បញ្ហាគ្រឿងញៀននៅកម្ពុជានៅតែជាបញ្ហាធ្ងន់ធ្ងរ និងគួរឱ្យព្រួយបារម្ភ ទោះបីអាជ្ញាធរបានធ្វើយុទ្ធនាការ ចាប់ខ្លួនអ្នកពាក់ព័ន្ធ និងរឹបអូសគ្រឿងញៀនជាច្រើនក៏ដោយ ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀននៅតែបន្តកើតមាន។
ជាពិសេស អ្វីដែលគួរឱ្យបារម្ភខ្លាំង គឺយុវជន និងក្មេងជំទង់មួយចំនួន អាចចូលដល់គ្រឿងញៀនបានងាយ។ នៅតាមបណ្តាញសង្គម ក៏មានការចែករំលែកវីដេអូដែលបង្ហាញពីយុវជនខ្លះពាក់ព័ន្ធនឹងការប្រើសារធាតុញៀន។ ការបង្ហាញរូបភាពអ្នកប្រើប្រាស់គ្រឿងញៀន ក្នុងវីដេអូ គឺជាភស្តុតាងមួយថ្មីទៀត ការចែកចាយនិងការប្រើប្រាស់សារធាតុញៀននៅកម្ពុជាមិនថយចុះទេ ដែលរដ្ឋាភិបាលមិនគួរមើលរំលង។
ទិន្នន័យថ្មីៗក៏បង្ហាញថា បញ្ហានេះនៅតែមានទំហំធំ។ យោងតាមរបាយការណ៍របស់អាជ្ញាធរប្រឆាំងគ្រឿងញៀនកម្ពុជា ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៦ គិតចាប់ពីខែមករា ដល់ខែកក្កដា អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនជាង ១ម៉ឺន៦ពាន់នាក់ (១៦ ៤៩៨នាក់)។ ចំនួននេះមានការកើនឡើងប្រមាណ ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន(២០២៥)។
ការចាប់ខ្លួនច្រើន អាចបង្ហាញថា អាជ្ញាធរកំពុងធ្វើសកម្មភាពខ្លាំង ប៉ុន្តែវាក៏អាចបង្ហាញផ្ទុយវិញថា បញ្ហាគ្រឿងញៀននៅតែមិនទាន់ថយចុះនៅឡើយ។ ប្រសិនបើចំនួនអ្នកត្រូវចាប់ខ្លួនកើនឡើង ប៉ុន្តែគ្រឿងញៀននៅតែអាចរកបានងាយ នោះការវាស់ភាពជោគជ័យតាមចំនួនការចាប់ខ្លួនតែមួយមុខ មិនទាន់គ្រប់គ្រាន់នោះទេ។
បញ្ហាធំមួយ គឺការបង្ក្រាបភាគច្រើនហាក់ផ្តោតលើអ្នកប្រើប្រាស់ និងអ្នកចែកចាយតូចៗ។ អ្នកទាំងនេះ ត្រូវបានចាប់ខ្លួនជាញឹកញាប់ ប៉ុន្តែសាធារណជនមិនសូវទទួលបានព័ត៌មានច្បាស់ថា មេខ្លោងធំៗ អ្នកផ្គត់ផ្គង់ និងអ្នកផ្តល់ហិរញ្ញវត្ថុនៅពីក្រោយបណ្តាញទាំងនោះ ត្រូវបានបំបែកដល់កម្រិតណា។ បើចាប់តែអ្នកលក់តូចៗ ប៉ុន្តែប្រភពផ្គត់ផ្គង់នៅតែដំណើរការ អ្នកលក់ថ្មីអាចចូលមកជំនួសបាន។ ដូច្នេះការប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវតែទៅដល់អ្នកដែលរកប្រាក់ចំណេញធំ និងបណ្តាញហិរញ្ញវត្ថុ មិនមែនឈប់ត្រឹមអ្នកប្រើប្រាស់តូចតាចនោះទេ។
របាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ឬ UNODC ចេញផ្សាយនៅខែឧសភា ឆ្នាំ២០២៥ ក៏បានព្រមានថា ការផលិត និងការជួញដូរគ្រឿងញៀនសំយោគនៅតំបន់អាស៊ីអាគ្នេយ៍កំពុងកើនឡើងខ្លាំង។ សារព័ត៌មាន AP ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានរាយការណ៍ដោយយោងរបាយការណ៍របស់ UNODC ថា នៅឆ្នាំ២០២៤ អាជ្ញាធរនៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ បានរឹបអូសមេតំហ្វេតាមីនប្រមាណ ២៣៦តោន។ UNODC ក៏បានកត់សម្គាល់ថា ផ្លូវដឹកជញ្ជូនមួយចំនួន បានឆ្លងពីមីយ៉ាន់ម៉ា តាមប្រទេសឡាវ និងចូលមកកម្ពុជា។ នេះបង្ហាញថា កម្ពុជាមិនប្រឈមតែបញ្ហាក្នុងស្រុកទេ ប៉ុន្តែក៏ប្រឈមនឹងបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែនផងដែរ។
ហេតុផលដែលបញ្ហានេះ គួរឱ្យបារម្ភខ្លាំង គឺគ្រឿងញៀនកំពុងប៉ះពាល់ដល់យុវជន។ ប្រសិនបើយុវជនអាចរកទិញគ្រឿងញៀនបានតាមទីសាធារណៈ កន្លែងកម្សាន្ត ឬតាមការទំនាក់ទំនងតាមអនឡាញ នោះវាបង្ហាញថា ប្រព័ន្ធទប់ស្កាត់នៅមានចន្លោះប្រហោងខ្លាំង។ នៅពេលខ្លះ ការបង្ហោះវីដេអូរបស់យុវជនដែលបានប្រើប្រាស់គ្រឿងញៀនតាម TikTok Facebook ឬបណ្តាញផ្សេងៗ ក៏អាចធ្វើឱ្យអ្នកមើលវ័យក្មេងយល់ថា សកម្មភាពបែបនេះ គឺជារឿងសប្បាយ ឬជារឿងធម្មតា។ នេះជាហានិភ័យមួយទៀតដែលការបង្ក្រាបតាមផ្លូវតែមួយមុខមិនអាចដោះស្រាយបាន។
ការប្រឆាំងគ្រឿងញៀន ក៏មិនគួររង់ចាំរហូតដល់យុវជនញៀនហើយទើបចាប់ខ្លួននោះទេ។ អាជ្ញាធររដ្ឋត្រូវផ្តោតខ្លាំងលើការបង្ការ តាមរយៈសាលារៀន គ្រួសារ និងសហគមន៍។ កុមារ និងយុវជនត្រូវទទួលបានការអប់រំឱ្យយល់ច្បាស់ពីគ្រោះថ្នាក់នៃគ្រឿងញៀន ហើយសាលារៀនគួរមានអ្នកប្រឹក្សាដែលអាចជួយពួកគេនៅពេលជួបបញ្ហា។
អ្នកដែលមានបញ្ហាប្រើប្រាស់សារធាតុញៀនក៏ត្រូវទទួលបានការព្យាបាល និងស្តារនីតិសម្បទា មិនមែនត្រូវបានមើលតែជាជនល្មើសនោះទេ។ ការបង្ក្រាបដោយកម្លាំងតែម្ខាង មិនអាចបញ្ឈប់បញ្ហានេះបានយូរអង្វែងឡើយ។
ភាពស្អាតស្អំរបស់អ្នកអនុវត្តច្បាប់ក៏សំខាន់ដែរ។ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីមហាផ្ទៃ លោក ស សុខា បានលើកឡើងពីបញ្ហាមន្ត្រីពាក់ព័ន្ធគ្រឿងញៀន និងអំពើពុករលួយ ហើយបានបញ្ជាក់ថា មន្ត្រីដែលពាក់ព័ន្ធត្រូវទទួលខុសត្រូវ។ នៅខែមីនា ឆ្នាំ២០២៦ ក៏មានសេចក្តីរាយការណ៍ថា មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាង ១០០នាក់ ត្រូវបានបណ្តេញចេញ បន្ទាប់ពីរកឃើញថាពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ បញ្ហានេះ បង្ហាញថា រដ្ឋត្រូវសម្អាតផ្ទៃក្នុងផងដែរ។ បើមន្ត្រីដែលមានភារកិច្ចទប់ស្កាត់គ្រឿងញៀនខ្លួនឯងពាក់ព័ន្ធ នោះសាធារណជននឹងបាត់បង់ទំនុកចិត្តលើការអនុវត្តច្បាប់។
ដូច្នេះ អ្វីដែលអាជ្ញាធរត្រូវធ្វើបន្ថែម គឺបង្ហាញព័ត៌មានឱ្យបានច្បាស់ថា តើមេខ្លោងធំៗជានរណា បណ្តាញដឹកជញ្ជូនមកពីណា ប្រាក់ចំណេញត្រូវបានផ្ទេរតាមរបៀបណា ហើយតើមានអ្នកណាផ្តល់ការការពារនៅពីក្រោយ ឬអត់។ ការប្រកាសថាចាប់បានមនុស្សរាប់ពាន់នាក់ មិនទាន់គ្រប់គ្រាន់ទេ ប្រសិនបើប្រជាពលរដ្ឋនៅតែឃើញគ្រឿងញៀនចែកចាយនៅក្នុងសហគមន៍។
ការតាមដានគណនីធនាគារ ទ្រព្យសម្បត្តិ ការលាងលុយ និងអាជីវកម្មដែលអាចពាក់ព័ន្ធ គួរត្រូវបានធ្វើដោយតម្លាភាព និងដោយគ្មានការលើកលែង។
នៅទីបញ្ចប់ ជោគជ័យនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនមិនគួរវាស់តែតាមចំនួនអ្នកត្រូវចាប់ខ្លួន ឬចំនួនគ្រឿងញៀនដែលរឹបអូសបានទេ។ គួរវាស់ថា តើយុវជនអាចរកគ្រឿងញៀនបានពិបាកជាងមុន ឬអត់ តើអ្នកលក់ធំៗត្រូវបានបំបែក ឬអត់ តើការចែកចាយនៅតាមសហគមន៍ថយចុះ ឬអត់ និងតើគ្រួសារមានអារម្មណ៍ថាសុវត្ថិភាពជាងមុន ឬទេ។
ប្រសិនបើការចែកចាយនៅតែបន្ត ក្មេងជំទង់នៅតែសេពគ្រឿងញៀនបានងាយ នោះវាបង្ហាញថា បញ្ហានេះមិនទាន់ត្រូវបានគ្រប់គ្រងបាននៅឡើយ។ បើមិនមានការផ្លាស់ប្តូរយុទ្ធសាស្ត្រឱ្យបានជ្រៅជាងមុនទេ កម្ពុជាប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរលើយុវជន គ្រួសារ សន្តិសុខសង្គម និងធនធានមនុស្សរបស់ជាតិនៅថ្ងៃអនាគត៕
ដោយលោក សុក្រឹត ពុទ្ធិ









