ការ​រួប​​រួ​មជាតិ​​​ដែល​គេ​ជឿថា​មា​ន​គុណ​តម្លៃ​គឺ​ត្រូវ​​ផ្តើម​ចេញ​​​ពី​ការ​​ដោះ​លែង​អ្នក​ទោស​​មនសិការ

ការ​បង្រួប​បង្រួម​​ជាតិ ដែល​មាន​គុណ​តម្លៃ​សម្រាប់​ជា​ប្រយោជន៍​ជាតិ​ពិត​ប្រាកដ ក្រោម​​ដំបូល​​រដ្ឋ​ធម្ម​នុញ្ញ​​ ​ត្រូវ​អ្នក​តាម​ដាន​មួយ​ចំនួន បង្ហាញ​ការ​យល់​ឃើញ​ថា ត្រូវ​​ចាប់​​ផ្តើម​​​ពី​ការ​​ដោះ​​លែង​​អ្ន​ក​​ទោស​​​នយោ​បាយ​​ មិន​​មែន​​រួប​រួម​​ដោយ​​​ទៅ​​ចុះ​​ចូល​​ជា​មួយ​​បក្ស​​កាន់​​អំណាច​​នោះ​ទេ​។

ការ​លើក​ឡើង​នេះ ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​បាន​​ថ្លែង​ក្នុង​​ពិធី​មួយ​​​កាល​ពី​​ថ្ងៃ​ទី​១៩​​ខែ​សីហា ដោយ​​​​បញ្ជូន​​សារ​ទៅ​កាន់​អ្នក​រិះ​គន់ កូន​ស្រី​លោក ​កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា ដែល​បាន​ទទួល​យក​តំណែង​ជា​ប្រេសិត​​​ពិសេស​​របស់​​លោក។

លោកបានគូសបញ្ជាក់ថា ​ក្រុម​ប្រឆាំង​​តែង​តែ​លើក​​ឡើង​ពី​ការ​​ចង់​​បាន​​នូវ​​កិច្ច​សន្ទនា ​ដើម្បី​​ឱ្យ​មាន​​ការ​​ឯកភាព​​ជាតិ​ នៅ​ក្នុង​​ដំណាក់​​កាល​​​ដែល​​មាន​​ការ​​ឈ្លាន​ពាន​​​ពី​​បរទេស។ ប៉ុន្តែ​ថា ​​នៅ​​ពេល​​ដែល​​លោក​​បើក​​ច្រក​​ទទួល​​បែរ​ជា​ទៅ​​​ជា​​រឿង​​​អ្វី​​ផ្សេង។ លោក​​បញ្ជាក់​​ថា បើ​​សិន​​ជា​មាន​​ឆន្ទៈ​​ពិត​​ប្រាកដ​ក្នុង​​ការ​​បង្រួប​​បង្រួម​​ជាតិ​ ​ត្រូវ​​គោរព​គ្នា​​ទៅ​​វិញ​​​ទៅ​​មក​​ហើយ​​ឈប់​​ជេរ​។

លោកថា៖ «កុំ​មក​ជេរខ្ញុំ​ថាអត់បើកច្រក តែ​​អ្នក​ឯងជេរខ្ញុំរាល់ថ្ងៃ ហើយ​​ថា​​មិន​​ព្រម​ទទួល​ ទទួល​ស្អី​​បើ​​គ្រាន់​​តែ​លូក​ដៃ​ទៅ ​ទះ​កំផ្លៀង​​ឯង​រហូត អត់​ស្តាប់​! ​ម៉្ងៃៗ​ឮ​តែមេ​ដឹក​នាំចោ​ល​​ម្សៀត​លាលែង​ទៅ! ហើយអ៊ី​ចឹង​​ខ្លួន​ឯង​​បិទ​ច្រក​​មិន​​ធ្វើ​ការ​​ជាមួយ​គេ​។ ឥឡូវ​​ឈប់​​ជេរ​ បើ​​​មា​ន​​រឿង​អី​ចូល​​ម​ក​​និយាយ​​គ្នា​ បើ​ចង់​មាន​កិច្ច​សន្ទនា​គេ​អត់​ជេរ​ទេ គេ​លើក​ទូរសព្ទ​​និយាយ​គ្នា​ និយាយ​ខុស​គ្នា​​មក​​និយាយ ខ្ញុំ​​អត់​​ខ្លាច​ទេ ​ខ្ញុំ​​មិន​​ថា​ខ្ញុំ​​​ធ្វើ​​ត្រូវ​​ទាំង​​អស់​​ទេ​ ប៉ុន្តែ​​ខ្ញុំ​​ប្រកាន់​​ជំហរ​​ថា​​​អ្វីដែល​​​ខ្ញុំ​​រើស​​នេះ គឺ​​ដើម្បី​​ប្រទេស​ជាតិ ហើយ​​បើ​ម៉ោ​និយាយ​លើក​​ជា​បញ្ហា​​ហើយ​​លើក​​ជា​ម​តិ​​ជួយ​គ្នា​​ដោះ​​អូខេ»។

​ចំពោះការ​លើកឡើងនេះ អ្នក​ជំនាញ​ច្បាប់​ចាស់វស្សា លោក​​បណ្ឌិត ឡៅ ម៉ុងហៃ បាន​​សរ​​សេរ​លើ​​ហ្វេស​​ប៊ុក​​របស់​​លោក​​ខ្លី​ថា​ប្រហែល​ការ​ផ្សះផ្សា​ជាតិ សាមគ្គី​ជាតិ​មាន​ន័យ​ថា​ចុះ​ចូល។

លោកថា៖ «ប្រហែលផ្សះផ្សាជាតិ សាមគ្គីភាពជាតិ ឯកភាពជាតិ មានន័យថា ចុះចូលជាមួយអ្នក​មានអំណាចហើយមើលទៅ។​

ចំណែក ​លោក ​អ៊ុំ សំអាន ​តំណាង​រាស្ត្របក្សប្រឆាំង បានលើកឡើង​ថា ប្រសិន​បើ​លោក​ហ៊ុន ម៉ាណែត ​ពិត​ជាមាន​ឆន្ទៈ​​ចង់​ឱ្យ​មានការ​បង្រួប​បង្រួមជាតិ ​​ដើម្បី​ធ្វើ​ឱ្យ​ជាតិ​ខ្មែរ​ខ្លាំង​ពិត​​មែន​ គឺ​ត្រូវ​​​ដោះ​លែង​អ្នក​ទោស​មនសិការ​​ទាំង​ជាង ​១០០​នាក់​ ងាក​មក​ផ្លូវ​ប្រជាធិបតេយ្យ​វិញ ​​​និង​ត្រូវ​រៀប​​ចំ​​ឱ្យ​​មាន​ការបោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌។

លោកថា៖ ​«ត្រូវ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ពេញ​លេញ​ទៅដល់ ​លោក​កឹម សុខា លោក​រ៉ុង ឈុន លោក​​ស៊ុន ចន្ធី ​ហើយ​​បើក​​​​ផ្លូវ​​ឱ្យ​​អ្នក​​នយោ​បាយ​​ភៀស​​ខ្លួន​​នៅ​ក្រៅ​​ប្រទេស​​ អាច​​ចូល​​ទៅ​ធ្វើ​​នយោ​បាយ​​បាន ​​អាហ្នឹង​​បាន​​បង្ហាញ​ពីកា​រ​​ផ្សះ​ផ្សា​​ជាតិ​​​បង្រួប​​បង្រួម​ជាតិ​ ​ហើយ​បើ​​សិន​​ធ្វើ​​ដូច​​គាត់​​ឱ្យ​​អ្នក​​ប្រឆាំង​​ចុះ​​ចូល​​គណបក្ស​​ប្រជាជន​​ទទួល​​យក​​តំណែង​ ​អាហ្នឹង​​ថា​ជាការ​ផ្សះផ្សាជាតិ​ដូច​​ដែល​ កញ្ញា កឹម មនោវិទ្យា​ ចុះ​ចូល​ទៅ​យក​តំណែង​ពី​រដ្ឋាភិបាល ​អាហ្នឹងជាការ​ផ្សះ​ផ្សា​ជាតិ​​មិន​​មែន​ទេ»។

សម្រាប់​ លោក​ សម រង្ស៊ី ដែលបាន​បង្កើតរដ្ឋាភិបាល​ឯករាជ្យ២៣តុលា នៅក្រៅប្រទេស​នោះ បាន​ប្រាប់ទូរទស្សន៍​អាស៊ីសេរី​កាលពីថ្ងៃ​ទី​១៩ ខែ​​​សីហា​​ថា ករណី​លោក​កឹម សុខា ​នាំកូន​ទៅ​ជួប​លោក​ហ៊ុន សែន​ និងការទទួលតំណែងជាប្រេសិតពិសេសនេះ លោក​ថា វាជារឿង​ថ្មី ​ដែល​មិន​ទាន់​​អាច​សន្និដ្ឋាន ​ឬក៏​ធ្វើការ​វិភាគ​អ្វី​បាន​ឡើយ ​​ដោយ​ត្រូវ​រង់​ចាំ​​មើល​​​ស្ថាន​ការណ៍​​ឱ្យ​គ្រប់​​ជ្រុង​ជ្រោយ​​សិន​។

សម្រាប់ លោក សម រង្ស៊ី ​ទោះ​ជា​​បុគ្គលណាធ្វើសេចក្តីសម្រេច​បែបណា​ វា​ជា​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ តែអ្វីដែល​សំខាន់ ​គឺ​​​ត្រូវ​តែរក្សា​ឧត្តម​គតិដើម​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​​ដោយ​​​ត្រូវ​តែ​ទាមទារឱ្យ​មាន​​​ការផ្លាស់ប្តូរ​ ពីព្រោះ​ប្រព័ន្ធ​​ដឹកនាំ​​ប្រទេសសព្វថ្ងៃ គឺ​ធ្វើ​ឱ្យ​ប្រទេស​ហិន​ហោច​ ​​រហូត​ដល់​ទៅ​រលាយប្រ​ទេ​ស ​​​ដូចជាការ​បាត់​បង់ទឹកដី​។

លោកថា៖ «ដូច្នេះ​អ្វីដែល​សំខាន់ ​គឺ​ត្រូវ​រក្សា​ឧត្តមគតិដើម​របស់គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ប្រជា​រាស្ត្រ​រាប់​លាន​នាក់​​​បាន​គាំទ្រ ​គឺ​ឧត្តម​គតិ​របស់​យើង។ ហើយ​បើ​យើងចង់​រួបរួមជាតិ​យើង​ត្រូវ​​តែសួរ​ខ្លួន​យើង​​ថា រួបរួម​លើ​មូល​ដ្ឋាន​​អ្វី​? រួប​រួម​ដើម្បី​ធ្វើ​អ្វី​ជាមួយគ្នា។ យើង​ចង់​​ឱ្យមាន​ការ​រួប​រួម​ជាតិ​​​លើ​មូលដ្ឋាន​ប្រជាធិបតេយ្យ ​លើមូលដ្ឋាន​យុត្តិធម៌​សង្គម លើ​មូលដ្ឋាន​សេរីភាព​មិន​មែន​​ទៅរួប​រួម​ទៅចាប់​ដៃ​បម្រើជន​ផ្តាច់ការ ជនពុក​រលួយ ​ជន​បំផ្លាញជាតិ​ អាហ្នឹង​​មិនមែន​ហៅ​រួប​រួម​ទេ​ ​រួបរួមបែបហ្នឹង​អត់បា​នកា​រទេ​ ​រួ​ប​​រួម​​បែប​ហ្នឹង ​គឺអាក្រក់​សម្រាប់​ប្រទេសជាតិ​ទៅ​វិញ​​ទេ»។

សម្រាប់លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍ​សង្គម ​បានសរសេរខ្លីលើហ្វេសប៊ុករបស់លោក នៅថ្ងៃ​ទី១៩​ខែ​​សីហា​​ថា ការផ្សះផ្សាជាតិ​មិនអាចកើតឡើងបានទេ ប្រសិនបើយើង​នៅ​តែអង្គុយមើលបំណាំគ្នា ជេរគ្នាគំរាមគ្នា តែ​មិនធ្វើអ្វីសោះនោះ។

លោក​ ស៊ឹង សែន​ករុណា ប្រធានអង្គការប្រជាធិបតេយ្យ​ខ្មែរ​​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​​ បាន​ប្រាប់​វីអូឌី​ថា កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​គឺ​ជាមាគ៌ាដ៏ល្អមួយ​ដែល​បាន​បង្រួប​​បង្រួម​​ការ​បែកបាក់​ជាតិ​ខ្មែរ ​ចេញពីគំនរ​ផេះ​ផង់​នៃភ្លើង​សង្គ្រាម ធ្វើ​​ឱ្យ​ប្រជាជាតិ​ខ្មែរមាន​ការ​ឯកភាព​​ជាតិ​ មាន​​សាមគ្គីភាព​ជាតិ ​ដឹកនាំប្រទេស​តាម​បែប​ប្រជាធិបតេយ្យ ​មានការ​គោរព​សិទ្ធិ​មនុស្ស​ មានការគោរពច្បាប់​ជាដើម។ ក៏ប៉ុន្តែក្រោម​ការ​ដឹកនាំប្រទេស​​របស់​​លោក ​ហ៊ុន សែន ​និង​លោក ​ហ៊ុន ម៉ាណែត ​មិន​ត្រឹម​តែ​មិន​បាន​ដឹកនាំ​ប្រទេស​ ​​តាម​គន្លង​ប្រជាធិប​តេយ្យ​ប៉ុណ្ណោះ​ទេ ថែម​​ទាំង​ព្យាយាម​បំផ្លាញ​ប្រជា​ធិបតេយ្យ​​ គំរាម​កំហែង ចោទ​ប្រកាន់ កម្ចាត់​សម្លាប់​​ ចាប់​​ដាក់​គុក​ធ្វើ​ឱ្យ​អ្នក​​នយោបាយ​ប្រឆាំងរត់​ចេញពី​ប្រទេស​និរាស្ត្រខ្ចាត់​ព្រាត់គ្រួសារ។

​​លោក​សង្កត់​ធ្ងន់​ថា បើ​​សិន​​លោក​​ហ៊ុន សែន ​និង​​លោក​​ហ៊ុន ម៉ាណែត ​មាន​ឆន្ទៈ​​​ចង់​ឱ្យមានការ​បង្រួប​​បង្រួមជាតិ​​​ពិត​ប្រាកមែន​ គឺ​ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ​ ដូចដែល​បាន​ធ្វើ​កន្លងមក ​គឺ​​បើក​ឱ្យ​មាន​​​សិទ្ធិសេរីភាព​បញ្ចេញ​មតិ ដោះ​លែង​​អ្នក​ទោស​មនសិការ បើក​ឱ្យ​មាន​ការបោះ​ឆ្នោត​​ដោយ​សេរី​ និង​យុត្តិធម៌​​តាម​បែប​ប្រជាធិបតេយ្យ​។ បើ​ត្រឹម​តែជាពាក្យសម្តី​និយាយ​ពីការ​ផ្សះផ្សាជាតិ​ដោយ​​គ្មាន​ភាព​ស្មោះ​ត្រង់ ​ដោយ​ការ​លួង​លោម​គេឱ្យ​ចុះ​ចូល​ជាមួយ​ខ្លួន​ នោះ​មិន​មែន​ជាការ​រួប​រួម​​​ជាតិ​​​​ទេ។

លោកថា៖ «ហើយ​ធ្វើ​ម៉េច​ដើម្បី​ឱ្យមានការ​គ្រប់គ្រងប្រទេស​មាន​តុល្យភាពគ្នា ​ប្រកួតប្រជែងគ្នា​ដោយ​​សេរី​ និងយុត្តិ​ធម៌​អី​ទាំងអស់ហ្នឹ​ង។ ធ្វើ​ម៉េច​បាន​អំណាច​តុលាការ​ឯករាជ្យ​​បាន ​ធ្វើ​ម៉េច​បាន​​អំណាច​​កងទ័ពឯករាជ្យ​បាន ​អាហ្នឹង​​យើ​ងមើល​រៀន​សូត្រ​​តាម​គេទៅ ​បើយើងមិន​ដឹងអីទេ​កុំ​​ចេះ​តែ​និយាយ​​ឱ្យ​រួច​តែពី​មាត់ ​ហើយ​មិន​អាច​ធ្វើការ​បង្រួប​​បង្រួម​ជាតិបាន ហើយ​បង្រួប​បង្រួម​​មាន​​ន័យ​​ថា​​ទាល់​តែគេ​ចុះ​​ចូល​​គោរព​​អញ​ គាំទ្រ​អញ ​តាម​​អញ​​អី​ទាំង​​អស់​ហ្នឹង​ មិន​មែន​​អ៊ី​ចឹង​​ទេ​ ប្រជាធិប​តេយ្យ​​វាពហុគំនិត​​ ពហុទស្សនៈ វាមិន​អាច​ទាល់​តែដូចគ្នា​បាននៅជាមួយគ្នា​​បាន​​ទេ»។

បន្ទាត់នយោបាយរបស់គណបក្សប្រជាជន ត្រូវបានគេដឹងថា​បានប្រើដៃតុលាការដើម្បីចម្ចាត់សំឡេង​ប្រឆាំង​ចេញ​ពី​សង្វៀន​នយោបាយ​​ជិត១០ឆ្នាំមកនេះ ចាប់តាំងពីចុងឆ្នាំ២០១៧​​មក ដែលមាន​ការរំលាយគណបក្សសង្គ្រោះជាតិ ដែល​ក្រុមអ្នករិះគន់ថា បក្ស​កាន់អំណាច​បានសម្លាប់​​ប្រជា​ធិប​តេយ្យ បំពានរដ្ឋធម្មនុញ្ញ។

បរិបទពេលនោះ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ​ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ​​ទាំងមានអភ័យ​ឯកសិទ្ធិសភា។ លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់មួយចំនួន គេចទៅក្រៅប្រទេសរហូតបច្ចុប្បន្ន រីឯមន្ត្រីសំខាន់ៗ​ជាង​ជិត ១០០នាក់ ត្រូវបានតុលាការបិទខ្ទប់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ។

ចំណែក សារព័ត៌មានឯករាជ្យ ត្រូវបានរដ្ឋាភិបាលធ្វើយុទ្ធនាការបោសបិទខ្ទប់ និងខ្លះទៀត​​ត្រូវបានដក​អាជ្ញាប័ណ្ណ។ ទន្ទឹមនឹងនេះ ក៏បានការចាប់ក្រុមអ្នកការពារសិទ្ធិមនុស្សមួយចំនួន នៅសមាគមការពារសិទ្ធិមនុស្ស ដាក់ពន្ធនា​គារ​​​ច្រើន​ឆ្នាំផងដែរ ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ