លោក ត្រាំ និង​ទីក្រុង​តេអេរ៉ង់​អះ​អាង​ផ្សេង​គ្នា​ពី​បញ្ហា​នៅ​ច្រក​សមុទ្រ​ហ័រ​មូស

ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន​ថ្លែង​កាល​ពី​ថ្ងៃទី​១៨ខែ​សីហា​ថា ពុំ​មាន​ការ​ចរ​ចា​ណា​មួយ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​នោះ​ទេ ហើយ​លោក​បាន​បញ្ជាក់​ថា ច្រក​សមុទ្រ Hormuz (ច្រក​សមុទ្រ​ហ័រ​មូស) គឺ​បើក​ចំហ​ធម្មតា ដែល​ផ្ទុយ​ពី​ការ​អះ​អាង​របស់​អ៊ីរ៉ង់ ដែល​ថា​ផ្លូវ​ទឹក​ដ៏​សំខាន់​នេះ​នៅ​តែ​បន្ត​បិទ។

ការថយចុះ​នៃ​កិច្ច​ព្រម​ព្រៀង​ដើម្បី​បញ្ចប់​ជម្លោះជិ​ត ៦ ខែ​មក​នេះ បាន​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​កើន​ឡើង​ជា​ថ្មី ខណៈ​ដែល​ទីផ្សារ​​ភាគ​ហ៊ុន​បាន​ធ្លាក់​ចុះ ហើយ​ថ្លៃ​ដើម​នៃ​ការ​ខ្ចី​ប្រាក់​សម្រាប់​សេដ្ឋ​កិច្ច​ធំៗ រួម​ទាំង​សហរដ្ឋ​អាមេរិក បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​​ច្រើន​ទសវត្សរ៍។

កិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្ន​ បាន​ផុត​កំណត់​កាល​ពី​ថ្ងៃទី​១៧ខែ​សីហា ហើយ​មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ង់​ម្នាក់​បាន​ប្រាប់​ភ្នាក់​ងារ​សារ​ព័ត៌​មាន Reuters ថា ប្រទេស​របស់​លោក​កំពុង​ផ្លាស់​ប្តូរ​ទៅ​ជា​ឥរិយា​បថ​យោធា “វាយ​លុក​ពេញ​ទំហឹង” ដោយ​សារ​ការ​ជាប់​គាំង​ផ្នែក​ការទូត។

លោក Trump បានបង្ហោះលើ Truth Social ថា៖ «ពុំមានការចរចាណាមួយ​កំពុង​ប្រព្រឹត្ត​ទៅ ឬ​ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​សាធារណ​រដ្ឋ​ឥស្លាម​អ៊ីរ៉ង់​នោះ​ទេ។ ការ​បិទ​ខ្ទប់​ផ្លូវ​ទឹក​ដោយ​កង​ទ័ព​ជើង​ទឹក​នៅ​តែ​មាន​ប្រសិទ្ធ​ភាព ហើយ​ច្រក​សមុទ្រ Hormuz គឺ​បើក​ចំហ និងដំ​ណើរ​ការ​ធម្មតា»។

ទោះជាយ៉ាងណា កាលពីថ្ងៃចន្ទ លោក Jared Kushner បេសកជនពិសេសរបស់​លោក Trump បាននិយាយ​ថា ការ​ចរចា​ជាមួយអ៊ីរ៉ង់​នៅ​តែ​បន្ត​ប្រព្រឹត្តទៅ និងមានភាពរឹងមាំ។

ជម្លោះជិត ៦​ខែមកនេះ ដែលបានចាប់ផ្តើមពីការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បាន​ឈាន​ដល់ស្ថានភាពជាប់គាំង ដោយអ៊ីរ៉ង់នៅតែបន្តគំរាមកំហែងដល់ការដឹកជញ្ជូនតាមនាវា ខណៈក្រុង​​វ៉ាស៊ីន​តោន​​ព្រមាន​ថា ខ្លួនអាចនឹងបន្តការវាយប្រហារឡើងវិញ ប្រសិនបើគ្មានកិច្ចព្រមព្រៀងរយៈពេល​វែង។

ទោះបីជាលោក Trump អះអាងថា ស្ថានភាពមានភាពប្រសើរឡើងក៏ដោយ ក្រសួងការពារជាតិសហរដ្ឋអាមេរិក​ និងអារ៉ាប់រួម (UAE) បាននិយាយថា ខ្លួនបានរកឃើញមីស៊ីលបាលីស្ទិកចំនួនពីរគ្រាប់បាញ់ចេញ​ពីអ៊ីរ៉ង់ សំដៅលើចរាចរណ៍ផ្លូវទឹក ប៉ុន្តែបានធ្លាក់ចូលទៅក្នុងសមុទ្រ។ អ៊ីរ៉ង់បានបដិសេធថាការចោទប្រកាន់​នេះ “គ្មានមូលដ្ឋាន”។

ជាការឆ្លើយតប UAE បានប្រកាសផ្អាកសកម្មភាពពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់។ ជាមួយគ្នានេះ អង្គការប្រតិបត្តិការពាណិជ្ជកម្មផ្លូវទឹកចក្រភពអង់គ្លេស (UKMTO) ក៏បានរាយការណ៍​ថា នាវាមួយគ្រឿងត្រូវបានប៉ះទង្គិចដោយវត្ថុបាញ់មិនស្គាល់អត្តសញ្ញាណ ពេលបើកបរចេញតាមច្រកសមុទ្រ Hormuz។

អ្នកចរចាកំពូលរបស់អ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានបញ្ជាក់ថា ច្រកសមុទ្រនេះ​នឹងនៅតែបន្ត​បិទ រហូតទាល់តែសហរដ្ឋអាមេរិកបំពេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបណ្តោះអាសន្នកាលពីខែមិថុនា រួមមាន៖ ការបញ្ចប់ការបិទខ្ទប់កំពង់ផែ, ការលើកលែងទណ្ឌកម្មប្រេង, និងការបញ្ចេញទ្រព្យសម្បត្តិដែលត្រូវបានបង្កក។

យ៉ាងណាមិញ លោក Trump បាននិយាយថា លោកគ្មានផែនការក្នុងការពន្យារ​ពេល​កិច្ច​ព្រម​ព្រៀង​នេះ​ឡើយ។

លោក Mohammad Mokhber ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានថ្លែងថា អ៊ីរ៉ង់នៅតែបើកចំហសម្រាប់​ការ​សន្ទនា ប៉ុន្តែមិនមែនជាការចុះចាញ់នោះទេ។ លោកបានបន្ថែមថា សម្ពាធយោធា និងទណ្ឌ​កម្ម​នឹង​មិន​បំបាក់​ស្មារតីរបស់អ៊ីរ៉ង់បានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ