លោក ត្រាំ បាន​បញ្ជា​ឲ្យ​កាត់​បន្ថយ​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​រវាង​​សហរដ្ឋ​​អាមេរិក និង​កូរ៉េ​ខាង​ត្បូង

លោក ដូណាល់ ត្រាំ (Donald Trump) បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៦ខែ​សីហា​ថា លោក​កំពុង​កាត់​បន្ថយ​ទ្រង់​ទ្រាយ​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា រវាង​សហរដ្ឋ​អាមេ​រិក និង​កូរ៉េ​ខាង​ត្បូង ដែល​មាន​គោល​បំណង​ទប់​ស្កាត់​កូរ៉េ​ខាង​ជើង ទោះ​​បី​​ជា​មន្ត្រី​យោធា​នៃ​ប្រទេស​ទាំង​ពីរ​បាន​ព្រមាន​ថា របប​របស់​លោក គឹម ជុង​អ៊ុន (Kim Jong-un) កំពុង​រៀន​សូត្រ​យុទ្ធ​វិធី​សមរ​ភូមិ​ថ្មីៗ​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ក៏​ដោយ។

សម​យុទ្ធ អុលឈី ហ្វ្រីដឹម ស្សៀល (Ulchi Freedom Shield) ដែល​ជា​សម​យុទ្ធ​ប្រចាំ​ឆ្នាំ​ដ៏​សំខាន់​មួយ​រៀប​ចំ​ដោយ​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេ​រិក បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៧ខែ​សីហា​នេះ ហើយ​នឹង​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃ​ទី​​២៧ ខែ​សីហា ដោយមា​ន​ការ​ចូល​រួម​ពី​កង​ទ័ព​កូរ៉េ​ខាង​ត្បូង​ប្រមាណ ១៨,០០០ នាក់ រួម​ជាមួ​យ​កង​កម្លាំង​អាមេ​រិក និង​បុគ្គ​លិក​មក​ពី ១១ ប្រទេស​ជា​សមាជិក​នៃ​បញ្ជា​ការ​ដ្ឋាន​អង្គ​ការ​សហ​ប្រជា​ជាតិ ឬ​ យូអិន​ស៊ី (UNC)។

ទោះជាយ៉ាងណាក៏​ដោយ លោក ត្រាំ បានមានប្រសាសន៍ថា លោក «មិន​សប្បាយ​ចិត្ត» ជាមួយ​នឹង​ការ​ចូល​រួម​របស់​អាមេ​​រិក «ដោយផ្អែ​ក​លើ​ទំនាក់​ទំនង​ដ៏​ល្អ​ប្រសើរ​របស់​លោក​ជាមួយ​ លោក គឹម ជុងអ៊ុន» ដោយ​បន្ថែម​ថា សមយុទ្ធ​ទាំង​​នេះ​​មាន​តម្លៃ​ថ្លៃខ្ព​ស់ និង «បញ្ជូន​សញ្ញា​មួយ​ដែល​មិន​សម​ស្រប និង​មាន​ភាព​រក​រឿង»។ លោក​បាន​បញ្ជា​ឱ្យ​រដ្ឋ​មន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ លោក ភីត ហេកសេត (Pete Hegseth) «កាត់​បន្ថយ» សម​យុទ្ធ​ទាំង​នោះ​ជា​អតិបរមា។

លោក ត្រាំ ក៏បានចែករំលែករូបថតជាមួយមេដឹកនាំកូរ៉េខាងជើងលើបណ្តាញសង្គម ទ្រូថ សូសល (Truth Social) ដោយ​រំលឹក​ថា អ្នកទាំងពីរ «ចុះសម្រុងគ្នាយ៉ាងល្អ» ដែលនាំឱ្យមានការប៉ាន់ស្មានថា លោកនឹងធ្វើឱ្យស្រស់បំព្រងឡើង​វិញនូវការខិតខំប្រឹងប្រែង ដើម្បីរៀបចំជំនួបកំពូលជាមួយលោក គឹម។

កាលពីសប្តាហ៍មុន មន្ត្រីយោធាកូរ៉េខាងត្បូង និងអាមេរិក បាននិយាយថា ពួកគេនឹងបញ្ចូលមេរៀនដែលដក​​ស្រង់ចេញពីបទពិសោធន៍សមរភូមិរបស់កងទ័ពកូរ៉េខាងជើងនៅអ៊ុយក្រែន ទៅក្នុងសមយុទ្ធនេះ រួមទាំងយុទ្ធ​វិធី​ដ្រូន ការរំខានប្រព័ន្ធ ជីភីអេស (GPS) និងការវាយប្រហារតាមអ៊ីនធឺណិត។

កូរ៉េខាងជើងបានពង្រឹងចំណងទាក់ទងយោធាយ៉ាងស៊ីជម្រៅជាមួយរុស្ស៊ី ចាប់តាំងពីការចុះហត្ថលេខាលើសន្ធិសញ្ញា​ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែមិថុនា ឆ្នាំ ២០២៤ ដោយទីក្រុងព្យុងយ៉ាងបានផ្តល់កងទ័ពច្រើនជាង ១៤,០០០ នាក់ គ្រាប់រំសែវកាំភ្លើងធំ និងមីស៊ីលបាលីស្ទិក ដើម្បីគាំទ្រសង្គ្រាមរបស់ទីក្រុងម៉ូស្គូ។

លោកឧត្តមសេនីយ៍ទោ ស្កុត វីនធ័រ (Scott Winter) អនុបញ្ជាការនៃ UNC បាននិយាយថា ការគំរាមកំហែងដែលកំពុងត្រូវបានទប់ទល់ «ឆ្លុះបញ្ចាំងពីការកើនឡើងនៃបច្ចេកវិទ្យាទាំងនេះ និងការយល់ដឹងថា កូរ៉េខាងជើងមាន​បទ​ពិសោធន៍​សមរភូមិទំនើប»។

នៅ​ពេលសួរអំពីការបង្ហោះរបស់លោក ត្រាំ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយ​ថា សមយុទ្ធ​រួម​គ្នា​នឹង «បន្ត​​ដំណើរ​​ការ​ទៅ​មុខ​តាម​កាល​វិភាគ​ដែល​បាន​កំណត់​ទុក​មុន»។

នៅថ្ងៃមុនពេលសមយុទ្ធចាប់ផ្តើម កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលី​ស្ទិក និង​បាន​ហៅ​សមយុទ្ធ​​​នេះ​​​ថា​ជា «ការ​ហាត់ស​ម​សម្រាប់​សង្គ្រាម​ឈ្លាន​ពាន» ដោយ​ព្រមាន​ថា ខ្លួន​នឹង «ឆ្លើយ​តប​ទៅ​នឹង​កម្រិត​នៃ​ការ​គំរាម​កំហែង​​ថ្មី ជាមួយ​នឹង​កម្រិត​នៃ​កម្លាំង​ទប់​ស្កាត់​ថ្មី»។

លោក ឆុន អ៊ីនប៊ុម (Chun In-bum) ឧត្តមសេនីយ៍ទោចូលនិវត្តន៍​កូរ៉េ​ខាង​ត្បូង បាន​គូស​បញ្ជាក់​ថា៖ «នេះ​គឺ​ជាកា​រ​កែ​លម្អ​ដ៏​ធំ​មួយ នៅ​ក្នុង​សមត្ថ​ភាព​របស់​កូរ៉េ​ខាង​ជើង។ ហើយ​យើង​មិន​គួរ​មើល​ស្រាល​បរិយា​កាស​គំរាម​កំហែង​នេះ​ឡើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ