ពល​រដ្ឋ​ចោទសួរ​ពី​មូល​ហេតុ​​យួន-សៀម យក​​​ដី​ខ្មែរ​​ងាយៗ​ក្រោម​​ការ​ដឹក​នាំ​បក្ស​កាន់​អំណាច

ពល​រដ្ឋ​​ខ្មែរ​​នៅ​​​តាម​​ព្រំដែន​ថៃ​​​មួយ​​ចំនួន ដែល​​ផ្ទះ​​និ​ង​ដី​ស្រែ​ចម្ការ​​របស់​​ពួក​គាត់ ​ត្រូវ​​បាន​​ទាហាន​​ថៃ​​ព័ទ្ធ​យក​​ ធ្វើ​​​ឱ្យ​​ពួក​​គាត់​​កំពុង​​រស់​នៅ​​ជាមួយ​​ភាព​​អស់​​សង្ឃឹម ​​បាន​​ចោទសួ​រ​​​ពី​មូល​​ហេតុ​ដែល​​យួន ​និង​​សៀម ​អាច​​បន្ត​​វាទ​​យក​​ទឹក​ដី​​​ខ្មែរ​​បាន​​តាម​​ចិត្ត​ ដោយ​​មិន​​ចាំបាច់​​ប្រើ​​កាំភ្លើង ​​នៅ​​ក្រោម​​ការ​​ដឹក​នាំ​​របស់​​លោក​​ហ៊ុន សែន ​និង​​លោក​​ហ៊ុន ម៉ាណែត។

ការចោទ​សួរនេះ ​ខណៈ​ចាប់តាំងពីក្រោយ​បទ​ឈប់​បាញ់ កាល​ពីថ្ងៃ​​ទី​​២៧ ខែ​សីហា​ ឆ្នាំ​​២០២៥​​មក​​យោធា​ថៃ​​បាន​​ប្រើ​បន្លា​​លួស​​ និង​ទូរ​កុងតឺ​ន័រ​​សម្រុក​​រុល​​ចូល​​​វា​ទយ​ក​​​ទឹក​ដី​​ខ្មែរ​កាន់កា​ប់​​​រហូត​​ដល់​​៧៦​​​ទី​តាំង​​ និង​​បាន​​ឈូស​កម្ទេច​​លំនៅ​​ឋាន​​​ពល​រ​ដ្ឋ​​ខ្មែរ​ និង​​សំណង់​​ខ្មែរ​​ផ្សេង​ៗ ​ដើម្បី​​កែ​​ប្រែ​ទឹក​ដី​​ខ្មែរ​ទាំង​​នោះ​​​ឱ្យ​​ក្លាយ​​ទៅ​ជា​​ទឹក​ដី​ថៃ​។

ស្ត្រី​ម្នាក់​ដែលប្រាប់​ថា ឈ្មោះ​ផល្លា ដែល​មាន​ផ្ទះ​នៅភូមិ​ជោគជ័យ ​ក្នុង​ឃុំ​អូរបីជាន់ ហើយ​​​​ត្រូវ​បាន​ទាហាន​ថៃ​​​រាយ​បន្លា​លួស ​និង​ដាក់​ទូរ​កុង​តឺ​ន័រ​វាទ​យក និង​​ឈូស​កម្ទេច​ចោល​ ចាប់​តាំង​ពី​ក្រោយ​បទ​ឈប់​បាញ់​​​និយាយ​ថា វា​ជារឿង​ដែ​ល​​ឈឺ​ចាប់​មិន​អាច​យក​អ្វី​មក​ប្រៀប​ផ្ទឹម​បាន​ ខណៈ​ដែល​ថៃ​គ្រាន់​តែប្រើបន្លាលួស​និង​​​ទូរកុងតឺន័រ​​អាច​ចូល​មក​​វាទ​​យក​ដីខ្មែរ​បាន​តាម​ចិត្ត។

អ្នកស្រីថា៖ «ខ្ញុំ​ដូច​អត់​សង្ឃឹម​ទេ ​បើ​សព្វ​ថ្ងៃវាលូកដៃ​មក​បាញ់​​ទាហាន​ខ្មែរ​​យើង​​រាល់​ថ្ងៃ ​យើង​អត់ហ៊ាន​ធ្វើ​អី​គេ​ផង​។ តាម​​ថា ពួកខ្ញុំ​ដូចអស់​អី​​រលីងចឹង ​​ខ្ញុំ​វាអន់​ចិត្ត អន់​​ចិត្ត​ដែល​យើង​ធ្វើ​អីគេ​​អត់បាន ​​ចឹង​​វាពិបាក វា​​ដូច​​ជា​យើង​​​ចាញ់​​​ច្រាប​​គេ​​ពេក​ ​ចឹងគេហ៊ានជេរហ៊ានដៀល​យើងចឹង​គ្រប់​សព្វ»។

ចំណែក​​ស្ត្រីនៅ​ច្រក​ព្រំដែន​ថ្មដា​ ក្នុងខេត្ត​ពោធិ៍សាត់ ក៏​​បាន​​សម្តែងការ​ហួស​ចិត្ត​ផងដែរ ដែល​​​ថៃ​​អាច​ចូល​​មក​​​ព័ទ្ធ​យក​​​ទឹក​​​ដី​​​ខ្មែរ​​បាន​ស្រួលៗ​តាម​អំពើ​ចិត្ត​នៅ​ក្រោយ​បទ​ឈប់​បាញ់។

អ្នកស្រីថា៖ «គេព័ទ្ធយក​ដីយើង​បាន​ស្រួលៗ បើ​អាច​ព័ទ្ធ​យក​ដីបាន​ស្រួលៗ ​គេព័ទ្ធ​យក​ដីគ្រប់​ប្រទេស​អស់​​ហើយ​ ​ឆ្ងល់​កន្លែង​ហ្នឹង វាទ​​យក​​ទឹក​ដី​​ដូច​​ទឹក​​ដី​ហ្នឹង​​មិន​​មែន​​ទឹក​​ដី​​របស់​ខ្មែរ​ យក​​ផ្ទះ​​យក​​ដី​ខ្មែ​រ​​គ្រប់​​កន្លែង​​អស់​ហើយ។ បើព័ទ្ធ​​យក​ពេល​បាញ់​អត់​អីទេ បទឈប់​បាញ់ណា នេះ​កន្លែងនេះ​ចឹង​ដែរ​ឈប់​បាញ់​វា​មក​​​យក​ អាកាល​​ទុងៗ​​មាន​​ម៉ោ​ឯណា​​​​មក​​ យក​ក្រោយ​បទឈប់បាញ់តើ​ អាកន្លែង​បទ​ឈប់​បាញ់​​៧២ម៉ោង​ដាក់​​បន្លា​លួស​​បណ្តោយ»។

វីអូឌី​ មិន​អាច​ទាក់​ទង​លោក ​ប៉ែន បូណា ​​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​ដើម្បី​​ស្នើ​សុំ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​​ទេ​ ​នៅ​​ថ្ងៃ​ទី​១៨​ខែ​សីហានេះ។

ប៉ុន្តែ​ក្រសួងការបរទេស បាននិយាយ​ក្នុង​​សេចក្តី​​ប្រកាស​ព័ត៌​មាន កាល​​ពី​ថ្ងៃ​ទី​​១៤ខែ​​​សី​ហា​​ថា កម្ពុជា​ មិន​​ទទួល​​យ​ក​​ខ្សែ​ព្រំដែន ដែល​ថៃបា​នព​ង្រីក​ដោយ​ឯកតោភា​គី​នោះ​ទេ។ លើ​​ស​​​ពី​នេះ​ កម្ពុជា​ ជំរុញ​​ឱ្យ​​ប្រទេស​ថៃ​ បញ្ឈប់​​ការ​បន្ត​​​ធ្វើ​​សកម្ម​ភាព​នៅ​​ក្នុង​​តំបន់​​តាម​​ព្រំដែន ​ដែល​​ស្ថិត​​នៅ​​ក្នុង​​​ដែន​​​អធិប​​តេយ្យ​​ភាព​​របស់​​កម្ពុជា សម្រួល​​ដល់​ការ​​ដោះ​​​ស្រាយ​​ជម្លោះ​ដោយ​សន្តិវិធី​ និងស្តារទំនាក់​ទំ​នង​ល្អ​ឡើងវិញ​។

លោក ​ម៉ែន ណាត ​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​បាន​ប្រាប់​វីអូឌីនៅ​ថ្ងៃទី​១៨ខែ​សីហា​នេះ​ថា មាន​កត្តា​មួយ​​ចំនួន​ ដែល​​​ធ្វើ​​​​ឱ្យ​​ទាំង​​យួន​​ទាំង​​សៀម ​អាច​រំលោភ​វាទ​យក​ទឹកដី​ខ្មែរ​បាន​​តាម​អំពើ​ចិត្ត​ ក្នុងនោះ​គឺ​ដោយ​សារ​​លោក​ហ៊ុន សែន​​ ត្រូវ​​បាន​វៀតណាម​លើក​​បន្តុប ​ឱ្យ​ឡើងកាន់​អំណាច​​ចាប់​តាំងពីក្រោយ​ឆ្នាំ​​១៩៧៩​។

​លោក​ថា លោក​ ហ៊ុន សែន ​​ហ៊ាន​ចុះ​ហត្ថលេខា​លើ​សន្ធិ​សញ្ញា​ឆ្នាំ១៩៨២-៨៣ ​និង​៨​៥​​ ដែល​​បាន​​កាត់​​ដី​គោក​ កោះ​​ត្រល់​ និង​​ចង្កោម​កោះ​ក្រចក​​សេះ ​រួម​ទាំង​ផ្ទៃ​សមុទ្រ​រាប់​ម៉ឺន​​គីឡូម៉ែត្រ​ការ៉េ​ ទៅ​ឱ្យ​វៀត​ណាម និង​បង្កើត​​ឱ្យមានសន្ធិសញ្ញាបំពេញ​បន្ថែម​ឆ្នាំ២០០៥ ​ដើម្បី​រុះ​រើ​ឯក​សារ​ព្រំដែន​ និង​​បង្គោល​​ព្រំដែន ​​ដែល​បារាំង​​​បាន​​កំណត់​​និង​បោះ​បង្គោល​ព្រំដែន​​​រួច។

បើ​តាម​អ្នក​ជំនាញ​កិច្ច​ការព្រំដែន​មិន​ចំណុះ​រដ្ឋាភិបាល​រូប​នេះ ​​បារាំង​បាន​​បោះ​​បង្គោល​ព្រំដែន​កម្ពុជា​ វៀត​ណាម ​​បាន​​​ចំនួន ​១២៤​បង្គោល និង​ក៏​បោះ​ជាមួយ​ថៃ​ចំនួន ​៧៤​​បង្គោល​ ​រួច​ហើយ។ ​ប៉ុន្តែ​​ដោយ​សារ​តែខ្វះ​ចំណេះ​​ដឹង ​លោក​ហ៊ុន សែន ​​បាន​បង្កើត​សន្ធិសញ្ញា ​និង​កិច្ច​ព្រម​ព្រៀង​ថ្មី​បោះ​បង្គោល​ព្រំដែន​ថ្មី​ ទើប​ធ្វើ​ឱ្យ​បញ្ហា​​ព្រំដែន​កម្ពុជា-​ថៃ ​និង​​​​វៀតណាម ​ក្លាយ​​ជា​​រឿង​​ស្មុគ​ស្មាញ​ ដូច​សព្វថ្ងៃនេះ។

លោកថា៖ «ទាំង​ថៃ ​ទាំងយួន​​លេងល្បែង​លួង​ លោក​ហ៊ុន សែន ឱ្យ​លោភ​លន់ ខណៈ​​លោក​ហ៊ុន សែន ​ជា​ជន​​លោភ​​លន់​​​​ស្រាប់​​ផង​ ​បំផ្លិច​បំផ្លាញ​ជាតិ​ ​គិត​តែពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ​អ៊ីចឹងទៅ​គេល្បួង​ឱ្យ​លង់​ក្នុង​ល្បិច​ធ្វើ​​ឱ្យ​​លោក​​ហ៊ុន​ សែន​ បណ្តែត​បណ្តោយ​ឱ្យមាន​ក្រុម​ហ៊ុន​វៀតណាម​​រកស៊ីក្នុង​ស្រុកខ្មែរ​​តាម​ព្រំដែន ​តាម​ទំនើង​ចិត្ត។ ថៃ​បើកការរក​ស៊ី​ជាមួយ​​លោក​ថាក់ស៊ីន ​លោក​ហ៊ុន សែន ​កន្លង​ទៅ​​នឹង​​ជាមួយ​គ្នា​​រាប់​​អាន​​ជា​បង​​ប្អូន​​ធម៌​​​ហ្នឹង ​​​អ៊ីចឹង​​ទៅ​​គេវាស់​ស្ទ​ង់​​​អត្ត​​ចរិក​​មេដឹក​នាំ​​ក្រុម​គ្រួសារ​​កម្ពុជា​​ហ្នឹង​​ច្បាស់​​ថា​ជា​ជន​​លោភ​លន់»។

លោក​អ៊ុំ សំអាន និយាយថា យួន​បាន​ប្រើលោក ​ហ៊ុន សែន ឱ្យ​ទៅ​​ចាប់​​ លោក​ប៉ែន សុវណ្ណ​ ដាក់​គុក​ដោយ​សារ​​តែ​លោក ​ប៉ែន សុវណ្ណ ​មិន​ព្រម​​កាត់​​ទឹក​ដី​​​ឱ្យ​​វៀត​ណាម ​និ​ង​​អនុវត្ត​​ផែន​ការ​​ក៥​ សម្លាប់​​ខ្មែរ​​តាម​​បញ្ជា​វៀត​ណាម​។

មួយវិញទៀត លោកថា ​​លោក​ហ៊ុន សែន ​ហ៊ាន​​ទៅ​​ចាប់​​លោក​​ប៉ែន សុវណ្ណ ​ដាក់​​គុក​​នៅ​វៀត​ណាម ហើយ​លើក​​បន្តុប​​លោក ​ហ៊ុន​ សែន ​​ឱ្យឡើ​ង​​កាន់​​អំណាច ​ដើម្បី​​បម្រើ​​មហិច្ឆតា​​របស់​​វៀត​ណាម។

លោកថា៖ «អ៊ីចឹង​ឱ្យ​តែវៀតណាម​ជួយ​ការពារ​អំណាច​ត្រកូល​ហ៊ុន គាត់​អត់​ខ្វល់​រឿង​ការពារ​ទឹកដីទេ​​ទឹក​ដី​បាត់​​ៗ​​​ទៅ​​​​កុំ​​ឱ្យ​​តែ​បាត់​​អំណាច។ ដល់​ជាមួយ​ថៃ​ ថៃឈ្លាន​ពាន​យក​ទឹកដីខ្មែរ​យើង​​ស្រេច​ចិត្ត​ ដោយ​សារអី​? ដោយ​​សារត្រកូល​​ហ៊ុន​​គាត់​ការពារ​អំណាច ​ជាជាង​ការពារ​ទឹកដី ​ដល់​អ៊ីចឹង​គាត់​ទៅ​គប់គិត​​​ជាមួយ​​ត្រកូល​​ថាក់​​ស៊ីន ​បង​ប្អូន​​ធម៌​​​ហ្នឹង ​កាត់​​កោះ​​គុ​ត​​ទៅ​​ឱ្យ​​ថៃ​ ​ឱ្យថៃ​ឈ្លាន​ពាន​ទឹកដីខ្មែរស្រេចចិត្ត​​ ដើម្បី​អី? ដើម្បី​ឱ្យថៃ​ជួយ​​បង្ក្រាប​អ្នក​ប្រឆាំង​ខ្មែរ​ ដែល​រត់​ទៅ​ជ្រក​កោណ​​នៅ​ប្រទេសថៃ»។

​មួយ​ទៀត ​លោកថា ដោយសារ​លោក​ហ៊ុន សែន ​និងលោក​ហ៊ុន ម៉ាណែត ​ដឹកនាំ​ប្រទេស​​ធ្វើ​ឱ្យ​ជោគ​ជាំ​ទៅ​ដោយ​​អំពើ​ពុក​រលួយ ​គ្រួសារ​និយម​ បក្ខពួកនិយម ​គឺ​ធ្វើ​ឱ្យ​រដ្ឋ​គ្មាន​ប្រាក់​ទៅ​ពង្រឹង​វិស័យ​​ការពារ ដើម្បីទប់​ទល់​​ទៅ​នឹង​សត្រូវឈ្លាន​ពាន​។

បើ​តាម​អ្នក​ឃ្លាំមើល គ្មានសម័យណាដែលថៃអាចព័ទ្ធ​យកទឹកដីខ្មែរស្រួលៗ ដូចសម័យលោក ហ៊ុន ម៉ាណែត ដឹក​នាំ​ប្រទេស​​នោះ​ទេ ហើយក៏គ្មានប្រទេសលើ​ពិភពលោក​ណា​បណ្តោយ​ឱ្យ​បរទេស​ព័ទ្ធ​​យកទឹកដីគេស្រួលៗ​ ​ដូចសម័យលោក ហ៊ុន ម៉ាណែត នោះដែរ។

លោក​បន្តថា សម័យសង្គម​រាស្រ្តនិយម សម័យ លន់ នល់ និងសម័យ ប៉ុល ពត ក៏ថៃមិនហ៊ានពទ្ធ័យកទឹកដីខ្មែរ​ស្រួលៗ​​​ដូច​សម័យ​លោក ហ៊ុន ម៉ាណែត នោះដែរ។ ​អសមត្ថភាពការពារទឹកដី លោក ហ៊ុន ម៉ាណែត គួរ​តែខ្មាសអៀនខ្លួន​ឯង​​ហើយលាលែងពីតំណែង ដើម្បីទុកឱកាសឱ្យ​មេដឹកនាំមាន​សមត្ថភាព​ការពារទឹកដី​ កាន់តំណែង​នេះវិញ ​ដើម្បី​កុំឱ្យ​បាត់បង់ទឹកដីបន្ថែមទៀត។

យ៉ាងណា ក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែង​ថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវ​ដែន​ដី​ជាតិ​​ទាំង​​ស្រុង ​ឬ​​​មួយ​​​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទាទោ​ស​ដាក់​ពន្ធនា​គារ​អស់​មួយ​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ