ប្រតិភូជាន់ខ្ពស់អាមេរិក លោក ជារ៉េត ឃូស្ទ្នើរ (Jared Kushner) បានធ្វើការចរចាដោយកម្រជាមួយមេដឹកនាំថ្មីរបស់ក្រុមហាម៉ាស លោក ខាលីល អាល់ហាយ៉ា (Khalil al-Hayya) នៅប្រទេសអេស៊ីប ដើម្បីពិភាក្សាអំពីការអនុវត្តផែនការសន្តិភាពហ្គាហ្សា ដែលគាំទ្រដោយសហរដ្ឋអាមេរិក។
កាលពីខែមុន ក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀង «លុបបំបាត់អាវុធទាំងស្រុង» របស់ក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធនៅហ្គាហ្សា។ ទោះជាយ៉ាងណា កាលពីសប្តាហ៍មុន អ៊ីស្រាអែលបានបដិសេធផែនការ ១៥ ចំណុច របស់លោក ត្រាំ ដែលទាមទារឱ្យទាហានអ៊ីស្រាអែលដកថយ និងបង្កើតរដ្ឋបាលស៊ីវិលប៉ាឡេស្ទីនថ្មី។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ែនយ៉ាមីន នេតានយ៉ាហូ (Benjamin Netanyahu) បានបញ្ជាក់ថា៖ «អ៊ីស្រាអែលបដិសេធឯកសារ ១៥ ចំណុច របស់ក្រុមប្រឹក្សាសន្តិភាព។ កងកម្លាំង IDF នឹងមិនដកថយឡើយ រហូតទាល់តែក្រុមហាម៉ាសត្រូវបានរំលាយអាវុធយ៉ាងពិតប្រាកដ»។
ជាការឆ្លើយតប ប្រទេសកាន់សាសនាឥស្លាមចំនួន ៨ (រួមមាន អេស៊ីប អារ៉ាប់រួម កាតា អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី ទួរគី ប៉ាគីស្ថាននិងឥណ្ឌូណេស៊ី) បានចេញថ្លែងការណ៍រួមថ្កោលទោសការបដិសេធរបស់អ៊ីស្រាអែល ដោយព្រមានថាវាគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព។
ជំនួបនៅអេស៊ីប កាលពីថ្ងៃអាទិត្យនេះ ក៏មានការចូលរួមពីតំណាងក្រុមប្រឹក្សាសន្តិភាព លោក និកកូឡាយ ម៉្លាដេណូហ្វ (Nickolay Mladenov) អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក តូនី ផ្លែរ (Tony Blair) ព្រមទាំងតំណាងអេស៊ីប កាតា និងទួរគីផងដែរ។ បន្ទាប់ពីជំនួបនេះ ក្រុមប្រតិភូមានផែនការបន្តទៅជួបលោក នេតានយ៉ាហូ នៅអ៊ីស្រាអែល ដើម្បីរុញច្រានផែនការសន្តិភាពនេះបន្តទៀត។
ទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់កាលពីឆ្នាំមុននៅតែមានប្រសិទ្ធភាព ប៉ុន្តែយោធាអ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារលើតំបន់ Khan Yunis និង Nuseirat ដោយចោទប្រកាន់ក្រុមហាម៉ាសថាបានបំពានការឈប់បាញ់។
សង្គ្រាមនេះ បានផ្ទុះឡើងបន្ទាប់ពីការវាយប្រហាររបស់ហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្ស ១២០ នាក់ និងចាប់ជម្រិត ២៥១ នាក់។ ការវាយប្រហារបកវិញរបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនហ្គាហ្សាជាង ៧៣,០០០ នាក់ និងធ្វើឱ្យមនុស្សជិត ១.៩ លាននាក់ (៩០% នៃប្រជាជនសរុប) ត្រូវបាត់បង់ជម្រក៕









