កាសែត​អន្តរ​ជាតិ​រក​ឃើញ​ថា​ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​ឆបោក​​នៅ​កម្ពុជា​ក្លាយ​ជា​ការ​ពង្រឹង​អំណាច

អ្នកឃ្លាំមើល ព្រួយបារម្ភថា រដ្ឋាភិបាលអាចយកយុទ្ធនាការបង្ក្រាបមកពង្រីកអំណាចសន្តិសុខដោយខ្វះតម្លាភាព និង​ទាម​ទារ​ឱ្យមានការបង្ក្រាបមេខ្លោងនៅកម្ពុជា ដើម្បីធានាពីប្រសិទ្ធភាពតាមអ្វីដែលរដ្ឋាភិបាលធ្លាប់ប្ដេជ្ញា។

សង្គ្រាមរវាងកម្ពុជា និងថៃ បានក្លាយជាកត្តាសំខាន់មួយដែលជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បើកយុទ្ធនាការបង្ក្រាបបណ្តាញឆបោកតាមអនឡាញ ឬ «ស្កេម» យ៉ាងទូលំទូលាយ ខណៈការបង្ក្រាបនេះ កំពុងផ្លាស់ប្តូរពីប្រតិបត្តិការប្រឆាំង​​បទល្មើស ទៅជាឧបករណ៍ដែលអាចពង្រឹងអំណាច និងការគ្រប់គ្រងរបស់រដ្ឋ។ នេះបើតាមការវិភាគរបស់ទស្សនាវដ្តី The Diplomat ចេញផ្សាយថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ។

​អត្ថបទបានលើកឡើងថា ចាប់ពីពាក់កណ្តាលឆ្នាំ២០២៥ ការប្រយុទ្ធប្រឆាំងនឹងបណ្តាញស្កេមបានក្លាយជាផ្នែកមួយនៃភាពតានតឹងរវាងកម្ពុជា និងថៃ។ ភាគីថៃបានចាប់ផ្តើមវាយប្រហារលើតំបន់ដែលមានទីតាំងស្កេមនៅក្នុងទឹក​ដី​កម្ពុជា ដោយអះអាងថា បណ្តាញទាំងនេះជាបញ្ហាសន្តិសុខឆ្លងដែន និងជាប្រភពហិរញ្ញវត្ថុសម្រាប់ឧក្រិដ្ឋកម្ម និងអំពើពុករលួយ។

ដំបូងឡើយ កម្ពុជាបានច្រានចោល និងចោទថា ថៃកំពុងយកបញ្ហាស្កេមធ្វើជាលេសសម្រាប់ការជ្រៀតចូលទឹកដី។ ប៉ុន្តែ​ក្រោមសម្ពាធពីស្ថានការណ៍យោធា និងផ្ទៃប្រទេស ដែលកម្ពុជាកំពុងចង់បានសន្តិសុខ រដ្ឋាភិបាលបានប្តូរទិស​ដៅ និងចាប់ផ្តើមបើកយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញជាទ្រង់ទ្រាយធំតែម្ដង។

តាមការអះអាងរបស់អាជ្ញាធរកម្ពុជា ការបង្ក្រាបនេះបានធ្វើឱ្យជនបរទេសប្រមាណ ៣០ម៉ឺននាក់ ចាកចេញពីប្រទេស និងបានបិទទីតាំងស្កេមជាង ២៥០កន្លែង។ អត្ថបទបានបញ្ជាក់ថា ទីតាំងមួយចំនួនមិនមែនគ្រាន់តែជាអគារតូចៗទេ ប៉ុន្តែជាគម្រោងអចលនទ្រព្យធំៗ មានហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ខ្លួន និងមានតម្លៃរាប់ពាន់លានដុល្លារ។

The Diplomat បានលើកឡើងនូវសំណុចសំខាន់មួយ នោះគឺការផ្ទេរទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និងម្ចាស់ទីតាំងស្កេម​ទៅជាទ្រព្យសម្បត្តិរដ្ឋ។ មន្ត្រីជាន់ខ្ពស់កម្ពុជា ត្រូវបានដកស្រង់សម្ដីថា ទីតាំងដែលត្រូវបានបិទទាំងនោះត្រូវបាន «បម្លែងទៅជាទ្រព្យសម្បត្តិរដ្ឋ»។ អត្ថបទចាត់ទុកការផ្ទេរនេះថា ជាការផ្លាស់ប្តូរទ្រព្យសម្បត្តិឯកជនដែល​មានតម្លៃ​​យ៉ាង​ច្រើន ទៅ​ក្នុងដៃរដ្ឋាភិបាល។

ក្នុងនោះ ទីតាំងស្កេមដែលត្រូវបានក្រសួងមហាផ្ទៃបិទ និងបម្លែងទៅជាគោលដៅប្រើប្រាស់របស់រដ្ឋ មានដូចជា អគារ​​អនឡាញឈ្មោះ សួនស្វាយ២ (Mango 2 Park) នៅខេត្តតាកែវ ដែលបម្លែងទៅជាមជ្ឈមណ្ឌលឃុំខ្លួនជនអន្តោប្រវេសន៍ និងការសិក្សាគ្រោងយកមជ្ឈមណ្ឌលឆបោក សួន៨ ឬ #8 park នៅស្រុកកំចាយមារ ខេត្តព្រៃវែង ធ្វើជាពន្ធនាគារមួយបន្ថែមទៀត។ The Diplomat បានអះអាងថា ជនរងគ្រោះពីការជួញដូរមនុស្សមួយចំនួន ដែលបានរួច​​ផុតពីបណ្តាញស្កេម ក៏ត្រូវបានឃុំខ្លួននៅក្នុងអគារដែលធ្លាប់ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យនេះ​ផង​​​ដែរ។

ជុំវិញការចុះផ្សាយនេះ វីអូឌី មិនអាចស្វែងរកការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) លោក ឆៃ ស៊ីណារិទ្ធ បានទេនៅថ្ងៃទី២១ ខែសីហា។

បើតាម The Diplomat ការពង្រីកពន្ធនាគារ និងការកើនឡើងនៃការឃុំខ្លួន កើតឡើងស្របពេលដែលច្បាប់ និងការអនុវត្តមួយចំនួនត្រូវបានប្រើប្រាស់កាន់តែខ្លាំង ប្រឆាំងនឹងអ្នករិះគន់រដ្ឋាភិបាល សកម្មជនសង្គម អ្នកតវ៉ា និង​អ្នក​បញ្ចេញមតិលើបណ្តាញសង្គម។

អត្ថបទដដែលបានលើកករណីអ្នកសារព័ត៌មានពីរនាក់ ដែលត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ ១៤ឆ្នាំ បន្ទាប់ពីការ​ថត​រូបជាមួយទាហាននៅតំបន់ព្រំដែន ដែលជាប់រូបយុទ្ធភ័ណ្ឌនៅពីក្រោយ និងការផ្ទេរអនីតិជនជិត ៨០០នាក់ ពីពន្ធនាគារទៅតំបន់ជាប់ព្រំដែនថៃ ក្រោមកម្មវិធីដែលត្រូវបានពិពណ៌នាថាជា «បណ្តុះបណ្តាលវិជ្ជាជីវៈ» ដើម្បីជួយដល់ប្រតិបត្តិការផ្នែកវិស្វកម្ម និងសំណង់យោធា។

អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍លោក សេង វណ្ណលី លើកឡើងថា ការយកអគារ​អន​ឡាញ​ស្កេម ទៅ​ធ្​វើជា​កន្លែង​ឃុំឃាំង ឬក៏ពន្ធនាគារ អាចមានហេតុផលផ្នែករដ្ឋបាល ប៉ុន្តែវាក៏បង្កើតការព្រួយបារម្ភថា រដ្ឋាភិ​បាលអាចយកយុទ្ធនាការបង្ក្រាបមកពង្រីកអំណាចសន្តិសុខ ក្នុងការគ្រប់គ្រងដោយខ្វះតម្លាភាព។

លោកបន្តថា ដើម្បីលុបបំបាត់រូបភាព «ឋានសួគ៌នៃឆបោកអនឡាញ» ឱ្យបានពិតប្រាកដ រដ្ឋាភិបាលកម្ពុជា ត្រូវ​តែ​បង្ហាញ​ពីការអនុវត្តច្បាប់ដោយស្មើភាពគ្នា ទាំងលើជនបរទេស ម្ចាស់ទីតាំង មេខ្លោង និងអ្នកមានអំណាចដែលពាក់ព័ន្ធ ព្រោះបើពុំនោះទេ វានឹងមិនអាចបំបាត់មន្ទិលសង្ស័យរបស់មហាជន និងសហគមន៍អន្តរជាតិបានឡើយ។

លោក សេង វណ្ណលី ថ្លែងថា៖ «បើច​ង់​លាង​ឈ្មោះកម្ពុជា​ពី​រូប​ភាព​ឋាន​សួគ៌​នៃ​ឆ​បោក​អន​​ឡាញ​​រដ្ឋាភិ​បាល​​ត្រូវ​បង្ហាញ​​ថា​ច្បាប់​អនុវត្ត​ស្មើៗ​គ្នា ទាំង​លើ​ជន​បរទេស ម្ចាស់​ទីតាំង មេខ្លោង និង​អ្នក​មាន​អំណាច​ ដែល​​​ពាក់​ព័ន្ធ ហើយ​ជាពិសេស​គឺ​សមាជិក ឥស្សរ​ជន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​រង​ការ​​ចោ​ទ​​ប្រ​កាន់​​ពាក់​​ព័​ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ទៅ​លើ​បញ្ហា​នេះ​ផង​ដែរ ហើយ​ត្រូវ​កា​រ​ពារ​​ជ​ន​​រ​ងគ្រោះ​នៃ​​ការ​ជួញ​​​ដូរ​មនុស្ស​ឱ្យ​បាន​ត្រឹម​ត្រូវ។ ​បើ​មិន​ដូច្នេះទេ​ ការ​បង្ក្រាប​អា​​ចជួយ​បាន​តែ​រូបភា​ព​ក្នុង​រយៈ​​ពេល​​ខ្លី ​ប៉ុន្តែ​​មិន​​អាច​បំបាត់​ការ​សង្ស័យ​របស់​ប្រជា​ពលរដ្ឋ និង​អន្តរ​ជាតិ​បាន​ទេ​បាទ»។

ក្រៅពីការដកហូត និងបម្លែងអគារអនឡាញទៅជាសម្បត្តិរបស់រដ្ឋ រដ្ឋាភិបាលកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ ទទួលបានបានទឹកប្រាក់ប្រមាណជិត ២លានដុល្លារ ពីការពិន័យម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងដែលល្មើសអនុ​ក្រឹត្យ​០៣ ស្ដីពី​ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដែលមានជនបរទេសរស់នៅខុសច្បាប់។

អត្ថបទ The Diplomat ទទួលស្គាល់ថា មានការបិទទីតាំងស្កេម និងការផ្លាស់ទីប្រតិបត្តិការជាច្រើន។ ប៉ុន្តែអត្ថបទនេះបានចោទជាសំណួរថា តើការបង្ក្រាបនេះនឹងក្លាយជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មពិតប្រាកដ ឬក៏ក្លាយជាមធ្យោ​បាយសម្រាប់រៀបចំឡើងវិញនូវទ្រព្យសម្បត្តិ អំណាច និងការគ្រប់គ្រងរបស់រដ្ឋ ខណៈអ្នកសរសេរអត្ថបទនេះ បានមើលឃើញថា ការបង្ក្រាបបានផ្តល់ឱ្យរដ្ឋាភិបាលនូវឱកាសចំនួនបី នោះគឺការពង្រឹងទំនាក់ទំនងជាមួយអាមេ​រិក និងចិន តាមរយៈការបង្ហាញថាកម្ពុជាកំពុងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

ការយកគ្រប់គ្រងលើអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃរាប់ពាន់លានដុល្លារ ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងពេលការរីកចម្រើននៃវិស័យស្កេម និងការពង្រីកសមត្ថភាពសន្តិសុខ និងការគ្រប់គ្រងរបស់រដ្ឋ តាម​រយៈ​ពន្ធនាគារ ការឃុំខ្លួន និងការអនុវត្តច្បាប់សន្តិសុខកាន់តែទូលំទូលាយ។

ទាក់ទិនរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើកឡើងថា ការបង្ក្រាបកន្លងមកនៅមិនទាន់អាចចាត់ជាលទ្ធផលផ្លូវការនៅឡើយទេ ដោយហេតុថាទោះបីរដ្ឋាភិបាលកម្ពុជាដើរដល់ចំណុចទាល់ច្រករហូតដាច់​ចិត្តបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ តែរដ្ឋនៅតែមិនបង្ក្រាបទៅលើមេខ្លោង និងមន្ត្រីពាក់ព័ន្ធ ឬនៅពីក្រោយបទល្មើស។ លោកបន្តថា កម្ពុជាអាចនឹងប្រឈមមុខការប៉ះពាល់មុខមាត់ជាតិកាន់តែធ្ងន់ធ្ងរ នៅពេលមានដីកាចាប់ខ្លួនពីប៉ូលីសអន្តរជាតិ។

លោក ម៉ែន ណាត ថ្លែងថា៖ «ហើយបើថាមិនចាត់ការទេ ថ្ងៃក្រោយអាច​FBI​អាមេរិ​កហ្នឹ​ង នាំ​ដីកា​ចាប់​​ខ្លួន​​និ​វេទន៍​ក្រហម ដីកាចា​ប់​ខ្លួន​ជា​អន្តរ​ជាតិ គេ​សហការ​ជាមួយ​ប៉ូលិស​អាំង​ទែ​ប៉ូល (Interpol) តាម​ចាប់​អ្ន​​កអស់​​ហ្នឹង​មក​ដល់​ប្រទេស​កម្ពុជា​ក៏​ថាបា​ន​ដែរ។ ប៉ុន្តែ​គេ​មិនទា​ន់​ធ្វើ​ដល់​ដំណាក់​កាល​ហ្នឹង​ទេ ព្រោះ​​កាល​​ណា​ធ្វើ​ដល់​​ដំណាក់​កាល​ហ្នឹង វា​ធ្វើ​ឱ្យ​រដ្ឋាភិ​បាល​កម្ពុជា​វា​អ័ព្ទ​មុខ​ខ្លាំង​ពេក»។

យ៉ាងណា អ្នកឃ្លាំមើលនៅតែបន្តតាមដាន និងរង់ចាំមើលលទ្ធផលចុងក្រោយនៃការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនៅប្រទេសកម្ពុជា ជាពិសេសការប្ដេជ្ញារបស់រដ្ឋាភិបាល ស្របពេលដែលសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួន​ទៀត បានសហការជាមួយកម្ពុជា ក្នុងការបោសសម្អាតបទល្មើសសកលមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ