អ្នក​ឃ្លាំមើ​ល​រិះ​គន់​អាជ្ញាធរ​ថ្នាក់​ក្រោម​អសមត្ថ​ភាព ​ក្រោយ​​ករណី​​សាលា​​ដូង​រុញ​ដល់​នាយក​រដ្ឋ​មន្ត្រី

ក្រោយមានការប្រតិកម្ម​ជុំវិញ​ឱសាន​វាទ​រុះ​រើ​ផ្ទះ​ស្នាក់​របស់​គ្រូប​ង្រៀន​នៃ​សាលា​ដូង លើ​ភ្នំគិ​រី​រម្យ​ ពេល​នេះ​ លោក​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អន្តរា​គម​ន៍​តាម​ការ​ទាយ​របស់​ពលរដ្ឋ​មួយ​ចំនួន។

យោង​តាម​ការ​ផ្សព្វ​ផ្សាយ​ជា​ផ្លូវ​ការ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា នេះ បាន​បង្ហាញ​ឱ្យឃើ​ញ​ពី​ជំនួប​រវាង​លោក ជាមួយ​ស្ថាបនិក​សាលា​ដូង គឺ​លោក អ៊ុក វណ្ណ​ដេ។ ជា​លទ្ធផល លោក ហ៊ុន ម៉ាណែត បាន​ចេញ​បទ​បញ្ជា​ឱ្យ​យោធ​ភូមិ​ភាគ​ទី៣​ និង​តំបន់​ប្រតិ​បត្តិ​ការ​សឹក​រង​កំពង់​ស្ពឺ ផ្អាក​ការ​អនុវត្ត​ការ​រុះ​រើ​ផ្ទះ​ស្នាក់​គ្រូ​បង្រៀន ដោយរក្សា​ស្ថាន​ភាព​ដដែល​ និង​ឱ្យ​សាលា​ដូង​បន្ត​ដំណើរកា​រ​ទៅ​មុខ។

ជា​មួយ​គ្នា​នេះ លោក​បាន​​ប្រគល់​ភារកិច្ច​ឱ្យ​លោក អ៊ាង សុផល្លែត រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន និង​លោក ជាម ច័ន្ទ​សោភ័ណ្ឌ អភិបាល​ខេត្ត​កំពង់​​ស្ពឺ ចាត់​តាំង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ជា​បន្ទាន់​នៅ​លើ​ទីតាំង​ជាក់​ស្តែង​ ដើម្បី​​រៀប​ចំ​នូវ​ដំណោះ​ស្រាយ​​មួយ​ឱ្យ​បាន​សម​ស្រប និង​មាន​ចីរភាព​ ដែលអា​ចធា​នា​ថា​សាលាដូង​អាច​នៅ​បន្ត​ដំណើរ​​ការ​បណ្តុះ​បណ្តាល​របស់​​កុមារ​​នៅ​ទី​នោះ។ លើស​ពី​នេះ លោក​បាន​សម្រេចផ្ត​ល់កា​រ​ឧបត្ថម្ភ​ប្រចាំខែ​ដ​ល់​សាលា​ដូង​​ផង​​ដែរ។

ការអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រី ទទួល​ការសា​ទរ​ជា​ច្រើន​ពី​ពលរដ្ឋ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​ មតិ​រិះ​គន់​ជា​ច្រើន​លើ​បណ្ដាញ​សង្គម បាន​បាញ់​ឆ្ពោះ​ទៅ​អាជ្ញាធរ​ថ្នាក់​ក្រោម​ ទៅ​លើ​ការ​អនុវត្ត​ច្បាប់​ដែល​ប៉ះ​ពាល់​ដល់​ប្រយោជន៍​សហគមន៍​​​មូល​ដ្ឋាន ជាពិសេស​គឺ​វិស័យ​អប់រំ ក្រោយ​យោធ​ភូមិ​ភាគ​ទី៣​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា បាន​រាយ​ការណ៍​ទៅ​​កា​ន់​​អភិបាលខេ​ត្ត​កំពង់​ស្ពឺ​ថា សាលា​ដូង​របស់​លោក អ៊ុក វណ្ណដេ បាន​សង់​ផ្ទះ​ស្នាក់​នៅ​បិទ​ផ្លូវ​សាធារណៈ។ ចំណែក​មន្ទីរ​បរិស្ថាន​ខេត្ត​ ក៏​បាន​ជូន​ដំណឹង​ឱ្យ​រុះ​រើ​សំណង់​ទាំង​នោះ​ក្នុង​រយៈ​ពេល ១៤​ថ្ងៃ។

លោក អ៊ុក វណ្ណដេ បាន​បង្ហោះសារ​ស្វែង​រក​អន្តរា​គម​ន៍​ពីភា​គី​ពាក់​ព័ន្ធ ក្នុង​ពេល​បី​ថ្ងៃ​ចុង​ក្រោយ​នេះ ​ដោយ​បញ្ជាក់​ថា លោក​មិន​មាន​លទ្ធ​ភាព​រុះ​រើ និង​សាង​សង់​ផ្ទះ​ជូន​គ្រូ​បង្រៀន​ស្នាក់​នៅ​នោះ​ឡើយ​ រហូត​ដល់​លោក​ត្រូវ​បាន​នាយក​រដ្ឋ​មន្ត្រី​ហៅ​ឱ្យ​ចូល​ជួប។

ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើក​ឡើង​ថា វប្បធម៌​អន្តរា​គមន៍​លើ​រឿង​តូច​តាច​ដើម្បី​ប្រជា​ប្រិយ​ភាព និង​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​ធំ​ចំពោះ​មុខ​ គឺ​មាន​តាំង​ពី​អាណត្តិ​របស់​លោក ហ៊ុន សែន មក​​ម្ល៉េះ។ លោក​បន្ត​ថា ទង្វើ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ទន់​ខ្សោយ​ និង​ភាព​រញ៉េ​រញ៉ៃ​នៃ​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​បាល​កម្ពុជា បណ្ដាល​​ឱ្យ​ប្រព័ន្ធ​ដឹក​នាំ​ថ្នាក់​ក្រោម​ជាប់​គាំង​ គ្មាន​ឯករាជ្យ​ភាព និង​រង់​ចាំ​តែ​បទ​បញ្ជា ព្រោះ​ខ្លាច​ប៉ះ​ពាល់​ដល់​ប្រយោជន៍ និង​អំណាច​របស់​ក្រុម​អ្នក​មាន​ឥទ្ធិ​ពល។

លោក ម៉ែន ណាត ថ្លែងថា៖ «កាល​ណាមេ​ដឹកនាំ​កំពូល​ទៅ​លូក​ដៃ​គ្រប់​រឿង​ បញ្ជាក់​ថា​សង្គម​ហ្នឹង​រញ៉េ​រញ៉ៃ គ្មាន​សណ្តាប់​​ធ្នាប់ ការ​ដឹក​នាំ​ប្រទេស​ហ្នឹង​គ្មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ​ពិត​ប្រាកដ​ ជា​ការ​ដឹក​នាំ​បែប​តាម​ទំនើង​ចិត្ត ជា​ការ​ដឹក​នាំ​ប្រទេស​តាម​បែប​ទំនើង​ចិត្ត។ បើ​គេនិ​យាយ​ថា​យក​ច្បាប់​ទៅ​ប្រើ​លើ​អ្វី​មួយ​ គឺ​គេប្រើ​​លើ​ហ្នឹង បើ​និយាយ​ថា​គេច​ង់ប​ង្ក្រាប​នរណា គេឱ្យ​ប​ណ្តាញ​តុលាការ​ ឱ្យ​បណ្តាញ​អាជ្ញាធរ​ហ្នឹង​គេ​បង្ក្រាប​ភ្លាម អាហ្នឹង​វា​អ៊ី​ចឹង»។

នៅពេលពលរដ្ឋជួបរឿងអយុត្តិធម៌អ្វីមួយ គេតែឃើញមានអំពាវ​នាវ​ស្វែង​រក​ជំនួយ​ និង​អន្តរា​គមន៍​ពី​ក្រុម​គ្រួសារ​ថ្នាក់​ដឹក​នាំ រួម​មាន លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និង​ភរិយា​របស់​លោក។ ប្រសិន​បើ​ការ​អំពាវ​នាវ​ធ្វើ​ឡើង​តាម​បណ្ដាញ​សង្គម នោះព​លរដ្ឋ​នឹង​លើក​ដៃ​សំពះ ព្រម​ទាំង​និយាយ​ថា សូម​សម្ដេច​ពុក សម្ដេច​ម៉ែ និង​សម្ដេច​បវរធិបតី​ជួយ​រក​យុត្តិ​ធម៌។ ប្រសិន​បើកា​រ​អំពាវ​នាវ​ធ្វើ​នៅ​ខាង​ក្រៅ ​ពលរដ្ឋនិ​យម​ព្រី​ន​រូប​ថត​ថ្នាក់​ដឹក​នាំ​មក​ធ្វើ​បដា​តែ​ម្ដង។

ជាការកត់សម្គាល់ជាក់ស្ដែង ក្នុងរយៈ​ពេល​ចុង​ក្រោយ​នេះ​ គ្រួសារ​ថ្នាក់​ដឹក​នាំ​លូក​ដៃ​ចូល​ជា​ច្រើន​ករណី ដូច​ជា​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​គ្រួសារ​តារា​សម្ដែង​ម្នាក់​នៅ​ខេត្ត​កំពត ករណី​ឃាតករ ស្រី ស៊ី​ណា ដែល​ជំរុញ​ឱ្យ​ក្រសួង​យុត្តិ​ធម៌​មិន​អនុវត្ត​គោល​ការណ៍​ស្រូប​ទោស​ជា​ដើម​ ដែល​សុទ្ធ​សឹង​ជា​កាតព្វ​កិច្ច និង​តួនាទី​របស់​មន្ត្រី អាជ្ញាធរ​ត្រូវ​អនុវត្ត​ដោយ​មិន​ចាំបាច់​រង់​ចាំ​​បញ្ជា។

ទាក់ទិនរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែន​ករុណា មាន​ប្រសាសន៍​ថា ការ​ស្វែង​រក​អន្តរា​គមន៍​ពី​ថ្នា​ក់​ដឹក​នាំ​កំពូល ក៏ដោ​យ​សារ​តែ​ពលរដ្ឋ​គ្មាន​ជំនឿ​លើ​មន្ត្រី​ថ្នាក់​ក្រោម​ ដែល​ខ្វះ​អំណាច​សម្រេច និង​មិន​ហ៊ាន​អនុវត្ត​ច្បាប់​លើ​អ្នក​មាន​ប្រាក់ មាន​អំណាច​ បណ្តាល​ឱ្យ​រឿង​ក្តី​រ៉ាំរ៉ៃ​​​ដោយ​សារ​អំពើ​ពុក​រលួយ។ លោកបញ្ជាក់​ថា សង្គម​ប្រជាធិប​តេយ្យ​ត្រូវ​ប្រគល់​អំណាច​ឱ្យ​មន្ត្រី​មូល​ដ្ឋាន​ដោះ​ស្រាយ​បញ្ហា​តាម​ច្បាប់ ដើម្បី​ទុក​ពេល​ឱ្យថ្នា​ក់​ដឹក​នាំ​ជាតិ​ដោះ​​ស្រាយ​​តែ​រឿង​ធំៗចំ​ពោះ​មុខ​ជាតិ ដូច​ជា​វិបត្តិ​សេដ្ឋ​កិច្ច ឬ​បទ​ល្មើស​អន​ឡាញ ហើយ​មន្ត្រី​ដែល​គ្មាន​សមត្ថ​ភាព​ ឬ​​មិន​ទទួល​ខុស​ត្រូវ​គួរ​ត្រូវ​ដក​ហូត​មុខ​តំណែង​ ដើម្បី​កាត់​បន្ថយ​ការ​ខាត​បង់​ថវិកា​ជាតិ។

លោកលើកឡើងថា៖ «អ៊ីចឹង​រឿង​ណា​ដែល​គេមា​ន​សមត្ថ​កិច្ច​ក្នុង​ការ​សម្រេច​ មាន​អំណាច​ក្នុង​ការ​សម្រេច គឺគេ​ដោះស្រាយ​ជូន​ទៅ​ឱ្យ​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ហ្នឹង​ហើយ។ ខ្លះ​ហ្នឹង​គេ​មិន​ចាំបាច់​ដល់​ថ្នាក់​ដឹក​នាំ​អី​ទេ គឺ​គេ​ផ្តល់​តួនាទី​ឱ្យ​អ្នក​ទាំង​អស់​ហ្នឹង មាន​សិទ្ធិ​ មាន​អំណាច​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នៅ​មូល​ដ្ឋាន​របស់​ខ្លួន នៅ​ក្នុង​តំបន់​របស់​ខ្លួន​អីចឹង​ទៅ។ អ៊ីចឹង​ថ្នាក់​ដឹក​នាំ​ គេ​ធ្វើ​កិច្ច​ការ​ងារ​តែ​​រឿង​ធំៗ​​ចំពោះ​មុខ​ជាតិ​ទេ»។

យ៉ាងណា នៅមានករណីជាប់គាំងជាច្រើនទៀត ដែល​មិន​ទាន់​ទទួល​បាន​យុត្តិ​ធម៌​ពី​អាជ្ញាធរ​ ឬ​ឱកាស​ទទួល​បាន​ការ​​អន្តរា​គម​ន៍​ពីនា​យក​រដ្ឋ​មន្ត្រី ទោះបី​មាន​ការ​អំពាវ​នាវ​ ដូច​ជា​ទំនាស់​ដី​ធ្លី​រវាង​ពលរដ្ឋ​និង​អ្នក​មាន​អំណាច គ្រោះ​ថ្នាក់​ចរាចរណ៍​បង្ក​ដោយ​សាច់​ញាតិ​អ្នក​ធំ ការ​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ដោយ​ខុស​ច្បាប់​លើ​ពលរដ្ឋ និង​សកម្ម​ជន និង​​ការ​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ បែរ​ជា​លោក​រក្សា​ភាព​ស្ងប់​ស្ងាត់​ ទោះ​បី​មាន​ភស្តុតាង​លើ​គោក​យ៉ាង​ណា​ក្ដី។

អ្នកឃ្លាំមើល​ គូសបញ្ជាក់ថា ការកែទម្រង់សង្គមឱ្យបាន​ជោគ​ជ័យ និង​មាន​យុត្តិធ​ម៌​ពិត​ប្រាកដ​ គឺ​មិន​មែន​គ្រាន់​តែ​​ជា​ការ​កែ​ប្រែ​ប្រព័ន្ធ​គ្រប់​គ្រង​លើ​ក្រដាស និង​ដោះស្រា​យ​តាម​អារម្មណ៍​នោះ​ទេ​ ប៉ុន្តែ​វា​ទាម​ទារ​ឱ្យ​មាន​ការផ្លា​ស់​ប្តូរ​ចិត្ត​​គំនិត​របស់​មនុស្ស ជាពិសេស​គឺ​ការ​មាន​មេដឹក​នាំ​ប្រកប​ដោយ​សុចរិត​ភាព។ ពួកគាត់​បន្ត​ថា សង្គម​ដែល​មាន «នីតិរដ្ឋ» ពិត​ប្រាកដ លុះ​ត្រា​ពលរដ្ឋ​ និង​អ្នក​អនុវត្ត​ច្បាប់​គ្រប់​រូប​ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​ច្បាប់​ស្មើភា​ព​គ្នា និង​ទទួល​ខុស​ត្រូវ​តាម​តួនាទីរ​បស់​ខ្លួន ដើម្បី​ធានា​បាន​នូវ​សុខ​សន្តិ​ភាព​ និង​ភាពសុ​ខសា​ន្ត​របស់​ប្រជា​ជាតិ​ទាំង​មូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ