ការទទួលតួនាទីជា «ប្រេសិតពិសេស» របស់កញ្ញា កឹម មនោវិទ្យា កូនស្រី លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដែលតុលាការរំលាយ បានបង្កឱ្យមានមតិចម្រុះផ្សេងៗគ្នា ដែលអ្នកខ្លះនិយាយថា វាអាចជាការសម្របសម្រួល និងជាស្ពានសម្រាប់ផ្សះផ្សាជាតិ ខណៈអ្នករិះគន់ខ្លះបារម្ភថា ករណីនេះ នឹងធ្វើឱ្យគ្រួសារលោក កឹម សុខា បាត់បង់ជំហរប្រជាធិបតេយ្យ ឬត្រូវបានប្រើប្រាស់ជារូបភាពនយោបាយរបស់រដ្ឋាភិបាល។
យ៉ាងណា ពួកគេនៅតែផ្ដល់តម្លៃពិត តាមរយៈការវាស់លទ្ធផល និងសកម្មភាពជាក់ស្តែងនាពេលខាងមុខ មិនមែនត្រឹមតែតួនាទី ឬរូបភាពនោះឡើយ។
អតីតសកម្មជនបរិស្ថាន និងជានាយកប្រតិបត្តិអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED) លោក សាន់ ម៉ាឡា ប្រាប់វីអូឌីនៅថ្ងៃទី១៨ ខែសីហា ដោយចាត់ទុកការទទួលយកតួនាទីរបស់កូនស្រីរបស់លោក កឹម សុខា គឺជាចរន្តនយោបាយមួយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងសង្គមកម្ពុជា។ លោកថា នៅលើបណ្ដាញសង្គមភាគច្រើន គឺមានប្រតិកម្មមិនគាំទ្រ និងមិនសប្បាយចិត្ត ព្រមទាំងហៅករណីនេះថាជាការលន់តួនយោបាយរបស់គ្រួសារលោក កឹម សុខា ដើម្បីបានសុខ ឬក៏ដើម្បីលាបសក្ការៈផ្ទាល់ខ្លួន។ យ៉ាងណាក៏ដោយ លោកក៏ឃើញមានមតិខ្លះ ចាត់ទុកករណីនេះ គឺជាការសម្របសម្រួលផ្នែកនយោបាយ ដើម្បីដោះស្រាយបញ្ហាជាប់គាំងក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែសម្រាប់យុវជនរូបនេះ ក៏ចង់ឱ្យសាធារណជនតាមដានការវិវត្តនេះបន្តទៀត ជាជាងវាយតម្លៃជាមុនពីស្ថានភាពដែលទើបនឹងចាប់ផ្ដើមបែបនេះ។
លោក សាន់ ម៉ាឡា និយាយថា៖ «ទោះបីយ៉ាងណាក៏ដោយ យើងមិនដឹងច្បាស់អំពីរឿងរ៉ាវក្រៅឆាក ឬក៏គោលបំណងពិតប្រាកដនៃការចូលរួមរបស់ កញ្ញា កឹម មនោវិទ្យា ទេ ហើយយើងអាចជាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីតាមដានស្វែងយល់ ជាពិសេសយើងក៏ដឹងក៏ចង់ដឹងផងដែរថា តើកញ្ញាចូលរួមត្រឹមតែជាប្រេសិតពិសេស ដើម្បីទទួលបន្ទុកការងារដោះស្រាយបញ្ហាជាក់លាក់ណាមួយ ឬក៏កញ្ញានឹងចូលរួមជាសមាជិក ឬក៏ចូលរួមនៅក្នុងជីវភាពជាមួយគណបក្សកាន់អំណាចផងដែរ បាទ»។
យុវជនរូបនេះដដែល ទទួលស្គាល់ថា រឿងនេះ ទោះឬច្រើនរដ្ឋាភិបាលច្បាស់ជាទទួលបានផលប្រយោជន៍ តាមរយៈការបង្ហាញឱ្យសហគមន៍អន្តរជាតិ បានឃើញអំពីឆន្ទៈនៅក្នុងការរួបរួមគ្នារបស់អ្នកនយោបាយដែលមានទស្សនៈផ្ទុយគ្នា និងជាការបង្ហាញនូវរូបភាពអត់ឱនផ្នែកនយោបាយ ពីសំណាក់គណបក្សកាន់អំណាច ចំពោះក្រុមគ្រួសាររបស់លោក កឹម សុខា។ ប៉ុន្តែវាក៏បានបង្កើតរូបភាពឱ្យមានការប្រេះឆាគ្នា រវាងភាគីក្រុមគាំទ្រលោក សម រង្ស៊ី និងក្រុមគាំទ្រលោក កឹម សុខា ផងដែរ។
មិនខុសពីការលើកឡើងរបស់ លោក សាន់ ម៉ាឡា នោះទេ អតីតអ្នកជិតស្និតនិងអ្នកគាំទ្រលោក កឹម សុខា មួយចំនួន បានសម្ដែងការមិនពេញចិត្តចំពោះការចូលរួមរបស់កញ្ញា កឹម មនោវិទ្យា ជាមួយរដ្ឋាភិបាលនៅពេលនេះទេ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន សូរីដា និងបច្ចុប្បន្នជាអនុប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន បានសរសេរលើហ្វេសប៊ុករបស់លោកថា ការទទួលយកតួនាទីក្នុងរដ្ឋាភិបាលរបស់កញ្ញា កឹម មនោវិទ្យា គឺជាសិទ្ធិ តែលោកយល់ថា ទង្វើនេះបានធ្វើឱ្យអ្នកគាំទ្រអស់សង្ឃឹមរលីង។ លើសពីនេះ លោកក្រើនរំលឹកថា តួនាទីនេះ កញ្ញា កឹម មនោវិទ្យា មិនសមនឹងប្តូរជាមួយកិត្តិយស កេរ្តិ៍ឈ្មោះដែលបានសាងកន្លងមកទេ ហើយលោកសង្កត់ធ្ងន់ថា លោកអាណិតអ្នកគាំទ្រដែលខំអត់ស៊ីអត់ឃ្លានរង់ចាំជិត១០ឆ្នាំ ខ្លះរហូតធ្លាក់ខ្លួនក្រ ឈឺស្លាប់ថែមទៀតផង។
ចំណែកអតីតនាយកខុទ្ទកាល័យធ្វើការផ្ទាល់លោក កឹម សុខា គឺលោក មុត ចន្ថា បានសរសេរហាក់សំដៅទៅរឿងនេះដែរ។ លោកថា ទោះត្រូវស្លាប់ ក៏ត្រូវរក្សាតម្លៃមនសិការ និងឧត្តមគតិ។ លើសពីនេះ លោកបានបង្ហាញការគាំទ្រសំណេររបស់សហមេធាវីមួយរូបរបស់លោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី ដែលសរសេរថា ច្បាប់៣ក្នុងជីវិត ទី១. បើគេស្រលាញ់អ្នក អ្នកកុំក្បត់គេ ទី២ បើគេជឿអ្នក អ្នកកុំកុហកគេ ហើយទី៣ បើគេជួយអ្នក អ្នកកុំភ្លេចគុណគេ។
ដោយឡែក សហមេធាវីម្នាក់ទៀត គឺលោក ផែង ហេង បានសរសេរលើហ្វេសប៊ុករបស់លោកដែរ ដោយបង្ហាញការប្រៀបធៀបនឹងករណីរឿងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទៅវិញ។ លោកថា ព្រឹត្តិការណ៍កន្លងទៅ សម្តេចក្រុមព្រះមិនបានក្បត់សហការី និង ប្រជារាស្ត្រខ្មែរទេ ផ្ទុយទៅវិញអ្នកនយោបាយជុំវិញ និងសហការីជុំវិញ រួមនឹងអតីតសហការី និងមេបក្សទេ ដែលមិនស្មោះត្រង់នឹងទ្រង់ ហើយបង្កើតព័ត៌មានឲ្យមានការភាន់ច្រឡំ និងឲ្យមានការរើសអើង។ ត្រង់នេះ លោកសង្កត់ធ្ងន់ថា គេអាចមើលឃើញអាប៉ោងពេលនេះថា បើកគ្រប ប៉ុន្តែសម្រាប់លោក គឺអាប៉ោងនេះ មិនទាន់ទាំងក្រឡុកផងទេ។ ដូចនេះលោកថា គួរកុំប្រញាប់ចាក់ ទោះបីចាក់ខ្សែ ឬ ចាក់កៅឳក៏ដោយ។
ចំណែកប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គិន ភា យល់ឃើញថា ការវិវត្តនេះអាចជាការបញ្ជាក់ថា រាជរដ្ឋាភិបាលមានសមត្ថភាពកៀរគរធនធានបញ្ញវន្តជាតិ ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួមធ្វើការដើម្បីផលប្រយោជន៍ជាតិ ដោយមិនគិតពីភាពខ្វែងគំនិតក្នុងអតីតកាល និន្នាការនយោបាយ និងភាពខុសគ្នាខាងទស្សនៈ និងអាចជាសញ្ញាវិជ្ជមានមួយនៃការកសាងវប្បធម៌នយោបាយថ្មី ដែលលើកទឹកចិត្តឱ្យខ្មែរស្វែងរកចំណុចរួមនិងធ្វើការជាមួយគ្នា ដោយយកផលប្រយោជន៍ជាតិ និងប្រជាជនជាគោល។ ប៉ុន្តែផ្ទុយទៅវិញ បើកិច្ចសហការរវាងអ្នកនយោបាយ ធ្វើឡើងគ្រាន់តែដើម្បីការចែករំលែកអំណាច ឬការដោះដូរផលប្រយោជន៍នយោបាយ ដោយមិនបង្កើតលទ្ធផលជាក់ស្ដែងសម្រាប់ជាតិ និងប្រជាជនទេនោះ ការវិវត្តនេះនឹងមិននាំមកនូវតម្លៃបន្ថែមដល់វប្បធម៌សន្ទនា ឬការកសាងសង្វៀននយោបាយថ្មីឡើយ។
យ៉ាងណា អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត បានមើលឃើញផ្ទុយពីនេះ។ លោកសរសេរថា ត្រកូល កឹម បានបញ្ចប់ជីវិតនយោបាយ និងបានប្រែក្លាយជាត្រកូលចោលម្សៀតក្នុងប្រវត្តិសាស្ត្រ។
រីឯអ្នកជំនាញភូមិនយោបាយ លោក សេង វណ្ណលី សរសេរថា យើងត្រូវបំប្លែងការឈឺចាប់ និងការខកចិត្តនាពេលនេះឱ្យទៅជាកម្លាំងចិត្ត រួចរួបរួមគ្នាងាកមកគាំទ្រសម្ព័ន្ធភាពនយោបាយថ្មីមួយ ដែលកើតចេញពីការរួមផ្សំគ្នារវាងគណបក្សតូចៗ ក្នុងស្រុកដែលមាននិន្នាការ កឹម សុខា និយម ដែលមិនគាំទ្រការសម្រេចចិត្តលើកនេះ និងក្រុមអ្នកនិយមលោក សម រង្ស៊ី ដើម្បីបង្កើតជាកម្លាំងតស៊ូនយោបាយដ៏រឹងមាំមួយ ក្នុងការប្រកួតប្រជែងនាពេលខាងមុខ។
វីអូឌី មិនទាន់អាចសុំការឆ្លើយតបជុំវិញមតិរិះគន់ទាំងនេះ ពីកញ្ញា កឹម មនោវិទ្យា បានទេ គិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា យល់ឃើញថា ករណីនេះ មិនចម្លែកទេនៅកម្ពុជា ព្រោះវប្បធម៌នយោបាយខ្មែរ គឺគេចូលចិត្តប្រើពាក្យថា ទឹកឡើង ត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី។ លោកបន្តថា ការជ្រើសរើសតួនាទីរបស់កូនស្រីច្បងលោក កឹម សុខា គឺជាសិទ្ធិ និងជីវិតនយោបាយ ដែលគេអាចជ្រើសរើស។
លើសពីនេះ លោកកត់សម្គាល់ថា ទិដ្ឋភាពរួមនៃសង្គមនយោបាយ គឺតែងតែមានការរះឡើង និងលិចចុះទៅវិញ ហើយលោកយល់ថា ដំណើរការនៃការកសាងប្រជាធិបតេយ្យនៅកម្ពុជា មិនគួរស្ថិតនៅលើបុគ្គលណាម្នាក់ទេ ប៉ុន្តែវាគួរស្ថិតនៅលើរបៀបធ្វើ និងជាប្រព័ន្ធ ដើម្បីកសាងប្រជាធិបតេយ្យនៅកម្ពុជាឱ្យមានការរស់រវើក និងដើរជាប្រចាំ ឱ្យទៅជាប្រជាធិបតេយ្យពេញលេញ ទើបធ្វើឱ្យប្រទេសកម្ពុជារីកចម្រើន។ ត្រង់ចំណុចនេះ លោកគិតថា យន្តការនេះនឹងទើបនាំឱ្យមានអ្នកបន្តវេន ដែលជាក្រុមអ្នកប្រជាធិបតេយ្យនិយម ក្នុងការជំរុញដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឱ្យប្រសើរឡើងបាន។
លោក ប៉ោ មករា និយាយថា៖ «យើងសង្កេតឃើញជារួមថា នៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាយើង អ្នកនយោបាយគាត់ប្រើល្បែងនយោបាយស៊ីរ៉ូសាំងហ្គេម ហើយជាទូទៅយើងឃើញថាល្បែងនេះគឺមានតែអ្នកឈ្នះ គឺមានតែអ្នកឈ្នះ អញ្ចឹងអ្វីដែលខ្ញុំកត់សម្គាល់គឺមានអ្នកឈ្នះគឺមានតែក្រុមអញឈ្នះ មានតែអញឈ្នះ អញ្ចឹងណា វាអត់បានផ្ដល់ផលប្រយោជន៍អ្វីដែលជាតិឈ្នះ អញ្ចឹងអ្វីដែលសង្គមកម្ពុជាគួរតែមាន គឺគួរតែកម្ពុជាជាអ្នកឈ្នះ ហើយប្រជាពលរដ្ឋជំនាន់ក្រោយ យុវជនអ្នកបន្តវេនគួរតែចង់ឃើញកម្ពុជាជាអ្នកឈ្នះ កម្ពុជាផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល»។
ចំណែកប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ទោះបីកញ្ញា កឹម មនោវិទ្យា និងឪពុកខំបកស្រាយថា នេះជាការចង់ផ្សះផ្សាជាតិ ឬឯកភាពជាតិអ្វីក៏ដោយ ក៏លែងមានអ្នកជឿទៀតដែរ។ លោកថា ការដែលទទួលតួនាទីជាមន្ត្រីជាន់ខ្ពស់តំណាងឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គឺវាបញ្ជាក់ថា ពួកគេអស់សិទ្ធិនិយាយថា ខ្លួនរងភាពអយុត្តិធម៌ ដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ធ្វើទុក្ខបុកម្នេញ ឬនិយាយពីរឿងសិទ្ធិមនុស្ស ប្រជាធិបតេយ្យទៀតដែរ។ ត្រង់ចំណុចនេះ លោកពន្យល់ថា ព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត មិនមែនជារដ្ឋាភិបាលតំណាងឱ្យអ្នកគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យនៅកម្ពុជាទេ។
លោក មែន ណាត និយាយថា៖ «បើសិនជា លោក កឹម សុខា និងក្រុមគ្រួសារគាត់ មិនទទួល មិនទទួលហាក់ដូចយើងនិយាយថយក្រោយ មិនទទួលយកតួនាទីអីទាំងអស់ ទៅជួបលោក ហ៊ុន សែន គាត់ទៅជួបអញ្ចឹងទៅ ហើយនិយាយពីការផ្សះផ្សា និយាយពីការដោះលែងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ អ្នកជាប់ឃុំមនសិការជាដើម ហើយគ្មានជាប់ជំពាក់នូវផលប្រយោជន៍ ឬក៏ទទួលផលប្រយោជន៍ពីបក្សកាន់អំណាចអីទេណា អាហ្នឹងអាចគេនៅធ្វើការវាយតម្លៃបានថា គាត់ដើរលើផ្លូវត្រូវ។ ប៉ុន្តែមកដល់ដំណាក់កាលនេះ គឺថា តម្លៃហ្នឹងត្រូវបានគេវាយតម្លៃមួយបែបផ្សេងទៀត អញ្ចឹងណា»។
ការទទួលយកតំណែងតាមព្រះរាជក្រឹត្យតែងតាំងជាប្រេសិតរបស់នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៧ ខែសីហា ធ្វើឡើងភ្លាមៗក្រោយកញ្ញា កឹម មនោវិទ្យា បានជួបពិភាក្សាជាមួយលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ ខែសីហា និងការជួបជាមួយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅថ្ងៃបន្ទាប់។ ជំនួបនោះក៏ជាជំនួបកម្របន្ទាប់ពីអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះរូបនេះ បានតស៊ូមតិយ៉ាងស្វិតស្វាញនៅក្រៅប្រទេសជិត១០ឆ្នាំ ក្រោយឪពុករបស់កញ្ញា គឺលោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទក្បត់ជាតិ និងគប់គិតជាមួយបរទេស តាមការបញ្ជារបស់លោក ហ៊ុន សែន ឱ្យចាប់ខ្លួនលោក កឹម សុខា ទាំងមានអភ័យឯកសិទ្ធិសភា។ កញ្ញា មនោវិទ្យា ក៏ជាប់ជាឈ្មោះក្នុងបញ្ជីឥស្សរជននយោបាយ ត្រូវបានដកហូតសិទ្ធិធ្វើនយោបាយនៅកម្ពុជា។ ហើយនៅពេលថ្មីៗនេះ កញ្ញាក៏បានបង្ហាញវត្តមានដ៏គួរឱ្យភ្ញាក់ផ្អើល រហូតព្រមទទួលដំណែងជាប្រេសិតនាយករដ្ឋមន្ត្រី ក្រោយលោក កឹម សុខា មានសិទ្ធិធ្វើដំណើរទៅក្រៅប្រទេស៕









