្រីជាន់ខ្ពស់ CNRP និងការបើកផ្លូវឱ្យ​​មានការបង្កើត​គណបក្សតូចៗ បានធ្វើឱ្យកម្លាំងប្រឆាំងបែកខ្ញែកជាផ្នែកៗ។ ការប្រើប្រាស់សារនយោ​​បាយបែប​ចិត្ត​សាស្ត្រ ដោយ​ការសរសើរមេដឹកនាំម្ខាង និងវាយប្រហារមេដឹកនាំម្ខាងទៀត បានបង្កើនកម្រិតសង្ស័យ​ផ្ទៃក្នុងកាន់តែខ្លាំង​ថា​មាន​ការ​ចរចា​សម្ងាត់​ណាមួយកើតឡើង។

ទំនុកចិត្តផ្ទៃក្នុងដែលធ្លាប់តែមានភាពផុយស្រួយស្រាប់ទៅហើយនោះ កាន់តែរងការរង្គោះរង្គើថែមទៀតនៅ​ពេល​ដែលការវិវត្តនយោបាយថ្មីៗបានកើតឡើង។ ជំនួបផ្ទាល់រវាងលោក ហ៊ុន ម៉ាណែត និងកញ្ញា កឹម មនោវិទ្យា កាលពីថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២៦ ទោះបីជាត្រូវបានមើលឃើញថាជាការបើកទំព័រទំនាក់ទំនងថ្មីជាមួយបក្សកាន់អំណាចក៏​ដោយ ប៉ុន្តែវាក៏បានក្លាយជាប្រេងចាក់បន្ថែមលើភ្លើងងនៃសង្គ្រាមពាក្យសម្តី និងការសង្ស័យគ្នាទៅវិញទៅមក រវាង​ក្រុមអ្នកគាំទ្រ លោក សម រង្ស៊ី និយម និង លោក កឹម សុខា និយម ដែល​រឹតតែធ្វើឱ្យកម្លាំងប្រឆាំងបែកបាក់ និង​ពិបាកក្នុងការរំលាយស្នាមប្រេះឆាដើម្បីផ្សះផ្សាគ្នាឡើងវិញ។

សម្រាប់លោក សេង វណ្ណលី ចំណុចខ្សោយជាយុទ្ធសាស្ត្រដ៏ធំបំផុតរបស់ចលនាប្រឆាំង គឺការកសាងសាមគ្គី​ភាព​ដែលផ្អែកលើ ការប្រឆាំងគណបក្សកាន់អំណាច ជាជាងការបង្កើត ស្ថាប័នរួម មួយដែលមានគ្រឹះ​រឹង​មាំ។ នៅពេលមាន​វិបត្តិ​ប្រជា​ធិប​តេយ្យ​ដូចបច្ចុប្បន្ន បណ្តាញទាំងពីរអាចចាប់ដៃគ្នាបានយ៉ាងល្អ ដូច​ដែល​​បានបង្ហាញនៅក្នុងការ​បោះ​​ឆ្នោត​ឆ្នាំ​២០១៣។

ប៉ុន្តែនៅពេលដែលស្ថាប័នរួមត្រូវរលាយ បក្សប្រឆាំងបានខ្វះយន្តការផ្លូវការសម្រាប់ដោះស្រាយជម្លោះ ការធ្វើសម្រេច​ចិត្តរួម និងការផ្ទេរអំណាចដោយសន្តិវិធី។ ការខ្វែងគំនិតគ្នាយ៉ាងបើកចំហរវាងអ្នកគាំញទ្រមេដឹក​នាំ​ទាំងពីរ​នា​ពេល​កន្លង​មក បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ ពីការបាត់បង់ការយោគយល់គ្នា។

ជាលទ្ធផល ការផ្សះផ្សារវាងក្រុមទាំងពីរ មិនមែនគ្រាន់តែជាការសម្រេចចិត្តបត់បែនចិត្តរបស់មេដឹកនាំពីររូប​នោះ​ទេ។ ដរាប​ណាជម្រើសយុទ្ធសាស្ត្រ រវាងការតស៊ូពីខាងក្រៅ និងការសម្របសម្រួលក្នុងស្រុក មិនអាច​រកចំណុច​ប្រសព្វបាន ហើយដរាបណា ចលនាប្រឆាំងមិនទាន់អាចបង្កើតស្ថាប័ននយោបាយមួយដែល​មិនពឹងផ្អែកលើបុគ្គលនិយម ភាពបែកបាក់ និងភាពងាយរងគ្រោះ​ ចំពោះយុទ្ធសាស្ត្របំបែកបំបាក់របស់ CPP នឹង​នៅតែបន្តកើតមានជាហូរ​ហែ៕

ដោយ លោក សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ