លោក ត្រាំ គំរាម​ដាក់ «ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ធ្ងន់​ធ្ងរ» លើ​ប្រទេស​ទាំង​​ឡាយ​​ណា​ដែល​ជួយ​ប្រទេស​អ៊ីរ៉ង់

ប្រធានា​ធិបតី ដូណាល់ ត្រាំ បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក​នឹង​ដាក់ «​ទណ្ឌ​កម្ម​​សេដ្ឋ​កិច្ច​ធ្ងន់​ធ្ងរ» លើ​ប្រទេស​ទាំង​ឡាយ​ណា​ដែល​ជួយ ឬ​ធ្វើ​ពាណិជ្ជ​កម្ម​ជាមួយ​ប្រទេស​អ៊ីរ៉ង់។

លោក​បាន​សរ​សេរ​ជា​អក្ស​រ​ពុម្ព​ធំៗ​នៅ​លើ​បណ្តាញ​សង្គម Truth Social ថា លោក​កំពុង​ចាប់​ផ្តើម «ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​ដ៏​កំទេច​កំទី​បំផុត​មិន​ធ្លាប់​មាន ប្រឆាំង​នឹង​ប្រទេស​ណា​មួយ!» ដោយ​​សារ​អ៊ីរ៉ង់​បរាជ័យ​ក្នុង​ការ​ធ្វើ​កិច្ច​ព្រម​ព្រៀង​​ជាមួយ​​អាមេរិក។ ការ​ប្រកាស​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​រយៈ​ពេល ៦០ ថ្ងៃ បាន​ផុត​កំណត់ ដោយ​គ្មាន​សញ្ញា​នៃ​ដំណោះ​ស្រាយ​ការ​ទូត ឬ​យោធា​ដើម្បី​បញ្ចប់​ជម្លោះ​នោះ​ទេ។

ចំណាត់​ការ​នេះ​ជា​ការ​បន្ថែម​សម្ពាធ​នៃ​យុទ្ធនាការ «Operation Economic Fury» ដើម្បី​ដាក់​ទណ្ឌ​កម្ម​លើ​ធនាគារ ឬ​ក្រុម​​ហ៊ុន​បរទេស​ដែល​ធ្វើ​អាជីវកម្ម​ជាមួយ​ទីក្រុង​តេហេរ៉ង់។ លោក ត្រាំ បាន​ទាម​ទារ​ឱ្យ​បញ្ឈប់​ភ្លាមៗ​នូវ​ការ​រត់​ពន្ធ​ប្រេង ការ​ផ្លាស់​ប្តូរ​រូបិយ​ប័ណ្ណ ការ​ផ្ទេរ​ប្រាក់ ការ​​ផ្លា​ស់​ប្តូរ​ប្រាក់ ការ​ចុះ​បញ្ជី​នាវា​ និង​ក្រុម​ហ៊ុន​បិទ​បាំង​មុខ (front companies)។

ការប្រកាសនេះ បានកើតឡើងបន្ទាប់ពីអារ៉ាប់រួម (UAE) បានប្រកាស​កាត់​ផ្តាច់​ទំនាក់​ទំនង​ហិរញ្ញ​វត្ថុ និង​សេដ្ឋ​កិច្ច​ទាំង​​អស់​ជាមួយ​អ៊ីរ៉ង់ ក្រោយ​រក​ឃើញ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​បាលី​ស្ទិក​ពី​រ​គ្រាប់​ពី​អ៊ីរ៉ង់។ ជា​ការ​ឆ្លើយ​តប អ៊ីរ៉​ង់​បាន​ព្រមាន​​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​កាត់​កោះ​ហ្គាហ្វ (Gulf) ប្រឆាំង​នឹង​ការ​ផ្តល់​ការ​គាំទ្រ​ដល់​យោធា​សហរដ្ឋ​អាមេ​រិក។

ទន្ទឹម​នឹង​នេះ សហរដ្ឋអាមេរិក និងអូម៉ង់ បាន​និង​កំពុង​ចរចា​ដើម្បី​បើក​ច្រក​សមុទ្រ Hormuz ឡើង​វិញ​ ដែល​ជា​ផ្លូវ​ទឹក​ដ៏​សំខាន់​សម្រាប់​ប្រេង​ឆៅ និង​ឧស្ម័ន​ធម្ម​ជាតិ​រាវ (LNG) ប្រហែល ២០% របស់​ពិភព​លោក​។ ការ​បិទ​ផ្លូវ​ទឹក​ស្ទើរ​​តែ​​ទាំង​ស្រុង​អស់​ជិត ៦ ខែ​មក​នេះ បាន​រុញ​ច្រាន​តម្លៃ​ថាមពល​ពិភព​លោក​ឱ្យ​កើន​ឡើង និង​បង្កើន​សម្ពាធ​លើ​លោក ត្រាំ មុន​ការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​ខែ​វិច្ឆិកា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ