អាមេរិក​អាច​នឹង​កាត់​បន្ថយ​ពន្ធ​គយ​សំខាន់ៗ លើ​កាណាដា​​ខណៈ​កា​រ​​ចរ​ចា​​កំពុង​​បន្ត

សហរដ្ឋ​អាមេ​រិក និង​កាណា​ដា កំពុង​ខិត​ជិត​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​មួយ ដែល​ទីក្រុង​វ៉ាស៊ីន​តោន​អាច​​នឹង​កាត់​បន្ថយ​អត្រា​ពន្ធ​លើ​រថយន្ត និង​លោហៈ​ធាតុ​ដែល​នាំ​ចូល​ពី​កាណាដា។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​គំរាម​ដាក់​ពន្ធ​ថ្មី​លើ​ទំនិញ​កាណា​ដា ចាប់​ពី​ថ្ងៃ​ទី​១៩​ខែ​សីហា ប៉ុន្តែ​បាន​ពន្យារ​ពេល​ទៅ​ថ្ងៃទី​២២ខែ​សីហា ដោយ​សារ​មាន​ការ​រីក​ចម្រើន​ក្នុង​ការ​ចរចា។ លោក ត្រាំ ថ្លែង​ថា ភាគី​ទាំង​ពីរ “ប្រហែល​ជា​អាច​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង” ខណៈ​នាយករដ្ឋ​មន្ត្រី​កាណាដា ម៉ាក កានី (Mark Carney) បាន​លើក​ឡើង​ថា ការ​ចរ​ចា​កំពុង​ឆ្ពោះ​ទៅ​រក​កិច្ច​ព្រម​ព្រៀង។

អ្នកចរចាត្រូវប្រឈមមុខនឹងកាលបរិច្ឆេទកំណ​ត់ត្រឹមថ្ងៃទី​២២ខែ​សីហា ដែល​ជា​ពេល​ពន្ធ​លើ​ទំនិញ​កាណា​ដា​តម្លៃ ២០ ពាន់​​លាន​ដុល្លារ ត្រូវ​ចាប់​ផ្តើម​អនុ​វត្ត។ ក្រសួង​ការ​បរទេស​អាមេរិក បាន​ឱ្យ​ដឹង​ថា រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក ម៉ាកូ រូប៊ីអូ (Marco Rubio) នឹង​ជួប​រដ្ឋ​មន្ត្រី​ការ​បរទេស​កាណាដា អានីតា អាណាន់ (Anita Anand) នៅ​សេត​វិមាន​នា​ថ្ងៃ​ទី​២០ខែ​សីហា។

ប្រភពព័ត៌មាន ឱ្យដឹងថា កិច្ចព្រមព្រៀងនេះ អាច​កាត់​បន្ថយ​ពន្ធ​លើ​រថយន្ត​នាំចូ​ល​ពីកា​ណាដា​មក​ត្រឹម​ ១៥% ពី​ចំនួន ២៥% បច្ចុប្បន្ន ខណៈ​កាណាដា​កំពុង​ជំរុ​ញ​ឱ្យ​បញ្ចុះ​មក​ត្រឹម ១០%។ ការ​កាត់​បន្ថយ​នេះ​មិន​ទាន់​គិត​បញ្ចូល​ការ​​កាត់​កង​តម្លៃ​សមាស​ភាគ​ផលិត​នៅ​អាមេរិក​នៅ​ឡើយ​ទេ ដែល​នឹង​ធ្វើ​ឱ្យ​អត្រា​ពន្ធ​ជាក់​ស្តែង​ធ្លាក់​ចុះ​ទាប​ជាង​នេះ។ ចំណែក​ពន្ធ​លើ​ដែក​ថែប និង​អាលុយ​មីញ៉ូម​នឹង​ត្រូវ​កាត់​បន្ថយ​ពាក់​កណ្តាល​មក​ត្រឹម ២៥% ក្រោម​ប្រព័ន្ធ​កូតា​​ប្រចាំ​​ឆ្នាំ ៤ លាន​តោន។

លោក កានី បានពិភាក្សាជាមួយអភិបាលខេត្តទាំង ១០ របស់​កាណាដា ដោយ​អភិបាល​ខេត្ត ណូវ៉ា ស្កូធា បាន​បញ្ជាក់​​ថា លោក កានី បា​ន​ស្នើឱ្យបណ្តាខេ​ត្ត​នាំយ​ក​គ្រឿង​ស្រវឹង​ពី​អាមេរិក​ទៅ​ដាក់​លើ​ធ្នើ​ហាង​វិញ​ ប្រសិន​បើ​មាន​កិច្ច​​ព្រម​​ព្រៀង​​ចុង​​ក្រោយ។

តំណាង​ពាណិជ្ជកម្ម​អាមេរិក លោក ជេមីសុន ហ្គ្រៀ (Jamieson Greer) បាន​ថ្លែង​ថា កិច្ច​ព្រម​ព្រៀង​នេះនឹង​ការ​ពារ​កម្មករ​អាមេរិក និង​ពង្រឹង​សេដ្ឋ​កិច្ច​អាមេរិក​ខាង​ជើង។

លោក ត្រាំ បានសរសើរកិច្ចព្រមព្រៀងនេះ ដោយបញ្ជាក់ថា ក្រុមហ៊ុនផលិត និង​កសិករ​អាមេរិក​នឹង​មិន​បង់​ពន្ធ​លើ​​ការ​​នាំ​ចេញ​ទៅ​កាណាដា​នោះ​ទេ។

សេតវិមាន បានឱ្យដឹងថា កាណាដាបានប្តេជ្ញាលុបចោលការ​ប្រព្រឹត្ត​មិន​ស្មើ​ភាព​លើ​គ្រឿង​ស្រវឹង ហ្វ្រូ​ម៉ាស និង​យាន​យន្ត​​អាមេរិក។ យ៉ាង​ណា​មិញ ការ​ស្ទង់​មតិ Leger បង្ហាញ​ថា ៥៦% នៃ​ជន​ជាតិ​កាណាដា​មិន​ចង់​ឱ្យ​លោក កានី ធ្វើ​ការ​​សម្ប​ទាន​​បន្ថែម​​ទៀត​​ដល់​​អាមេរិក​​នោះ​​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ