ការឆ្លើយតបរបស់ក្រសួងមហាផ្ទៃ ថ្មីៗនេះ ទៅនឹងគណបក្សកម្លាំងជាតិ ដែលក្រសួងថា ការរារាំងពីសំណាក់អាជ្ញាធរ ទៅលើសកម្មភាពប្រមូលផ្តុំដោយសន្តិវិធី ជាការរក្សាសណ្តាប់សាធារណៈ មិនមែនជាការគំរាមកំហែងផ្ទុយនឹងច្បាប់នោះ រងការស្តីបន្ទោសថា វាជាការបកស្រាយប្រាសចាកពីរដ្ឋធម្មនុញ្ញ ដែលវានឹងបំផ្លាញភាពស្របច្បាប់របស់ប្រទេសប្រជាធិបតេយ្យ។
ការិះគន់នេះ ក្រោយពីក្រសួងហាផ្ទៃ តាមរយៈលិខិតមួយច្បាប់ ចុះថ្ងៃទី១៧ ខែសីហា ដែលក្រសួងឆ្លើយតបទៅនឹងគណបក្សកម្លាំងជាតិ ដែលគណបក្សនេះ ស្នើសុំឱ្យស៊ើបអង្កេតករណីមន្ត្រីក្រោមឱវាទរបស់ក្រសួង នៅតាមបណ្តាខេត្តនានា ក៏ដូចជានៅរាជធានីភ្នំពេញ តែងតែរារាំងទៅលើសកម្មភាពប្រមូលផ្តុំ ដោយសន្តិវិធីរបស់សកម្មជនខ្លួន។
ជាការឆ្លើយតប ក្រសួងថា សកម្មភាពរបស់អាជ្ញាធរទាំងនោះ មិនមែនជាការគំរាមកំហែង ឬការរឹតត្បិតសេរីភាព ផ្ទុយនឹងច្បាប់ឡើយ តែផ្ទុយទៅវិញវា «ជាគោលបំណងការពារ ថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ ជៀសវាងការរំខានដល់នីតិវិធីតុលាការ»។
លើសពីនេះ ក្រសួងបញ្ជាក់ថា ដើម្បីការពារសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ គណបក្សកម្លាំងជាតិត្រូវអនុវត្តឱ្យស្របតាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងច្បាប់ស្តីពីគណបក្សនយោបាយ។
អនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង ចាត់ទុកការឆ្លើយបតរបស់ក្រសួងមហាផ្ទៃនេះ គ្រាន់តែឆ្លើយយករួចខ្លួន ឬការពារមន្ត្រីក្រោមឱវាទប៉ុណ្ណោះ។ លោកថា ក្រសួង ត្រូវពិនិត្យលើគោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ដែលតម្រូវឱ្យកម្ពុជាដឹកនាំតាមគោលការណ៍ប្រជាធិបតេយ្យ និងធានានូវសិទ្ធិសេរីភាពក្នុងការជួបជុំ និងការបញ្ចេញមតិរបស់ពលរដ្ឋ។
លោកសង្កត់ធ្ងន់ថា អាជ្ញាធរមានកាតព្វកិច្ចរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ប៉ុន្តែការអនុវត្តតួនាទីត្រូវគោរពគ្នាទៅវិញទៅមក ព្រោះការជួបជុំរបស់ពលរដ្ឋ គឺស្ថិតក្នុងក្របខ័ណ្ឌច្បាប់ និងមិនមែនជាសកម្មភាពអនាធិបតេយ្យដូចក្រសួងលើកឡើងនោះទេ។
សម្រាប់លោក សុខ គឹមសេង ក្រសួងមហាផ្ទៃមានកាតព្វកិច្ចធានាភាពស្មើគ្នានៃសកម្មភាពនយោបាយ សម្រាប់គ្រប់គណបក្សទាំងអស់។ ប៉ុន្តថា ការអនុវត្តកន្លងមកបង្ហាញថា អាជ្ញាធរមានភាពតឹងរ៉ឹងខ្លាំង និងខ្វះភាពយុត្តិធម៌ស្មើភាពគ្នា ជាពិសេសនៅថ្នាក់មូលដ្ឋានសម្រាប់គណបក្សរបស់លោក ប៉ុន្តែបែរជាគណបក្សកាន់អំណាចអាចធ្វើសកម្មភាពដោយសេរី។
លោក សុខ គឹមសេង ថ្លែងថា៖ «គណបក្សកាន់អំណាច អាចធ្វើសកម្មភាពបានដោយមិនមានភាពភ័យខ្លាច មានការជ្រោមជ្រែងពីអាជ្ញាធរ ប៉ុន្តែដោយឡែក គណបក្សក្រៅរដ្ឋាភិបាល តែងតែធ្វើសកម្មភាពលក្ខណៈចង្អៀត សូម្បីតែការជួបជុំសមាជិក សមាជិកានៅថ្នាក់មូលដ្ឋាន ការលើកស្លាកសញ្ញា ការជួបប្រជុំនៅនៅក្នុងការិយាល័យរបស់គណបក្ស តែងតែមានការរំខាន បាទ! តែងតែមានការរំខានពីសមត្ថកិច្ច តែងតែមានការឃ្លាំមើល។ នេះជាអ្វីដែលក្រសួងមហាផ្ទៃត្រូវតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ដូចអ្វីដែលក្រសួងមហាផ្ទៃចង់ឲ្យគណបក្សគោរពគោលការណ៍ច្បាប់ដូចគ្នាដែរ»។
លើសពីនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ និយាយថា ក្នុងសង្គមប្រជាធិបតេយ្យកាតព្វកិច្ចរបស់អាជ្ញាធរ គឺការពារសន្តិសុខសុវត្ថិភាពដល់អ្នកប្រមូលផ្តុំ ដោយមិនមានការរារំាងទេ ដូចបណ្តាប្រទេសប្រជាធិបតេយ្យមួយចំនួន ដើម្បីធានាសិទ្ធិបញ្ចេញមតិ និងជួបជុំដោយសន្តិវិធី។
ក្នុងន័យនេះ លោកពន្យល់ថា អាជ្ញាធរគ្រាន់ជាអ្នកឃ្លាំមើលកន្លែងប្រមូលផ្តុំ កុំឱ្យហិង្សាកើតឡើងរវាងភាគីពាក់ព័ន្ធ ពោលគឺដើរតួជាអាជ្ញាកណ្តាលដើម្បីរក្សាសណ្តាប់ធ្នាប់ ស្របតាមច្បាប់ជាតិនិងអន្តរជាតិ មិនមែនទៅរារាំងទេ។ លោកគូសបញ្ជាក់ថា កាលណាអាជ្ញាធររារាំង អ្នកប្រមូលផ្តុំដោយសន្តិវិធី វាជាការអនុវត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងបំផ្លាញភាពស្របច្បាប់របស់ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ។
លោកថា៖ «ការកំណត់និយមន័យប្រជាធិបតេយ្យ តារមរយៈនៃការរារាំងនេះ វានឹងបំផ្លាញមុខមាត់ និងកិត្តិយស ក៏ដូចជាបំផ្លាញភាពស្របច្បាប់របស់រដ្ឋមួយ ដែលអួតថាប្រកាន់លទ្ធិប្រជាធិបតេយ្យ ក៏ប៉ុន្តែបែជាប្រជាធិបតេយ្យមួយផ្ទុយពីប្រជាធិបតេយ្យសកលទូទៅ ដែលគេធ្លាប់អនុវត្តកន្លងមក។ ដូច្នេះវាគ្រាន់តែប្រជាធិបតេយ្យនិម្មិត្ម ប្រាសចាកពីគោលការណ៍ដើម ដែលមិនអាចយកធ្វើជាមួលដ្ឋាន សម្រាប់ធ្វើការអនុវត្តជាក់ស្តែងដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនោះទេបាទ»។
វីអូឌី មិនអាចសុំការពន្យល់បន្ថែមលើលិខិតនេះ ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានទេគិតត្រឹមម៉ោងផ្សាយនេះ។
ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មើលឃើញថា ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ ការជួបជុំ សេរីភាពសារព័ត៌មាន និងនយោបាយនៅកម្ពុជា កំពុងធ្លាក់ចុះ និងកាន់តែរួមតូច។ លោកថា ការមើលឃើញនេះ មិនមែនតែសង្គមស៊ីវិលក្នុងស្រុកទេ សូម្បីអង្គការអន្តរជាតិ និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ក៏មើលឃើញដូចគ្នាដែរ។
សម្រាប់អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ដើម្បីធានាឱ្យបរិយាកាសនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជាតិខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ កម្ពុជាត្រូវកែលម្អ និងបើកទូលាយលំហសេរីភាពទាំងនេះ ដូចដែលអង្គការសហប្រជាជាតិ និងប្រទេសជាង១០០បានផ្តល់អនុសាសន៍ តាមរយៈការពិនិត្យ និងវាយតម្លៃលើស្ថានភាពសិទ្ធិមនុស្សរៀងរាល់ ៤ ទៅ ៥ ឆ្នាំម្តង ឬហៅកាត់ថា យូភីអា (UPR) កាលពីឆ្នាំ២០២៤នោះ។
លើសពីនេះ លោកថា ច្បាប់ និងការអនុវត្តច្បាប់នៅកម្ពុជា ចាំបាច់ត្រូវតែមានស្តង់ដារស្របតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាបានទទួលស្គាល់ ដើម្បីជៀសវាងការរំលោភលើសិទ្ធិសេរីភាពពលរដ្ឋ។
លោក អំ សំអាត ថ្លែងថា៖ «អញ្ចឹងការឆ្លើយតបរបស់ក្រសួងមហាផ្ទៃនេះ ខ្ញុំពិនិត្យមើលទៅថា អាជ្ញាធរក្ដី ក្រសួងមហាផ្ទៃក្ដី គួរតែពិនិត្យឡើងវិញផងដែរ ទៅលើទង្វើឬក៏សកម្មភាពរបស់អាជ្ញាធរមូលដ្ឋានមួយចំនួន ដែលអនុវត្តលើស ឬក៏ហួសអំពីតួនាទីរបស់ខ្លួន ហើយហួសអំពីក្របខ័ណ្ឌនៃការអនុវត្តច្បាប់ និងការអនុវត្តសិទ្ធិរបស់ពលរដ្ឋ ដើម្បីធ្វើប្រការយ៉ាងម៉េចកុំឲ្យប៉ះពាល់ទៅដល់ការអនុវត្តសិទ្ធិស្របច្បាប់របស់ពលរដ្ឋ ឬក៏គណបក្សនយោបាយដែលមានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃបានទទួលស្គាល់ ហើយរាល់គណបក្សនយោបាយទាំងអស់ធានាថា ការអនុវត្តសកម្មភាពនយោបាយគឺ មានតម្លាភាព និងសមភាព»។
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ គណបក្សកម្លាំងជាតិ បានដាក់លិខិតស្នើសុំលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យធ្វើអន្តរាគមន៍ និងស៊ើបអង្កេតលើសកម្មភាពរបស់អាជ្ញាធរខណ្ឌដូនពេញ និងអាជ្ញាធរតាមបណ្តាខេត្ត ជុំវិញការរារាំងការប្រមូលផ្ដុំដោយសន្តិវិធីរបស់សមាជិក និងអ្នកគាំទ្របក្ស អំឡុងពេលពួកគេធ្វើដំណើរមកគាំទ្រលោក រ៉ុង ឈុន នៅតុលាការកំពូល។
គណបក្សកម្លាំងជាតិ ចោទថា អាជ្ញាធរខណ្ឌដូនពេញ បានដាក់របាំងបិទផ្លូវរារាំងមិនឱ្យសមាជិកបក្សចូលរួមឃ្លាំមើលការប្រកាសសាលដីកានោះឡើយ ខណៈអាជ្ញាធរនៅតាមបណ្តាខេត្តនានា ក៏បានឃាត់ខ្លួន សួរនាំ និងប្រើពាក្យសំដីគម្រាមកំហែងដល់ពលរដ្ឋ ដែលមានបំណងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីតាមដានសវនាការនេះផងដែរ។
បើតាមរបាយការណ៍សកល ស្តីពីសន្ទស្សន៍អភិបាលកិច្ច និងសេរីភាព កម្ពុជាត្រូវបានចាត់ចូលជាប្រទេសដែលមានរបបដឹកនាំបែប «ផ្តាច់ការកម្រិតធ្ងន់» (Hard-line autocracy) ដោយទទួលបានចំណាត់ថ្នាក់ផ្នែកអភិបាលកិច្ចទាបលេខ ១១៥ ក្នុងចំណោមបណ្តាប្រទេសជាច្រើន។
របាយការណ៍ បានកត់សម្គាល់ពីការកម្រិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ អំពើពុករលួយរ៉ាំរ៉ៃ កម្សោយសមត្ថភាពរដ្ឋបាល និងការគ្រប់គ្រងដោយក្រុមឥស្សរជននយោបាយ៕









