អ្នកជំនាញ និងអ្នកនយោបាយ បន្តជំរុញឱ្យលោក ហ៊ុន ម៉ាណែត ធ្វើកំណែទម្រង់ស្ថាប័នជាតិ ដែលគេមើលឃើញថា បណ្តុះទៅដោយមន្ត្រីសំពីងសំពោងឱ្យមកនៅតូច ដើម្បីទប់ស្កាត់អំពើពុកលួយ ពង្រឹងវិស័យការពារជាតិ ខណៈទឹកដីកម្ពុជា កំពុងរងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីប្រទេសជិតខាង។
លោក ឱក សេរីសោភ័ក្តិ៍ អ្នកជំនាញអភិបាលកិច្ច បានថ្លែងក្នុងកិច្ចពិភាក្សារបស់ចក្ខុផតខាស កាលពីពេលថ្មីៗនេះថា ការធ្វើកំណែទម្រង់កាត់បង្រួមក្បាលម៉ាស៊ីនដឹកនាំ ដែលរីកធំខ្លាំងឱ្យមកនៅតូចគឺត្រូវការពេលវេលា។
ប៉ុន្តែលោកចោទសួរថាតើប្រជាពលរដ្ឋមានភាពអត់ធ្មត់នឹងរង់ចាំពេលវេលាយូរទៀតបានទេ? ត្រង់ចំណុចនេះលោកគិតថា វាជាការពិបាក។ ដូច្នេះរដ្ឋាភិបាលត្រូវប្រយ័ត្ននៅក្នុងរឿងនេះ ពីព្រោះពេលវេលាប្រហែលជាមិននៅខាងរដ្ឋាភិបាលទេ គឺនៅខាងប្រជាពលរដ្ឋច្រើនជាង ដែលរឿងនេះវាអាចទៅជាកត្តានយោបាយ។
លោកថា៖ «បើសិនរាជរដ្ឋាភិបាលមិនព្រមបង្រួញក្បាលហ្នឹងទេ មិនព្រមបង្រួញចំនួនរាប់ពាន់នាក់ នឹងមកនៅតូចទេ ខ្ញុំថាប្រជាពលរដ្ឋមានសំឡេងដើម្បីនឹងរំឭកគាត់ថា ធ្វើបែបហ្នឹងអត់ត្រូវទេ ខ្ញុំអត់ចង់បាន អ៊ីចឹងទេ ហើយអ្វីដែលបញ្ចេញមកជាឆន្ទៈកែទម្រង់បន្តិចបន្តួចហ្នឹង អត់ពិតទេ អាហ្នឹងនឹងល្អមើលជាមួយគ្នាជាមិនខាន»។
ចំណែក លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លើកឡើងថា ក្រៅពីការកំណែទម្រង់ក្បាលធំខ្លួនតូច ដែលនាំឲ្យធ្ងន់ ពិបាកដើរ រដ្ឋាភិបាលក៏ត្រូវត្រៀមប្រឈមនិងជម្ងឺក្រេះ ឫក្រិន ដែលជាឥទ្ធិពល នៃបក្សពួកនិងគ្រួសារនិយមក្នុងប្រព័ន្ធដឹកនាំរដ្ឋ តាំងពីលើដល់ក្រោម ដែលធ្វើឱ្យកម្ពុជាមិនទៅមុខដូចគ្នា។ លោកបន្តថា មកដល់ពេលនេះ ក្រោយពីមានការប្តេជ្ញាចិត្តរបស់ប្រមុខរដ្ឋាភិបាល ទៅលើការធ្វើកំណែទម្រង់ លោកកំពុងតែតាមដានមើលថាតើការកំណែទម្រង់នេះ វានឹងចាប់ផ្តើមជ្រាបទៅតាមសរសៃឈាមដល់ក្រោមប៉ុណ្ណា។ ប៉ុន្តែបើតាមការប៉ាន់ប្រមាណរបស់លោក មកដល់ពេលនេះ គឺមិនទាន់មានអ្វីកម្រើកជាធំដុំនៅខាងក្រោមនៅឡើយទេ។
លោកថា៖ «ដូចជាការព្យាយាមបង្រួមក្រសួងឱ្យនៅចូលគ្នា វាជារឿងដែលយើងចង់ឃើញយូរហើយ ពីព្រោះយើងដឹងហើយថា ប្រទេសយើងតូច ប៉ុន្តែយើងមានក្រសួងដល់ទៅជិត៣០ក្រសួងវាសម្បើមណាស់ ដែលពីដើម កាលណាយើងលើករឿងនឹងមកវាតែងទទួលការវាយបកពីរដ្ឋាភិបាលវិញថា យើងអគតិ ជនអគតិអ្នកប្រឆាំងអ្នកអី ប៉ុន្តែឥឡូវអ្វីដែលខ្ញុំអបអរសាទរនៅត្រង់ថា ពាក្យកំណែទម្រង់បានចេញមកពីប្រមុខរដ្ឋាភិបាលតែម្តង ដែលខ្ញុំសង្ឃឹមថា នឹងធ្វើអ្វីដែលបាននិយាយ»។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា បានចោទសួរតាមរយៈសំណេរនៅលើហ្វេសប៊ុកថា តើកម្ពុជានៅសល់ឱកាសខ្លាំងដែរឬទេ ក្នុងការធ្វើកំណែទម្រង់ បើសូម្បីរឿងតូចតាចខ្លះ ចាំដល់តែនាយករដ្ឋមន្ត្រីស្រែក ទើបមន្ត្រីនាំគ្នាធ្វើ ខណៈក្រសួងក៏ច្រើន អ្នកធំក៏ច្រើនដែរ។ លោកបន្តថា កម្ពុជាតូច មិនមានន័យថាគ្មានឱកាសខ្លាំងនោះទេ សំខាន់ថាតើយើងចង់បានអ្វី? ត្រង់ចំណុចនេះ លោកបញ្ជាក់ថា រដ្ឋាភិបាលត្រូវមានចក្ខុវិស័យជាតិច្បាស់លាស់ កម្មវិធីនយោបាយច្បាស់លាស់ និងកំណែទម្រង់ច្បាស់លាស់។
វីអូឌី មិនអាចទាក់ទងលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី១៩ខែសីហានេះ។ ប៉ុន្តែជុំវិញបញ្ហាទាក់ទងនឹងការធ្វើកំណែទម្រង់នេះ លោក ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ថា គ្មានការកាត់ក្រសួង ឬទម្លាក់ក្រសួងទៅជាអគ្គនាយកដ្ឋាន ដូចមានការផ្សព្វផ្សាយមួយចំនួននោះទេ។
លោកថា៖ «ការកំណែទម្រង់គោលនយោបាយយើងដាក់ចេញពីដើមទីនៅដដែល។ ទី១គ្មានការកាត់ក្រសួង ស្ថាប័នទេនៅដដែល ប៉ុន្តែក្រសួងស្ថាប័នមួយៗត្រូវវិភាគមុខងារអាចមានការកាត់នាយកដ្ឋាននៅខាងក្នុង ដើម្បីពង្រឹងឱ្យចំ សម្រួចឱ្យចំ ប៉ុន្តែបើថា កាត់ក្រសួងនេះក្រសួងនោះ ថ្ងៃមុនគេដាក់សារមកខ្ញុំ គេថាឮសម្តេចធិបតីមានផែនការកាត់អគ្គនាយកដ្ឋានពីក្រសួងឧស្សាហកម្ម យកទៅដាក់ក្រសួងពាណិជ្ជកម្ម? ខ្ញុំអត់ទាំងដឹងផង!»។
លោកយ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សកាលពីពេលថ្មីៗនេះថា មេដឹកនាំនិងមន្ត្រីរដ្ឋាភិបាលបច្ចុប្បន្ន ក្រៅពីប្រពន្ធកូននិងបក្ខពួករបស់ខ្លួន គឺមិនទុកចិត្តអ្នកណាផ្សេងទេ។ បន្ថែមពីនេះ លោកថា ពាក្យថា ឱកាសស្មើគ្នា គឺអត់ដឹងនៅឯណាទេ ខណៈប្រទេសតូចមានប្រជាជនត្រឹម១៧-១៨លាននាក់ ប៉ុន្តែមានក្រសួងរហូតដល់២៨-២៩ ក្រសួង និងមានមន្ត្រីគរជើងគ្នា។
លោកថា៖ «ឧបនាយករដ្ឋមន្ត្រីផង ទេសរដ្ឋមន្ត្រីផង រដ្ឋមន្ត្រីផង រដ្ឋលេខាធិការផង អនុរដ្ឋលេខាធិការផងទីប្រឹក្សាផង ជំនួយការផង។ បើប្រមូលប្រជុំម្តងក្នុងក្រសួងរកកន្លែងដាក់កៅអីគ្មានទេ ខ្ញុំវាមិនដែលឃើញរបៀបដឹកនាំឱ្យប្រជាពលរដ្ឋជឿនលឿនបាន ដោយយកលុយពន្ធពីប្រជាពលរដ្ឋយកទៅចាយខ្ជះខ្ជាយបែបនេះ ខ្ញុំអត់ដែលឃើញ ពីព្រោះក្នុងនាមជាអ្នកដឹកនាំគេសន្សំសំចៃថវិកាជាតិណាស់ ដើម្បីយកទៅអភិវឌ្ឍន៍ប្រទេសជាតិ លុយបានមកពីប្រជាពលរដ្ឋបានមកពីបងប្អូនបង់ពន្ធ ហើយយកទៅចាយអីចាយម្ល៉េះ»។
ប្រទេសកម្ពុជា បច្ចុប្បន្នមានប្រជាជនប្រមាណ១៧-១៨លាននាក់ ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បច្ចុប្បន្នមានក្រសួងចំនួន២៨ និងរដ្ឋលេខាធិការដ្ឋាន២ ដែលមានឋានៈស្មើក្រសួងដូច្នេះសរុបមានក្រសួងចំនួន៣០ និងមានអាជ្ញាធរជាតិផ្សេងៗទៀត ដូចជា អាជ្ញាធរមីន អាជ្ញាធរអេដស៍ អាជ្ញាធរបឹងទន្លេសាប និងអង្គភាពប្រឆាំងអំពើពុករលួយជាដើមសរុបប្រមាណ ១៧ស្ថាប័នផ្សេងទៀត ហើយនៅតាមក្រសួងស្ថាប័នទាំងនោះ ត្រូវបានគេមើលឃើញថា មានមន្ត្រីគរជើងគ្នា។ ក្រៅពីតំណែងឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ប្រេសិតពិសេសរបស់នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សានិងជំនួយការជាង១ម៉ឺននាក់ថែមទៀត ខណៈប្រទេសវៀតណាមមានប្រជាជន ១០១លាននាក់ មានតែ១៤ក្រសួង និងប្រទេសជប៉ុន មានប្រជាជន ១២២លាននាក់ មានត្រឹមតែ១១ក្រសួងប៉ុណ្ណោះ។
ត្រង់ចំណុចនេះ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំង បានថ្លែងថា ប្រសិនបើកម្ពុជាកាត់បន្ថយមកត្រឹម១០ក្រសួង និងកាត់បន្ថយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជំនួយការ និងទីប្រឹក្សាដែលមានចំនួនជាង ១ម៉ឺននាក់ មកនៅត្រឹម ១៥០នាក់ នោះកម្ពុជានឹងសន្សំលុយបានយ៉ាងតិច ៥ពាន់លានដុល្លារក្នុង១ឆ្នាំ។ ៥ពាន់លានដុល្លារ គឺអាចទិញយន្តហោះចម្បាំង F-16 បាន៨៣គ្រឿងក្នុង១ឆ្នាំ ព្រោះយន្តហោះចម្បាំង F-16 មានតម្លៃ ៦០លានដុល្លារក្នុងគ្រឿង៕









