មេបក្សកាន់អំណាច លោក ហ៊ុន សែន បានទម្លាយឱ្យដឹងនៅថ្ងៃអាទិត្យនេះ លោកបានជួបពិភាក្សា ជាមួយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ រយៈពេល៣ម៉ោង និងសរសើរកូនស្រីលោក កឹម សុខា ថា «ពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ»។
បើតាមសារនៅលើហ្វេសប៊ុករបស់ លោក ហ៊ុន សែន បានឱ្យដឹងថា ប៉ុន្មានសប្តាហ៍មុន លោក កឹម សុខាបានជួបលោក ហ៊ុន សែន នៅផ្ទះរបស់លោក ហ៊ុន សែន មុនពេលលោក កឹម សុខា ទៅសួរសុខទុក្ខកងទ័ព និងជនភៀសសឹក នៅខេត្តជាប់ព្រំដែន។
នៅថ្ងៃអាទិត្យនេះ លោក កឹម សុខា និងភរិយា រួមទាំងកូនស្រី គឺកញ្ញា កឹម មនោវិទ្យា បានទៅសួរសុខទុក្ខលោក ហ៊ុន សែន ម្តងទៀត។ ហើយក្នុងជំនួបនោះ លោក ហ៊ុន សែន បានពិភាក្សាជាមួយលោក កឹម សុខា រហូតដល់៣ម៉ោង។
លោកថា៖ «យើងជក់និយាយគ្នារហូត៣ម៉ោង(9-12) ដោយនិយាយច្រើនជាមួយក្មួយស្រី គឹម មនោវិទ្យា ដែលក្មួយស្រីពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ»។
កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ក៏បានទម្លាយរឿងជួបពិភាក្សាជាមួយកញ្ញា កឹម មនោវិទ្យា ដែរ ដោយបានទម្លាយឱ្យដឹងដែរថា ការជួបជជែកគ្នានេះ ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិ។
លោកថា៖ «ថ្ងៃនេះ បានជួបជជែកគ្នាជាមួយប្អូនស្រី កឹម មនោវិទ្យា។ ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួនដែលយើងអាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង ជាពិសេសនៅលើឆាកអន្តរជាតិ»។
ជាការកត់សម្គាល់ការដែលលោក ហ៊ុន សែន ទម្លាយឱ្យដឹងរឿងជួបលោក កឹម សុខា រយៈពេល៣ម៉ោង បន្ថែមលើ លោក ហ៊ុន ម៉ាណែត បញ្ចេញសារជួបជាមួយកញ្ញា កឹម មនោវិទ្យា ពេលនេះ ខណៈអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ បញ្ចេញប្រតិកម្មរិះគន់ និងខ្លះគាំទ្រ។
ពួកគេថា ជំនួបនេះ ជាសេណារីយូរបស់បក្សកាន់អំណាច ដើម្បីបំបែកអ្នកប្រជាធិបតេយ្យ រវាងសម រង្ស៊ីនិយម និងកឹម សុខានិយម ។
ប៉ុន្តែ អ្នកខ្លះនិយាយថា ជំនួបរវាងលោក ហ៊ុន ម៉ាណែត និងកញ្ញា កឹម មនោវិទ្យា ជាជំហាននៃការចាប់ផ្តើមស្វែងរកការដោះស្រាយបញ្ហាជាតិ កំពុងចាក់ស្រេះ ដែលមានវិបត្តិសិទ្ធិមនុស្ស នយោបាយ ការងារ បញ្ហាព្រំដែន និងអយុត្តិធម៌សង្គមជាដើម។
រីឯមតិខ្លះទៀត ជំរុញឱ្យបក្សកាន់អំណាចទម្លាក់បទចោទលើអ្នកនយោបាយ ដែលកំពុងជាប់ឃុំទាំងអយុត្តិធម៌ រួមទាំងសកម្មជនផ្សេងទៀត ដើម្បីផ្សះផ្សាជាតិ បើកលំហប្រជាធិបតេយ្យជាដើម។
លើសពីនេះ អ្នកតាមដានខ្លះ បន្តជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវប្រញាប់កែទម្រង់ប្រព័ន្ធតុលាការ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីឱ្យការបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ ដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យ ប្រកបដោយការជឿទុកចិត្ត ពីសហគមន៍ជាតិ និងអន្តរជាតិ៕









