លោក ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក​លើ​អូម៉ង់​​បើសិន​​ប្រទេស​​​នេះ​​​​ធ្វើ​​​ឱ្យ​​រាំង​ស្ទះ​​​ដល់​​ការ​​បញ្ចប់​សង្គ្រាម​អ៊ីរ៉ង់​

លោក ដូណាល់ ត្រាំ បាន​គំរាម​សារ​ជា​ថ្មី​ក្នុង​ការ​ទម្លាក់​គ្រាប់​បែក​លើ​ប្រទេស​អូម៉ង់ ប្រសិន​បើ​ប្រទេស​នេះ​ធ្វើ​ឱ្យ​«រាំង​ស្ទះ» ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក ក្នុង​ការ​បញ្ចប់​សង្គ្រាម​រវាង​អាមេ​រិក-អ៊ីស្រា​អែល ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ដែល​រយៈ​ពេល ២ ខែ សម្រាប់​ការ​ចរចា​សន្តិ​ភាព​ជាមួយ​អ៊ីរ៉ង់ បាន​ផុត​កំណត់​ កាល​ពី​ថ្ងៃ​ទី​១៧ខែ​សីហា​ ដោយ​គ្មាន​សញ្ញា​នៃ​ការ​បញ្ចប់​ជម្លោះ​នោះ​ឡើយ។

ការ​គំរាមកំហែងចុងក្រោយលើអូម៉ង់ បានបង្ហាញពីរបៀប​ដែល​វិធី​សាស្ត្រ​ការ​ទូត​ដែល​មិន​អាច​ទាយ​ទុក​ជា​មុន​បាន​​របស់​​លោក ត្រាំ បាន​ធ្វើ​ឱ្យ​ដៃ​គូ​អាមេរិក​មាន​ការ​អាក់​អន់​ចិត្ត និង​បរា​ជ័យ​ក្នុង​ការ​សម្រេច​បាន​របត់​សំខាន់​ដើម្បី​បញ្ចប់​សង្គ្រាម។

លោក ត្រាំ បានប្រា​ប់​បណ្តាញ​ព័ត៌​មាន Fox News ថា «ប្រសិន​បើអូម៉ង់​ចូល​មក​រាំង​ស្ទះ យើង​នឹង​ទម្លាក់​គ្រាប់​បែក​កម្ទេច​​ពួក​គេ» ដែល​នេះ​ជា​លើក​ទីពី​រ​ហើយ ដែល​លោក​បាន​តម្រង់​ការ​គំរាម​កំហែង​បែប​នេះ​ទៅ​កាន់​ទីក្រុង​ម៉ូស្កាត់ (Muscat) ដែល​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​យូរ​អង្វែង​របស់​អាមេ​រិក និង​ជា​ប្រភព​ទំនាក់​ទំនង​សម្ងាត់​ដ៏​សំខាន់​រវាង​វ៉ាស៊ីន​តោន និង​តេអេ​រ៉ង់។

ជម្លោះនៅមជ្ឈិមបូព៌ា​បានបន្តនៅថ្ងៃចន្ទ ដោយ​ក្រុមហ៊ូធីនៅយេម៉ែន បាន​អះអាងថា បានវាយ​ប្រហារ​លើនាវា​យោធា​​របស់អារ៉ាប៊ីសាអូឌីត ក្នុងការវាយប្រហារដោយកាំជ្រួច និងដ្រូននៅសមុទ្រក្រហម ជិតច្រកសមុទ្រ Bab-al Mandeb។

នៅអ៊ីស្រាអែល លោក Jared Kushner កូនប្រសាររបស់លោក ត្រាំ បានជួបលោក បេនចាមីន នេតាន់យ៉ាហូ ជាង​បួន​ម៉ោង បន្ទាប់ពីនាយករដ្ឋមន្ត្រីរូបនេះបានបដិសេធផែនការសន្តិភាពសម្រាប់សង្គ្រាមហ្គាហ្សា។ លោក នេតាន់​យ៉ាហូ បាននិយាយ​ថា លោកបដិសេធការដកទ័ពណាមួយមុនពេលក្រុមហាម៉ាសលុប​បំបាត់​​អាវុធទាំងស្រុង ខណៈលោក Kushner បានប្រាប់លោក នេតាន់យ៉ាហូ កុំឱ្យបង្កើតឧបសគ្គដល់កិច្ចព្រមព្រៀងសន្តិភាព។

លោក ត្រាំ បានដាក់សមិទ្ធផលនយោបាយនៃអាណត្តិទីពីររបស់លោកជា «ប្រមុខអ្នកបង្កើត​សន្តិ​ភាព» ប៉ុន្តែ​​កិច្ច​ខិត​​​ខំ​ប្រឹង​ប្រែង​​របស់​​លោក​​ក្នុងការដកអាមេរិក​ចេញពីជម្លោះនៅមជ្ឈិមបូព៌ាកំពុងជួបការរាំងស្ទះ។

ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ចេញការគំរាមកំហែងប្រឆាំងនឹងអូម៉ង់ ខណៈដែលលោកកំពុងប្រយុទ្ធ​ប្រឆាំង​ ដើម្បីនាំយកជម្លោះទៅកាន់ទីបញ្ចប់ ហើយឱកាសការទូតដែលបានព្រមព្រៀងជាមួយតេអេរ៉ង់បានផុតកំណត់​ដោយគ្មានកិច្ចព្រមព្រៀងចុងក្រោយ។ នៅក្នុងបទសម្ភាសន៍​ដដែល លោក ត្រាំ បាននិយាយ​ថា អ៊ីរ៉ង់គួរតែ «លើក​ទង់សសុំចុះចាញ់» ប៉ុន្តែបានបញ្ជាក់ថា លោក «គ្មានកាលវិភាគទេ ខ្ញុំមិនប្រញាប់​ទេ»។

លោក ត្រាំ បានចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់គ្នាជាមួយ​អ៊ីរ៉ង់​នៅវិមាន Versailles កាល​ពីថ្ងៃទី​១៧ ខែ​មិថុនា នៅខាងក្រៅកិច្ចប្រជុំកំពូល G7 ដែល​បានផ្អាកការវាយប្រហារ និងកំណត់រយៈពេល​អតិបរមា ៦០ ថ្ងៃ សម្រាប់​​ភាគីទាំងពីរក្នុងការឈានទៅដល់កិច្ចព្រមព្រៀងទូលំទូលាយ​ ដែលគ្របដណ្តប់​លើការសម្រាលទណ្ឌកម្ម និងកម្ម​វិធី​នុយក្លេអ៊ែររបស់អ៊ីរ៉ង់។

លោក ត្រាំ ក៏បានទាត់ចោលក្តីបារម្ភដែលថា គ្រឿងសស្ត្រាវុធរបស់អាមេរិកកំពុងថយចុះ ដោយបានប្រាប់ Fox News ថា អ្វី​ដែលអាមេរិកបានចំណាយប្រឆាំងនឹងអ៊ីរ៉ង់គឺ «តិចតួចបំផុត» ហើយគ្រាប់រំសេវជឿនលឿន​ភាគច្រើន​ត្រូវ​បាន «ផ្តល់ឱ្យ» ទៅអ៊ុយក្រែនរួចហើយនៅក្រោមអាណត្តិលោក ជោ បៃដិន។

ការកត់សម្គាល់នេះ ​បានកើតឡើងបន្ទាប់ពីលោក ត្រាំ បានបញ្ជាក់សារជាថ្មីលើ Truth Social ថា «គោល​ដៅ​លេខ​​មួយ​​គឺ និង​តែង​តែ​ជា អ៊ីរ៉ង់មិនអាចមាន​អាវុធនុយក្លេអ៊ែរក្នុងរូបភាព ឬទម្រង់ណាមួយឡើយ»។ ច្រក​សមុទ្រ Hormuz ដែល​ជាចំណុចយុទ្ធ​សាស្ត្រដ៏សំខាន់សម្រាប់​ពាណិជ្ជកម្មពិភព​លោក ត្រូវបានបិទស្ទើរ​​តែ​ទាំង​ស្រុង​ចាប់​តាំង​​​ពី​​អាមេ​​រិក និង​​អ៊ីស្រាអែល​​បាន​ចាប់​ផ្តើម​សង្គ្រាម​លើអ៊ីរ៉ង់ក្នុងខែកុម្ភៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ