សង្គមស៊ីវិល​ចំនួន​​៥០​ដែល​សកម្ម​ជំរុញ​យុត្តិ​ធម៌​​អំពាវ​នាវ​​​ឱ្យ​ដោះលែ​ង​​ភិក្ខុ​សង្ឃ ជា វុទ្ធី

សង្គម​ស៊ីវិល និង​​សហគមន៍​ចំនួន ៥០ អំពាវ​នាវ​​ដ​ល់​​អាជ្ញាធរ​​រដ្ឋ​ដោះ​លែង​អតីត​​ព្រះ​​សង្ឃ លោក ជា វុទ្ធី និង​​លុប​ចោល​​​ទោស​​ជាប់​​ពន្ធនាគារ ១៨ខែ ពីបទ ញុះ​ញង់ ពាក់​ព័ន្ធ​នឹ​​ងការ​​ជជែក​​តាម​កម្ម​វិធី​​ផ្ញើ​សារ​​ជា​​ឯកជន ​(ក្រុម Messenger) រឿង​​បញ្ហា​ព្រំដែន ដោយ​ពួក​គេ​​​ថា កា​រ​ផ្តន្ទា​ទោស​​លើ​​សកម្ម​ជន​​សង្គម​​រូប​នេះ ​បង្ហាញ​​ពី​ការ​​រំលោភ​​បំពាន​​​យ៉ាង​ធ្ងន់​ធ្ងរ​​ដល់​​សិទ្ធិ​សេរីភាព​​បញ្ចេញ​មតិ​ ដែល​ត្រូវ​បាន​ធានា​ដោយ​​រដ្ឋ​​ធម្ម​​នុញ្ញ។

ការ​​អំ​ពាវនាវ​​នេះ បានធ្វើឡើង​ក្រោយពី​​តុលាការ​ក្រុង​ភ្នំពេញ​ នៅរសៀល​ថ្ងៃទី១៩ ខែសីហា ម្សិលមិញ​ បាន​​ប្រកាស​សាលក្រមដោយផ្តន្ទា​ទោស​ អតីតព្រះភិក្ខសង្ឃ ​លោក ជា វុទ្ធី ឱ្យជាប់ពន្ធនាគារ ១៨ខែ និង​​​​ពិន័យ​​​​​​​ជា​​​​ប្រាក់​​​ចំនួន ​​២​លាន​​រៀល​ (​ប្រមាណ​​ជា​ ​៥​០​០​ ​ដុល្លារ​​អា​មេរិ​ក​) តាម​​បញ្ញត្តិ​​មាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​​ក្រម​ព្រហ្មទ​ណ្ឌ​​។

សេចក្តីថ្លែង​ការ​រួម​របស់អង្គការ​សង្គមស៊ីវិល និងសហគមន៍ចំនួន ៥០ ចុះ​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២៦ បាន​​បង្ហាញ​ក្តី​បារម្ភ​​ចំពោះសាលក្រម​របស់សាលាដំបូង​រាជធានីភ្នំពេញ ដែល​ផ្តន្ទាទោស​លោក ជា វុទ្ធី។ ពួក​គេ​​​ថា កា​រផ្តន្ទាទោស​ និង​​កា​រដាក់​ទោស​ចំពោះ​សកម្មជន​សង្គម និងជា​អ្នកសារព័ត៌មាន​ពលរដ្ឋ​​រូបនេះ បង្ហាញ​​អំពីការ​រំលោភ​បំពាន​ធ្ងន់​ធ្ងរ​​លើ​​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ដែល​ត្រូវ​បានធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ មាត្រា​១៩ នៃកតិកា​សញ្ញា​អន្តរ​ជាតិ​ស្តីពីសិទ្ធិ​​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ និង​បាន​ប៉ះពាល់ដល់ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ក្រោម​អនុ​សាសន៍​នៃការ​ពិនិត្យ​ជា​សកល​​​តាមកា​រកំណត់ (យូភីអ) ជុំទី​៤ ស្តីពីសេរីភាព​​នៃការ​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌​មាន។

សេចក្តីថ្លែង​ការណ៍រួម បាន​បន្តថា ការ​បញ្ចេញមតិរបស់​លោក ជា​ វុទ្ធី បាន​ចែករំលែក​តែ​ក្នុងក្រុម Messenger ឯកជន​​​មួយ ដែល​មាន​សមាជិក​ប្រមាណ ២០នាក់ ​មិនមែន​នៅក្នុង​វេទិកា​សាធារណៈ​ឡើយ ហើយ​ទំហំនៃការ​ចែក​ចាយ និង​ផល​ប៉ះពាល់​ដែល​អាច​កើត​មានពី​សារ​ឯកជនមួយ​នៅក្នុងក្រុម​តូច​បែបនេះ មិន​អាច​ចាត់ទុក​ថាមាន​ភាព​ធ្ងន់​ធ្ងរ​ និង​​មិនគួរ​ឈាន​ដល់​ការ​ផ្តន្ទាទោសឱ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល ១៨ខែ​នោះទេ។

ការណ៍នេះ អង្គការ​សង្គមស៊ីវិល និងសហគមន៍ទាំង​៥០ បាន​អំពាវនាវថា៖ «សូមឱ្យអាជ្ញាធរ​ពាក់ព័ន្ធ​ដោះលែង​ព្រះសង្ឃ ជា វុទ្ធី ជាបន្ទាន់ និង​ទម្លាក់បទចោទ​ប្រកាន់លើ​លោក ពីបទ ញុះញង់បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់សន្តិសុខ​សង្គម និង​ស្នើ​ចំពោះអាជ្ញាធរ​ធានាថា ករណីរបស់​លោក ជា​ វុទ្ធី ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​អនុលោម​ទៅតាម​កាពត្វ​កិច្ច​​សិទ្ធិ​​មនុស្ស​​ជាតិ និង​អន្តរជាតិ​នៅក្នុ​ងប្រទេស​កម្ពុជា»។

កម្ពុជា ជា​រដ្ឋភាគីនៃកតិកា​សញ្ញា​អន្តរ​ជាតិ​ ស្តីពី សិទ្ធិ​ពលរដ្ឋ និងសិទ្ធិ​នយោបាយ ដែល​បានធានា​នូវ​សិទ្ធិសេរីភាពនៃ​ការ​​បញ្ចេញមតិ​​។ បទប្បញ្ញត្តិ​នេះ ធានា​ដល់​មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ក្នុងកា​រ​មាន​មតិ​យោបល់​ដោយ​គ្មានការ​ជ្រៀត​​ជ្រែក​ និង​សិទ្ធិ​ស្វែង​រក ទទួល និងផ្សព្វផ្សាយ​ព័ត៌មាន​ និង​គំនិត​គ្រប់​ប្រភេទ​ដោយ​សេរី។

អង្គ​ការ​សង្គមស៊ីវិល និង​សហគមន៍ចំនួន​ ៥០ដែលចេញសេចក្តីថ្លែងការណ៍​រួម​នោះ មានដូចជា សមាគម​អាដហុក អង្គ​​ការ​លីកាដូ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បីប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ សមាគម​ខេមបូចា សហព័ន្ធ​សហជីពកម្ពុជា សហគមន៍​ដីធ្លី និង​ក្លឹបអ្នកសារព័ត៌មាន​បរទេស​ប្រចាំនៅកម្ពុជា​ជា​ដើម។

ប្រធាន​សមាគមកា​រពារ​សិទ្ធិមនុស្ស​អាហដុក លោក នី សុខា មានប្រសាសន៍ថា​ កា​រ​បញ្ចេញ​មតិ​យោបល់​របស់​ លោក ជា វុទ្ធី ធ្វើ​ឡើ​ងស្រប​តាម​ច្បាប់ជាតិ និង​អន្តរជាតិ ដែលមិនគួរ​មានការ​ចោទប្រកាន់ និង​ផ្តន្ទា​ទោស​ទៅលើ​សកម្ម​ជន​សង្គម​រូប​នេះ​ទេ។ លោក​បន្តថា ការ​បន្តចាប់​ខ្លួន ឃុំខ្លួន និងចោទប្រកាន់​ទៅលើ​លោក ជា វុទ្ធី ក៏ដូចជា​សកម្ម​ជន​​ផ្សេង​​ទៀត មិន​​បាន​ផ្តល់​​ផល​ចំណេញដល់រដ្ឋាភិបាល​ និង​សង្គម​កម្ពុជា​នោះទេ។

លោក​​ថា៖ «ផ្ទុយទៅវិញ ប្រសិនបើការ​ដែល​នៅតែ​បន្តមាន​ការ​​ដាក់​ទោស​ដាក់​ទណ្ឌ ការ​ឃុំខ្លួន​ទៅលើ​លោក ជា វុទ្ធី ក៏​ដូច​ជា​​​សកម្ម​ជន​ផ្សេងៗ​ទៀត ដោយគ្រាន់តែ​ភាព​សកម្ម​របស់​ខ្លួន នៅ​ក្នុងកា​រប្រើប្រាស់សិទ្ធិ​សេរីភាព ពិសេស​គឺ​​​សិទ្ធិ​​នៅ​ក្នុងការ​បញ្ចេញមតិ សិទ្ធិ​សកម្ម​នៅក្នុ​ងសកម្មភាពខាង​នយោបាយ ខាង​សេដ្ឋកិច្ច​​​ ខាងសង្គម ​វប្បធម៌​អីជា​ដើម​​នេះ​ នោះរដ្ឋាភិបាល​នឹង​​នៅតែ​ទទួលរង​ការ​រិះគន់​ពីមតិ​ជាតិ និង​អន្តរជាតិ ក៏ដូចជា​ការ​ខកខាន​របស់រដ្ឋាភិ​បាល​​​នៅ​ក្នុង​​​កា​រ​ស្តារ​ និង​​​លើកកម្ពស់​សិទ្ធិមនុស្ស»។

ការណ៍នេះ អ្នកជំនាញផ្នែកសិទ្ធិមនុស្ស​ បាន​ស្នើយ៉ាង​ទទូច​ដល់រដ្ឋាភិបាល និង​តុលាការ ដោះលែង និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់ទៅលើ លោក ជា វុទ្ធី និងអ្នកជាប់ឃុំ​មនសិការ​ទាំងអស់ មុនការ​បោះឆ្នោត​​ឆ្នាំ២០២៧ និងឆ្នាំ​២០២៨ ខាង​​មុខ​ ដើម្បីបង្ហាញពីកា​រស្តារឡើង​វិញ​នូវ​គោលការណ៍​សេរីភាព លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​​ឡើង​វិញ ដើម្បីជា​មុខមាត់ និងជា​ប្រយោជន៍សម្រាប់ប្រទេស​ជាតិនៅថ្ងៃអនាគត។

វីអូឌី មិនអាចសុំការ​ឆ្លើយ​តបជុំវិញ​ការ​អំពាវនាវនេះ ពីអ្នកនាំពាក្យ​សាលាដំបូង​រាជធានីភ្នំពេញ លោក អ៊ី រិន្ទ និង​​​អ្នក​នាំពាក្យ​​ក្រសួង​យុត្តិធម៌ លោក ឯម ច័ន្ទ​មករា បាន​ទេ នៅថ្ងៃទី​២០ ខែ​សីហានេះ។

លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ បានលើកឡើង​ថា ជារឿង​ត្រឹម​ត្រូវ​ហើយ​ដែល​សង្គមស៊ីវិល និង​សហគមន៍​អំពាវនាវ​ឱ្យ​ដោះលែង​អតីតព្រះសង្ឃ ជា វុទ្ធី ព្រោះ​នេះគ្រាន់តែជា​សិទ្ធិ​សម្តែង​មតិ​របស់ពលរដ្ឋ​ ដែលមានចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់អន្តរជាតិ។

លោក​បន្តថា ការ​បន្តចាប់ខ្លួន និង​ឃុំខ្លួនសកម្ម​ជននានា ដោយសារតែការ​បញ្ចេញមតិ​ ពីសំណាក់រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ ហើយសហគមន៍អន្តរជាតិ មានការ​រិះ​គន់ និង​ដាក់ទណ្ឌកម្មផ្សេង​ៗ។ មួយ​វិញទៀត លោកថា ការរឹតត្បិត​លើ​សេរីភាព​បញ្ចេញមតិ ជា​ពិសេស​បញ្ហា​ព្រំដែន​​នេះ នឹង​ធ្វើឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ជិះ​សេះលែង​ដៃ មិន​គិតគូរដោះស្រាយ​បញ្ហា​ព្រំដែន ឱ្យថៃ​ចូល​មក​ឈ្លាន​​ពាន​​ទឹកដីខ្មែរ​ស្រេច​នឹង​ចិត្ត ហើយចុង​ក្រោយ​មានតែ​កាត់ទឹកដីខ្មែរ​ឱ្យ​ថៃ ដើម្បីដូរ​យកសន្តិភាព ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់បូរណភាពទឹកដី​កម្ពុជា។

លោក អ៊ុំ សំអាន យល់ថា៖ «​គឺ​មានតែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ហ្នឹង​ភ្ញាក់ខ្លួនទៅ​ ហើយ​ដោះ​លែង​អតីត​ព្រះសង្ឃ ជា វុទ្ធី ហ្នឹងទៅ ហើយដោះលែង​អ្នកទោស​នយោបាយ​ដទៃ​ទៀត​ទៅ[…] កន្លងមក រដ្ឋាភិបាល​​លោក ហ៊ុន ម៉ាណែត មិនគួរ​ចាប់ខ្លួន​អ្នកដែល​រិះគន់​បញ្ហាព្រំដែន នៅពេល​ដែលខ្លួន​ឯង​អសមត្ថភាព​ក្នុង​ការ​ការ​ពារ​ទឹកដីនោះ​ទេ ផ្ទុយទៅវិញ ត្រូវលើក​ទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​បញ្ចេញមតិ​ពីបញ្ហា​ព្រំដែន ហើយ​​យក​​គំនិត​របស់ពួកគាត់​ហ្នឹង​​​ ទៅ​ដោះស្រាយបញ្ហា​ព្រំដែន​​ អាហ្នឹង​ទើបអាចការ​ពារ​ទឹកដីបាន ហើយ​ទាមទារ​ទឹកដី​មក​វិញ​បាន​ បើមិនចឹងទេ គឺ​ថា​​ទឹក​ដី​ខ្មែរ​​យើង​ ៧៦ទីតាំង ប្រាកដ​ជា​បាត់បង់​ហើយ ហើយ​ប្រាកដ​​ជា​ធ្វើ​ឱ្យ​ខ្មែរ​បែកបាក់​។ ខ្មែរ​ខ្សោយ ធ្វើឱ្យថៃឈ្លាន​ពាន​​ស្រេច​ចិត្ត​»។

លោក​ ​ជា វុទ្ធី​ មានវ័យ២៧ឆ្នាំ ដែលជា​អ្នកសារព័ត៌មាន​ពលរដ្ឋ​ផងនោះ ​​ត្រូវ​បាន​នគរបាល​ស្លៀកពាក់​​ឯក​​សណ្ឋាន​​​ស៊ីវិល​​ខេត្ត​​បាត់​​ដំបង​​ចាប់​ខ្លួន​ចេញ​ពី​​វត្ត​​ពោធិ៍​​វាល​ ​ក្នុង​​ក្រុង​​បាត់​​ដំបង​ ​ក្រោយពេល​​លោក​ត្រូវ​​បាន​​ចាប់​​ផ្សឹក​​ដោយ​​ម​ន្រ្តី​សង្ឃ​ ​និង​មន្ទីរ​ធម្មការ​ ​និង​សាសនា​ ​កាល​ពីព្រឹក​ថ្ងៃ​ទី​១​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៦​​ ​ក្រោយ​​លោក​បាន​ធ្វើ​ការរិះគន់​ ​ចំពោះ​រឿង​បញ្ហា​​​​ព្រំ​ដែន​កម្ពុជា​-​ថៃ​ ​និង​ការ​យកចិត្តទុកដាក់​​ចំពោះ​ជនភៀស​សឹក​​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​ ​។

អតីត​ព្រះសង្ឃ​រូប​នេះ​ ​ក៏​ធ្វើការ​ជា​អ្នក​សារ​ព័ត៌មាន​ពលរដ្ឋ​មួយ​រូប​ផង​​ដែរ​ ​ដែល​តែងតែ​សកម្ម​ក្នុង​ការ​លើកឡើង​​ពី​បញ្ហា​​​សង្គម​​ជាច្រើន​ ​រួម​​មាន ​បញ្ហា​​​ព្រៃឈើ​ ​បរិស្ថាន​ ​និង​សិទ្ធិមនុស្ស​ជាដើម​ ​នៅ​លើ​​បណ្តាញ​​សង្គម​ ​។​

​បច្ចុប្បន្ន​ ​លោក​​កំពុង​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​រាជធានី​ភ្នំពេញ​ (​P​J) ​។​ ​អតីត​ព្រះសង្ឃ​ ​វុទ្ធី​ ​ស្ថិត​នៅក្នុងចំណោម​​​មនុស្ស​១១៧នាក់ កំពុង​​ជាប់ឃុំ​ដោយ​ប្រើ​សិទ្ធិ​ ​ដែល​ចងក្រង​ដោយ​អង្គការ​លី​កា​ដូ។

កាល​ពី​ថ្ងៃទី៣១ ខែ​​កក្កដា ក្នុ​ងសន្និសីទ​សារព័ត៌មាន​​ក្រោយ​បិទ​បញ្ចប់​បេសកកម្ម​ផ្លូវការ​​​​​​​នៅ​​កម្ពុជា អ្នក​រាយ​ការណ៍​​​ពិសេស​​​អង្គ​ការ​សហ​ប្រជា​ជាតិ​​ទទួល​បន្ទុក​​ស្ថា​ន​ភាព​​សិទ្ធិ​មនុស្ស លោក ថម អេន​ឌ្រូ (Tom Andrews) បាន​​​វាយ​តម្លៃ​ថា កម្ពុជា​នៅតែ​​ប្រឈម​​បញ្ហា​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ ខណៈ​​មនុស្ស​​ជាង ១០០​នាក់ ​កំពុង​​​​​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​សារ​​តែ​​ការ​អនុ​វត្ត​​សិទ្ធិ​មូលដ្ឋាន ខណៈ​​លំហ​​នយោ​បាយ សេរីភាព​បញ្ចេញ​មតិ​​កាន់​​​តែ​​រួម​តូច។ ត្រង់​ចំណុ​ច​នេះ ​លោក​សង្កត់​ធ្ងន់​ថា គ្មាន​​នរណា​ម្នាក់​គួរ​ត្រូវ​ជាប់ពន្ធនាគារ​ ដោយសារ​ការអនុវត្ត​សិទ្ធិ​ជា​មូល​ដ្ឋាន​​​ដោយ​​​សន្តិ​វិធី​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ