ការវិវឌ្ឍនយោបាយចុងក្រោយ ជាពិសេសការដែលកញ្ញា កឹម មនោវិទ្យា បានផ្លាស់ពីតួនាទីជាតួអង្គដែលធ្លាប់ភ្ជាប់ជាមួយចលនាប្រឆាំង ទៅធ្វើការជាមួយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានបង្កឱ្យមានការខកចិត្តយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រលោក កឹម សុខា និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយចំនួន។ សម្រាប់អ្នកដែលធ្លាប់មើលគ្រួសារលោក កឹម សុខា ថាជានិមិត្តរូបនៃការតស៊ូប្រជាធិបតេយ្យ ការផ្លាស់ប្តូរនេះ ត្រូវបានមើលថា ជាការប៉ះទង្គិចផ្លូវចិត្ត និងជាការបាត់បង់ទំនុកចិត្តយ៉ាងធ្ងន់។
ទោះជាយ៉ាងណា បញ្ហាស្នូលមិនមែនស្ថិតនៅលើការសម្រេចរបស់កញ្ញា មនោវិទ្យា តែម្នាក់នោះទេ ប៉ុន្តែស្ថិតនៅលើវប្បធម៌នយោបាយ ដែលប្រជាពលរដ្ឋបានផ្ញើក្តីសង្ឃឹម និងជោគវាសនារបស់ខ្លួនទៅលើបុគ្គល ឬគ្រួសារនយោបាយមួយជាយូរមកហើយ។
នៅពេលចលនានយោបាយ ត្រូវបានកសាងជុំវិញបុគ្គល មិនថាជា «កឹម សុខានិយម» «សម រង្ស៊ីនិយម» «ហ៊ុន សែននិយម» ឬចរន្តគាំទ្រមេដឹកនាំណាមួយក៏ដោយ វានឹងបង្កើតភាពងាយរងគ្រោះដូចគ្នា។ ប្រសិនបើបុគ្គលនោះផ្លាស់ប្តូរជំហរ ចូលរួមជាមួយគូប្រជែង ដកខ្លួនពីនយោបាយ ឬផ្លាស់ប្តូរផលប្រយោជន៍ មូលដ្ឋានអ្នកគាំទ្រ ដែលបានភ្ជាប់អត្តសញ្ញាណរបស់ខ្លួនជាមួយបុគ្គលនោះ ក៏ងាយធ្លាក់ចូលក្នុងភាពច្របូកច្របល់ និងខកចិត្ត។
ករណីកញ្ញា កឹម មនោវិទ្យា បង្ហាញយ៉ាងច្បាស់ថា ការប្រគល់ក្តីសង្ឃឹមទាំងមូលទៅលើគ្រួសារនយោបាយណាមួយ អាចបង្កើតការខកចិត្តធ្ងន់ធ្ងរ នៅពេលការសម្រេចរបស់សមាជិកគ្រួសារនោះ មិនស្របតាមការរំពឹងទុករបស់អ្នកគាំទ្រ។
មេរៀនដូចគ្នានេះ ក៏អាចមើលឃើញនៅកម្រិតរដ្ឋ នៅពេលប្រទេសមួយពឹងផ្អែកខ្លាំងលើគ្រួសារដឹកនាំតពូជ អំណាចស្ថាប័នងាយត្រូវជំនួសដោយអំណាចបុគ្គល និងបណ្តាញគ្រួសារ។ ជំនួសឱ្យស្ថាប័នរដ្ឋមានឯករាជ្យភាព និងអាចដំណើរការតាមច្បាប់ អំណាចអាចប្រមូលផ្តុំ ជុំវិញមជ្ឈមណ្ឌលនយោបាយមួយ ហើយការឡើងតំណែងអាចពាក់ព័ន្ធនឹងភាពស្មោះត្រង់ និងទំនាក់ទំនង ជាងសមត្ថភាព និងការប្រកួតប្រជែង។
នៅពេលនោះ ស្ថាប័នសាធារណៈងាយទន់ខ្សោយ ប្រព័ន្ធត្រួតពិនិត្យគ្នាខ្សោយ ហើយការដោះស្រាយវិបត្តិសេដ្ឋកិច្ច សង្គម ឬនយោបាយក៏អាចពឹងផ្អែកលើឆន្ទៈរបស់មេដឹកនាំ ជាជាងលើសមត្ថភាពស្ថាប័ន។
ដូច្នេះ បញ្ហាមិនមែនថាតើគ្រួសារណាល្អ ឬអាក្រក់ជាងគ្រួសារណានោះទេ។ បញ្ហាគឺការប្រគល់អំណាច និងជោគវាសនាសាធារណៈ ទៅលើគ្រួសារនយោបាយណាមួយ។ បើគណបក្សប្រឆាំងរិះគន់ការបន្តអំណាចតាមគ្រួសាររបស់គណបក្សកាន់អំណាច ប៉ុន្តែខ្លួនឯងវិញក៏កសាងនយោបាយជុំវិញឪពុក កូន ឬនាមត្រកូលដូចគ្នា នោះវាគ្រាន់តែប្តូរឈ្មោះគ្រួសារ ប៉ុន្តែមិនបានប្តូរវប្បធម៌នយោបាយឡើយ។
ប្រជាធិបតេយ្យពិតប្រាកដ មិនមែនជាការប្តូរមរតកអំណាចពីគ្រួសារមួយទៅគ្រួសារមួយទៀតទេ ប៉ុន្តែជាការបង្កើតប្រព័ន្ធដែលមនុស្សគ្រប់រូប អាចប្រកួតប្រជែងតាមសមត្ថភាព និងទទួលការគាំទ្រពីប្រជាពលរដ្ឋដោយស្មើភាព។
ករណីកញ្ញា មនោវិទ្យា គួរត្រូវបានយកជាមេរៀនមួយថា អ្នកគាំទ្រលោក កឹម សុខា មិនគួរយល់ថា ការជឿលើលោកមានន័យថា ត្រូវជឿលើគ្រប់ការសម្រេចរបស់សមាជិកគ្រួសារលោក។ ដូចគ្នានេះ អ្នកគាំទ្រលោក សម រង្ស៊ី មិនគួរចាត់ទុកមតិរបស់លោកថា ជាគោលការណ៍ដែលមិនអាចរិះគន់បាន ហើយអ្នកគាំទ្រលោក ហ៊ុន សែន ឬលោក ហ៊ុន ម៉ាណែត ក៏មិនគួរគាំទ្ររាល់ការសម្រេចរបស់មេដឹកនាំ ដោយគ្មានលក្ខខណ្ឌដែរ។ ភាពស្មោះត្រង់ក្នុងប្រជាធិបតេយ្យត្រូវផ្តល់ទៅឱ្យគោលការណ៍ និងផលប្រយោជន៍សាធារណៈ មិនមែនទៅឱ្យបុគ្គលនោះទេ។
នៅពេលប្រជាពលរដ្ឋផ្ញើវាសនាទៅលើមេដឹកនាំ ពួកគេច្រើនបាត់បង់តួនាទីជាម្ចាស់អំណាច។ ផ្ទុយទៅវិញ នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យដែលមានភាពចាស់ទុំ ប្រជាពលរដ្ឋត្រូវជាអ្នកកំណត់របៀបវារៈ ហើយអ្នកនយោបាយត្រូវជាអ្នកប្រកួតប្រជែងដើម្បីឆ្លើយតបតម្រូវការនោះ។
ប្រជាពលរដ្ឋមិនគួររត់តាមអ្នកនយោបាយទេ ប៉ុន្តែត្រូវធ្វើឱ្យអ្នកនយោបាយរត់តាមប្រជាពលរដ្ឋវិញ។ អ្នកនយោបាយត្រូវមកពន្យល់គោលនយោបាយ ត្រូវសុំទំនុកចិត្ត ត្រូវទទួលការរិះគន់ និងត្រូវបង្ហាញលទ្ធផល ប្រសិនបើចង់រក្សាការគាំទ្រ។
ដូច្នេះ ការខកចិត្តចំពោះការសម្រេចរបស់កញ្ញា កឹម មនោវិទ្យា មិនគួរបញ្ចប់ត្រឹមការខឹងសម្បារ ឬការចោទប្រកាន់បុគ្គលនោះទេ។ វាគួរត្រូវបម្លែងទៅជាមេរៀនសង្គមមួយថា ចលនាប្រជាធិបតេយ្យត្រូវដកខ្លួនចេញពីបុគ្គលនិយម និងគ្រួសារនិយម។
អ្នកប្រជាធិបតេយ្យត្រូវគាំទ្រគោលការណ៍ មិនមែននាមត្រកូល គាំទ្រគោលនយោបាយ មិនមែនការថ្វាយបង្គំបុគ្គល និងត្រូវរក្សាសិទ្ធិក្នុងការដកការគាំទ្រពីអ្នកនយោបាយណាម្នាក់ នៅពេលអ្នកនយោបាយនោះមិនបម្រើផលប្រយោជន៍សាធារណៈទៀត។
មេរៀនធំបំផុតគឺ ជោគវាសនារបស់ប្រទេសមិនគួរស្ថិតនៅក្នុងដៃរបស់ «ហ៊ុន សែននិយម» «សម រង្ស៊ីនិយម» «កឹម សុខានិយម» ឬនិយមបុគ្គលណាមួយឡើយ។
វាត្រូវស្ថិតនៅក្នុងដៃរបស់ប្រជាពលរដ្ឋ តាមរយៈច្បាប់ ស្ថាប័ន ការបោះឆ្នោត និងប្រព័ន្ធគណនេយ្យភាព។ នៅពេលប្រជាពលរដ្ឋឈប់រត់តាមមេដឹកនាំ ហើយចាប់ផ្តើមទាមទារឱ្យមេដឹកនាំរត់តាមតម្រូវការរបស់ពួកគេ នោះទើបនយោបាយអាចផ្លាស់ពីការគ្រប់គ្រងដោយបុគ្គល ទៅការគ្រប់គ្រងដោយស្ថាប័ន និងពីការគាំទ្រដោយអារម្មណ៍ ទៅការជ្រើសរើសដោយហេតុផល៕
ដោយ សុក្រឹត ពុទ្ធិ









