ប្រជាពលរដ្ឋរស់នៅសហគមន៍កោះមាស ក្នុងខេត្តកណ្តាល នៅថ្ងៃចន្ទនេះ បាននាំគ្នាទៅតវ៉ាជាថ្មីនៅមុខផ្ទះប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដើម្បីតាមដានញត្តិដែលបានដាក់កាលពីជាង១ខែមុន សុំឱ្យលោកហ៊ុន សែន ជួយដោះស្រាយរឿងរដ្ឋាភិបាលកាត់ដីដែលគាត់រស់នៅ និងអាស្រ័យផលជាង ៤០ឆ្នាំមកហើយ ទៅឱ្យក្រុមហ៊ុនរបស់ឧកញ៉ា ឃុន សៀ មិនទាន់មានការឆ្លើយតប។
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមតំណាងប្រជាពលរដ្ឋនៅសហគមន៍កោះមាសជាង ១០០គ្រួសារ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល បាននាំគ្នាទៅដាក់ញត្តិនៅផ្ទះប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅក្រុងតាខ្មៅ ខេត្តកណ្តាល ម្តងរួចមកហើយ ស្នើសុំឱ្យជួយអន្តរាគមន៍បញ្ហាវិវាទដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា ឃុន សៀ ក្រោយពីពួកគេបានដាក់ញត្តិសុំអន្តរាគមន៍តាំងពីថ្នាក់រដ្ឋបាលស្រុក រហូតដល់ក្រសួងស្ថាប័នថ្នាក់ជាតិ តែមិនមានលទ្ធផលជាវិជ្ជមាន។
លោក ឈឹម រី ពលរដ្ឋរស់នៅតំបន់កោះមាស បានឱ្យដឹងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះថា អស់រយៈពេលជាង១ខែហើយ ដែលពលរដ្ឋប្រមាណ ១២០គ្រួសារ បានដាក់ញត្តិដោយផ្ទាល់ទៅដល់ផ្ទះ លោក ហ៊ុន សែន ឱ្យជួយដោះស្រាយ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ដឹងលទ្ធផលនៅឡើយ។
លោកថា៖ «កាលខ្ញុំយកឯកសារហ្នឹងទៅឱ្យសម្តេច ទៅសុំអន្តរាគមន៍ពីសម្តេចទៀត ថ្ងៃទី២៩ ខែ៦ រហូតមកដល់ពេលនេះ តេមួយសប្តាហ៍ៗ វាចូលហើយតែគេអត់លើក បានខ្ញុំទៅ ទៅហ្នឹងដើម្បីថាចង់បញ្ជាក់ថា រឿងខ្ញុំបានទៅដល់ណាហើយ»។
តំណាងពលរដ្ឋរូបនេះ បានអះអាងម្តងហើយម្តងទៀតថា ដីនៅសហគមន៍កោះមាសនេះ ប្រជាពលរដ្ឋបានរស់នៅតាំងពីឆ្នាំ១៩៧៩មក ដោយមានលិខិតបញ្ជាក់ និងប្លង់ទន់ ហើយអាជ្ញាធរក៏បានធ្វើការវាស់វែងនិងធ្វើប្លង់កម្មសិទ្ធិជាថ្មីកាលពីឆ្នាំ២០២០ ប៉ុន្តែចុងក្រោយបែរជាយកដីនៅកោះមាសទាំងមូលធ្វើប្លង់ទៅឱ្យក្រុមហ៊ុនឧកញ៉ា ឃុន សៀ ទៅវិញ។
យ៉ាងណា លោកថា៖ «រឿងដីទំនាស់នេះ ខាងប្រជាជនយើងខ្ញុំ ទី១គឺសុំបណ្ណកម្មសិទ្ធិមកវិញ ហើយទី២ សុំការអភិវឌ្ឍ យើងមិនជំទាស់ទេ ក៏ប៉ុន្តែយើងដោះស្រាយឱ្យសមស្រប រដ្ឋនិងរាស្រ្តហ្នឹងឱ្យរលូនទៅដូចគ្នា ហើយសុំតម្លៃតាមទីផ្សារ»។
យោងតាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុន ឃុន សៀ អ៊ឹមផត អិចផត ទិញផ្តាច់ទីតាំងដីកោះមាសទំហំជាង ៣៤០ហិកតា (៣៤០ហិកតា ៣៨អា ០៤សង់ទីអា) ស្ថិតនៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងតម្លៃជាង ១០លានដុល្លារ (១០ ២១១ ៤១២ដុល្លារ) ជាថ្នូរក្នុងការកសាងសមិទ្ធផលជូនរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល។ ហើយក្រុមហ៊ុនត្រូវធ្វើការដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលនៅលើទីតាំងដីដោះមាសក្នុងតម្លៃចាប់ពី ៥ ទៅ ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ជុំវិញបញ្ហាវិវាទដីធ្លីនេះ ពលរដ្ឋនៅតំបន់កោះមាសមួយរូបទៀត លោក ជុំ សំអឿន បានឱ្យដឹងដែរថា កន្លងមក ប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន សរុបមានចំនួន ១៦៨ គ្រួសារ ប៉ុន្តែដោយសារតែមានប្រជាពលរដ្ឋមួយចំនួន មានវ័យចំណាស់ និងភ័យខ្លាចដោយសារការបណ្តេញចេញដោយបង្ខំ ក្រោយខាងក្រុមហ៊ុនដាក់គ្រឿងចក្រមកឈូសឆាយកាលពីខែកុម្ភៈ ក៏បានបង្ខំចិត្តលក់។
លោកបន្តថា៖ «ចំណែកនៅសល់តែជាង ១២០គ្រួសារនេះ គឺមិនទាន់លក់ទេ ដោយសារមិនព្រម ហើយនឹកឆ្ងល់ថាហេតុអ្វីដីរបស់យើងសោះ ទៅបានទៅ ឃុន សៀ ទៅវិញ ចឹងក៏យើងខំតស៊ូមតិតាមផ្លូវច្បាប់ហ្នឹង[…] ពីព្រោះយើងអត់ចេះរកអីក្រៅពីដាំដំណាំលក់ទេ ដាំដំណាំទាល់តែមានដី បើសិនជាអត់ដី យើងមិនអាចរស់បានទេ»។
បើតាមក្រុមប្រជាពលរដ្ឋ ពួកគាត់នឹងបន្តការតវ៉ាទាមទារប្លង់កម្មសិទ្ធិនេះបន្តទៀត ដែលអាចបន្តទៅដាក់ញត្តិនៅស្ថានទូតបរទេស តុលាការ និងស្ថាប័នពាក់ព័ន្ធនានា រហូតដល់មានដំណោះស្រាយសមរម្យដែលអាចទទួលយកបាន។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីលោក ជា ធីរិទ្ធ អ្នកនាំពាក្យលោក ហ៊ុន សែន បានទេ នៅរសៀលថ្ងៃចន្ទនេះ។
តែយ៉ាងណា អំឡុងពេលពលរដ្ឋប្រមូលផ្តុំ គេសង្កេតឃើញមានមន្ត្រីដែលមិនបានបញ្ជាក់ឈ្មោះ និងតួនាទី បានមកសម្របសម្រួល និងប្រាប់ទៅពលរដ្ឋ ឱ្យរងចាំបន្ថែមទៀត ដោយសារការស្នើសុំអន្តរាគមន៍ ត្រូវការពេលវេលា និងនីតិវិធីក្នុងការរៀបចំឯកសារ។
លោកថា៖ «បងប្អូនអ៊ុំពូមីងទុកឱកាសឱ្យមេគាត់សម្របសម្រួល ដើម្បីរៀបចំឯកសារឡើងទៅលើ យើងមិនអាចយកទៅឆៅៗទៅជួបថ្នាក់ដឹកនាំបានទេ ទាល់តែយើងរៀបចំតាមបែបផែន»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា បញ្ហាវិវាទដីធ្លីរវាងពលរដ្ឋនៅសហគមន៍កោះមាស និងក្រុមហ៊ុន ឃុន សៀ នេះបានអូសបន្លាយច្រើនឆ្នាំមកហើយ ដែលក្រសួងស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ គួរតែពន្លឿននីតិវិធីក្នុងការដោះស្រាយឱ្យបានឆាប់ និងទទួលយកបានទាំងអស់គ្នា ដើម្បីជៀសវាងផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ហើយក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុនដែរ ប្រសិនបើការតវ៉ាមានបាតុភាពណាមួយកើតឡើងនោះ។
លោកថា៖ «ចឹងអ្វីដែលសំខាន់ ដើម្បីកុំឱ្យមានការអូសបន្លាយពេលវេលាតទៅទៀតហ្នឹង វាទាល់តែភាគីដែលពាក់ព័ន្ធ ជាពិសេសគឺមានកិច្ចអន្តរាគមន៍ពីស្ថាប័នដែលពាក់ព័ន្ធហ្នឹងជំរុញ ហើយពន្លឿនធ្វើម៉េចឱ្យមានដំណោះស្រាយហ្នឹងឱ្យបានឆាប់ ដើម្បីឱ្យទទួលយកបានទាំងអស់គ្នា ជៀសវាងដើម្បីកុំឱ្យមានបញ្ហាទៅថ្ងៃក្រោយ ព្រោះតាមបទពិសោធន៍កន្លងមក យើងឃើញថា បញ្ហាវិវាទដីធ្លីនេះ វា ទីមួយ វាក្លាយទៅជារ៉ាំរៃ ទីពីរ វាអាចបង្កជាបញ្ហាបន្ថែមទៀតសម្រាប់សហគមន៍ ឬប្រជាពលរដ្ឋ ដូចជាមានការប្តឹងផ្តល់ទៅតុលាការ មានការចាប់ខ្លួន អាហ្នឹងបង្កើតជាបញ្ហាប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ ឬក៏សេដ្ឋកិច្ចគ្រួសាររបស់គាត់បន្តទៀត»។
ចំណែក របាយការណ៍របស់សមាគមអាដហុក ស្តីពី ស្ថានភាពសិទ្ធិដីធ្លីឆ្នាំ២០២៥ ចេញផ្សាយកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ រកឃើញថា បញ្ហាវិវាទដីធ្លីនៅកម្ពុជា នៅតែបន្តមានលក្ខណៈធ្ងន់ធ្ងរ រ៉ាំរៃ និងស្មុគស្មាញ ដែលទាមទារឱ្យមានការកែលម្អផ្នែកច្បាប់ គោរពសិទ្ធិសហគមន៍ ទប់ស្កាត់អំពើពុករលួយ និងបញ្ឈប់ការប្រើអំណាចខុសពីគោលបំណងនៃច្បាប់។
ប្រភពដដែលបន្តថា បញ្ហានេះ ក៏មានផលប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស រួមមាន សិទ្ធិកម្មសិទ្ធិ សិទ្ធិលំនៅឋាន សិទ្ធិរស់នៅមានសេចក្តីថ្លៃថ្នូរ និងសិទ្ធិតវ៉ាដោយសន្តិវិធី ជាពិសេសប៉ះពាល់ដល់សិទ្ធិនិងអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច។ ផលវិបាកនៃវិវាទដីធ្លី ក៏ប៉ះពាល់ផងដែរ ដល់សង្គម និងជីវភាពប្រជាពលរដ្ឋ ដូចជា ប៉ះពាល់បញ្ហាផ្លូវចិត្ត បញ្ហាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងការបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ និងនិទណ្ឌភាព។
អាដហុកបានព្រមានដែរថា៖ «បើគ្មានវិធានការណ៍ជាក់ស្តែង វិវាទដីធ្លី នឹងបន្តបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថិរភាពសេដ្ឋកិច្ច-សង្គម ការកើនឡើងនៃភាពក្រីក្រ ការបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល និងប្រព័ន្ធយុត្តិធម៌ ដែលអាចរារាំងការអភិវឌ្ឍរយៈពេលវែង»៕









