ថៃ​បន្ត​ចែក​ដី​ខ្មែរ​​​ឱ្យព​លរដ្ឋ​និង​គ្រោង​ចែក​ឱ្យ​ទាហាន​ខ្លួន​ទោះ​កម្ពុជា​បន្ត​តវ៉ា

បើ​​ទោះ​​​បី​ជា​​កម្ពុជា​​បា​ន​​ចេញ​​សេចក្តី​ថ្លែង​ការណ៍ ​ធ្វើ​ការ​​តវ៉ា​​ជា​បន្ត​បន្ទាប់​ប្រមាណ ១០០០​​លើ​ក ​មក​​ហើយ​ប្រឆាំង​​នឹង​​ការ​​បន្ត​កាន់​​កាប់​​ទឹក​ដី​កម្ពុជា​​ដោយ​​ខុស​​ច្បាប់​យ៉ាង​ណា​ក្តី​​ ក៏​ថៃ​នៅ​​តែ​​គឃ្លើន និង​​នៅ​​​​​តែ​​បន្ត​កាន់​​កាប់​​ទឹក​ដី​ខ្មែរ​​ ថែម​​ទាំង​​​បន្ត​​រុល​​ចូល​​មក​​ក្នុង​​ទឹក​ដី​ខ្មែរ​​បន្ថែម​ទៀត។

​លើស​ពី​នេះ​ថៃ ​​ថែម​​ទាំង​​​បន្តបែង​​ចែក​​​​​ដី​ខ្មែរ​ទាំងនោះ​ទៅ​ឱ្យ​ពល​រដ្ឋ និង​យោធា​​របស់​ខ្លួន​ ជា​បន្តបន្ទាប់​ទៀត ដែលបញ្ហានេះ ជំរុញ​ឱ្យមានការលើកឡើងថា ប្រសិន​បើស្ថានភាពបែបនេះ​នៅ​តែ​បន្ត ​កម្ពុជា​​មិន​​ត្រឹម​​តែ​​​មិន​​អាច​​ទាម​​ទារ​​ទឹកដីមក​វិញបាន​នោះទេ ថែម​ទាំង​បន្តបាត់​បង់ទឹកដីកាន់​តែច្រើន​ថែម​ទៀត​ទៅ​​ថៃ ​និង​ក៏​ធ្វើ​​ឱ្យ​​បញ្ហា​​វិវាទ​​ព្រំដែន​​​កាន់​​តែ​​ស្មុគ​ស្មាញ​​​ថែម​​​ទៀត​​​ផងដែរ។

ក្រសួង​ការបរទេសកម្ពុជា ​កាលពីថ្ងៃទី​១៤ ខែសីហា​ បាន​ចេញ​សេចក្តីប្រកាសព័ត៌មានថ្មីមួយទៀត ​តវ៉ា​​ប្រឆាំង​​​នឹង​ការបន្តរំលោភបំពាន​ដោយ​ប្រទេសថៃ​ លើ​អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​ នៅ​តាម​​បណ្តោយ​​ព្រំដែន ខណៈ​កាលពីថ្ងៃ​ទី​១៣ ខែ​​សីហា ​ឆ្នាំ​២០២៦ អាជ្ញាធរ​​ថៃ​បាន​ចែក​ដីមួយ​លើកទៀត​ ដល់​​​ពល​រដ្ឋ​​ថៃនៅក្នុង​ភូមិ​ជោគ​ជ័យ​​ឃុំ​អូរបី​ជាន់​​ ស្រុក​អូរជ្រៅ ​ខេត្ត​បន្ទាយ​មាន​ជ័យ ​ដែល​មាន​ទីតាំង​​ស្ថិត​នៅ​​​ចន្លោះ​​​បង្គោល​​ព្រំដែន​​លេខ​​៤៥ ​និង​​​៤៧។

កម្ពុជា​បាន​ចាត់ទុក​សកម្មភាព​រដ្ឋបាល​ខុសច្បាប់​​របស់ថៃ​នេះថា ​ជាការ​ប៉ុនប៉ង​យ៉ាងជាក់​ច្បាស់​ដើម្បី​ធ្វើ​ឱ្យ​ស្រប​​ច្បាប់​នូវការកាន់​កាប់​​ដោយ​ខុស​ច្បាប់​របស់​ថៃ​នៅក្នុង​តំបន់​នេះ​ ខណៈ​ដែល​ថៃ​បដិសេធសិទ្ធិក្នុងការ​វិល​​ត្រឡប់​​ដោយ​​សុវត្ថិភាព​របស់​ប្រជាជនខ្មែរ​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​ពីលំនៅដ្ឋាន និង​ស្រែ​ចម្ការ​របស់​ពួក​គេ​​នៅ​ក្នុង​​តំបន់​នោះ។

ជាមួយគ្នា​នេះ លោក​ប៉ែន បូណា ​អ្នក​​នាំពាក្យ​រដ្ឋាភិបាល​ បាននិយាយនៅថ្ងៃទី​១៧ ខែ​សីហា​​នេះ ពី​បច្ចុប្បន្ន​ភាព​ដូច​នេះ​ថា៖ «សម្រាប់ដំណោះស្រាយ​ព្រំដែន​គោក​រដ្ឋាភិបាល​កម្ពុជា​ក៏​​នៅតែប្រកាន់​ជំហរ​ច្បាស់លាស់​ម៉ឺង​ម៉ាត់​ដដែល ​គឺ​ជំហរដោះស្រាយ​ដោយ​សន្តិវិធី​តាម​រយៈ​យន្តការទ្វេភាគី​ដែល​មាន​ស្រាប់ និង​ផ្អែក​លើ​អនុសញ្ញាសន្ធិ​​សញ្ញា​ និង​ច្បាប់​អន្តរជាតិ។ កម្ពុជា​គោរពនិងអនុវត្ត​យ៉ាងខ្ជាប់​ខ្ជួន​នូវ​បទឈប់​បាញ់​និងខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្តីប្រកាសរួម ​ចុះថ្ងៃទី​២៧ ​ខែធ្នូ ឆ្នាំ​២០២៥ និង​សេចក្តីថ្លែងការ​ណ៍​រួម​ស្តីពីសន្តិភាព​ទីក្រុង​កូឡា​ឡាំ​ពួ ចុះ​ថ្ងៃទី​​​២៦ ​ខែ​តុលា ឆ្នាំ​២០២៥ ក៏ដូច​ជា​​កិច្ចព្រមព្រៀង​ផ្សេង​ទៀត​ដែល​ភាគីទាំងពី​រ​បាន​ឯកភាពគ្នា»

ការប្រកាសជាថ្មីទៀត​របស់​កម្ពុជា ​​គឺ​ស្របពេល​ដែល​សារព័​ត៌​មាន​ថៃ​​បាន​ចុះផ្សាយ​ថា រដ្ឋា​ភិបាល​ថៃគ្រោងចែក​ដី​​ទំហំ​​ ១០ រ៉ៃ (ប្រហែល ១.៦ហិកតា) ឱ្យកងទ័ពឈុតខ្មៅថៃក្នុង​ម្នាក់ៗ ដើម្បីសង់ផ្ទះ​​រស់នៅ​និង​ដាំដុះ​ដំណាំ​ផ្សេងៗ ដែល​អាច​​ធ្វើ​​ជា​​ជញ្ជាំង​​ព្រំដែន​​​ដើម្បី​​ការពារ​ទឹក​ដី។

លោក ​អ៊ុំ សំអាន​ អតីត​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ ​បាន​ប្រាប់​វីអូឌីនៅថ្ងៃទី​​១៧ ខែ​​សីហា​​នេះ​ថា ​បើ​សិន​​ជា​ស្ថាន​ភាព​​នៅ​តែ​ដូច្នេះ​ នោះ​​កម្ពុជា​មិន​ត្រឹម​តែមិន​អាច​ទាម​ទារ​ទឹក​ដី​ដែល​​ថៃ​ឈ្លាន​ពាន ​ចាប់​តាំង​ពី​ក្រោយ​​បទ​​ឈប់​បាញ់​ប៉ុណ្ណោះទេ ​​វានឹង​ធ្វើ​ទឹក​ដីកម្ពុជា​បាត់​បង់​កាន់​​តែ​ច្រើន​បន្ថែម​​​ទៀត មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​​ក៏​នឹង​​ធ្វើ​ឱ្យ​បញ្ហា​វិវាទព្រំដែន​កាន់​​តែស្មុគ​ស្មាញផង​ដែរ។

បើ​តាម​ លោក ​សំអាន ការប្តឹងថៃ​ទៅ​​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) តុលាការ​​ព្រហ្ម​ទណ្ឌ​​អន្តរ​ជាតិ (​​ICC) និង​​សហ​ប្រធាន​​កិច្ច​​ព្រម​ព្រៀង​​សន្តិភាព​​ទីក្រុង​​ប៉ារីស ​​​ព្រម​​ទាំង​​ការ​​ដាក់​​កង​កម្លាំង​ការពារ​នៅលើ​ដី​ជាក់​​ស្តែង ​ទើប​ជាជម្រើស​​ដែល​អាច​ទាមទារ​ទឹក​ដី​​ដែល​ថៃឈ្លាន​ពាន​​មក​វិញ​​បាន ​និង​​ថែម​​ទាំង​​អាច​​ទប់​​ស្កាត់​​​ការ​​​បន្តឈ្លាន​ពាន​​ជាបន្ត​ទៀត​បាន។

លោកថា៖ ​«បញ្ហាជម្លោះ​ព្រំដែន​កាន់តែស្មុគស្មាញ ​​មិន​អាច​ទាម​ទារទឹកដីបាន​មក​វិញ មិន​អាច​ទប់ស្កាត់​ថៃ​​ឈ្លាន​ពាន​បាន ​​ចុង​​ក្រោយ​​អត់មាន​ជម្រើ​ស​​អ្វី​ក្រៅពី​កាត់​​ទឹក​ដីខ្មែរទៅ​​ឱ្យ​ថៃ​ ​​ដើម្បី​ប្តូរ​យក​សន្តិភាព​និង​អំណាច​​ផ្តាច់​ការ​តពូជ​​របស់​​ត្រកូល​ហ៊ុន​ អាហ្នឹង​ជាជម្រើសចុងក្រោយ។ ​ដូច្នេះ​ខ្មែរ​មាន​ជម្រើស​តែមួយ​ទេ ​គឺ​​ដូ​រត្រកូល​​ហ៊ុន​​ចេញ​ដាក់មេដឹក​នាំ​​ថ្មី​​​ ដែល​មាន​សមត្ថភាព​ដើម្បី​ទប់​ស្កាត់​ការឈ្លាន​​ពាន​របស់ថៃ ​ហើយ​ប្តឹង​​ថៃ​​​ទៅ​​កាន់​​តុលាការ​​អន្តរជាតិ​​ទាម​​ទារ​​ទឹក​ដី​មក​​វិញ»។

បើ​តាម​អ្នក​ជំនាញ​កិច្ចការព្រំដែន​ពីបក្ស​ប្រឆាំង​រូប​នេះ បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ​ មក​​ដល់​​ពេល​​នេះ​​ពុំ​​ទាន់​​ឃើញ​​​មាន​តម្រុយ​ណាមួយ ​ដែល​អាច​នឹង​ឈាន​ទៅ​រក​ភាព​ល្អប្រសើរ​នោះ​ទេ គឺ​មាន​តែកាន់​តែវិវត្ត​ទៅ​រក​​ភាព​កាន់​តែស្មុគ​ស្មាញ​ថែម​ទៀត ​នៅ​ពេល ​លោក​ថាក់ ស៊ីន អតី​ត​បង​​ប្អូន​ធម៌​លោក​ហ៊ុន សែន ដែល​បាន​ក្លាយ​​ជាសត្រូវ​​បាន​​ចេញមុខ​​ចាប់​ដៃគ្នា​​ ជាមួយ​នាយក​រដ្ឋមន្ត្រី ​លោក ​អានុទីន​​ ខណៈ​ ​លោក​ អានុទីន ​បង្កើត​​រដ្ឋាភិ​បាល​​ចម្រុះ​​ជាមួយ​​គណបក្ស​​ដែល​ជាក្មួយ​​របស់ ​លោក​ថាក់ ស៊ីន។

លោកថា៖ «អ៊ីចឹង​គេនឹងរួម​ដៃគ្នា​ដើម្បី​ឈ្លានពាន​ទឹកដីខ្មែរ​ ហើយ​លោក​ អានុទីន ​ហ្នឹង​សង​សឹក​​ប្អូន​​ធម៌​របស់​​គាត់ ​​គឺ​​លោក​​ហ៊ុន សែន អ៊ីចឹង​​ជម្លោះ​​ហ្នឹង​​អត់​​ចប់​​ទេ ​នៅ​តែមាន​ជម្លោះ​ដដែល​​ហើយ​​​ទឹក​ដី​ក៏​មិន​​ប្រគល់​​មក​​​ឱ្យ​​កម្ពុជា​​យើង​​វិញ ​ហើយ​​នឹង​​ឈ្លាន​ពាន​​ទឹក​ដីក​ម្ពុជា​​បន្ថែម​​ទៀត​។ ​អ៊ីចឹង​​មាន​​តែ​មេដឹ​កនាំ​​​ថ្មី​​ដែល​មិន​​មែន​​ជា​គូប​ដិបក្ខ​ លោក​​​ថា​ក់​​ស៊ីន គេអា​ច​​ចរចា​​ជាមួយ​​ថៃ ​ដើម្បី​​បញ្ចប់​​ជម្លោះ​​ហ្នឹង​​ហើយ​​នឹង​ចរចា​គ្នា​​កំណត់​​ព្រំដែន ​ឬ​ក៏​ប្តឹង​ថៃ​​ទៅ​កាន់​​តុលាការ​​អន្តរ​ជាតិ»​។​

ចំណែក ​លោក ​មួង ណារ៉េត​ អ្នក​​ធ្វើ​​​អត្ថាធិ​ប្បាយ​​លើ​​​បណ្តាញ​​សង្គម ​​បង្ហាញ​ការ​យល់​ឃើញ​ប្រហាក់​ប្រហែល​នឹង​លោក អ៊ុំ សំអាន ផង​ដែរ។

លោកថា៖ «អីចឹង​នាយក​រដ្ឋមន្ត្រីថៃបង្ហាញការ​គោរព​ ហើយ​គេត្រូវគ្នា ហើយ​​គេត្រូវគ្នា​ដឹងគេត្រូវ​គ្នា​នៅពេល​ណាទេ គឺនៅ​ពេល​គេវាយ​យកដីខ្មែរ​បាន ​៧៦​ទីតាំង​។ នេះជាគ្រោះថ្នាក់​បំផុត​សម្រាប់​ជាតិ​សាសន៍​ខ្មែរ​នៅពេល​​ខ្មែរ​ឈ្លោះគ្នា​បែកបាក់ជាតិ ​មេដឹកនាំ​យើងទៅឈ្លោះគ្នា​បិទស្ពាន​អស់​ជាមួយថៃ​បំផ្លាញគ្រប់បែបយ៉ាងហើយ​យើងទៅនាំគ្នាមើល​ងាយ ​ទៅនាំគ្នាថាថៃរលាយ​ គេ​​កំពុង​តែត្រូវគ្នា​គេកំពុង​តែពង្រឹងផ្ទៃក្នុងឯកភាពជាតិគ្នា​គេកំពុងតែធ្វើឱ្យ​នយោបាយគេកាន់​តែ​​ខ្ពស់​ ហើយ​យកដីខ្មែរ​បាន​! នេះគ្រោះថ្នាក់​ណាស់គ្មានពេលណា​គ្រោះថ្នាក់​ជាង​ពេល​នេះទេ»

គេកត់សម្គាល់​ឃើញថា ចាប់​តាំងពីក្រោយ​បទឈប់​បាញ់ កាលពីថ្ងៃទី​២៧ ខែ​​ធ្នូ ​ឆ្នាំ​២០២៥ ​រហូត​​មក​​ដល់​​ពេល​​នេះ ​​ទាហាន​​ថៃ​​បាន​​ប្រើ​បន្លា​លួស​​ទូកុង​តឺន័រ​​បន្ត​រុល​​ចូល​​វាទ​​យក​​ដី​​ខ្មែរ​​កើ​ន​​រហូត​​ដល់​​៧៦​​ទី​តាំង​។ ជាមួយ​គ្នា​​នេះ ​ថៃ​បាន​​សម្រុក​​​សាង​​សង់​​សំណង់​​រឹង​​ផ្សេងៗ​​នៅ​លើ​​ដី​ខ្មែរ​​ទាំង​​នោះ ​ដូច​​ជា សាង​​សង់​​លេណ​ដ្ឋាន​ទ័ព ​​ជីក​​ប្រឡាយ​​ធ្វើ​​ផ្លូវ​​បេតុង ​​​ធ្វើ​​របង​ព្រំដែន​បេតុង​ព្រម​ទាំង​វាស់ដី​ចែក​ឱ្យ​ពល​រដ្ឋ​ថៃ​ ខណៈ​​ដែល​កម្ពុជា​​តែង​​តែ​ចេញលិ​ខិត​​ត​វ៉ា​​ប្រឆាំង​​ជំទាស់​​ចំពោះ​ការ​រំលោភ​បំពាន​ដោយ​ខុស​ច្បាប់​ទាំងនោះ ​ប៉ុន្តែ​ថៃ​ហាក់​​មិន​​អើ​ពើឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ