ទស្សនៈ​អ្នក​ឃ្លាំ​មើល​ជំរុញ​ឱ្យ​ក្បាល​ម៉ាស៊ីន​បក្ស​នយោ​បាយ​ដោះ​ស្រាយ​បញ្ហា​ជាតិ

បន្ទាប់​ពី​លោក ហ៊ុន សែន ជួប​សន្ទនា​ជាមួយ​ក្រុម​គ្រួសារ​លោក កឹម សុខា ហើយ​​លោក ហ៊ុន ម៉ាណែត ជួប​ជា​មួយ​កញ្ញា កឹម មនោវិទ្យា ដោយ​ចាត់​ទុក​ថា ជំនួប​រវាង​អ្នក​នយោ​បាយ​ជំនាន់​ថ្មី ដើម្បី​​ឧត្តម​​ប្រយោជន៍​ជាតិ​​មក អ្នក​ឃ្លាំ​មើល យល់​ឃើញ​ថា នេះ​អាច​ជា​ឱកាស​សម្រាប់​បើក​ទ្វារ​សន្ទនា​​នយោ​បាយ​​ឡើង​វិញ។

ពួក​គេ​ច​ង់​ឃើញ​មេដឹក​នាំ​​នយោបាយ​គ្រប់​ភាគី​​ប​ន្ត​ពី​ការ​​ជួប​​​ជា​​លក្ខណៈ​​គ្រួសារ ទៅ​រក​ការ​សន្ទនា​ដោយ​ផ្ទាល់ និង​ដោះ​ស្រាយ​​បញ្ហា​​សិទ្ធិ​នយោ​បាយ សេរី​ភាព​អ្នក​ជាប់​ឃុំ និង​វិបត្តិ​ជាតិ​ផ្សេងៗ ដើម្បី​កុំ​ឱ្យ​ពាក្យ​ថា «ឧត្តម​ប្រយោជន៍​ជាតិ» នៅ​​ត្រឹម​តែ​​សារ​​នយោ​បាយ ប៉ុន្តែ​ត្រូវ​ធ្វើ​ឱ្យ​​ក្លាយ​​​ជា​​សកម្ម​ភាព​​ជាក់​​ស្តែង។

អ្នកជំនាញ​ភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់​​វីអូឌី​​នៅ​​​ថ្ងៃ​ទី១៧ ខែសី​ហា ថា ការ​​ជួប​​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា អាច​ជាស​ញ្ញា​វិជ្ជ​មាន​នៃ​ការ​បន្ធូរ​ភាព​តាន​តឹង និង​បើក​ផ្លូវ​សន្ទនា​នយោ​បាយ ប៉ុន្តែ​ក៏​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​​រូបភាព​​នយោបា​យ​​សម្រាប់​​បន្ថយ​​សម្ពាធ​​អន្តរ​ជាតិ និង​កែ​លម្អ​មុខ​មាត់​រដ្ឋាភិ​បាល។

លោក​បន្ត​ថា ដើម្បីបញ្ជាក់ពីការផ្សះផ្សាពិតប្រាកដ មិនមែន​ជា​ល្បែង​នយោបាយ រដ្ឋាភិបាល​គួរបន្តដោយសកម្ម​ភាព​ជាក់​ស្តែង ដូច​ជា ដោះលែងអ្នកទោសមនសិការ ទម្លាក់បទចោទនយោបាយ ផ្តល់សិទ្ធិនយោបាយពេញលេញដល់លោក កឹម សុខា និងអ្នកនយោ​បាយ​ផ្សេងទៀត ក៏ដូចជា​លោក រ៉ុង ឈុន កញ្ញា សេង ធារី លោក ថាច់ សេដ្ឋា ព្រមទាំងបើកលំហប្រជាធិបតេយ្យ និងការប្រកួត​ប្រជែងដោយស្មើភាព។ លោក​សង្កត់​ធ្ងន់​ថា តម្លៃពិតនៃជំនួបនេះ គួរត្រូវវាស់តាមសកម្មភាពបន្ទាប់ មិនមែនត្រឹមតែរូបថត និង​ពាក្យសម្តីឡើយ។

លោក សេង វណ្ណលី ថ្លែងថា៖ «បើសិនបើ​រូបភាព​ទាំងនេះ​គ្រាន់តែ​ជា​ល្បែង​នយោបាយ​របស់​គណបក្ស​កាន់អំណាច លោក កឹម សុខា អាច​នឹង​ខាត​បង់​​នូវ​សេចក្ដីទុកចិត្ត​ពី​អ្ន​កគាំទ្រ​ ​ដែល​ចង់​ឃើញ​ការ​តស៊ូ​នយោបាយ​ច្បាស់លាស់ និង​​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​​​​ថា​​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ​ ដើម្បី​សម្រួល​រូបភាព​រដ្ឋាភិបាល ឬក៏​ផ្ដល់​​ភាព​ស្របច្បាប់​ដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែត។ ប៉ុន្តែ​លោក​ក៏​អាច​ចំណេញ​ខ្លះ​នៅក្នុង​ទស្សនៈ​ផ្ទាល់ខ្លួន ដូច​ជា​ការ​ទទួល​បាន​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការ​រស់​នៅ ឬក៏​ការ​បើកផ្លូវ​ឱ្យ​មានការ​ប្រស្រ័យ​ទាក់ទង​គ្នា​រវាង​ក្រុម កឹម សុខា​និយម និង​ក្រុម​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន»។

ចំណែក​​អ្នក​តាម​ការ​អភិវឌ្ឍ​​សង្គម លោក​បណ្ឌិត មាស នី មើលឃើញ​ថា ជំនួបរវាងគ្រួសារ​មេដឹកនាំ​នយោ​បា​យ​ដែល​ធ្លាប់​ប្រឈម​មុខ​គ្នា​ខ្លាំង អាច​ជា​សញ្ញា​វិជ្ជ​មាន​នៃ​ការ​បើក​ផ្លូវ​ទៅ​រក​ការ​ផ្សះ​ផ្សា និង​ឯកភាព​ជាតិ ប៉ុន្តែ​​បទ​ពិសោធន៍​​ពី​ជំនួប​រវាង​គ្រួសារ សម រង្ស៊ី និង​គ្រួសារ ហ៊ុន សែន កន្លង​មក បង្ហាញ​​ថា ភាព​ស្និទ្ធ​ស្នាល​អាច​ប្រែ​ជា​ជម្លោះ​​វិញ ប្រសិន​បើ​ភាគី​ទាំង​ពីរ​មិន​ផ្តល់​តម្លៃ និង​គោរព​​​គ្នាទៅ​វិញ​ទៅ​មក។ លោក​ថា នៅ​​ពេល​​នេះ​វាឆា​ប់​ពេក​ក្នុង​ការ​ព្យាករណ៍​ថា លទ្ធផល​នឹង​ទៅ​​​ជា​​យ៉ាង​​ណា ប៉ុន្តែ​សញ្ញា​សំខាន់​នឹង​ស្ថិត​នៅ​លើ​សកម្មភាព​បន្ទាប់​របស់​អ្នក​ដឹកនាំ។ ទោះយ៉ាងណា​ លោក​បណ្ឌិត មាស នី សង្កត់​ធ្ងន់​ថា ជោគជ័យនៃការឯកភាពជាតិអាស្រ័យ​លើឆន្ទៈ និង​ការប្តេជ្ញាចិត្ត​​ពិត​​ប្រាកដរបស់មេដឹកនាំទាំងសងខាង។

លោក​បណ្ឌិត មាស នី ថ្លែងថា៖ «បើ​ពួកគាត់​មាន​ឧត្តមគតិ​ខ្ពស់​​ក្នុង​ការ​ផ្សះផ្សា​ជាតិ បង្រួប​បង្រួម​ជាតិ ខ្ញុំ​​គិត​ថា គាត់​​អាច​នឹង​ធ្វើ​បាន គាត់​​អាច​នឹង​ធ្វើ​បន្ត​ទៅ​ទៀត​បាន អញ្ចឹង​យើង​នឹង​រង់ចាំ​មើល​ភាគ​បន្ទាប់​ទៀត​ថា តើ​ក្រោយ​ពី​​ជួប​​ហើយ អាច​មាន​ស្ថានភាព​ធូរ​ស្រាល ដែល​លើ​រឿង​នយោបាយ​អី​ផ្សេងៗ ​ដែល​ឬ​អត់ ដូចជា​ការ មានការ​ចោទប្រកាន់​អី​ពី​តុលាការ​ផ្សេងៗ​អីហ្នឹង ថា​ហ្នឹង​អាច​មាន​​តទៅទៀត​ដែរ​ឬ​អត់ តែ​បើសិនជា​វា​គ្មាន​អី​ទេ ហើយ​មានការ​ដោះ​លែង​ដល់​សកម្មជន​​ឬក៏​អ្នកនយោបាយ​អី​ផង​នោះ ខ្ញុំ​គិតថា នេះ​​វា​ជា​ការ​បើក​ទំព័រ​ថ្មី​មួយ ឈាន​ទៅ​រក​ការ​រក​មាន​​ឯកភាព​ជាតិ​ប្រាកដ​ប្រជា​​សម្រាប់​សង្គម​យើង បញ្ជាក់​វា​អាស្រ័យ​ទៅលើ​ការ​​ប្ដេជ្ញា​ចិត្ត​​របស់​​អ្នក​ដឹក​នាំ​​ទាំង​សង​ខាង បាទ!»។

រីឯ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ចាត់ទុកជំនួបរវាងអតីតមេដឹកនាំគណបក្សក្រៅ​​រដ្ឋាភិបាល និងមេដឹកនាំគណបក្សកាន់អំណាចថា ជាសញ្ញាវិជ្ជមានដែលអាចបើកផ្លូវដោះស្រាយ​​បញ្ហាជាតិ និងស្តារលទ្ធិប្រជាធិប​តេយ្យ ស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ប៉ុន្តែ​​​ភាព​​ជោគ​ជ័យ​មិន​​អាច​វាស់​តាម​ការ​ជួប ឬ​រូប​ភាព​ឡើយ គឺ​អាស្រ័យ​លើ​ឆន្ទៈ​ស្មោះ​ត្រង់ និង​ការ​អនុវត្ត​ជាក់​ស្តែង​​របស់​​មេដឹក​នាំ។ បទពិសោធន៍​កន្លង​មក​បង្ហាញ​ថា ការ​សន្ទនា​ដែល​ខ្វះ​តម្លា​ភាព និង​ការ​បែក​ធ្លាយ​ព័ត៌​មាន​ដាក់​​បន្ទុក​​គ្នា បាន​ធ្វើ​ឱ្យ​កិច្ច​ព្រម​ព្រៀង​នយោ​បាយ​បរាជ័យ​ម្តង​ហើយ​ម្តង​ទៀត​។ ដូច្នេះ អ្នក​នយោបាយ​គួរ​បង្កើត​វប្បធម៌​​សន្ទនា​ថ្មី ដែល​មាន​តម្លា​ភាព បង្ហាញ​ច្បាស់​ពីអ្វី​ដែ​ល​បាន​ព្រម​ព្រៀង និង​លទ្ធ​ផល​ដែល​បាន​អនុ​វត្ត ដើម្បី​ឱ្យ​ប្រ​ជា​​ពលរដ្ឋ​អាច​តាម​ដាន និង​វិនិច្ឆ័យ​បាន​ថា ភាគី​ណា​គោរព ឬ​បំពាន​លើ​កិច្ច​ព្រម​ព្រៀង។

​លោក សេក សុជាតិ ថ្លែងថា៖ «យើង​ចង់​ឃើញ​អ្នកនយោបាយ​ធ្វើការ​រួមគ្នា​ជជែក​គ្នា ក៏ប៉ុន្តែ​យើង​ក៏​​ចង់​​ឃើញ​​លទ្ធ​ផល​​​ដែល​​ពួកគាត់​​ជជែក​​​គ្នា ជជែក​​ពី​​អី ហើយ​​ផ្ទៀង​ផ្ទាត់​​ជាមួយ​​នឹង​​ការ​អនុវត្ត​​ជា​ក់​ស្ដែង ដើម្បី​ងាយស្រួល​ធ្វើការ​វិនិច្ឆ័យ​ឱ្យ​បាន​ច្បាស់​ថា តើ​អ្នកណា​​​​ជា​អ្នក​បំពាន​ទៅលើ​កិច្ចព្រមព្រៀង ឬ​កិច្ចសន្យា​នយោបាយ​របស់​ក្រុម​អ្នកនយោបាយ​ទាំងអស់ ​ដែល​មាន​វត្តមាន​នៅក្នុង​វេទិកា​​នយោបាយ​នៃ​ប្រទេស​កម្ពុជា​​យើង​ហ្នឹង​បាទ»។

ការលើកឡើង​របស់​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយកម្ពុជា​​នៅ​ពេល​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន បង្ហើប​ថា លោក​បានជួបពិភាក្សា​​ជាមួយ លោក កឹម សុខា រយៈពេល៣​ម៉ោង នៅពេលលោក កឹម សុខា ភរិយា និង​កូនស្រី កញ្ញា កឹម មនោវិទ្យា ចូលសួរសុខ​ទុក្ខលោក។ ជំនួបនេះ​​កើតឡើងបន្ទាប់ពីលោក កឹម សុខា ធ្លាប់ជួបលោក ហ៊ុន សែន មុនពេលចុះទៅសួរសុខទុក្ខកងទ័ព និងជនភៀស​សឹកនៅតំបន់​ព្រំដែន។ ជាមួយគ្នានេះ លោក ហ៊ុន សែន បាន​​សរសើរ​កូនស្រី​ច្បង​លោក កឹម សុខា ថា​ជា «ធនធាន​មនុស្ស​ដ៏​ល្អ​សម្រាប់​ជាតិ» ។

ចំណែក​ លោក ហ៊ុន ម៉ាណែត ក៏​ទម្លាយ​រូប​១​សន្លឹក និង​សារ​ខ្លី​របស់​​លោក​ដែរ ហើយ​លោកចាត់ទុក​ថា លោក និង​កញ្ញា កឹម មនោវិទ្យា ជា​អ្នកនយោបាយជំនាន់ថ្មី អាច​សហការគ្នា​លើ​កិច្ចការ​ដែល​ផ្តល់​ផលប្រយោជន៍ដល់ជាតិ ជាពិសេស​​លើ​​ឆាក​​អន្តរ​ជាតិ។

សម្រាប់​មន្ត្រីបក្សប្រឆាំង​ សង្ឃឹមថា ជំនួបនេះ​នឹងបើកផ្លូវឱ្យមានការសន្ទនាជាមួយគ្រប់គណបក្ស និងឈានទៅ​ដោះ​លែង​អ្នកទោស​នយោបាយ ព្រមទាំងបញ្ឈប់ការរឹតត្បិតអ្នកនយោបាយ និងពលរដ្ឋដែលមានមតិផ្ទុយ។ ប៉ុន្តែអ្នក​ជំនាញ​វិទ្យា​សាស្ត្រ​នយោ​​​បាយ​​​នៅតែសង្ស័យថា វាមិនទាន់មែនជាសញ្ញានៃការស្តារប្រជាធិបតេយ្យទេ ដរាបណាលោក កឹម សុខា លោក រ៉ុង ឈុន លោក ថាច់ សេដ្ឋា​ និងសកម្មជនផ្សេងទៀត នៅតែមិនទទួលបានសិទ្ធិពេញលេញ ឬ​​បន្ត​​ជាប់​ឃុំ​ក្រោម​ការ​ដឹកនាំ​ផ្ដាច់មុខ​របស់​ក្រុម​គ្រួសារ​​លោក ហ៊ុន សែន ដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ